ជនជាតិ​អាមេរិក​ម្នាក់ ស្នើឲ្យ​រដ្ឋមន្រ្តី​ថ្មី​នៃក្រសួង​យុត្តិធម៌ ហ៊ានបញ្ចេញ​ស្នាដៃ​កម្ចាត់​​មន្រ្តីតុលាការ​ពុករលួយ

ដោយ មួង ណារ៉េត
2020-09-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​ថត​ខាងឆ្វេង គឺរដ្ឋមន្រ្តីថ្មីនៃក្រសួង​យុត្តិធម៌លោក កើត រិទ្ធ ថ្ងៃទី ០១ ខែ​ មេសា ឆ្នាំ ២០២០ ថ្ងៃស្បថចូលកាន់តំណែង។ ឯរូបខាងស្ដាំ គឺប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង។ រូប​ខាងក្រោម គឺស្លាកអង្គភាព​ប្រឆាំងអំពើ​ពុករលួយ។
រូប​ថត​ខាងឆ្វេង គឺរដ្ឋមន្រ្តីថ្មីនៃក្រសួង​យុត្តិធម៌លោក កើត រិទ្ធ ថ្ងៃទី ០១ ខែ​ មេសា ឆ្នាំ ២០២០ ថ្ងៃស្បថចូលកាន់តំណែង។ ឯរូបខាងស្ដាំ គឺប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង។ រូប​ខាងក្រោម គឺស្លាកអង្គភាព​ប្រឆាំងអំពើ​ពុករលួយ។
រូបលោក កើត រិទ្ធ បានពីហ្វេសប៊ុកលោក ស ខេង

ជនជាតិ​អាមេរិក​ម្នាក់ ស្នើឲ្យ​រដ្ឋមន្រ្តីថ្មីនៃក្រសួង​យុត្តិធម៌ ហ៊ានបញ្ចេញ​ស្នាដៃកម្ចាត់​​មន្រ្តីតុលាការ​ពុករលួយ​ កុំឲ្យដូច​រដ្ឋមន្រ្តីមុនៗ​។ សំណើនេះធ្វើឡើង​ នៅ​ក្នុង​លិខិត​ចំហ​មួយ ដែល​ជនជាតិ​អាមេរិក​រូបនេះ​ ផ្ញើទៅលោក កើត រិទ្ធ ដោយ​រៀបរាប់​អំពី​អំពើពុករលួយ​របស់​មន្រ្តីតុលាការ និងភាព​អសកម្ម​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​។

លោក​ ចេរ៉ល​ ឃែណិន (Gerald Cannon) ដែលជា​ជនជាតិ​អាមេរិក​ និង​​មាន​ភរិយា​ខ្មែរ កំពុង​រស់នៅ​ជាមួយ​លោក​នៅ​សហរដ្ឋអាមេរិក បាន​បញ្ជាក់​បន្ថែម នៅក្នុង​លិខិត​ទៅ​រដ្ឋមន្រ្តី​ថ្មី​នៃ​ក្រសួង​យុត្តិធម៌​លោក​ កើត​ រិទ្ធ​ ដោយ​រម្លឹករដ្ឋមន្រ្តីថ្មីរូបនេះ ឲ្យ​គោរពតាម​ពាក្យ​សម្បថ​ ដែល​លោកបាន​ស្បថ​ពេល​ចូល​កាន់​មុខ​តំ​ណែង​ កាល​ពីដើម​ខែ​ មេសា​ ឆ្នាំ ២០២០​។​

កាល​ពីពេលចូល​កាន់​តំណែង​នោះ លោក កើត រិទ្ធ​ ស្បថ​ថាលោក​ប្ដេជ្ញាចិត្ត​ ស្មោះត្រង់​ជានិច្ច​ចំពោះ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ ប្តេជ្ញា​កែទម្រង់​ច្បាប់​ និងយុត្តិធម៌​ដើម្បីលើក​កម្ពស់​ទំនុក​ចិត្ត​ពី​ប្រជាជន​ ពង្រឹង​ប្រព័ន្ធ​អភិបាល​កិច្ច​ល្អ​ សុចរិតធម៌​ និងភាព​ត្រឹមត្រូវ​នៃមន្ត្រីតុលាការ​ ដើម្បី​ពង្រឹង​ជំនឿ​ទុកចិត្ត​។​

ទោះជា​លោក កើត​ រិទ្ធ បាន​ស្បថ​ស្បែយ៉ាងនេះក្តី ក៏លោក ចេរ៉ល ឃែណិន ថា​រហូត​មក​ដល់​ពេល​នេះ​ ជាង​បួន​ខែ​ទៅ​ហើយ​ តាំង​ពីថ្ងៃស្បថ​ចូលកាន់តំណែង​ថ្មីនោះ​ លោក​សង្កេត​ឃើញ ថា​លោក កើត រិទ្ធ គ្មាន​បាន​​កែទម្រង់អ្វីថ្មីនោះ​ឡើយ គឺនៅតែ​មាន​វប្បធម៌និ​ទណ្ឌភាព បន្សល់​ទុក​ពីជំនាន់​រដ្ឋមន្រ្តី​ចាស់​ដដែល​ ដែល​មន្រ្តីតុលាការ​ពុករលួយ​ នៅតែបន្ត​រួច​ខ្លួន ​គ្មានការចាត់ការ ឬ​ផ្តន្ទាទោស​ណាមួយ​ ទៅលើ​អ្នកទាំងនោះ​ទេ​។​

វប្បធម៌​និទណ្ឌភាព ឬភាពរួច​ទោសពៃរ៍នេះ​ គឺលោក ចេរ៉ល ឃែណិន ចង់សំដៅ​ទៅលើភាព​អសកម្ម​នៃអង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដែល​មិនចាត់ការ​ពាក្យបណ្តឹង​របស់​លោក ដែលប្តឹង​តាំង​ពី​ខែ​ សីហា​ ឆ្នាំ​ ២០១៩​ ដោយ​ចោទ​ប្រកាន់​មន្រ្តី​តុលាការ​ ចាប់តាំងពី​សាលា​ដំបូង​ ដល់​តុលាការ​កំពូល​ អំពី​អំពើពុករលួយ​ ទាក់ទង​នឹង​ការ​ទទួល​ប្រាក់​សំណូក​​រាប់​ម៉ឺន​ដុល្លារ​ ជា​ថ្នូរ​នឹង​ការ​កាត់​ឲ្យ​លោក​ឈ្នះក្តី​ ករណី​ដណ្តើម​កូន​មក​គ្រប់គ្រង​ ដែល​កើតមាន​ក្នុងរយៈពេល​ ៥ឆ្នាំ​ ចាប់ពី​ឆ្នាំ​២០១២​ ដល់​ឆ្នាំ​២០១៨​។ រឿងរ៉ាវ​ទាំងនេះ​ កើតមាន​ក្នុង​ពេល​ ដែល​លោក​ទាមទារ​សិទ្ធិ​យកកូន​ពីរ​នាក់​មក​ចិញ្ចឹម​ ក្រោយ​លែងលះ​គ្នា​ជាមួយ​ភរិយា​ជា​ស្រ្តី​ខ្មែរ​ពីរ​នាក់​។

លោក​លើក​យក​ករណី​គ្រួសារ​ចៅក្រម​តុលាការ​កំពូល​លោក​ ឃឹម​ ប៉ុ​ណ្ណ​ និង​កូនស្រីរបស់ចៅក្រម​រូបនេះ ​គឺ​លោកស្រី​ ប៉ុ​ណ្ណ​ សំខាន់ ​​ប្រធាន​តុលាការ​កំពូល​ គឺ​លោក​ចៅក្រម​ ឌិត​ មុន្ទី ចៅក្រម​សាលា​ដំបូង​លោក​ លាង​ សំណាត់ ចៅក្រម សេង​ លាង និង​មន្រ្តីតុលាការ​ជាច្រើនរូប​ផ្សេងទៀត។

ក្នុង​បណ្តឹង​របស់​លោក ចេរ៉ល ឃែណិន គឺផ្តោតជា​សំខាន់​លើគ្រួសារ​មន្រ្តីតុលាការ​មួយគ្រួសារ ដែល​លោកចោទ​ថា រាយក្រឡាគ្នា​យ៉ាង​ល្អិត ក្នុងការចូលដៃ​ប្រព្រឹត្តអំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ។ ​គ្រួសារ​នេះ លោក​សំដៅលើ ​​ចៅក្រម​​សាលា​ឧទ្ធរណ៍​​លោក​ ងួន​ អ៊ីម ​​ដែល​ទើប​តែ​​ចូល​​និវត្ត​ន៍​ កាលពីឆ្នាំ​ ២០១៩​នោះ។

ក្នុង​គ្រួសារ​លោក​ ងួន​ អ៊ី​ម លោក​ ចេ​រ៉ល​ លើក​អំ​ពី​កូន​ៗ ពីរ​នាក់​របស់​ចៅក្រម​រូប​នេះ​ រួមមាន​លោក​ តេង​ សា​ម៉ៃ​ ដែល​ជា​ព្រះរាជអាជ្ញា​រង​ និង​​លោក​ តេង​ បូរ៉ា​ ដែល​​ជា​​មេធាវី​ ដែល​លោក​ចោទ​ថា​ សុទ្ធតែ​ចូលដៃ​ក្នុង​អំពើពុករលួយ​នេះ​ទាំងអស់​។ ករណីអំពើពុករលួយ ក្នុងការសូកប៉ាន់ ដើម្បី​ឲ្យ​ឈ្នះ​ក្តី​នេះ លោក ចេ​រ៉ល​ ថាលោកត្រូវ​ចំណាយ​ប្រាក់​អស់​រាប់ម៉ឺន​ដុល្លារ​។

ប៉ុន្តែ រហូតមកដល់​ពេល​នេះ សំណុំរឿង​របស់លោក ត្រូវ​នៅជាប់គាំង​ត្រឹមអង្គភាពប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​លោក​ ចេ​រ៉ល​ អះអាងថា​ គ្មានបានការអ្វី​ ក្រៅពីធ្វើ​ជាឧបករណ៍​ទំនាក់​ទំនង​សាធារណៈ​ ដើម្បី​បិទបាំង​អំពើ​ពុករលួយ​នៅកម្ពុជា​តែប៉ុណ្ណោះ​។

ជាងមួយឆ្នាំទៅហើយ លោក​ ចេ​រ៉ល​ បញ្ជាក់នៅក្នុង​លិខិត​ទៅលោក កើត រិទ្ធ ថា លោកគ្មានទទួលបាន​សេចក្តី​ជូនដំណឹង​អ្វីទាំងអស់ពីអង្គភាព​ប្រឆាំងអំពើពុករលួយ។

លោក ចេ​រ៉ល​ ចោទជាសំណួរទៅលោក កើត​ រិទ្ធ ថាបើ​អ្នកដែលសូកប៉ាន់គេ ច្រើនតែ​ទទួលទោស ឯអ្នកទទួលសំណូកវិញ មិនត្រឹមតែរួច​ខ្លួនទេ គឺបានឡើង​បុណ្យស័ក្តិទៅទៀតបែបនេះ តើ​ក្នុង​នាម​ជារដ្ឋមន្រ្តីថ្មីនៃក្រសួង​យុត្តិធម៌ តើ​លោក កើត រិទ្ធ រំពឹងអ្វីដើម្បី​លើកមុខមាត់​កម្ពុជា ដែលគេ​ស្គាល់​ថា​ជា​ប្រទេស​មាន​ប្រព័ន្ធ​តុលាការ​ពុករលួយជាងគេមួយ នៅ​លើលោកនោះ​?

លោក ចេ​រ៉ល​ សួរលោក កើត រិទ្ធ មួយសំណួរ​ទៀត ថាតើក្រោមការ​ដឹកនាំរបស់លោក កើត រិទ្ធ តើ​លោកហ៊ានជំរុញ ឲ្យ​មានការកាត់​ទោស​មន្រ្តីតុលាការដែល​ពុករលួយទាំងនោះ​ តែមួយនាក់​ក៏បាន ដែរឬទេ? បើថាមិនអាច​ធ្វើបានទាំងអស់​។

លោក​ ចេ​រ៉ល​ បន្ថែមថា មិនចាំបាច់កាត់ទោស​ច្រើនគ្នាទេ ធ្វើឲ្យបានតែមួយករណី ក៏អាច​បង្ហាញឲ្យ​ឃើញថាកម្ពុជា មានឆន្ទៈកែទម្រង់មែន។ លោកថា មិនបាច់​ពិបាករកករណី​ តែត្រូវ​ចាត់ការនោះទេ​ព្រោះពាក្យ​បណ្តឹង​របស់​លោក បាន​ដាក់នៅអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នោះយូរហើយ ក្នុង​នោះ​ក៏មានរាយនាមមន្រ្តី​តុលាការ និង​ឯកសារ​ភ័ស្តុតាង ដូចករណី​លោកព្រះរាជអាជ្ញា​ តេង សម័យ​ ដែល​បានជជែក​រឿង​សូកលុយ​នេះ​។

លោក តេង សម័យ ធ្លាប់​បដិសេធ ចំពោះការចោទ​ប្រកាន់នេះ។ កូនស្រីរបស់​លោក ឃឹម ប៉ុណ្ណ រួម​ទាំងលោក​ ងួន អ៊ីម​ ផង សុទ្ធតែធ្លាប់​បដិសេធរឿងនេះដែរ។ អាស៊ីសេរី​ នៅតែមិនទាន់អាចសុំ​ការ​បំភ្លឺពីមន្រ្តីតុលាការ ដែលមានឈ្មោះក្នុង​ពាក្យបណ្តឹង​លោក ចេរ៉ល ដោយសារ​ពួកគាត់​មិន​លើកទូរ​ស័ព្ទ​។​

អាស៊ីសេរី ក៏មិនទាន់​អាចសុំការបំភ្​លឺពីមន្រ្តី​នាំពាក្យ​ក្រសួង​យុត្តិធម៌លោក ជិន ម៉ាលីន បាន​នៅឡើយ​ទេ ជុំវិញ​រឿង​នេះ ដោយសារ​លោក មិន​ឆ្លើយតបសារ​សុំការបំភ្លឺ។ អាស៊ីសេរី ក៏មិនទាន់អាច​សុំការ​បំភ្លឺពីអង្គភាពប្រឆាំង​អំពើពុករលួយ បាន​នៅឡើយដែរ។ ចំណែកឯក្រសួង​យុត្តិធម៌ ក៏មិនទាន់​ឆ្លើយ​តប​សេចក្តីសុំបំភ្លឺរបស់​អាស៊ីសេរីដែរ​។​

ទោះប្រព័ន្ធយុត្តិធម៌​កម្ពុជា រងការរិះគន់ជុំទិស ថាអន់រាប់​ទសវត្សន៍​មកហើយ​ យ៉ាងនេះក្តី​ ចំពោះលោក​ កើត រិទ្ធវិញ​ លោកបាន​កោតសរសើរ​មិនដាច់ពីមាត់ ពីភាព​ជាអ្នក​ដឹកនាំល្អ​របស់​រដ្ឋមន្រ្តី​យុត្តិធម៌​ពីមុន​លោក គឺលោក អង្គ វង្សវឌ្ឍនា ដែល​ជាគំរូ​ល្អ​សម្រាប់មនុស្សជំនាន់ក្រោយ​ផង។ ភាពដឹកនាំ​គំរូនេះ​ ធ្វើឲ្យ​លោក កើត​ រិទ្ធ អះអាង​ ដោយ​​ថ្លែងសារទាំង​អួលដើមកថែមទៀតផង <<ក្នុងនាម​រូប​ខ្ញុំផ្ទាល់​ជា​សហការី ដែលធ្វើការ​ងារ​ក្រោមការដឹកនាំ​របស់ឯកឧត្តម​ទេសរដ្ឋមន្រ្តី អង្គ វង្សវឌ្ឍនា ក្នុង​រយៈពេល​ដែលឯកឧត្តម​ធ្វើជា​រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌ ខ្ញុំ​សម្ដែង​នូវ​ការដឹងគុណ ប្រកបដោយ​កតញ្ញុតាធម៌និង​កតវេទិតាធម៌ ដ៏ជ្រាល​ជ្រៅ​បំផុត ជូនចំពោះឯកឧត្តម​ទេសរដ្ឋមន្រ្តី ដែលកន្លង​មកតែង​តែ​ផ្តល់​ឱកាស​ ផ្តល់​ការ​ណែនាំ ការ​បណ្ដុះបណ្តាល​ ការ​តម្រង់​ទិស​ និង​ការ​ចែករម្លែក​បទ​ពិសោធន៍ល្អៗ ទាំង​លើ​ទិដ្ឋភាពការងារ​ ការ​ដឹកនាំ​ នយោបាយ និង​សង្គម ​និង​បទពិសោធន៍ជីវិត​ផ្ទាល់​ខ្លួន​ខ្ញុំ ជាពិសេស​គឺមនោសញ្ចេតនា​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​ ដូច​ជាឳពុក​មួយរូបសម្រាប់​រូប​ខ្ញុំ។ ខ្ញុំ​នឹង​ចង​ចាំ​ជានិច្ច​ នូវ​គុណូបការៈ ដ៏ថ្លៃថ្លា​ទាំងនេះ របស់​ឯកឧត្តមទេស​រដ្ឋមន្រ្តី អង្គ វង្សវឌ្ឍនា​ ចំពោះ រូប​ខ្ញុំ>>

ទោះជាយ៉ាង​នេះ​ក្តី លោក ចេរ៉ល ឃែណិន ថាលិខិតរបស់​លោក គឺជាវិញ្ញាសារ សម្រាប់​ធ្វើតេស្ត​ ចង់ដឹង​ថា​លោក កើត រិទ្ធ ពិតជារដ្ឋមន្រ្តី​ថ្មី ខុសពីរដ្ឋមន្រ្តី​មុន ឬគ្រាន់តែ​ជា​អាយ៉ង​លម្អប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

(


BRAVO!!! Mister GERALD CANNON


[មតិ​នេះ​ត្រូវ​បាន​កែសម្រួល​ដោយ​អ្នក​និពន្ធ​របស់​វិទ្យុ​អាស៊ីសេរី ដើម្បី​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​ប្រើប្រាស់​របស់​យើង​ខ្ញុំ។]

Sep 15, 2020 05:58 PM

(



BRAVO!!! Mister GERALD CANNON


[មតិ​នេះ​ត្រូវ​បាន​កែសម្រួល​ដោយ​អ្នក​និពន្ធ​របស់​វិទ្យុ​អាស៊ីសេរី ដើម្បី​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​ប្រើប្រាស់​របស់​យើង​ខ្ញុំ។]

Sep 15, 2020 05:58 PM

គេហទំព័រ​ទាំងមូល