បទវិភាគ៖ តើ​សេចក្តី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​រឿង EBA នឹង​ចេញ​ទៅ​ជា​យ៉ាង​ណា?

លោក មួង ណារ៉េត
2020-02-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ហ្វេដេរ៊ីកា មូហ្ការ៊ីនី (Federica Mogherini) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ផ្នែកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ និង ជាអនុប្រធានស្នងការអឺរ៉ុប ជួបជាមួយលោក ហ៊ុន សែន និងគណៈប្រតិភូខ្មែរ នៅទីក្រុងប្រ៊ុចស្សែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨។
អ្នកស្រី ហ្វេដេរ៊ីកា មូហ្ការ៊ីនី (Federica Mogherini) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ផ្នែកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខ និង ជាអនុប្រធានស្នងការអឺរ៉ុប ជួបជាមួយលោក ហ៊ុន សែន និងគណៈប្រតិភូខ្មែរ នៅទីក្រុងប្រ៊ុចស្សែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨។
Photo Courtesy of the EU Audio Visual Services & RFA Political cartoon

ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​ខាង​មុខ​​នេះ​ នឹង​ដល់​​ថ្ងៃ​​​គណៈកម្មការ​​អឺរ៉ុប​ ចេញ​សេចក្តី​សម្រេច​ចុង​ក្រោយ​មួយ​ អំពី​ការ​ព្យួរ​ប្រព័ន្ធ​​អនុគ្រោះពន្ធ​ EBA​ ពី​កម្ពុជា​។​

មាន​មនុស្ស​ម្នា​ច្រើន​ណាស់​ កំពុង​​រង់​ចាំ​​អ៊ុត​មើល​​លទ្ធផល​នេះ​។​ ក្នុង​​នោះ​ ក៏​មាន​​កម្មករ​រោងចក្រ​​រាប់​​សែន​នាក់​ រួម​ទាំង​អ្នក​ដែល​បាន​ផល​​ពី​​ការ​អនុគ្រោះ​ពន្ធ​នេះ​​ រាប់​​លាន​នាក់​ផ្សេង​ទៀត​ផង​​​ ប្រហែល​​​កំពុង​​បន់​ស្រន់​ កុំ​ឲ្យ​​គណៈកម្មការ​អឺរ៉ុប​ ព្យួរ​ការ​អនុគ្រោះពន្ធ​នេះ​។​

ចំណែក​​ឯ​សកម្មជន​​តស៊ូ​ដើម្បី​​ប្រជាធិបតេយ្យ​វិញ​ អាច​មាន​អារម្មណ៍​ច្របូក​ច្របល់​បន្តិច​ ព្រោះ​បើ​​គេ​ដាក់​ទណ្ឌកម្ម​កម្ពុជា​ នោះ​នឹង​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ពលរដ្ឋ​ស្លូត​ត្រង់​​ ដែល​ជា​ជន​រង​គ្រោះ ​រួម​ទាំង​ពួក​គាត់​​ផង​ដែរ​។​ ប៉ុន្តែ​ បើ​​មាន​ទណ្ឌកម្ម​ណា​មួយ​ ក៏​អាច​ជា​ការ​​ផ្តល់​ក្តី​សង្ឃឹម​​ដល់​​ការ​​តស៊ូ​​របស់​ពួក​គាត់​ដែរ​ ព្រោះ​មាន​តែ​សម្ពាធ​នេះ​ទេ​ ដែល​អាច​​ឲ្យ​​មេ​ដឹក​នាំ​​ផ្តាច់​ការ​ បន្ទន់​ឥរិយាបទ​ខ្លះ​។​​

តើ​​សេចក្តី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​រឿង​​ EBA​ នេះ នឹង​​ចេញ​ទៅ​ជា​យ៉ាង​ណា​?​

គិត​​ត្រឹម​ថ្ងៃ​ទី​១២​ ខែ​​កុម្ភៈ​ គឺ​​​គម្រប់​រយៈពេល​​​មួយ​ឆ្នាំ​គត់​​ នៃ​នីតិវិធី​​​ត្រួត​ពិនិត្យ​ និង​​វាយ​តម្លៃ​ស្ថានភាព​​សិទ្ធិ​មនុស្ស​ និង​​​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​ ដើម្បី​​គណៈកម្មការ​​អឺរ៉ុប​ថ្លឹងថ្លែង​ថា ​តើ​​គណៈកម្មការ​​​នេះ​ មាន​​មូលហេតុ​គ្រប់គ្រាន់​ ក្នុង​​ការ​​បន្ត​​ទុក​ ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​​ EBA​ ពី​កម្ពុជា​ដែរ​​ឬ​យ៉ាងណា​?​

មុន​នឹង​​ចូល​ដល់​តំណាក់​កាល​ធ្វើ​សេចក្តី​​សម្រេច​ចុង​ក្រោយ​នេះ​ គណៈកម្មការ​អឺរ៉ុប​ បាន​​ទុក​ពេល​ឲ្យ​​របប​ក្រុង​​ភ្នំពេញ​ រយៈពេល​ ១២​ខែ​​ពេញ​ ដើម្បី​​កែ​លម្អ​បញ្ហា​​ដែល​​គណៈកម្មការ​​នេះ​​រកឃើញ​។​​ រយៈពេល​ ១២​ខែ​នេះ​ គឺ​មិន​ទាន់​គិត​ ពី​ការ​​ព្រមាន​​របស់​​សហភាព​អឺរ៉ុប​ អំពី​បញ្ហា​​រំលោភ​សិទ្ធិ​មនុស្ស​ និង​​បំផ្លាញ​​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​ ដែល​​គណៈកម្មការ​នេះ​​ ត្រូវ​​បញ្ជូន​​គណៈប្រតិ​ភូ​ស្វែង​រក​ការ​ពិត​ ដែល​​ចុះ​ផ្ទាល់​ទៅ​ដល់​ប្រទេស​កម្ពុជា​​ ជាង​​កន្លះ​ឆ្នាំ​ មុន​ចាប់​ផ្តើម​​នីតិវិធី​ត្រួត​ពិនិត្យ​ និង​​វាយ​តម្លៃ​ស្ថានភាព​​សិទ្ធិ​មនុស្ស​ និង​​​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​នេះ​។​ ក្រុម​ស្វែងរក​ការពិត​នោះ​ បាន​ចេញ​​របាយការណ៍​ បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ និង​​ប្រជាធិបតេយ្យ​​យ៉ាង​​ធ្ងន់ធ្ងរ​ ដែល​ទាមទារ​​ឲ្យ​​របប​​ក្រុង​​ភ្នំពេញ​​ស្តារ​វា​​ឡើង​វិញ​។​

បញ្ហា​​ទាំង​នោះ​​រួមមាន​ ការ​រំលោភ​បំពាន​​ធ្ងន់ធ្ងរ​​ទៅ​លើ​​សិទ្ធិ​ពលរដ្ឋ​​ និង​​សិទ្ធិ​នយោបាយ​ និង​​សិទ្ធិ​ការងារ​​ជាដើម​ ដូច​ជាការ​​ចាប់​​លោក​ កឹម​ សុខា​ ដាក់​ពន្ធនាគារ​​ និង​​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​ ការ​ធ្វើ​វិសោធនកម្ម​​ច្បាប់​​ស្តី​ពី​គណបក្ស​នយោបាយ​​ ដែល​ឈាន​ទៅ​​​រម្លាយ​​គណបក្ស​សង្គ្រោះជាតិ​ ការបោះ​ឆ្នោត​​ដោយ​​ផាត់​ចោល​គណបក្ស​ប្រឆាំង​ ការ​​ដក​ហូត​​សិទ្ធិ​នយោបាយ​​តំណាង​​រាស្រ្ត​​បក្ស​​ប្រឆាំង​ ការ​បិទ​សិទ្ធិ​សេរីភាព​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ឯករាជ្យ​ សិទ្ធិ​សេរីភាព​អង្គការ​​សង្គម​ស៊ីវិល​ សិទ្ធិ​សេរីភាព​​សហជីព​កម្មករ​ សិទ្ធិ​ធ្វើ​បា​តុកម្ម​​ដោយ​​អហិង្សា​​ និង​​បន្ត​​ធ្វើ​​ទុក្ខ​បុក​ម្នេញ​​សំឡេង​​ប្រឆាំង​​ជាដើម​។​

ក្នុង​​រយៈពេល​មួយ​ឆ្នាំ​ពេញ​នេះ​ គណៈកម្មការ​​អឺរ៉ុប​ ក៏​បាន​​ផ្តល់​ឱកាស​​ឲ្យ​​របប​ក្រុង​ភ្នំពេញ​ ឆ្លើយតប​ចំនួន​ពីរ​លើក​ ជុំវិញ​រ​បាយការណ៍​ និង​​ការ​​រក​ឃើញ​​របស់​​គណៈប្រតិភូ​គណៈកម្មការ​អឺរ៉ុប ​ដែល​បាន​ចុះទៅ​ប្រទេស​កម្ពុជា​ចំនួន​ពីរ​លើក​ទៀត​ ដើម្បី​​វាយ​តម្លៃ​​ឲ្យ​​បាន​​ល្អិត​​ល្អន់​ អំពី​​បញ្ហា​​ដែល​កើត​មាន​ជាក់ស្តែង​​នៅ​ប្រទេស​កម្ពុជា​។​

ក្នុង​​រយៈ​ពេល​ ៣៦៥​ថ្ងៃ​​ គណៈកម្មការ​នេះ​ ក៏​បាន​​ស្តាប់​​កង្វល់​ និង​​សំណូម​ពរ​​របស់​​ភាគី​ទី​បី​ចំនួន​ ១៣​ស្ថាប័ន​​ផ្សេង​​ទៀត​ រួមមាន​អង្គការ​​សង្គម​ស៊ីវិល​ សហជីព​កម្មករ​ ថៅកែ​រោងចក្រ ​សមាគម​​អ្នក​បញ្ជា​ទិញ​ និង​ តំណាង​រាស្រ្ត​​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម​។​ គណៈកម្មការ​នេះ​ ក៏​ពិចារណា​រ​បាយការណ៍​​របស់​​អ្នករាយការណ៍​ពិសេស​​របស់​​អង្គការ​​សហប្រជាជាតិ​​​ ទទួល​បន្ទុក​​ផ្នែក​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​ផង​ដែរ​។​

របប​ក្រុង​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៩​ បាន​បញ្ជូន​​ចម្លើយ​​តប​​របស់​​ខ្លួន​ ជុំវិញ​ការ​រកឃើញ​នៃ​បញ្ហា​​ទាំង​នោះ​។​ បី​ខែ​​ក្រោយ​មក​ គឺ​នៅ​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​​ ដដែល​ គណៈកម្មការ​អឺរ៉ុប​ បាន​​ចេញ​របាយការណ៍​បឋម​មួយ​ ស្តីពី​ការព្យួរ​​ការអនុគ្រោះ​ពន្ធ​ EBA​ នេះ​។​

នៅ​ក្នុង​​របាយការណ៍​បឋម​របស់​គណៈកម្មការ​អឺរ៉ុប​ កាល​ពី​ថ្ងៃទី​១២​ ខែវិច្ឆិកា​​ ស្តីពី​ការព្យួរ​ការអនុគ្រោះពន្ធ​ EBA​ ដែល​មាន​កម្រាស់​​ ៧០​ទំព័រ​ និង​​ជា​របាយការណ៍​សម្ងាត់​ ដែល​​​​អាស៊ី​សេរី​ទទួល​បាន​​ពី​មន្រ្តី​ ដែល​សុំលាក់​អត្តសញ្ញាណ រក​ឃើញ​ថា​ បញ្ហា​​រំលោភ​សិទ្ធិ​មនុស្ស​ និង​​បំផ្លាញ​​ប្រជា​ធិបតេយ្យ​ ដែល​គណៈកម្មការ​​នេះ​ ​បាន​​ស្នើ​ឲ្យ​​ស្តារ​​ឡើង​វិញ​នោះ​ រឹត​តែ​អាក្រក់​ជាង​មុ​ន​ទៅទៀត​។​ ទោះជា​យ៉ាងនេះក្តី​ គណៈកម្មការ​​អឺរ៉ុប​ទទួ​ល​ស្គាល់​​ថា​ មាន​​ការ​​ប្រសើរ​ឡើង​ខ្លះ​ដែរ​ ក្នុង​​ផ្នែក​​សិទ្ធិ​ដី​ធ្លី​ និង​​សិទ្ធិ​ការងារ​។​ ប៉ុន្តែ ​សូម្បីតែ​​មាន​ការ​ប្រសើរ​ឡើង​​ខ្លះ​នេះ​ក៏ដោយ​​ ក៏គណៈកម្មការ​នេះ​ ថា​​នៅតិចតួច​ស្តួចស្តើង​​ពេកណាស់​​ ដែលមិន​គ្រប់​គ្រាន់​ ក្នុងការ​​បំពេញ​​តាម​លក្ខខណ្ឌ​ ដែលអាច​បន្ត​ទទួល​បាន​ការ​អនុគ្រោះពន្ធ​ EBA​ តទៅ​ទៀត​នោះ​ទេ​។​

ក្រោយ​​ចេញ​រ​បាយការណ៍​បឋម​នេះ​ គណៈកម្មការ​អឺរ៉ុប​ទុក​ពេល​ ១ខែ​ ឲ្យ​​របប​ក្រុង​ភ្នំពេញ​ ឆ្លើយតប​​ម្តង​​ទៀត​ ទៅនឹង​​ការ​រក​ឃើញ​នេះ​។​ របបក្រុង​ភ្នំពេញ​​ ក៏បាន​បញ្ជូន​​ឯកសារ​អំពី​ការ​ឆ្លើយតប​នេះ ទៅ​គណៈកម្មការ​​អឺរ៉ុប​ នៅ​ថ្ងៃ​ចុងក្រោយ​​នៃ​ថ្ងៃ​ផុត​កំណត់​នោះ​ គឺ​ដាក់​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​។​

តាំង​ពី​ក្រោយ​​គណៈកម្មការ​អឺរ៉ុប​ ចេញ​​របាយការណ៍​បឋម​នោះ​ រហូត​របប​ក្រុងភ្នំពេញ​​ឆ្លើយតប​ និង​​រហូត​មកដល់​ថ្ងៃគណៈកម្មការ​អឺរ៉ុ​ប​ នឹង​​ចេញ​​សេចក្តី​សម្រេច​​ចុងក្រោយ​នេះ​ គឺ​មាន​រយៈពេល​បី​ខែ​គត់​។​

ក្នុង​​​រយៈពេល​បី​ខែ​ចុង​ក្រោយ​នេះ​ ក៏មិនឃើញ​មាន​អ្វី​កែ​ប្រែ​​ឲ្យ​​ល្អ​ប្រសើរ​​គួរ​​ឲ្យ​​កត់​​សម្គាល់​នោះ​ដែរ​​ ក្រៅ​តែ​ពី​ការ​ប្រញាប់​​ប្រញាល់​បញ្ជូន​រឿង​​លោក​ កឹម​ សុខា​​ ទៅ​ជំនុំ​ជម្រះ​ ​ទាំង​​តក់ក្រហល់​។ ​ប៉ុន្តែ​ តុលាការ​​នៅ​តែ​មិន​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​​លើ​​លោក​ កឹម​ សុខា​ ដែល​សំណុំ​រឿង​នេះ ​​រង​ការរិះគន់​ជុំទិស​ ថា​​មាន​ចរិត​នយោបាយ​ ​តាំង​ពី​​ដំបូង​ទី​មក​ម្ល៉េះ​។​

ផ្ទុយ​ទៅ​វិញ​របប​ក្រុង​ភ្នំពេញ​ នៅ​តែ​បន្ត​​ធ្វើ​ទុក្ខ​បុកម្នេញ​សកម្មជន​ និង​​មន្រ្តី​បក្ស​ប្រឆាំង​ ដូច​ជា​ការ​ចាប់​សកម្មជន​បក្សប្រឆាំង​ពេញ​ផ្ទៃ​ប្រទេស​ ដោយសារ​​អ្នកទាំង​នោះ​ បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​​របស់​​លោក​ សម​ រង្ស៊ី​។​ ទោះបី​ជា​ក្រោយ​មក​ លោក​ ហ៊ុន​ សែន​ បញ្ជា​​ឲ្យដោះ​លែង​អ្នក​ទាំង​នោះ​ស្ទើរ​តែ​ទាំង​អស់​ ឲ្យ​​នៅ​ក្រៅ​ឃុំ​វិញ​ក៏​ដោយ​ ក៏​អ្នក​ទាំង​នោះ​ នៅ​តែ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​​តាម​​ផ្លូវ​តុលាការ​ ដែល​គ្មាន​សិទ្ធិ​សេរីភាព​​គ្រប់​គ្រាន់​ ព្រោះ​​តុលាកា​រ​​កោះហៅ​​ពេល​ណា​ក៏​បាន​។​ រដ្ឋាភិបាល​ក៏​មិន​​បាន​​បង្ហាញ​ជំហរ​ណា​មួយ​ ដែល​ថា​នឹង​​លុប​​វិសោនកម្ម​​ច្បាប់​​ស្តី​ពី​គណបក្ស​នយោបាយ​ ដែល​នាំ​ឲ្យ​​រម្លាយ​គណបក្ស​សង្គ្រោះជាតិ​នោះ​ចោល​វិញ​ ​ឬ​ អនុញ្ញាត​​ឲ្យ​​គណបក្ស​សង្គ្រោះជាតិ​ បើក​ដំណើរ​ការ​​ឡើង​វិញ​ ឬ​ផ្តល់​តំណែង​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​ជាប់​ឆ្នោត​របស់​គណបក្សង្គ្រោះជាតិ​ ទាំង​ ៥០០៧​នាក់​ទៅ​ឲ្យ​​ពួកគាត់​​វិញ​ ឬ​​មិន​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​​អតីត​អ្នកយក​ព័ត៌មាន​អាស៊ីសេរី​ទាំង​ពីរ​រូប​ ឬ​មិន​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​​មន្រ្តី​សហជីព​កម្មករ​ ដែល​កំពុង​​ជាប់​បណ្តឹ​ង​ជិត​ ១០០​បណ្តឹង​នៅ​តុលាការ​ (​៩៩​ បណ្តឹង​) ឬ​​បើក​ឲ្យ​​ទូលាយ​​លំហ​សេរីភាព​ក្នុងការ​​បញ្ចេញ​មតិ​​ សេរីភាព​​ក្នុង​ការ​​តវ៉ា​ និង​​ធ្វើបាតុកម្ម​​ដោយ​​សន្តិវិធី​ជាដើម​នោះទេ​។​

ផ្ទុយ​ទៅ​វិញ​ អ្វី​ដែល​ជា​ជំហរ​ច្បាស់​លាស់​របស់​​រដ្ឋាភិបាល​ គឺ​បន្ត​បង្ក្រាប​សំឡេង​ប្រឆាំង​ ដោយ​ចោទ​ក្រុម​នេះ​ ថា​ជា​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់​ ឬ​ក្រុម​បដិវត្ត​​ពណ៌​។​ បន្ត​គម្រាម​​ថា​នឹង​​បង្ក្រាប​​​កម្មករ​រោង​ចក្រ​កាត់​​ដេរ​ និង​ពលរដ្ឋ​​ឯទៀត​ដែល​​ហ៊ាន​​​ក្រោ​កតវ៉ា​ពេល​​បាត់​ EBA​។​ បំផុស​​ប្រជាពលរដ្ឋ​ ឲ្យ​​ជឿ​ថា​ ចំណាត់​ការ​​បំបាត់​​សំឡេង​​ប្រឆាំង​នេះ​ គឺ​ដើម្បី​រក្សា​​សន្តិភាព​ និង​​ការអភិវឌ្ឍ​។​ បន្ត​បំផុស​ប្រជាពលរដ្ឋ​ឲ្យ​ជឿ​ថា​ អ្នក​ដែល​ធ្វើ​ឲ្យ​បាត់​ EBA​ គឺ​ក្រុម​បក្ស​​ប្រឆាំង​ មិន​មែន​​ក្រុមបក្ស​​កាន់​អំណាច​​ទេ​ និង​​បន្ត​​តាំង​ខ្លួន​​ជា​អ្នក​រ​ងគ្រោះ ដោយ​​អ្វី​ដែល​ពួក​គាត់​ ហៅ​ថា​ជា​កា​រ​អនុវត្ត​​ស្តង់​ដារ​ពីរ​​របស់​​សហគមន៍​អន្តរជាតិ​ ចំពោះ​​កម្ពុជា​ជាដើម​។​

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ របប​ក្រុង​ភ្នំពេញ​ បាន​​​អនុម័ត​ច្បាប់​ស្តី​ពី​សហជីព​ ដ៏​ចម្រូង​​ចម្រាស់​ និង​​ប្រកាស​ឲ្យ​ប្រើប្រាស់​ ស្រប​ពេល​ដែល​មន្រ្តីសហជីព​ អះអាង​ថា​ ច្បាប់​​នេះ​​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​សហជីព​ និង​​កម្មករ​យ៉ាង​ខ្លាំង​។​ ចំណែក​ឯ​​ច្បាប់​​ស្តី​ពី​សមាគម​ និង​​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​ ដែល​រង​ការរិះគន់​ថា​រឹត​ត្បិត​សិទ្ធិ​សេរីភាព​​អង្គការ​​សង្គម​ស៊ីវិល​ ក៏​នៅ​តែ​គ្មាន​ការ​កែ​លម្អ​​អ្វីនោះ​ដែរ​។​ ប្រការ​នេះ​ ធ្វើ​ឲ្យ​​សមាគម​ក្រុមហ៊ុន​បញ្ជា​ទិញ​​ កាល​ពី​ខែ​ មករា​ បាន​​ផ្ញើ​លិខិត​ទី​ ៥​ របស់​​ខ្លួន​​ទៅ​​លោក​ ហ៊ុន​ សែន​ ដោយ​​រម្លឹក​​ឲ្យ​​របប​នេះ​ ​ស្តារ​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ និង​​ប្រជាធិបតេយ្យ​​ឡើង​វិញ​ ដើម្បី​​បញ្ចៀស​​ទណ្ឌកម្ម​​ពី​​សហភាព​អឺរ៉ុប​ រឿង​​ព្យួរ​​ការ​អនុគ្រោះ​ពន្ធ​ EBA​ នេះ។

លិខិត​នេះ ដែល​ជា​លិខិត​ទី​៥​ ក្នុង​រយៈពេលជាងពីរ​ឆ្នាំចុងក្រោយនេះ​ ដែល​​ផ្ញើ​​ដំបូង​​តាំង​​ពី​​ឆ្នាំ២០១៧​ អាច​​បញ្ជាក់​ថា​ អ្នក​បញ្ជា​ទិ​ញ​ព្រួយ​បារម្ភ​រឿង​នេះ​យូរ​ហើយ​ ហើយ​ក៏​សង្កេត​ឃើញភាព​មិន​ប្រសើរ​ឡើង​​ផ្នែក​សិទ្ធិ​មនុស្ស​នេះ​ដែរ​។​

ជាង​នេះ​ទៅ​ទៀត​ ខាង​​រដ្ឋាភិបាល​កម្ពុជា​ បាន​កាត់​​បន្ថយ​អត្ថប្រយោជន៍​​របស់​​កម្មករ​ ដែល​​បានពី​ថ្ងៃ​ឈ​ប់​សម្រាក​ ដោយ​ការ​​កាត់​បន្ថយ​​ថ្ងៃ​ឈប់​​សម្រាក​។​ មិន​តែ​ប៉ុណ្ណោះ​ ថ្មី​ៗ​ នេះ​ ទាំង​រដ្ឋាភិបាល​​ និង​​ថៅ​កែ​រោង​ចក្រ​ រួម​គ្នា​​រក​លទ្ធភាព​​​កាត់​​បន្ថយ​​ប្រាក់​ឈ្នួល​​របស់​​កម្មករ​ ដែល​ធ្វើការ​វេន​យប់​ ពី​ ១៣០​ភាគ​រយ​ មក​នៅ​ត្រឹម​ ១០០​ភាគ​​រយ​​វិញ​ ដែល​​មន្រ្តី​សហជីព​ ថា​ជា​ការ​​រំលោភ​សិទ្ធិ​កម្មករ​យ៉ាង​ដំណំ​ និង​​ប៉ះពាល់​ដល់​ជីវភាព​​កម្មករ​​វេន​យប់​។​

ស្រប​ពេល​ដែល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​​បំផ្លាញ​ប្រជាធិបតេយ្យ​​នេះ​ មិន​​ប្រសើរ​ របប​ក្រុងភ្នំពេញ​ បែរ​ជា​អះ​អាង​ថា​ខ្លួន​​មិន​​ខ្វល់​​នឹង​​ការ​​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ​ទេ ព្រោះ​របប​នេះ​ ចាត់​ទុក​ការ​​រកឃើញ​របស់​គណៈកម្មការ​អឺរ៉ុប​ មិន​ឆ្លុះ​បញ្ចាំង​ការពិត​​នៅកម្ពុជា​ និង​​ថា​លក្ខខណ្ឌ​​របស់​​គណៈកម្មការ​អឺរ៉ុប​ ដែល​ទាមទារ​​ឲ្យ​​របប​នេះ​​ស្តារ​សិទ្ធិ​មនុស្ស​ និង​​ប្រជាធិបតេយ្យ​ឡើង​វិញ​ គឺ​ជា​ការ​​ជ្រៀត​​ជ្រែក​​ ចូល​ក្នុង​កិច្ចការ​​ផ្ទៃ​ក្នុង​​របស់​​កម្ពុជា​ ធ្វើ​ឲ្យ​​កម្ពុជា​បាត់​ឯក​រាជ្យ​ និង​​អធិបតេយ្យ​ ប្រសិន​បើ​ធ្វើ​តាម​​​។​

ជំនួស​ឲ្យ​ការ​​ស្តារ​សិទ្ធិ​មនុស្ស​ និង​​ប្រជាធិបតេយ្យ​​ឡើង​វិញ​ របប​លោក​ ហ៊ុន​ សែន​ ហាក់​ដូច​ជាប្រឹង​​អួត​​ អំពី​​ការ​​បាន​​ត្រៀ​ម​ជើង​ព្រួល​​រួ​ច​រាល់​​ សម្រាប់​ទប់ទល់​នឹង​​ទណ្ឌកម្ម​នេះ​។​ ការ​​ត្រៀម​​ជើង​​ព្រួល​នោះ​ រួមមាន​កំណែ​ទម្រង់​សេដ្ឋកិច្ច​ ដែល​ដាក់​ចេញ​​កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៩​ ដែល​លោក​ ហ៊ុន​ សែន​ អះអាង​ថា​ កាត់​បន្ថយ​​ប្រាក់​ចំណាយ​ក្រោម​តុ​ បង្កើន​​ប្រាក់​ចំ​ណេញ​​ដល់​​អ្នក​វិនិយោគ​ ដើម្បី​នៅ​តែ​អាច​នាំ​ចេញ​ផលិត​ផល​ទៅ​ទីផ្សារ​​អឺរ៉ុប​ បើ​ទោះបី​ជា​ត្រូវ​បង់​ពន្ធ​។​ លោក​ ហ៊ុន​ សែន​ ក៏អួត​អំពី​កំណើន​​​ចំណូល​​ពន្ធ​រដ្ឋ​។​ លោក​​អួត​​អំពី​រដ្ឋ​មា​ន​មាស​ ៣០​ តោនទាំង​នៅ​ធនាគារ​ជាតិ​ និង​​នៅ​បរទេស​។ លោក​អួត​ពី​ប្រទេស​កម្ពុជា​ ថា​នឹង​​ធូរ​ធារ​​ឆាប់ៗ​ ហើយដែល​គង់តែ​នឹង​​បាត់​​ការអនុគ្រោះពន្ធ​នេះ​ដោយ​ស្វ័យ​ប្រវត្តិ​។​ ជាង​នេះ​ទៅ​ទៀត​ លោក​ថា​ លោក​​មិន​​ឱន​​ក្បាល​ចំពោះ​កា​រ​​ទណ្ឌកម្ម​នេះ​​ទេ​ និង​​ព្រមាន​​សហភាព​អឺរ៉ុប​ ថា​​នឹង​​ស្តាយ​ក្រោយ​​បើ​ដាក់​ទណ្ឌកម្ម​​របប​លោក​ ​និង​​នៅ​អួ​​​ត​​ច្រើន​ទៀត​។​

ចំណែក​ឯ​សហភាព​អឺរ៉ុប​ មិន​​អួត​​រឿង​​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ទេ​។​ ប៉ុន្តែ​បាន​បញ្ជាក់​នៅ​ក្នុង​​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​​រួច​ហើយ​​ថា ​​ប្រព័ន្ធ​ការអនុគ្រោះពន្ធ​នេះ​ កម្ពុជា​​ទទួល​បាន​​ ក៏​ដោយ​សារ​​​តែ​​ត្រូវ​​គោរព​លក្ខខណ្ឌ​គោរព​សិទ្ធិ​មនុស្ស​ ​និង​​ប្រជាធិបតេយ្យ​​ឲ្យ​​បាន​ខ្ជាប់​ខ្ជួន​​នោះដែរ​។​ តែ​យ៉ាង​ណា​ កម្ពុជា​ មិន​​បាន​​គោរពលក្ខខណ្ឌ​ទាំង​នោះ​នោះ​​ទេ​។​

សហភាព​អឺរ៉ុប​ បាន​ផ្តល់​ឱកាស​​ និង​​អនុញ្ញាត​​ឲ្យ​​ភាគី​កម្ពុជា​ ជួប​ជា​ច្រើន​លើក​ ក្នុង​​រយៈពេល​​មួយឆ្នាំ​ចុងក្រោយ​នេះ​ ដើម្បី​​ស្វែង​រក​ដំណោះ​ស្រាយ​​ បញ្ចៀស​ការ​ព្យួរ​ការអនុគ្រោះពន្ធ​។​ ទាំង​លោក​ ហ៊ុន​ សែន​ និង​​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​លោក​ ប្រាក់​ សុខុន​ និង​​គណៈប្រតិភូ​កម្ពុជា ​សុទ្ធតែ​បាន​ជួប​​មន្រ្តី​ជាន់​ខ្ពស់​​របស់​​សហភាព​អឺរ៉ុប​ ជា​ច្រើន​ដង​​ហើយ​ដែរ​។​ ប៉ុន្តែ​ ជំនួប​ទាំងនោះ​ មិន​​ទទួល​បាន​​ផ្លែផ្កា​អ្វី​ឡើយ​ ដោយសារ​​តែ​​ជំហរ​​របស់​​ភាគី​កម្ពុជា​ មិន​​ព្រម​ស្តារ​សិទ្ធិមនុស្ស​ និង​​ប្រជាធិបតេយ្យ​​ឡើង​វិញ​។​

ជាងនេះ​ទៅ​ទៀត​ កាល​ពី​ដើម​ខែ​ធ្នូ​ ឆ្នាំ២០១៩​ ​នៅក្នុង​​អង្គ​សវនាការ​ នៃ​​គណៈ​កម្មការ​​ពាណិជ្ជកម្ម​​អន្តរជាតិ​​ របស់​សភា​សហភាព​អឺរ៉ុប​ មាន​អ្នក​តំណាង​រាស្ត្រ​​សហភាព​អឺរ៉ុប​​ ក៏​​​បាន​​​ស្នើ​​ឱ្យ​​​ព្យួរ​​ប្រព័ន្ធ​​អនុគ្រោះពន្ធ​នេះដែរ​ ព្រោះ​ពួក​គេ​​យល់​ថា​ សហភាព​​អឺរ៉ុប​​មិន​​គួរ​​ទទួល​​យក​​ការ​កែ​ប្រែ​​ ដែល​របប​ក្រុង​ភ្នំពេញ​​ បាន​​ធ្វើ​​តិចតួច​នោះ​​ឡើយ​​។​ ម្យ៉ាង​ទៀត​ ជា​ការ​​ព្រមាន​ ពួក​​គាត់​ថា ​​រឿង​​រំលោភ​សិទ្ធិ​​មនុស្ស​​ និង​​សិទ្ធិ​​ការងារ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​ មិន​មែន​ជា​រឿង​ថ្មី​ទេ​ គឺ​វា​កើត​មាន​យូរ​ឆ្នាំ​ និង​​ជា​ប្រព័ន្ធ​ទៅ​ហើយ​។​

បើ​តាម​ប្រសាសន៍​របស់​អ្នក​នាំ​ពាក្យ​របស់​គណៈកម្មការ​អឺរ៉ុប​ ដែល​ដក​ស្រង់​​ដោយ​សារព័ត៌មាន​ Bloomberg កាល​ពី​ថ្ងៃ​ទី៦​ ខែ​កុម្ភៈ​ ចំណាត់​ការ​ណា​មួយ​ ដែល​​សហភាព​អឺរ៉ុប​នឹង​ដាក់​ចេញ​ គឺ​ត្រូវ​​តែ​ថ្លឹង​ថ្លែង​ឲ្យ​​គ្រប់​ជ្រុង​ជ្រោយ​​ និង​ដើម្បី​​ដោះស្រាយ​បញ្ហា​​រំលោភសិទ្ធិមនុស្សនេះ ឲ្យ​​មាន​ប្រសិទ្ធ​ភា​ព​។

ដូច្នេះ​បើ​ផ្អែក​ទៅ​លើ​ស្ថានភាព​នេះ​​ កម្ពុជា​ច្បាស់​ជា​មិន​អាច​គេច​ផុត​ពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ​ទេ​។​ តែល​អ្វី​ដែល​មិន​ទាន់​ច្បាស់​នៅ​ពេល​នេះ​ គឺ​ថា​តើ​គណៈកម្មការ​អឺរ៉ុប​ នឹង​ពិចារណា​​ព្យួរ​​ទាំង​ស្រុង​ ឬ​ព្យួរ​​ខ្លះ​ទុក​ខ្លះ​ តែ​ប៉ុណ្ណោះ​?​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល