រុស្ស៊ី​បង្កើត​ជើង​ហោះហើរ​ផ្ទាល់​មក​កម្ពុជា

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​បាន​ឱ្យ​ដឹង​ថា​ប្រទេស​រុស្ស៊ី​បាន​ចាប់​ផ្ដើម​សម្លឹង​មើល​ឃើញ​ចំនួន​អ្នក​ទេសចរណ៍​ជន​ជាតិ​របស់​ខ្លួន​កាន់​តែ​ច្រើន​ឡើងៗ ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជា។
ដោយ ហង្ស សាវយុធ
2011-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផែនទី​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Vladivostok Airway
ផែនទី​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Vladivostok Airway
RFA, Screenshot

យន្តហោះ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ប្រតិកម្ម​ធុន​ទូ​៤ ២០៤ (T-4 204) របស់​ក្រុម​ហ៊ុន​រុស្ស៊ី​មួយ​ឈ្មោះ វ្ល៉ាឌីវ៉ូស្តុក អ៊ែវេ (Vladivostok Airway) ដែល​ដឹក​ជញ្ជូន​អ្នក​ទេសចរណ៍​ជន​ជាតិ​ជប៉ុន​ប្រមាណ​ជាង ១៣០​នាក់ ចាក​ចេញ​ពី​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន បាន​ចុះ​ចត​ជា​លើក​ដំបូង​នៅ​ឯ​ប្រលាន​យន្ត​ហោះ​អន្តរជាតិ​ខេត្ត​សៀមរាប កាល​ពី​រាត្រី​ថ្ងៃ​សុក្រ ទី​៣០ ខែ​ធ្នូ។

លោក អ៊ីន សុខគា ជា​អនុ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប គឺ​ជា​អ្នក​ដែល​ទៅ​ទទួល​ស្វាគមន៍​ការ​មក​ដល់​ដំបូង​នៃ​ជើង​ហោះហើរ​ផ្ទាល់​របស់​ក្រុមហ៊ុន​រុស្ស៊ី​នោះ។ លោក​បាន​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ទៀត ដែល​កម្ពុជា​រំពឹង​ថា​ចំនួន​អ្នក​ទេសចរណ៍​ជន​ជាតិ​រុស្ស៊ី​នឹង​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត ៖ "នេះ​គឺ​ជា​ការ​ហោះ​ហើរ​សាកល្បង​ពាក្យ​អង់គ្លេស​ថា (Chater Flight) ជា​លើក​ដំបូង​មក​ដល់​ទី​ក្រុង​សៀមរាប។ រយៈ​ពេល ៣​ថ្ងៃ​ទៀត គាត់​នឹង​មក​ម្ដង​ទៀត គឺ​៣​ថ្ងៃ​ម្ដង​ៗ ហើយ​នៅ​យប់​នេះ​គាត់​ត្រឡប់​ទៅ​វិញ គឺ​យន្ត​ហោះ​ទទេ។ ប៉ុន្តែ ៣​ថ្ងៃ​ក្រោយ​មក គាត់​ដឹក​ជញ្ជូន​ភ្ញៀវ​មក​ដល់​ម្ដង​ទៀត ហើយ​និង​យក​ភ្ញៀវ​ថ្ងៃ​នេះ​ត្រឡប់​ទៅ​ទីក្រុង​តូក្យូ​វិញ"

មន្ត្រី​មន្ទីរ​ទេសចរណ៍​ដដែល​បាន​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន មាន​អ្នក​ទេសចរណ៍​ជន​ជាតិ​រុស្ស៊ី​ដែល​ចូល​មក​ទស្សនា​ប្រាសាទ​បូរាណ នៅ​ក្នុង​ខេត្ត​សៀមរាប យ៉ាង​ហោច​ណាស់​ប្រមាណ ២០០​នាក់ ក្នុង​១ថ្ងៃៗ។ ភ្ញៀវ​ទេសចរណ៍​ជន​ជាតិ​រុស្ស៊ី​ទាំង​នោះ បាន​ចូល​មក​កម្ពុជា​តាម​ច្រក​ព្រំដែន​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​អាកាសចរណ៍​រុស្ស៊ី​ចាប់​ផ្ដើម​ហោះ​ហើរ​ផ្ទាល់​មក​កម្ពុជា​នេះ គេ​រំពឹង​ថា អ្នក​ទេសចរណ៍​ជន​ជាតិ​រុស្ស៊ី​កាន់​តែ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទេសចរណ៍​មក​កម្ពុជា។

លោក សយ សុខាន់ ជា​អនុ​រដ្ឋ​លេខាធិការ​នៃ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក​នេះ គោល​នយោបាយ​បើក​ចំហ​ជើង​មេឃ​របស់​រដ្ឋាភិបាល មាន​ការ​រីកចម្រើន ដោយ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក បាន​ធ្វើ​ការ​ហោះ​ហើរ​ផ្ទាល់​មក​កម្ពុជា ៖ "ក្រោយ​ពី​រំដោះ​ឆ្នាំ​១៩៧៩ មក​ទល់​ថ្ងៃ​នេះ​គឺ​មាន​ក្រុម​២០ បាន​និង​កំពុង​ប្រតិបត្តិការ​ហោះ​ហើរ​មក​កាន់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា"

កាល​ពី​អំឡុង​ខែ​ឧសភា​ឆ្នាំ​២០១១​កន្លង​ទៅ ក្រុម​ហ៊ុន​អាកាសចរណ៍​បារាំង​អ៊ែរ​ហ្វ្រង់ (Air Fra nce) បាន​ធ្វើការ​ហោះ​ហើរ​ផ្ទាល់​ជា​លើក​ដំបូង​របស់​ខ្លួន ចេញ​ពី​ប្រទេស​បារាំង មក​ចុះ​ចត​នៅ​ឯ​ប្រលាន​យន្តហោះ​អន្តរជាតិ​នៃ​ទីក្រុង​ភ្នំពេញ។ ការ​ហោះ​ហើរ​ផ្ទាល់​របស់​ក្រុម​អាកាសចរណ៍​បារាំង​មក​កម្ពុជា​នោះ​គឺ​បាន​នាំ​កំណើន​អ្នក​ទេសចរណ៍ ដើម្បី​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ។

នៅ​ពេល​ខាងមុខ​ក្រុម​ហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​មួយ ឈ្មោះ​អ៊ែរ​ភីល អិកស៍​ប្រេស (Air Phil Express) មាន​គម្រោង​នឹង​ធ្វើ​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ ដោយ​ហោះ​ហើរ​ផ្ទាល់​ពី​ទីក្រុង​ម៉ានីល (Manila) មក​កាន់​កម្ពុជា។

មន្ត្រី​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បាន​ឱ្យ​ដឹង​ថា នៅ​ពេល​ខាង​មុខ គឺ​មាន​ក្រុម​ហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​ជា​ច្រើន ដែល​ចង់​ធ្វើ​ការ​ហោះ​ហើរ​ផ្ទាល់​មក​កម្ពុជា ដូច​ជា​ប្រទេស​ហ្កាតា អារ៉ា​ប៊ីសាអូឌីត ប្រទេស​ជប៉ុន និង​អូស្ត្រាលី​ជា​ដើម៕

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ប្រជាជនខ្មែរចាញ់បោកគេរហូត នៅគ្រប់ក្រសួងមន្ទីទាំងអស់មានមន្ត្រីរាជាការមាន បេះដូងសញ្ញាផ្កាយច្រើនណាស់ ពួកនេះនឹងផ្តល់ពត៌មានរើឲ្យខ្លោចរោចឲ្យឆៅពីក្រៅចូលមកក្នុង និង ពីក្នុងចេញទៅក្រៅវិញ។ អស់លោកអ្នកកាសែតប្រយ័ត្នចាញ់បោកគេ

Jan 02, 2012 06:17 AM

អ្នក​អាន​អនាមិក

ប្រជាជនខ្មែរចាញ់បោកគេរហូត នៅគ្រប់ក្រសួងមន្ទីទាំងអស់មានមន្ត្រីរាជាការមាន បេះដូងសញ្ញាផ្កាយច្រើនណាស់ ពួកនេះនឹងផ្តល់ពត៌មានរើឲ្យខ្លោចរោចឲ្យឆៅពីក្រៅចូលមកក្នុង និង ពីក្នុងចេញទៅក្រៅវិញ។ អស់លោកអ្នកកាសែតប្រយ័ត្នចាញ់បោកគេ

Jan 01, 2012 10:18 PM

អ្នក​អាន​អនាមិក

ហេតុអ្វីក្រុមហ៊ុនរូស្ស៊ីបែរជាចេញពីទីក្រុងតូក្យូវិញ? ពេលចែកឈ្មោះក្រុមហ៊ុននេះបែរជាអត់មានជើងហោះហើរផ្ទាល់ទៅកម្ពុជាទេ......សូមពន្យល់

Dec 31, 2011 07:14 PM

គេហទំព័រ​ទាំងមូល