អាជ្ញាធរ​នៅ​ស្ទឹងត្រែង​ប៉ះ​ទង្គិច​គ្នា​ក្នុង​ការ​ដណ្ដើម​ឈើ​ប្រណីត​មក​រក្សា​ទុក

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​និង​ក្រុម​សមត្ថកិច្ច​ចម្រុះ​នៅ​ខេត្ត​ស្ទឹងត្រែង​បាន​ប៉ះ​ទង្គិច​គ្នា​ស្ទើរតែ​ផ្ទុះ​អាវុធ​ក្នុង​មូលហេតុ​ចង់​ដណ្តើម​យក​ឈើ​ប្រណីត​ប្រភេទ​ឈើ​ធ្នង់​មួយចំនួន​ដែល​ចាប់​រឹបអូស​បាន​យក​ទៅ​រក្សា​ទុក​រៀងៗ​ខ្លួន។
ដោយ គង់ យុទ្ធនា
2009-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​ឈើ​ប្រណីត​ដែល​ក្រឡាប់​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៨ មិថុនា ២០០៩។
រថយន្ត​ដឹក​ឈើ​ប្រណីត​ដែល​ក្រឡាប់​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៨ មិថុនា ២០០៩។
RFA Photo/Ratha Visal

មន្រ្តី​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ​រវាង​កម្លាំង​ទាហាន​ភូមិភាគ​១ ខេត្ត​ស្ទឹងត្រែង និង​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ កាល​ពី​រសៀល​ថ្ងៃ​ទី​២៨ ធ្នូ​កន្លង​មក​នេះ ក្នុង​ការ​ប៉ុនប៉ង​ដណ្តើម​យក​ឈើ​ប្រណីត​ល្មើស​ច្បាប់​ដែល​ពួក​គេ​ចាប់​បាន​ពី​ស្រុក​សៀមប៉ាង​ទៅ​រក្សា​ទុក ដោយ​ភាគី​នីមួយៗ​មិន​បញ្ជាក់​មូលហេតុ​ឡើយ ៖ «មន្ត្រី​មក​ពី​ក្រសួង​យក​អាវុធ​ម្នាក់​២​ដើមៗ គេ​មក​ដល់​គេ​លើក​ឈើ​ប៉ុន្មាន​ហ្នឹង​ដាក់​ឡាន»

ពលរដ្ឋ​ម្នាក់​ដែល​បាន​ឃើញ​ហេតុការណ៍​ខាង​លើ​ឲ្យ​ដឹង​ដែរ​ថា ឈើ​ដែល​នាំ​ឲ្យ​មាន​ការ​ដណ្តើម​គ្នា​នោះ​ជា​ប្រភេទ​ឈើ​ធ្នង់​មាន​ទទឹង​ទំហំ​ចាប់​ពី ១,៥​ម៉ែត្រ ទៅ ១,៦​ម៉ែត្រ និង​មាន​បណ្តោយ​ប្រវែង ៥​ម៉ែត្រ មាន​ចំនួន ១០​សន្លឹក និង​ឈើ​ដែល​មាន​ទទឹង ១​ម៉ែត្រ បណ្តោយ​ប្រវែង ៥​ម៉ែត្រ ចំនួន ៩​សន្លឹក។ ពួក​គេ​បាន​ដណ្តើម​គ្នា​យ៉ាង​ច្រងេង​ច្រងាង​ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​មាន​ការ​ភ្ញាក់​ផ្អើល ៖ «ប្រហែល​ជា​គេ​ជំនុំ​គ្នា​របៀប​ហ្នឹង​បាន​គេ​ធ្វើ​ឲ្យ​មាន​ការ​ប្រទូសរ៉ាយ​គ្នា​កើត​ខ្លាំង​ហ្នឹង​ណា៎!»

ក្រោយ​ពី​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​រួច​មក សមត្ថកិច្ច​ចម្រុះ​ទាំង​នោះ​បាន​នាំ​យក​នៅ​ឈើ​ដែល​មាន​មុខ​ធំៗ​ចំនួន ១០​សន្លឹក​នោះ​ដឹក​ចេញ​មក​ខេត្ត​ទាំង​អស់​តែម្តង លើកលែង​តែ​ឈើ​ដែល​មាន​ទទឹង​ត្រឹម ១​ម៉ែត្រ ចំនួន ៩​សន្លឹក ត្រូវ​គេ​រក្សា​ទុក​នៅ​សាលា​ស្រុក ហើយ​បន្ត​ដឹក​ចេញ​នា​យប់​ថ្ងៃ​ទី​២៩ ធ្នូ។

ទាក់ទង​ទៅ​នឹង​ភាព​មិន​ប្រក្រតី​នៃ​ប្រតិបត្តិការ​បង្រ្កាប​ការ​ដឹក​ឈើ​ខាង​លើ​នេះ វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​ទៅ​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​សៀមប៉ាង​សុំ​ការ​ពន្យល់​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អភិបាល​ស្រុក​សៀមប៉ាង លោក ស៊ី សួន ទទួល​ស្គាល់​ថា មាន​ការ​ចាប់​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ទាំង​នោះ​ពិត​មែន តែ​លោក​បដិសេធ​ថា មិន​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ​ឡើយ។

លោក ស៊ី សួន បាន​អះអាង​ថា ៖ «ខាង​មេ​ព្រៃ​ជាមួយ​នឹង​ខាង​សាលា​ស្រុក។ សាលា​ស្រុក​របស់​យើង​មាន​តែ​ឈើ​តូចតាច​ទេ ប្រហែល​ជា ២​គូប​ទេ»

អធិការ​ប៉ូលិស​ស្រុក​សៀមប៉ាង លោក វ៉ាន់ សុផាន់ ក៏​បាន​អះអាង​ដែរ​ថា កម្លាំង​របស់​លោក​មិន​បាន​ចូលរួម​នៅ​ក្នុង​សកម្មភាព​នោះ​ទេ គឺ​មេ​ព្រៃ​និង​កម្លាំង​ភូមិភាគ​ជា​អ្នក​ចាប់​ឈើ​នោះ។ លោក​បន្ត​ថា សកម្មភាព​បង្រ្កាប​ឈើ​ខុស​ច្បាប់​ត្រូវ​បាន​បង្រ្កាប​ដោយ​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​និង​កម្លាំង​ចម្រុះ​ញឹកញាប់​ណាស់​នៅ​ក្នុង​ស្រុក​នេះ។

លោក វ៉ាន់ សុផាន់ បាន​ឲ្យ​ដឹង​ថា ៖ «ជា​ច្រើន​រឿង​ហើយ​ដែល​កម្លាំង​អាជ្ញាធរ​និង​ជំនាញ​មេ​ព្រៃ​បាន​ធ្វើ​ការ​បង្ក្រាប»

ស្រុក​សៀមប៉ាង​ស្ថិត​នៅ​ជិត​ឧទ្យាន​ជាតិ​វីរជ័យ។ ប្រជាពលរដ្ឋ​នៅ​ទី​នោះ​បាន​ឲ្យ​ដឹង​ថា  ក្រុម​អ្នក​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់​បាន​ព្យាយាម​រំកិល​សកម្មភាព​របស់​ពួក​គេ​ទៅ​កាន់​តំបន់​ព្រៃ​ឈើ​ប្រណីត​ដែល​នៅ​កៀក​ជាប់​នឹង​ឧទ្យាន​ជាតិ​នោះ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ការ​បារម្ភ​ចំពោះ​ការ​ហិនហោច​ព្រៃ​ឈើ​ទាំង​នោះ៕

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

This is part of a wealthy way for the rich and powerful Cambodian.They sell Khmer resources that had been protected for hundreds of years.
Hun Sen government must take into account or Cambodian raw materials be destroyed.

Jan 01, 2010 12:38 PM

អ្នក​អាន​អនាមិក

The khmer authoritie should think khmer interests first, because you got salary from khmer people.

Dec 31, 2009 12:59 PM

អ្នក​អាន​អនាមិក

Just like the Monkey and Banana, ha ha!!!!.

Dec 31, 2009 08:52 AM

គេហទំព័រ​ទាំងមូល