កម្ពុជា​រៀបចំ​កែប្រែ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ជើង​គោក

គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ បាន​កើត​មាន​ជា​ច្រើន​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១១ ដោយសារ​មាន​មូលហេតុ​ជា​ច្រើន។ ក្នុង​មូលហេតុ​ទាំងនោះ គឺ​ដោយសារ​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍ ជា​មូលហេតុ​សំខាន់​មួយ។
ដោយ កែវ និមល
2011-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៧-មករា-២០១១៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​មួយ ក្នុង​រាជធានី​ភ្នំពេញ
១៧-មករា-២០១១៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​មួយ ក្នុង​រាជធានី​ភ្នំពេញ
RFA/Tin Zakariya

ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​រៀបចំ​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មួយ  ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​របស់​ច្បាប់​ចរាចរណ៍​បច្ចុប្បន្ន និង​ធ្វើ​ឲ្យ​ច្បាប់​ចរាចរណ៍ កាន់​តែ​មាន​ភាព​តឹងរ៉ឹង​ជាង​មុន ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

លោកស្រី មឹន មាណវី អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​តំណាង​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ ធ្នូ ថា បច្ចុប្បន្ន​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​ធ្វើ​វិសោធនកម្ម ឬ​ការ​កែប្រែ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ជើងគោក លើ​មាត្រា​សំខាន់ៗ​ ចំនួន​ ៣១​មាត្រា និង​បាន​បន្ថែម​មាត្រា​ថ្មី​ចំនួន ៨​មាត្រា ដើម្បី​ពង្រឹង​ច្បាប់​ចរាចរណ៍ កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍។

លោកស្រី​អនុរដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា ការ​ចូលរួម​ទប់ស្កាត់​របស់​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​របស់​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំង​អស់ ទើប​បាន​អាច​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ ចរាចរណ៍​ឲ្យ​ទាប​បាន៖ «សូម​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ក្នុង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ តាម​រយៈ​ការ​គោរព​ច្បាប់ ដោយ​អ្នក​ជិះ​ម៉ូតូ ទាំង​អ្នក​បើកបរ និង​អ្នក​ជិះ​ពី​ក្រោយ។ ត្រូវ​ពាក់​មួក​សុវត្ថិភាព ១០០% គ្រប់​ពេល​វេលា ទាំង​ពេល​យប់ និង​ពេល​ថ្ងៃ។ ចំពោះ​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត ត្រូវ​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព ទាំង​អ្នក​មុខ ទាំង​អ្នក​ក្រោយ។ កុំ​បើកបរ​លើស​ល្បឿន​កំណត់ កុំ​បើកបរ​ក្នុង​ពេល​ស្រវឹង និង​ពេល​ងងុយ​ជា​ដើម»

លោក ព្រាប ច័ន្ទវិបុល ជា​ប្រធាន​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក ក្រសួង​សាធារណការ និង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក។ លោក​បាន​មាន​ប្រសាសន៍​ថា ខ្លឹមសារ​ សំខាន់ៗ​ដែល​បាន​ដាក់​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក មាន​ជា​អាទិ ការ​កំណត់​ឲ្យ​អ្នក​ម៉ូតូ​ត្រូវ​តែ​ពាក់​មួក ទាំង​អ្នក​បើកបរ និង​អ្នក​ជិះ​ពី​ក្រោយ។ ការ​កំណត់​ល្បឿន​អតិបរមា​ត្រឹម​ ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ការ​កំណត់​ចំនួន​អ្នក​ជិះ​ម៉ូតូ​មិន​ឲ្យ​លើស​ពី ២​នាក់ បើ​មាន​ក្មេង​ជិះ​ជាមួយ​ផង​ មិន​ឲ្យ​លើស​ពី ៣​នាក់។ ការ​កំណត់​ប្រភេទ​មួក​សុវត្ថិភាព​សម្រាប់​ពាក់​ក្នុង​ពេល​ជិះ​ម៉ូតូ ការ​ប្រើប្រាស់​ទ្រូង​ផ្លូវ​សាធារណៈ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ។ ចំនួន​ទឹកប្រាក់​ផាក​ពិន័យ​មាន​ការ​កើន​ជាង​មុន ៥​ដង។ ការ​កំណត់​ឲ្យ​រថយន្ត​ទេសចរណ៍​គ្រប់​ប្រភេទ​ត្រូវ​តែ​មាន​ទិញ​ប័ណ្ណ​ធានា​រ៉ាប់រង​ជា​ដើម ។ល។

លោក ព្រាប ច័ន្ទវិបុល៖ «យើង​បាន​កែ​សម្រួល​តម្លៃ។ តម្លៃ​ផាក​ពិន័យ​នៅ​ក្នុង​បទលហុ យើង​បង្កើន ៥​ដង។ បាន​ន័យ​ថា​ ពី​មុន​ផាក​មួក ៥.០០០​អ៊ីចឹង ត្រូវ​កើន​ដល់ ១៥.០០០។ យើង​បង្កើន​នេះ​ដោយសារ​ភាគ​ច្រើន​គឺ​ដោយសារ​បងប្អូន​ប្រជាជន​ថា ផាក ៣.០០០ អត់​រាង​ចាល​ទេ។ គឺ​វា​តិច​ពេក អ៊ីចឹង​ហើយ​បទល្មើស​នៅ​តែ​បន្ត​កើត​មាន គឺ​គោរព​អត់​បាន។ ប៉ូលិស​ស្នើ​ឲ្យ​បង្កើន​គ្រប់​ប្រាក់​ពិន័យ​ទាំង​អស់ គឺ​គ្រប់​បទលហុ​ទាំងអស់។ មិន​មែន​តែ​ពាក់​មួក​នេះ​មួយ​ទេ។ នៅ​ចំណុច​ទោស​បញ្ញត្តិ​មួយ​ចំនួន​ទៀត​ក៏​បង្កើន ៥​ដង​ដែរ»

លោក ព្រាប ច័ន្ទវិបុល បាន​ឲ្យ​ដឹង​បន្ថែម​ថា មក​ទល់​ពេល​នេះ ក្រុម​មន្ត្រី​ជំនាញ និង​ក្រុម​អ្នក​ច្បាប់ បាន​ប្រជុំ និង​ពិនិត្យ​សេចក្ដី​ព្រាង​កែប្រែ​បន្ថែម​ច្បាប់​ចរាចរណ៍​ជើងគោក នោះ​បាន​ជា​ច្រើន​លើក​ហើយ ។ លោក​សង្ឃឹម​ថា វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ជើងគោក​នេះ អាច​ពិភាក្សា​ចប់​សព្វ​គ្រប់  ហើយ​បញ្ជូន​ទៅ​ឲ្យ​រដ្ឋសភា​អនុម័ត នៅ​ចុង​ឆមាស​ទី១ ឆ្នាំ​២០១២ ខាង​មុខ។

លោក ព្រាប ច័ន្ទវិបុល ៖ «ដំណើរ​ការ​ធ្វើ​វិសោធនកម្ម​នេះ គឺ​បាន​រៀបរាប់​ហើយ។ គឺ​ឥឡូវ​បាន​ឆ្លង​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ គឺ​ឯកឧត្ដម ស ខេង។ យើង​បាន​បញ្ចប់​ ក្រោយ​បាន​ប្រជុំ ៤ លើក​មក​នេះ។ ក្រសួង​ពាក់ព័ន្ធ​មាន ក្រសួង​យុត្តិធម៌ ក្រសួង​សុខាភិបាល ក្រសួង​សាធារណការ ក្រសួង​ហិរញ្ញវត្ថុ ជា​ដើម។ ឯកឧត្ដម​ឧប គាត់​ថា​មុន​ពេល​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី គាត់​សុំ​ឲ្យ​មាន​ការ​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ជា​មុន​សិន»

ចំពោះ​តួលេខ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១១ នេះ លោក​ផ្កាយ​១ ប៉ូលីស គឹម យីដេត ជា​អនុ​ប្រធាន​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។ លោក​បាន​ឲ្យ​ដឹង​ថា តាម​តួលេខ​មិន​ទាន់​ពេញលេញ​ទាំង​ស្រុង​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១១ នេះ​មាន​គ្រោះថ្នាក់​ចរាចរណ៍ កើត​ឡើង​ចំនួន ៥.០៩៦​ករណី ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១០ កន្លង​ទៅ​មាន​ការ​ថយ​ចុះ ៨%។ ប៉ុន្តែ​ទោះ​បី​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការ​ថយ​ចុះ​តិច​ជាង​ឆ្នាំ​មុន​ពិត​មែន តែ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១១ នេះ​មាន​ចំនួន ១.៨៩៥​នាក់ គឺ​កើន​លើស​ឆ្នាំ​មុន​ ប្រមាណ ១៥%។

លោក គឹម យីដេត៖ «មិន​ដូច​លើក​មុន​ទេ។ ប៉ុន្មាន​ឆ្នាំ​មុន មហាផ្ទៃ​ដែល​ស្រង់​តាម​រយៈ​នគរបាល​ចរាចរណ៍​ទូទាំង​ប្រទេស គឺ​យើង​បាន​តែ ៧០% ទេ ហើយ​យក​តាម​សុខាភិបាល​ប្រហែល ៣០%។ តែ​បច្ចុប្បន្ន​ក្រសួង​មហាផ្ទៃ​គឺ ៩០% ហើយ​នៅ​សល់ ១០% ទៀត គឺ​យក​តាម​សុខាភិបាល»

ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​វិញ លោក គឹម យីដេត បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​បង្ក​ដោយ ល្បឿន​លឿន​ហួស​កំណត់​មាន​ចំនួន ៤៥%។ គ្រោះថ្នាក់​បង្ក​ដោយសារ​អ្នក​បើកបរ​ស្រវឹង​មាន​ចំនួន ១១% និង​គ្រោះថ្នាក់​បង្ក​ដោយ​ការ​បើកបរ​ធ្វេសប្រហែស មិន​គោរព​ផ្លាក​សញ្ញា​មាន​ចំនួន ១៧%។

លោក វេជ្ជបណ្ឌិត សៅ សុវណ្ណរតនៈ បុគ្គលិក​របស់​អង្គការ​សុខភាព​ពិភពលោក ទទួល​បន្ទុក សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការពារ​រង​របួស បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ ជា​បញ្ហា​ទាក់ទង​សុខភាព​សាធារណៈ​ចម្បង​លើ​ពិភពលោក។ ជា​រៀងរាល់​ឆ្នាំ​មាន​មនុស្ស​ប្រមាណ ១.៣​លាន​នាក់ បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ និង​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ ៥០​លាន​នាក់ រង​របួស និង​ពិការ​ក្នុង​ពិភពលោក។

ប្រភព​របាយការណ៍​របស់​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១០ កន្លង​ទៅ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស​សរុប​ជាង ១៨.០០០​នាក់។ ក្នុង​នោះ​បណ្ដាល​ឲ្យ​ស្លាប់​ជាង ១.៨០០​នាក់ និង​រង​របួស​ជាង ១.៧០០​នាក់។ គ្រោះថ្នាក់​ចរាចរណ៍​នោះ​បណ្ដាល​ឲ្យ​ខាតបង់​សេដ្ឋកិច្ច​ជាតិ គិត​ជា​លុយ​មាន​ចំនួន​ប្រហែល ២៧៩​លាន​ដុល្លារ​អាមេរិក៕

ព័ត៌មាន (8)
Share

អ្នក​អាន​អនាមិក

Law is good, but if the people does not follow the law and they only follow the high range, money or rich people

Mar 14, 2012 02:15 AM

អ្នក​អាន​អនាមិក

ច្បាប់អត់ន័យបើចៅក្រម ព្រះរាជអាជ្ញា នៅតែយកលុយទំាងសងខាង។ ខ្ញុំបានជួបហេតុការណ៏ផ្ទាល់ខ្លួននៅកំពង់ធំ។​ អ្នករងគ្រោះក៏ចៅក្រមយកលុយ​អ្នកប្រព្រឹត្តក៏យកលុយ។ អស់ជំនឿលើច្បាប់។​ ពួកគេទាលុយត្រង់ៗតែម្តង។ សូមបីតែសរសេរពាក្យបណ្តឹងពេលបោះត្រាចូលគេទារ១០$។ អំពើពុករលួយពាសពេញតុលាការខេត្តកំពង់ធំ។ សូមអស់លោកមានសមត្ថកិច្ចជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយសូមស៊ើបអង្កេតផង។ ខ្ញុំអាចធ្វើជាសាក្សីាបាន។

Dec 30, 2011 10:29 AM

អ្នក​អាន​អនាមិក

ច្បាប់អត់ន័យបើចៅក្រម ព្រះរាជអាជ្ញា នៅតែយកលុយទំាងសងខាង។ ខ្ញុំបានជួបហេតុការណ៏ផ្ទាល់ខ្លួននៅកំពង់ធំ។​ អ្នករងគ្រោះក៏ចៅក្រមយកលុយ​អ្នកប្រព្រឹត្តក៏យកលុយ។ អស់ជំនឿលើច្បាប់។​ ពួកគេទាលុយត្រង់ៗតែម្តង។ សូមបីតែសរសេរពាក្យបណ្តឹងពេលបោះត្រាចូលគេទារ១០$។ អំពើពុករលួយពាសពេញតុលាការខេត្តកំពង់ធំ។ សូមអស់លោកមានសមត្ថកិច្ចជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយសូមស៊ើបអង្កេតផង។ ខ្ញុំអាចធ្វើជាសាក្សីាបាន។

Dec 30, 2011 10:28 AM

អ្នក​អាន​អនាមិក

ច្បាប់អត់ន័យបើចៅក្រម ព្រះរាជអាជ្ញា នៅតែយកលុយទំាងសងខាង។ ខ្ញុំបានជួបហេតុការណ៏ផ្ទាល់ខ្លួននៅកំពង់ធំ។​ អ្នករងគ្រោះក៏ចៅក្រមយកលុយ​អ្នកប្រព្រឹត្តក៏យកលុយ។ អស់ជំនឿលើច្បាប់។​ ពួកគេទាលុយត្រង់ៗតែម្តង។ សូមបីតែសរសេរពាក្យបណ្តឹងពេលបោះត្រាចូលគេទារ១០$។ អំពើពុករលួយពាសពេញតុលាការខេត្តកំពង់ធំ។ សូមអស់លោកមានសមត្ថកិច្ចជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយសូមស៊ើបអង្កេតផង។ ខ្ញុំអាចធ្វើជាសាក្សីាបាន។

Dec 30, 2011 10:28 AM

អ្នក​អាន​អនាមិក

ការបង្កើនចំនួនប្រាក់ផាកពិន័យនេះ គឺធ្វើឡើងដើម្បីតែប៉ូលិលចរាចរណ៍តែប៉ុណ្ណោះ ពីព្រោះយើងដឹងហើយថា ប៉ូលិសដែលចាប់យានយន្តផាក​ កម្រនឹងដាក់ថវិកាចូលរដ្ឋណាស់ គឺចូលតែហ៊ោប៉ៅពួកគាត់តែប៉ុណ្ណោះ។ ការបង្កើនចំនួនប្រាក់ផាកពិន័យ គឺគ្រាន់តែជួយបង្កើនប្រាក់ចូលហ៊ោប៉ៅពួកប៉ូលិស ដែលជាឈ្លើងជញ្ជក់ឈាមពលរដ្ឋប៉ុណ្ណោះ។

Dec 30, 2011 03:59 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល