ខំរកខំរៀនទាន់មានកម្លាំង ទាំងវស្សាប្រាំងតតាំងធម្មជាតិ
ពីតូចដល់ធំខំប្រឹងខ្មីឃ្មាត ព្យាយាមហើយឆ្លៀតជ្រៀតយកស្នាដៃ។
ខំរកខំរៀនឲ្យមានប្រាជ្ញា សីលធម៌ថ្លៃថ្លាការងារប្រពៃ
អត់ធ្មត់តស៊ូលុះត្រាជោគជ័យ ជីវិតមានន័យថ្លៃដល់ជាតិខ្មែរ។
ខំរកខំរៀន មិនអៀនប្រតិបត្តិ ការងារមធ្យ័តព្រះតាមជួយថែ
សុចរិតទៀងត្រង់ពូជពង្សជាតិខ្មែរ ពេញចិត្តពុកម៉ែថែវង្សបានល្អ។
ខំរកខំរៀនរបៀនចំណេះ ឲ្យស្ទាត់ឲ្យចេះញាតិមិត្តសាទរ
ឆ្លៀតពេលសម្រាកសាងអំពើល្អ អង្គការមនុស្សធម៌ទ្រសង្គមខ្មែរ។
ខំរកខំរៀនក្លាហានប្រឈម ឲ្យធន់ឲ្យល្មមព្រមដោយពូកែ
សុ ចិ បុ លិ បាលីជាតិខ្មែរ យើងត្រូវខំថែខ្មែររីកចម្រើន។
កំណាព្យនេះ និពន្ធដោយ យី ឆេងអ៊ួ