បទ​វិភាគ៖ ជន​អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ជា​បញ្ហា​មិន​អាច​ដោះស្រាយ

វត្តមាន​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​នៅ​កម្ពុជា នៅ​តែ​កើត​មាន​ឡើង​ក្នុង​សង្គម​ខ្មែរ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ អស់​ជា​ច្រើន​សតវត្ស​មក​ហើយ។
ដោយ វោហារ ជាតិ
2013-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​ជន​ជាតិ​វៀតណាម ឈ្មោះ មើយ ធីសាន រស់​នៅ​ភូមិ​ចុងឃ្នៀស សង្កាត់​ចុងឃ្នៀស នៃ​បឹង​ទន្លេសាប បាន​លើក​ម្រាម​ដៃ​ជ្រលក់​ថ្នាំ​បង្ហាញ​បន្ទាប់ពី​គាត់​បាន​ចេញ​ពី​ការិយាល័យ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។
ស្ត្រី​ជន​ជាតិ​វៀតណាម ឈ្មោះ មើយ ធីសាន រស់​នៅ​ភូមិ​ចុងឃ្នៀស សង្កាត់​ចុងឃ្នៀស នៃ​បឹង​ទន្លេសាប បាន​លើក​ម្រាម​ដៃ​ជ្រលក់​ថ្នាំ​បង្ហាញ​បន្ទាប់ពី​គាត់​បាន​ចេញ​ពី​ការិយាល័យ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Hang Savyouth

ដោយសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​ធ្លាប់​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង ជា​ពិសេស​ខ្មែរ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម ទៅ​ប្រទេស​វៀតណាម បាន​ធ្វើ​ឲ្យ​ខ្មែរ​ចេះ​តែ​ព្រួយ​បារម្ភ​ខ្លាច​បាត់​ទឹក​ដី​ដែល​នៅ​សេសសល់​សព្វ​ថ្ងៃ​នេះ​ទៀត។ ហើយ​បញ្ហា​វត្តមាន​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​នៅ​កម្ពុជា បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន ចេះ​តែ​ព្រួយ​បារម្ភ​ខ្លាច​វត្តមាន​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដ៏​ច្រើន​ដូច្នេះ នាំ​ឲ្យ​ខ្មែរ​បាត់​បង់​ទឹក​ដី​កម្ពុជា សព្វ​ថ្ងៃ​នេះ ដូច​កម្ពុជា​ក្រោម​ទៀត។

ដោយ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​អនាគត​ប្រទេស​ជាតិ​ដូច្នេះ ទើប​អ្នក​ដឹក​នាំ​ខ្មែរ​ជំនាន់​មុនៗ​បាន​ព្យាយាម​គ្រប់​មធ្យោបាយ ដើម្បី​បញ្ឈប់​វត្តមាន​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ចេញ​ពី​កម្ពុជា។ ក៏ប៉ុន្តែ ការ​ព្យាយាម​នោះ ហាក់​បី​ដូច​ជា​បាច​អង្កាម​បញ្ច្រាស​ខ្យល់។

មន្ត្រី​ដឹក​នាំ​បក្ស​ប្រឆាំង រួម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​បក្ស​ប្រឆាំង ឬ​បក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ថា ជន​អន្តោប្រវេសន៍​វៀតណាម ត្រូវ​បាន​រួម​ចំណែក​ចូល​រួម​ធ្វើ​ឲ្យ​ខូច​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ខ្មែរ ដោយសារ​តែ​ជន​អន្តោប្រវេសន៍​វៀតណាម ខុស​ច្បាប់​ទាំង​នោះ​មាន​សិទ្ធិ​បោះ​ឆ្នោត។ បញ្ហា​នេះ ហាក់​ដូច​ជា​ធ្វើ​ឲ្យ​កំហឹង​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​ខ្លះ ដែល​រើសអើង​ជន​អន្តោប្រវេសន៍​វៀតណាម ពុះ​កញ្ជ្រោល​ឡើង​វិញ។

ជាក់ស្ដែង ដូច​ជា​ព្រឹត្តិការណ៍​មួយ​នៅ​ស្ថានីយ​ស្ទឹងមានជ័យ នៅ​ថ្ងៃ​បោះ​ឆ្នោត​ទី​២៨ កក្កដា អ្នក​បោះ​ឆ្នោត​បាន​ផ្ទុះ​កំហឹង​ឡើង ហើយ​ព្រួត​គ្នា​ដុត​ឡាន​ប៉េអិម​ឆេះ​អស់​ពីរ​គ្រឿង ក៏​ដោយសារ​ដើម​ហេតុ​រឿង​ជន​អន្តោប្រវេសន៍​វៀតណាម មាន​មុខ​ទៅ​បោះ​ឆ្នោត​បាន ចំណែក​ខ្មែរ​ដែល​ជា​ម្ចាស់​ស្រុក បែរ​ជា​មិន​មាន​ឈ្មោះ​បោះ​ឆ្នោត​ទៅ​វិញ។ ការ​រើស​អើង​ពណ៌​សម្បុរ​ចំពោះ​ជន​អន្តោប្រវេសន៍​វៀតណាម ក៏​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អាក្រក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្នា​ឯង​យ៉ាង​ធ្ងន់ធ្ងរ​ណាស់ តាំង​ពី​ជំនាន់​មុនៗ​មក​ទល់​ពេល​នេះ។

ជាក់ស្ដែង នៅ​ពេល​បោះ​ឆ្នោត​អាណត្តិ​ទី៥ នេះ មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​ដែរ ដោយសារ​ពួក​គេ​មាន​សម្បុរ​ស​ដូច​ជា​វៀតណាម។ ឧទាហរណ៍ ដូច​ជា​នារី​ម្នាក់​នៅ​ភ្នំពេញ​នេះ​ស្រាប់។

នាង​បាន​សម្ដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​រើសអើង​នេះ ដោយ​បាន​ចោទ​សួរ​ថា តើ​មាន​តែ​វៀតណាម ទេ​ឬ ដែល​មាន​សម្បុរ​ស​នោះ ចុះ​ខ្មែរ​ហ្នឹង​សុទ្ធតែ​សម្បុរ​ខ្មៅ​អាក្រក់ សក់​ក្រញាញ់​ទាំងអស់​ទៅ​ឬ?

នេះ​ជា​ឧទាហរណ៍​តូច​មួយ​ដែល​គេ​មិន​សូវ​ចាប់​អារម្មណ៍ តែ​វា​ឆ្លុះ​បញ្ចាំង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ទាំង​មូល ដែល​ធ្លាប់​រងគ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​និន្នាការ​នយោបាយ​បែប​នេះ វា​ហាក់​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ម្ដង​ហើយ​ម្ដង​ទៀត ដែល​គេ​មិន​គួរ​មើល​រំលង ឬ​ត្រូវ​ចៀសវាង​ទៅ​អនាគត។

ដោយសារ​តែ​រើសអើង​សម្បុរ​ស​ថា​វៀតណាម ដោយ​មិន​មាន​ការ​ពិចារណា​ហេតុផល​ត្រឹមត្រូវ​នេះ​ហើយ ទើប​ខ្មែរ​រាប់​លាន​នាក់​ត្រូវ​ពួក​ខ្មែរ​ក្រហម​សម្លាប់។ របប​ខ្មែរ​ក្រហម​ដឹក​នាំ​ដោយ ប៉ុល ពត កាន់​អំណាច​ផ្ដាច់​ការ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បាន​សម្លាប់​ខ្មែរ​ណា​ដែល​សម្បុរ​សៗ ដោយ​ចោទ​ថា​ជា​ជនជាតិ​វៀតណាម ឬ​ជាប់​សែស្រឡាយ​វៀតណាម ឬ​ចោទ​ថា​ជា​គិញ​វៀតណាម ដែល​ខ្មែរ​ក្រហម ចាត់​ទុក​ថា​ជា​ខ្មាំង។ ដោយសារ​ការ​រើសអើង​ជាតិ​សាសន៍​នេះ​ហើយ ទើប​ខ្មែរ​ជិត ២​លាន​នាក់ ស្លាប់ និង​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​ក្នុង​របប ប៉ុល ពត។ ក្នុង​នោះ ក៏​មាន​កង​កម្លាំង និង​ក្រុម​កម្មាភិបាល​ខ្មែរ​រាប់​ម៉ឺន​នាក់ ដែល​ធ្លាប់​ទទួល​ការ​ហ្វឹកហ្វឺន​នយោបាយ​យោធា​ដោយ​កងទ័ព​វៀតណាម ក៏​ត្រូវ​បាន​ខ្មែរ​ក្រហម​សម្លាប់​ចោល​ដែរ នេះ​ជា​ហេតុផល​ប៉ះពាល់​មួយ​ក្នុង​សង្គម ដោយសារ​ថា​ស្អប់​វៀតណាម តែ​សម្លាប់​ខ្មែរ​គ្នា​ឯង។

បើ​ងាក​ទៅ​មើល​មុន​របប​ខ្មែរ​ក្រហម​បន្តិច គឺ​របប​សាធារណរដ្ឋ​ខ្មែរ ដឹក​នាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់ កាន់​អំណាច​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ ក៏​មិន​ខុស​ពី​របប ប៉ុល ពត ប៉ុន្មាន​ដែរ គឺ​ឆ្នាំ​១៩៧០ ភ្នាក់ងារ​សម្ងាត់​របស់ លន់ នល់ បាន​លួច​សម្លាប់​ជន​អន្តោប្រវេសន៍​វៀតណាម ដោយ​សម្ងាត់ ដែល​រស់​នៅ​តាម​ដង​ទន្លេ​អស់​រាប់​រយ​នាក់ ក្នុង​រយៈពេល​តែ​ពីរ​បី​យប់ ដោយ​យល់​ថា ជន​អន្តោប្រវេសន៍​វៀតណាម ទាំង​នោះ​ជា​គិញ​របស់​វៀតកុង។ ការ​សម្ងាត់​នេះ បាន​បែក​ការ​នៅ​ពេល​គេ​ឃើញ​សាកសព​វៀតណាម អណ្ដែត​ទឹក​ទន្លេ និង​ជនជាតិ​វៀតណាម រាប់​ម៉ឺន​នាក់ ស្លន់ស្លោ​ភៀស​ខ្លួន​ទៅ​វៀតណាម វិញ។ សហគមន៍​អន្តរជាតិ និង​ក្រុម​សិទ្ធិ​មនុស្ស រួម​ទាំង​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​វៀតណាម កាល​នោះ បាន​ថ្កោលទោស​របប​សាធារណរដ្ឋ លន់ នល់ ថា​សាហាវ​យង់ឃ្នង។

បន្ទាប់​មក ដើម្បី​សងសឹក​នឹង​ទង្វើ​នេះ កង​ទាហាន​ជើង​អាកាស​របស់​វៀតណាម​ខាង​ត្បូង ដែល​ជា​សម្ព័ន្ធ​មិត្ត​របប លន់ លន់ បាន​បាញ់​រះ​សម្លាប់​ទាហាន លន់ នល់ វិញ​ម្ដង ដោយ​ធ្វើ​ជា​ច្រឡំ​ថា​វៀតកុង នៅ​ពេល​ដែល​កងទ័ព​អាកាស​វៀតណាម ជួយ​អន្តរាគមន៍​ទាហាន លន់ នល់ កំពុង​ទន់​ដៃ​ច្បាំង​តតាំង​ជាមួយ​កងទ័ព​វៀតកុង ក្នុង​សមរភូមិ​តាម​ព្រំ​ដែន នេះ​បើ​យោង​តាម​ប្រភព​របស់​មេ​បញ្ជាការ​កងទ័ព លន់ នល់ ដែល​អះអាង​ថា ជា​សាក្សី​ផ្ទាល់​ភ្នែក​ជំនាន់​នោះ។

ទោះ​យ៉ាង​ណា មួយ​រយៈ​ក្រោយ​មក ជន​អន្តោប្រវេសន៍​វៀតណាម ដែល​ភៀស​ខ្លួន​ទៅ​ស្រុក​នោះ បាន​វិល​មក​កម្ពុជា វិញ​ដដែល។ ក៏ប៉ុន្តែ ពួក​គេ​បាន​វិល​ទៅ​វៀតណាម វិញ​ពេល ប៉ុល ពត ឡើង​កាន់​អំណាច​ឆ្នាំ​១៩៧៥ ហើយ​ជន​អន្តោប្រវេសន៍​វៀតណាម ដែល​នៅ​សេសសល់ ត្រូវ​បាន​សម្លាប់​អស់​ក្នុង​របប​ខ្មែរ​ក្រហម។

រឿងរ៉ាវ​ជន​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា ហាក់​ដូច​ជា​រឿង​វែក​ចក។ ជន​អន្តោប្រវេសន៍​វៀតណាម មួយ​ចំនួន​មក​រស់​នៅ​កម្ពុជា តាំង​ពី​យូរ​លុង​មក​ហើយ តែ​មួយ​ចំនួន​ទៀត បាន​មក​កម្ពុជា នៅ​ឆ្នាំ​១៩៧៩ ពេល​កងទ័ព​វៀតណាម ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ហើយ​បន្ត​គ្រប់គ្រង​កម្ពុជា អស់​រយៈពេល​ជាង ១០​ឆ្នាំ។

ក្នុង​អំឡុង​ពេល​នេះ ស្ថានភាព​រើសអើង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​ជន​អន្តោប្រវេសន៍​វៀតណាម ហាក់​ថមថយ ដោយសារ​កងទ័ព​វៀតណាម គ្រប់គ្រង​កម្ពុជា ពេញ​ទំហឹង ហើយ​មាន​មេ​ដឹក​នាំ​ខ្មែរ​ខ្លះ ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ជំនាន់​នោះ ដូច​ជា លោក ប៉ែន សុវណ្ណ ត្រូវ​គេ​ចាប់​ដាក់​គុក ព្រោះ​ប្រឆាំង​នឹង​ការ​ហូរ​ចូល​នៃ​ជន​អន្តោប្រវេសន៍​វៀតណាម ជាដើម។ ក៏ប៉ុន្តែ មន្ត្រី​ខ្មែរ​ក្រោម​ឱវាទ​វៀតណាម បាន​ចាត់​ទុក​វៀតណាម ជា​អ្នក​មាន​គុណ និង​ជា​បងប្អូន​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា ថែម​ទាំង​បាន​ប្ដេជ្ញា​រក្សា​មិត្ត​ភាព​រវៀង​គ្នា និង​គ្នា​ឲ្យ​ស្ថិតស្ថេរ​ចីរកាល​ទៀត​ផង ហើយ​បាន​ចែង​ពាក្យ​ស្លោក​មួយ​ឃ្លា​ថា "កម្ពុជា-វៀតណាម មិត្ត​ភាព​ម៉ឺន​ឆ្នាំ" ទោះ​បី​ទន្លេ​មេគង្គ​រីង​ហួត ភ្នំ​ទ្រឿងសឺង​រិចរិល ក៏​មិត្តភាព​កម្ពុជា-វៀតណាម នៅ​តែ​ស្ថិតស្ថេរ​រឹងមាំ​ដដែល។

នៅ​ពេល​នោះ ពាក្យ​ថា "យួន" ត្រូវ​ជំនាញ​ការ​វៀតណាម ហាម​ប្រើ ហើយ​ត្រូវ​ប្ដូរ​មក​ថា​វៀតណាម វិញ ហើយ​ភាសា​ខ្មែរ ដែល​ធ្លាប់​ប្រើ​តាំង​ពី​ដូនតា​មក ត្រូវ​លុប​ចោល​តាម​របត់​នយោបាយ​ថ្មី​ដែល​មិន​ឆ្លុះ​បញ្ចាំង​ថា​រើសអើង​វៀតណាម ដូច​ជា​ពាក្យ ស្រមោច​យួន ត្រូវ​ដូរ​មក​ថា ស្រមោច​វៀតណាម សម្ល​ម្ជូរ​យួន ដូរ​មក សម្ល​ម្ជូរ​វៀតណាម។ កាល​នោះ អ្នក​ស្រុក​អ្នក​ភូមិ​ខ្មែរ​គ្រប់​គ្នា ខំ​ប្រឹង​ប្ដូរ​ភាសា​ទាំង​នោះ បើ​ទោះ​បី​ជា​និយាយ​ទៅ​អៀន​មាត់ ឬ​យល់​ថា ជា​ពាក្យ​ធម្មតា​យ៉ាង​ណា​ក៏ដោយ ក៏​ត្រូវ​បង្ខំ​ចិត្ត ព្រោះ​ថា​ខ្លាច​វៀតណាម ចោទ​ថា ខ្មែរ​រើសអើង​ពូជ​សាសន៍​វៀតណាម។

ក្នុង​រយៈពេល ១០​ឆ្នាំ​នេះ ជន​អន្តោប្រវេសន៍​វៀតណាម ហាក់​ដូច​ជា​រស់​នៅ​កម្ពុជា បាន​សុខសាន្ត។ ក៏ប៉ុន្តែ ពួក​គេ​បាន​ប្រឈម​នឹង​ការ​រើសអើង កាប់​សម្លាប់​ជា​ថ្មី​ម្ដង​ទៀត នៅ​ពេល​កងទ័ព​វៀតណាម ដក​ទ័ព​ចេញ​ពី​កម្ពុជា នៅ​ឆ្នាំ​១៩៨៩។

ឆ្នាំ​១៩៩២ ខ្មែរ​ក្រហម​ដែល​នៅ​តស៊ូ​ក្នុង​ព្រៃ បាន​ប្រកាស​បើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​រដ្ឋាភិបាល និង​ជន​អន្តោប្រវេសន៍​វៀតណាម ដោយ​គំរាម​ថា​នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេសាប​ក្រាល​ទៅ​ដោយ​ឈាម។ ខ្មែរ​ក្រហម​កាល​នោះ​អះអាង​ថា ជន​អន្តោប្រវេសន៍​វៀតណាម មាន​ជាង ១​លាន​នាក់ រួម​ទាំង​ទាហាន​វៀតណាម ស្លៀក​ពាក់​ស៊ីវិល​ផង។

ចាប់​តាំង​ពី​ពេល​នោះ​មក ជន​អន្តោប្រវេសន៍​វៀតណាម រស់​នៅ​កម្ពុជា តែង​ជួប​ប្រទះ​ការ​គំរាម​កំហែង និង​កាប់​សម្លាប់​ជា​បន្តបន្ទាប់។ ឧទាហរណ៍ ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស មក​ដល់​ចុង​ឆ្នាំ​១៩៩១ វៀតណាម ប្រហែល ១០០​នាក់ ត្រូវ​ខ្មែរ​ក្រហម​សម្លាប់។ របាយការណ៍​អាជ្ញាធរ​វៀតណាម កាល​នោះ​ប្រកាស​ថា វៀតណាម ប្រហែល ៣​ម៉ឺន​នាក់ បាន​ភៀស​ខ្លួន​ដល់​ព្រំដែន។

ក្រោយ​មក ជន​អន្តោប្រវេសន៍​វៀតណាម ជាង ១០​នាក់ ត្រូវ​បាន​កងទ័ព​ខ្មែរ​ក្រហម ចូល​បាញ់​សម្លាប់​នៅ​ភូមិ​បណ្ដែត​ទឹក​ទន្លេសាប មួយ​ឈ្មោះ ចុងឃ្នៀស ខេត្ត​សៀមរាប។ ខ្មែរ​ក្រហម ប្រកាស​ថា ជន​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា មាន​ជាង ១​លាន​នាក់ គិត​ទាំង​ចំនួន​កងទ័ព​វៀតណាម ស្លៀកពាក់​ស៊ីវិល​ផង។ ចំណែក​របាយការណ៍​របស់ អ៊ុនតាក់ (UNTAC) ថា​វៀតណាម មាន​ចំនួន​ប្រហែល ២​សែន​នាក់។

នៅ​ឆ្នាំ​១៩៩៣ ខ្មែរ​ក្រហម បាន​ចូល​ភូមិ​បណ្ដែត​ទឹក​សម្លាប់​វៀតណាម ប្រហែល ៥០​នាក់ នៅ​កំពង់ឆ្នាំង។ ឆ្នាំ​១៩៩៣ របាយការណ៍​ផ្លូវ​ការ អ៊ុនតាក់ បង្ហាញ​ថា វៀតណាម ប្រហែល ២​ម៉ឺន ១​ពាន់​នាក់ បាន​ភៀស​ខ្លួន​ទៅ​វៀតណាម វិញ ភាគ​ច្រើន​តាម​ទូក។ រដ្ឋាភិបាល​វៀតណាម បាន​ហៅ​ការ​សម្លាប់​នេះ​ថា មាន​ចរិត​សាហាវ​យង់ឃ្នង ហើយ​អង្គការ​សហប្រជាជាតិ ក៏​ដូច្នេះ​ដែរ ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ការពារ​ជន​អន្តោប្រវេសន៍​វៀតណាម។

សរុប​សេចក្ដី​មក ការ​រើសអើង​ចំពោះ​ជន​អន្តោប្រវេសន៍​វៀតណាម ចេះ​តែ​កើត​ឡើង​ជា​បន្តបន្ទាប់ ទោះ​បី​ខ្មែរ​ក្រហម ផុត​រលត់​ទៅ​ក៏ដោយ ក៏​នៅ​តែ​មាន​ហិង្សា​កើត​ឡើង​ដដែល ដូច​ជា នៅ​ខែ​កញ្ញា ឆ្នាំ​១៩៩៨ ជន​អន្តោប្រវេសន៍​វៀតណាម ៤​នាក់ ត្រូវ​បាន​គេ​ព្រួត​វាយ​ស្លាប់ និង ៧​នាក់​ទៀត​របួស​នៅ​តាម​ផ្លូវ ដោយ​ចោទ​ថា បាន​ដាក់​ថ្នាំ​បំពុល​ក្នុង​បន្លែ​ក្នុង​ទឹក​ជាដើម។

គិតៗ​ទៅ បើ​ទោះ​បី​ជា​មាន​ការ​រើសអើង និង​ប្រឈម​គ្រោះថ្នាក់​ធំធេង​ដូច្នេះ​ហើយ នៅ​តែ​មាន​ជន​អន្តោប្រវេសន៍​វៀតណាម តស៊ូ​ប្ដូរ​ផ្ដាច់​រស់នៅ​ទៀត។

អ្នក​វិភាគ​វិទ្យាសាស្ត្រ​នយោបាយ អះអាង​ថា ជន​អន្តោប្រវេសន៍​វៀតណាម ដោយសារ​កត្តា​សេដ្ឋកិច្ច។ ក៏ប៉ុន្តែ មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ជា​ហេតុផល​នយោបាយ។

មិន​មាន​របាយការណ៍​ជា​ផ្លូវ​ការ​ណា​បញ្ជាក់​ពី​ចំនួន​ជន​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា ទេ។ មន្ត្រី​បក្ស​ប្រឆាំង​ថា​មាន​ចំនួន​ជាង ១​លាន​នាក់ តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​មាន​ប្រហែល ១​សែន​នាក់។

ទោះ​យ៉ាង​ណា បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា ក៏​នៅ​ជា​បញ្ហា​ដ៏​ស្មុកស្មាញ​ដោះស្រាយ​មិន​ចេញ​អស់​ជាច្រើន​សតវត្ស​មក​ហើយ។ ជា​ប្រវត្តិសាស្ត្រ មេ​ដឹក​នាំ​ខ្មែរ​ជំនាន់​មុនៗ បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ស្ទើរ​គ្រប់​ជំនាន់ តែ​ហាក់​ដូច​ជា​បាច​អង្កាម​បញ្ច្រាស​ខ្យល់ គឺ​ជា​លទ្ធផល​មិន​មាន​ប្រសិទ្ធភាព។ អ្នក​នយោបាយ​ជំនាន់​មុនៗ បាន​ខូច​ឈ្មោះ​ដោយសារ​តែ​ប្រើ​ហិង្សា​ទៅ​លើ​ជន​អន្តោប្រវេសន៍​វៀតណាម ហើយ​វត្តមាន​ជន​អន្តោប្រវេសន៍​វៀតណាម នៅ​តែ​មាន​ដដែល។

ដូច្នេះ ការ​ប្រើ​ហិង្សា​ដោយសារ​ទឹក​ចិត្ត​ស្នេហា​ជាតិ​ជ្រុល​និយម​ពេក នាំ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ខ្មែរ​ដែល​ធ្លាប់​ស្លូតបូត​កាន់​ព្រះពុទ្ធសាសនា មាន​ឈ្មោះ​អាក្រក់​លើ​ឆាក​អន្តរជាតិ មាន​ឈ្មោះ​ជា​ប្រជាជាតិ​មួយ​សាហាវ​យង់ឃ្នង ដូច​ដែល​បាន​កើត​ឡើង​ជា​ប្រវត្តិសាស្ត្រ​ស្រាប់ ដែល​អ្នក​នយោបាយ​ខ្មែរ​ជំនាន់​ក្រោយ​គួរ​ចៀសវាង។ ហើយ​នេះ​ក៏​ជា​មេ​រៀន​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​ត្រូវ​ពិចារណា និង​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព និង​ដោយ​សន្តិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (16)
Share

លោក សំ រិទ្ធ

ពី កំពត

សូម​ អគុណដល់ អាហ៊្សីសេរីដែលបង្កើតកម្មវិធីនេះ បង្កលក្ខណៈឲ្យប្រជាពលរដ្ឋខ្មែរ បានបញ្ចេញ មត្តិទៅមនស្សិការបស់
ខ្លួន។

Oct 28, 2013 09:02 PM

លោក សំរិទ្ធ

ពី កំពត

តាម មតិរបស់មហាជន ចំពោះបញ្ហាជនអន្តោប្រវេស្ស៍យួន តម្រូវអោ
យ មានអ្នកទទួលខុសត្រូវខ្ពស់ ចំពោះប្រវត្តិសាស្ត្រ គឺជាប្រមុខនៃរដ្ឋាភិ
បាល មិនខុសមេដឹកនាំនៃនៃរបបខ្មែរក្រហមឡើយ។ប៉ុន្តែសម្ដេចអគ្គ
មហាសេបតិយ៍តេជោ កតម្រូវអោយទទួលខុសត្រូវចំពោះបញ្ហានេះដោយ
មិនត្រូវបដិសេដ្ឋ៍ឡើយ។ ហើយក៏សូមបញ្ជាក់ថា៖
ដល់ពេលនោះ សូមកុំឆ្លើយដាក់ខ្ញុំថា៖បានចូលរួម សូម្បី
តែ(គេហដ្ឋានដែលជីដូនជីតាបន្សល់ទុកអោយឥយឡូវកកាត់អោយ
យួនដែ ហើយអំណាចបន្តិចបន្តួចសព្វងៃនេះក៏មិនេះកមិនអាចធើអីបានផង
។។នេះនិយាយគ្នាអោយហើយ។។

Oct 28, 2013 08:37 PM

kamsan

ពី Phnom Penh

អ្នកដែលអាចដោះស្រាយបញ្ហានេះបានមានតែ​មេភូមិ​មេឃុំទេ....​ព្រោះពួកគាត់នេះហើយជាអ្នកនៅមូលដ្ឋាន​ជាអ្នកដឹងច្បាស់​ជាអ្នកស្គាល់ប្រាកដ​ថាមួយណាជាយួន។

កាលពីសម័យខ្មែរក្រហម​ខ្មែរសំឡាប់ខ្មែរមិនមាននរណារាយការណ៏ទៅអង្ការក្រៅតែពីឈ្លបភូមិ​ឃុំ​និងប្រធានសហករនោះទេ។

Sep 22, 2013 09:51 PM

កំសាន្ត

ពី ភ្នំពេញ

អ្នកនយោបាយទាំងអស់គួរតែធ្វើជំរឿនប្រជាជនវៀតណាមដែលនៅក្នុងសុ្រកខ្មែរទាំងអស់​និង​បង្កើនប្រសិទ្ឋិភាពច្បាប់​អតោប្រវេសភ្លាមៗនោះគួររៀបចំមន្ត្រីថ្នាក់ក្រោមជាតិ​មានភូមិ​ឃុំ​សង្កាត់​ជាដើម​ឲ្យមានរបាយការណ៏បានការ​មានន័យថា​របាយការណ៏ពិតប្រាកដ។

Sep 22, 2013 09:42 PM

អ្នក​អាន​អនាមិក

សូមអោយខ្មែរមួយចំនួនដែលស្អប់យួនព្រោះយួនដណ្តើមមុខរបរនោះគិតសារជាថ្មីថាមកពីអ្វីទើបគេដន្ដើមមុខរបរ ?
-មកពីខ្មែរមើលងាយមុខរបរមិនសមនិងសម្ថភាព
-ខ្មែរប្រកាន់ការងារ (ការងារថោកទាប)
-ខ្មែរប្រកាន់ចរឹកថ្លៃថ្នូរ(ខ្លះមានដៃមានជើងដើរសុំទានគេ)
*ចំណែកយួនវិញ
-ដើររើសអេតចាយ
-រុញរទេះលក់ឥវ៉ាន់
-មិនសុំទានគេ(នៅប្រទេសvnមិនមាននាក់សុំទានទេគឺគេដើលក់សន្លឹកឆ្នោតជាតិ)
-យួនមិនដែលប្រកាន់ខ្លួនសូម្បីរស់នៅក្នុងបឹងកំប្លោក ក្នុងឈ្រាំ

Sep 05, 2013 07:05 AM

No name

ពី Phnom Penh

It's true, I don't like much VN .
But I support what VN peoples work for living.

Sep 05, 2013 10:43 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល