ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចផ្ដល់ប្រាក់កម្ចី៧០លានដុល្លារដល់កម្ពុជាដើម្បីពង្រឹងខ្សែសង្វាក់ផលិតផលកសិកម្ម និងសុវត្ថិភាពចំណីអាហារ។
រដ្ឋាភិបាលស៊ុយអែត (Sweden) ប្រកាសបិទស្ថានទូតរបស់ខ្លួននៅភ្នំពេញ នៅចុងឆ្នាំ២០២១ ខាងមុខ។ អ្នកវិភាគ យល់ថា ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ទំនងជាប្រទេសស៊ុយអែតខកចិត្តនឹងបញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
ស្នងការប៉ូលិសខេត្តព្រះសីហនុលោក ជួន ណារិន ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៧ វិច្ឆិកា ថា សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនចំនួន៤ នាក់ ពីបទ មានចេតនាទុច្ចរិតប្រព្រឹត្តិបទល្មើសខុសច្បាប់។
អាជ្ញាធរខេត្តចំនួន ២ ជាប់ព្រំដែនកម្ពុជា និងវៀតណាមអះអាងថា ភាគីវៀតណាមបានរុះរើតង់ និងសំណង់រឹងចេញពីតំបន់ព្រំដែនជាប់ខេត្តទាំងនេះអស់ហើយ បន្ទាប់ពីមានការសន្ទនារវាងប្រមុខដឹកនាំប្រទេសទាំងពីរ តាមវីដេអូ កាលពីថ្ងៃទី២៤ វិច្ឆិកា។ ប៉ុន្តែ ក្រុមយុវជន និងគណបក្សប្រឆាំង ស្នើឱ្យរដ្ឋាភិបាល អនុញ្ញាតឱ្យពលរដ្ឋចុះពិនិត្យស្ថានភាពព្រំដែននៅតំបន់ទាំងនោះ។
មន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញច្រានចោលសេចក្តីថ្លែងការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ជុំវិញកង្វល់អំពីការរំលោភសិទ្ធិធ្ងន់ធ្ងរក្នុងដំណើរការក្តីលើសកម្មជនបក្សប្រឆាំងជាង ១០០នាក់។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងក្រុមប្រជាពលរដ្ឋដែលបានចូលរួមឃ្លាំមើលនៅមុខសាលាដំបូងរាជធានីភ្នំពេញបានប្រតិកម្មនឹងការពន្យារពេលជម្រះក្ដីសកម្មជនបក្សប្រឆាំងនេះថា ជាតុលាការឡប់ឡែធ្វើតាមបញ្ជារបស់អ្នកនយោបាយ។
អាជ្ញាធរពន្ធនាគារបញ្ជូនសមាជិកយុវជនខ្មែរថាវរៈ កញ្ញា សូ មេត្តា ទៅព្យាបាលរបួសនៅមន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២៦ វិច្ឆិកានេះ ក្រោយពេលយុវជនរូបនេះដួលនៅក្នុងបន្ទប់ទឹកពន្ធនាគារ របួសជើងរលាត់ដល់ឆ្អឹង។ ប្អូនស្រីកញ្ញា សូ មេត្តា អះអាងថា បងស្រីរបស់ខ្លួនដួល និងរងការឈឺចាប់ តាំងពីថ្ងៃទី១៦ វិច្ឆិកា មកម្ល៉េះ ប៉ុន្តែមន្ត្រីពន្ធនាគារមិនបានបញ្ជូនមកមន្ទីរពេទ្យភ្លាមៗនោះទេ ដោយទុករហូតនាងមានអាការៈធ្ងន់ធ្ងរ។
ជប៉ុននឹងបើកជើងហោះហើរត្រង់ពីតូក្យូ មករាជធានីភ្នំពេញ នៅពេលឆាប់នេះ ខណៈពិភពលោក និងប្រទេសក្នុងតំបន់នៅប្រឈមបញ្ហាជំងឺកូវីដនៅឡើយ។
នៅសហរដ្ឋអាមេរិក ពិធីបុណ្យស៊ែងស៍ហ្គីវីង (Thanksgiving) ដែលប្រែជាភាសាខ្មែរថា បុណ្យអរគុណ ឬបុណ្យផលគុណ គឺជាពេលវេលាសម្រាប់ពលរដ្ឋទូទៅ ពោលទាំងសិស្សានុសិស្ស មន្ត្រីរាជការ បានឈប់សម្រាក និងជួបជុំគ្នាទទួលទានអាហារជួបជុំគ្រួសារ។
រដ្ឋសភាឯកបក្ស បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ ដោយយកតួលេខពីគណៈរដ្ឋមន្ត្រីទាំងស្រុង។ សមាជិករដ្ឋសភាគណបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជនព្រួយបារម្ភពីប្រសិទ្ធភាពការងាររបស់រដ្ឋសភាឯកបក្សថា ពុំបានសួរដេញរដ្ឋាភិបាល ដើម្បីរុញឱ្យការប្រើប្រាស់កញ្ចប់ថវិកាជាតិមានតម្លាភាព និងចំទិសដៅនោះទេ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ស្នើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់វប្បធម៌លាបពណ៌ និងឈ្លបយកការណ៍បែបខ្មែរក្រហម ព្រោះទង្វើបែបនេះ ជាការបំភិតបំភ័យ និងបំពានសិទ្ធិប្រជាពលរដ្ឋ និងមិនថ្លៃថ្នូរជាមេដឹកនាំសម័យទំនើបនេះទេ។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងចំៗថា លោកនឹងការពារអំណាចគ្រួសារត្រកូលហ៊ុនមិនឲ្យមានអ្នកណាម្នាក់កម្ចាត់បាននោះទេ ទោះបីជារលាយផែនដីនេះក៏ដោយ។ មន្ត្រីសិទ្ធិមនុស្សយល់ថា លោក ហ៊ុន សែន មិនគួរការពារតែអំណាចគ្រួសាររបស់លោកនោះទេ តែគួរការពារប្រជាពលរដ្ឋទាំងអស់ដូចគ្នា។