តុលាការ​ប្រកាស​ឲ្យ​បន្ត​ឃុំ​ភេរវជន​សង្ស័យ​៥​នាក់

តុលាការ​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​ជន​សង្ស័យ​ចំនួន ៥​នាក់​ថា​ជា​ភេរវជន​ទេ ហើយ​បាន​ប្រកាស​សាលក្រម​ឃុំ​ខ្លួន​បន្ត​​និង​ស៊ើប​អង្កេត​បន្ថែម។
ដោយ សុខ សេរី
2009-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សោម ឯក ជិះ​ក្នុង​រថយន្ត​ពេល​មក​កាន់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថៃ្ង​២០ ធ្នូ ២០០៩។
លោក សោម ឯក ជិះ​ក្នុង​រថយន្ត​ពេល​មក​កាន់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថៃ្ង​២០ ធ្នូ ២០០៩។
Photo: RFA

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថៃ្ង​ពុធ ទី​៣០ ខែ​ធ្នូ​នេះ បាន​ប្រកាស​សាលក្រម​បង្គាប់​ឲ្យ​បន្ត​ឃុំ​ខ្លួន​ជន​សង្ស័យ​ចំនួន ៥​នាក់​ជា​បន្ត​ទៀត​ដោយ​គ្មាន​ថៃ្ង​កំណត់​ក្រោម​បទ​ចោទ​ថា បាន​កេណ្ឌ​ភេរវជន​នៅ​ឆ្នាំ​២០០៥ និង​បង្កៃ​គ្រឿង​ផ្ទុះ​នៅ​ទី​កន្លែង​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា​កន្លង​ទៅ​នេះ ប៉ុន្តែ​តុលាការ​បាន​បញ្ជា​ឲ្យ​ចាត់​របៀប​ជា​ថ្មី និង​ស៊ើប​អង្កេត​បន្ថែម​ជុំវិញ​សំណុំរឿង​ចោទ​ប្រកាន់​នោះ​ដោយសារ​នៅ​ចន្លោះ​ប្រហោង​មួយចំនួន​ទៀត​ក្នុង​ការ​ប្រមូល​ភស្តុតាង​និង​សាក្សី។

លោក ឆាយ គង់ ជា​ប្រធាន​ចៅក្រម​ប្រឹក្សា​ជម្រះ​ក្តី​នៃ​តុលាការ​រាជធានី​ភ្នំពេញ បាន​អាន​សាលក្រម​ខ្លី​ថា តុលាការ​បង្គាប់​ឲ្យ​បន្ត​ឃុំ​ខ្លួន​ជន​សង្ស័យ​ទាំង ៥​នាក់ ដោយ​បាន​ចាត់​របៀប​ជា​ថ្មី និង​ស៊ើប​អង្កេត​បន្ថែម​។

លោក សោម ឯក ដែល​រង​ការ​ចោទ​ថា ជា​មេខ្លោង​នៃ​រណសិរ្ស​រួបរួម​ជាតិ​និង​ចលនា​ខ្លា​រំដោះ ឬ​កងទ័ព​ខេមរ​ជាតិ ដែល​គេ​ចោទ​ថា នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​ដាក់​បង្កៃ​គ្រាប់​បែកចៃ្ន​កាល​ពី​ថៃ្ង​ទី​២ ខែ​មករា​កន្លង​ទៅ​នេះ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ បាន​ថែ្លង​ថា លោក​មិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក សំ សុគង់ ជា​មេធាវី​របស់​លោក សោម ឯក បាន​មាន​ប្រសាសន៍​នៅ​ក្រៅ​តុលាការ​ក្រោយ​ពី​ប្រកាស​សាលក្រម​នោះ​ថា ៖ «ទាក់ទង​នីតិ​វីធី​ច្បាប់​សវនាការ​គឺ​ថា នៅ​ពេល​តុលាការ​រក​មិន​ឃើញ​ភស្តុតាង​អ៊ីចឹង​តុលាការ​អាច​ចេញ​សាល​ក្រម​មួយ​ហៅ​ថា សាលក្រម​ចាត់​របៀប​បង្វិល​សំណុំរឿង​ហ្នឹង​ឲ្យ​ចៅក្រម​ស៊ើប​អង្កេត​ឡើង​វិញ។ ខ្ញុំ​ឆ្ងល់​ថា រយៈពេល​ស៊ើប​អង្កេត​ហ្នឹង​ជិត​មួយ​ឆ្នាំ​ហើយ​ម៉េច​បាន​ជា​ចៅក្រម​មិន​រក​ភស្តុតាង​ឲ្យ​គ្រប់​មុន​ជំនុំ​ជម្រះ?»

លោក​បាន​មាន​ប្រសាសន៍​ថា តាម​ច្បាប់​តុលាការ​មាន​សិទ្ធិ​បន្ត​ឃុំ​ខ្លួន​រយៈ​ពេល​១៨​ខែ​ដើម្បី​ស៊ើប​សួរ​បន្ថែម បើ​មិន​ដូច្នោះ​ទេ​កូន​ក្តី​របស់​លោក​និង​ជន​សង្ស័យ​ដទៃ​ទៀត​ត្រូវ​តែ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។

លោក​ស្រី ម៉ុក ណារី ជា​ភរិយា​របស់​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ទ្បឹក ប៊ុន​ញៀន ក្នុង​ចំណោម​ជន​សង្ស័យ​សរុប​ចំនួន ៥​នាក់​បាន​ថែ្លង​ថា ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​សម្តេច ហ៊ុន សែន ដោះលែង​ប្តី​ខ្ញុំ​ឲ្យ​រួច​ខ្លួន​មក​រស់​នៅ​ជួប​ជុំ​ប្រពន្ធ​កូន​វិញ​ព្រោះ​ថា គាត់​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទេ!»

តុលាការ​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ជន​សង្ស័យ​ចំនួន ៥​នាក់​នោះ​ក្រោម​មាត្រា​ទី​៧៥, ៧៦ និង​ ៧៨ នៃ​ច្បាប់​ប្រឆាំង​អំពើ​ភេរវៈកម្ម។ ប្រភព​បាន​ឲ្យ​ដឹង​ថា​បើសិន​ណា​តុលាការ​បាន​រក​ឃើញ​ថា​ មាន​ទោស​កំហុស​មែន​នោះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​គុក​រវាង ២០ ទៅ ៣០​ឆ្នាំ។

ក្រុម​អាជ្ញាធរ​ប្រទេស​កម្ពុជា​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន ៥​នាក់ មាន​លោក សោម ឯក, លោក ជា កឹមយ៉ាន, លោក ពៅ វណ្ណារ៉ា, លោក ភី សុវឹង និង លោក ទ្បឹក ប៊ុនញៀន កាល​ពី​ខែ​មករា ដើម​ឆ្នាំ​២០០៩ កន្លង​ទៅ​នេះ​នៅ​ទី​កន្លែង​ផ្សេងៗ​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​បទ​សង្ស័យ​ថា មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​សកម្មភាព​កេណ្ឌ​កម្លាំង​ភេរវជន​កាល​ពី​ឆ្នាំ​២០០៥ និង​បង្កៃ​គ្រាប់បែក​ច្នៃ​ចំនួន ២​គ្រាប់​នៅ​ទី​កន្លែង​សាធារណៈ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថៃ្ង​ទី​២ ខែ​មករា ដើម​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល