វេទិការអ្នកស្ដាប់អាស៊ីសេរី៖ «ការ​រំលោភ​បំពាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»

ដោយ ទីន ហ្សាការីយ៉ា
2019-10-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស្រ៊ុន ស្រ៊ន (ឆ្វេង) ជា​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​លោក គល់ បញ្ញា មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល។
លោក ស្រ៊ុន ស្រ៊ន (ឆ្វេង) ជា​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​លោក គល់ បញ្ញា មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល។
រូបខាង​ឆ្វេង៖ ហ្វេសប៊ុក​ Srun Srorn និង RFA

នាទី​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី​រាត្រី​ថ្ងៃ​អង្គារ ទី២២ ខែ​តុលា ឆ្នាំ២០១៩ ជជែក​ពិភាក្សា​អំពី​ប្រធានបទ «ការ​រំលោភ​បំពាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»

វាគ្មិន​ចូលរួម៖ លោក គល់ បញ្ញា មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល និង​លោក ស្រ៊ុន ស្រ៊ន ជា​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

នៅ​ថ្ងៃ​ទី២៣ ខែ​តុលា​នេះ គឺ​ជា​ខួប ២៨ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ហើយ​ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ទៀត​ថា កិច្ច​ព្រមព្រៀង​នេះ លែង​មាន​សុពភាព​ហើយ​ក្ដី ក៏​ក្រុម​អ្នក​ច្បាប់ និង​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា អះអាង​ថា កិច្ច​ព្រមព្រៀង​នេះ នៅ​តែ​មាន​សុពលភាព សម្រាប់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត។

កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ចុះ​ហត្ថលេខា​ដោយ​ភាគី​ជម្លោះ​កម្ពុជា​ទាំង ៤ក្រុម ព្រម​ទាំង​តំណាង​​រដ្ឋាភិបាល​នៃ​ប្រទេស​ចំនួន ១៨​ផ្សេង​ទៀត កាល​ពី​ឆ្នាំ១៩៩១ បាន​ចែង​ពី​ការ​ព្រមព្រៀង​សំខាន់​ចំនួន​៣ គឺ​ទី១ ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា ទី២ កិច្ច​ព្រមព្រៀង​ទាក់ទិន​ទៅ​នឹង​អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹតភាព ឯកភាព​ជាតិ​កម្ពុជា និង​ទី៣ ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការ​ស្ដារ និង​ការ​កសាង​ប្រទេស​កម្ពុជាឡើង​វិញ។

កិច្ច​ព្រមព្រៀង​នេះ កម្ពុជា​សន្យា​ថា ធានា​គោរព និង​ប្រតិបត្តិ​តាម​គោលការណ៍​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា គាំទ្រ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា ទាំង​អស់​ក្នុង​ការ​ធ្វើ​សកម្មភាព​ដែល​ជំរុញ និង​ការពារ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ព្រម​ទាំង​ចូល​រួម​គោរព​តាម​កិច្ច​ព្រមព្រៀង​អន្តរជាតិ​ទាំង​ឡាយ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស។ ស្មារតី​សំខាខ់​ជាង​គេ​នៃ​កិច្ច​ព្រមព្រៀង​នេះ គឺ​ការ​បង្រួបង្រួម​ជាតិ។

ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នេះ សន្យា​ថា ជួយ​ជំរុញ និង​លើក​ទឹក​ចិត្ត​ដល់​ការ​គោរព និង​ប្រតិបត្តិ​តាម​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា ដូច​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​អន្តរជាតិ និង​សេចក្ដី​សម្រេច​ទាំង​ឡាយ​របស់​អង្គការ​សហប្រជាជាតិ ជា​ពិសេស​គឺ​ការពារ​ទប់ទល់​នឹង​ការ​កកើត​ឡើង​វិញ​ ការ​រំលោភ​សិទ្ធិ​មនុស្ស។

លោក ហ៊ុន សែន ក៏​ទទួល​ស្គាល់​ដែរ​ថា កិច្ច​ព្រមព្រៀង​នេះ មាន​តម្លៃ​ជា​ប្រវត្តិសាស្រ្ត ប៉ុន្តែ​លោក​អះអាង​ថា កិច្ច​ព្រមព្រៀង​នេះ អស់​សុពលភាព​ទៅ​ហើយ។

នៅ​ក្នុង​ខួប​លើក​ទី២៨ នេះ គេ​សង្កេត​ឃើញ​ថា កម្ពុជា​កំពុង​តែ​មាន​ការ​បែក​បាក់​ជាតិ​កាន់​តែ​ខ្លាំង ជា​ពិសេស ភាគី​អ្នក​មាន​អំណាច ចោទ​ប្រកាន់ និង​ចាប់​ចង​សកម្មជន​បក្ស​ប្រឆាំង​ចោទ​ពី​ផែនការ​ក្បត់​ជាតិ​ជា​ដើម ដែល​អ្នក​សង្កេត​ការណ៍​ថា ជា​ការ​ប្រឌិត ដើម្បី​បំបិទ​សំឡេង​ប្រឆាំង។

ដូច្នេះ តើ​ការ​ចាប់​ខ្លួន និង​ការ​រំលាយ​បក្ស​ប្រឆាំង នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ស្រប​តាម​ខ្លឹម​សារ​បង្រួបបង្រួម​ជាតិ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ដែរ​ឬ​ទេ?

តើ​អ្នក​ណា​ខ្លះ ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នេះ?

តើ​ស្ថានភាព​កម្ពុជា​សព្វថ្ងៃ​នេះ ប្រទេស​ហត្ថលេខី​មាន​កាត្វកិច្ច​អ្វី​ខ្លះ​ទេ ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ងាក​មក​គោរព​កិច្ច​ព្រមព្រៀង​នេះ​វិញ? ហើយ​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ឲ្យ​មេ​ដឹក​នាំ​បច្ចុប្បន្ន​ត្រូវ​ងាក​មក​អនុវត្ត​តាម​វិញ?

សូម​ចុច​ស្ដាប់​សំឡេង​កិច្ច​ពិភាក្សា​រវាង​លោក ទីន ហ្សាការីយ៉ា និង​លោក គល់ បញ្ញា មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល រួម​ជាមួយ​លោក ស្រ៊ុន ស្រ៊ន ជា​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល