អ្នក​វិភាគ​ថា របប​លោក ហ៊ុន សែន មិន​អាច​បង្រ្កាប​ពលរដ្ឋ​ងើប​ឡើង​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ជាមួយ​លោក សម រង្ស៊ី បាន​ទេ

ដោយ ទីន ហ្សាការីយ៉ា
2019-10-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក គឹម សុខ (ឆ្វេង) និង​បណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ
លោក គឹម សុខ (ឆ្វេង) និង​បណ្ឌិត មាស នី អ្នកវិភាគ​នយោបាយ
RFA

អ្នក​វិភាគ​ថា របប​លោក ហ៊ុន សែន មិន​អាច​បង្រ្កាប​ពលរដ្ឋ​ងើប​ឡើង​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ជាមួយ​លោក សម រង្ស៊ី បាន​ទេ

អ្នកវិភាគលើកឡើង​ថា​ ចលនា​មហាជន​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​លោក ហ៊ុន សែន ចេញ​ពី​ការ​ដឹក​នាំ​ប្រទេស​កាន់​តែ​ពុះ​កញ្រ្ជោល ហើយ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​នឹង​មិន​អាច​ទប់​ស្កាត់​បាន​ឡើយ។

អ្នកវិភាគ​នយោបាយ​អះអាង​ថា អាជ្ញាធរ​របប​លោក ហ៊ុន សែន នឹង​មិន​ហ៊ាន​បាញ់​បង្រ្កាប​ពលរដ្ឋ ដែល​ទៅ​គាំទ្រ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ដែល​ជា​ថ្ងៃ​មេ​បក្ស​ប្រឆាំង​ត្រឡប់​ទៅ​កម្ពុជា​វិញ។

អ្នកវិភាគនយោបាយ លោក គឹម សុខ​ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​រង​នូវ​ការ​ឈឺ​ចាប់​ដល់​កម្រិត ដែល​ទ្រាំ​លែង​បាន​ទៅ​ហើយ ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​បញ្ជាក់​ថា ទោះ​បី​ជា លោក ហ៊ុន សែន ប្រើប្រាស់​តុលាការ និង​កង​កម្លាំង​ប្រដាប់​អាវុធ ដើម្បី​ត្រៀម​បង្រ្កាប​បែប​នេះ​ក្ដី តែ​សមត្ថកិច្ច​ទាំង​នោះ នឹង​មិន​បាញ់​បង្រ្កាប​ទៅ​លើ​ពលរដ្ឋ​ដែល​ទៅ​គាំទ្រ​លោក សម រង្ស៊ី ឡើយ ពី​ព្រោះ​ថា បើ​សិនជាលោក ហ៊ុន សែន ប្រើ​កម្លាំង​លើសលប់​បាញ់​បង្រ្កាប​ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ​មែន​នោះ គឺ​លោក ហ៊ុន សែន នឹង​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ​អន្តរជាតិ៖ «»

ការ​លើក​ឡើង​ថា របស់​អ្នក​វិភាគ​នេះ នៅ​ស្រប​ពេល​របប​លោក ហ៊ុន សែន បាន​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ព្រំដែន​កម្ពុជា ថៃ ដែល​អ្នក​វិភាគ​ចាត់​ទុក​ថា ជា​ការ​ត្រៀម​ទប់​ស្កាត់​អ្នក​គាំទ្រ​លោក សម រង្ស៊ី ចូល​ទៅ​កម្ពុជា​វិញ​នៅ​តាម​ព្រំដែន​ថៃ។ បញ្ហា​នេះ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ឲ្យ​អាស៊ី​សេរី​ដឹង​ថា ការ​ពង្រាយ​កម្លាំង​ព្រំដែន​នេះ ដើម្បី​ការពារ​សន្តិសុខ​តែ​ប៉ុណ្ណោះ៖ «»

ទោះ​បី​ជា​របប​លោក ហ៊ុន សែន ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​បែប​នេះ​ក្ដី ក៏​ក្រុម​ពលករ​នៅ​ប្រទេស​ថៃ ដែល​ត្រៀម​វិល​ចូល​កម្ពុជា​វិញ ជាមួយ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​នោះ មិន​ខ្លាច​រអា​អ្វី​ឡើយ។ ពលករ​នៅ​ប្រទេស​ថៃ​មួយ​រូប ឈ្មោះ យុទ្ធ ប្រកាស​ថា លោក​នឹង​អម​ដំណើរ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ​ទៅ​កម្ពុជា​វិញ​ដែរ គឺ​លោក​មិន​ខ្លាច​អ្វី​ឡើយ៖ «»

អ្នកវិភាគ​នយោបាយ លោក បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ប្រវត្តិ​នៃ​មេ​ដឹក​នាំ​ផ្ដាច់ការ​នៅ​លើ​ពិភព​លោក បាន​ប្រើ​រូប​មន្ត​ប្រហាក់​ប្រហែល​គ្នា នៅ​ក្នុង​ការ​រក្សា​អំណាច​របស់​ខ្លួន គឺ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ និង​កង​កម្លាំង ដើម្បី​បង្រ្កាប​ប្រជាពលរដ្ឋ​របស់​ខ្លួន។ ក៏​ប៉ុន្តែ​មេ​ដឹក​នាំ​ផ្ដាច់​ការ​ទាំង​នោះ សម្រេច​គោល​បំណង​របស់​ខ្លួន ក្នុង​ការ​បន្ត​អំណាច​ទៅ​មុខ​ទៀត​បាន​ឡើយ ដូច​ជា​អតីត​មេ​ដឹក​នាំ ហ្វីលីន ម៉ាកូស និង​អតីត​មេ​ដឹក​នាំ​ឥណ្ឌូនេស៊ី សូហាតូ ជា​ដើម៖ «»

របប​ក្រុង​ភ្នំពេញ​បាន​ក្លាយ​ទៅ​ជា​របប​ឯក​បក្ស ក្រោយ​ពី​របប​នេះ រំលាយ​គណបក្ស​ប្រឆាំង និង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ២០១៨ ដែល​គ្មាន​វត្តមាន​គណបក្ស​ប្រឆំាង​ធំ​ជាង​គេ​ចូលរួម ហើយ​គណបក្ស​ប្រឆាំង និង​សហគមន៍​អន្តរជាតិ បាន​ហៅ​ការ​បោះ​ឆ្នោត​នេះ ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។

កាសែត​បរទេស​ជា​ច្រើន បាន​ចុះ​ផ្សាយ​ដោយ​ហៅ​លោក​ហ៊ុន សែន ថា ជា​មេ​ដឹក​នាំ​ផ្ដាច់ការ ដូច​ជា កាសែត Washington Post ជា​ដើម​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៧ តុលា​ដាក់​ចំណង​ជើង​ថា បុរស​ខ្លាំង​របស់​កម្ពុជា​ចង់​បាន“ ប្រជាធិបតេយ្យ” ដោយ​គ្មាន​ការ​ប្រកួត​ប្រជែង។ របាយការណ៍​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ២០១៨ របស់​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច​ EIU ​នៃ​ទស្សនាវដ្ដី (The Economist) របស់​ចក្រភព​អង់គ្លេស​រក​ឃើញ​ថា កម្ពុជា​ស្ថិត​ក្នុង​ជំពូក​ក្រុម​ប្រទេស​ផ្ដាច់ការ មិន​ខុស​ពី​បណ្ដា​ប្រទេស​កុម្មុយនិស្ត​ចិន​ វៀតណាម​ រុស្ស៊ី និង​កូរ៉េ​ខាងជើង​ឡើយ។

អ្វី​ដែល​អ្នក​វិភាគ​មើល​ឃើញ​ថា របប​ក្រុង​ភ្នំពេញ​កាន់​តែ​គាប​សង្កត់ និង​កាន់​តែ​មាន​រូបភាព​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​ទៀត​នោះ គឺ​ក្រោយ​ពី​លោក សម រង្ស៊ី បាន​ប្រកាស​ពី​ផែនការ​វិល​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ។ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង និង​ចេញ​ដីកា​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ឥត​ស្រាកស្រាន្ត ក៏​ប៉ុន្តែ​អ្នក​វិភាគ អះអាង​ថា ការ​ទប់​ស្កាត់ និង​បង្រ្កាប​នេះ គឺ​របប​លោក ហ៊ុន សែន បាន​ជោគជ័យ​តែ​រយៈ​ពេល​ខ្លី​ទេ របប​នេះ​នឹង​ប្រឈម​នឹងការងើប​ឈរ​ឡើង​ពី​ពលរដ្ឋ​ប្រឆាំង និង​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ដែល​រឹត​បន្តឹង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល