កាលពី ២ឆ្នាំមុន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន។ ជាងពីរខែបន្ទាប់មក គឺនៅថ្ងៃទី១៦ វិច្ឆិកា តុលាការកំពូលបានបើកសវនាការ ហើយសម្រេចរំលាយគណបក្សសង្គ្រោះជាតិ។ អ្នកវិភាគហៅសាលដីកា មានចំនួន ៥៣ទំព័រ ដែលរំលាយគណបក្សប្រឆាំងនេះថា អយុត្តិធម៌ និងផ្ទុយពីគោលការណ៍ច្បាប់។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលច្រានចោលការលើកឡើងនេះ។
អ្នកវិភាគយល់ថា ការរំលាយគណបក្សសង្គ្រោះជាតិ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធយុត្តិធម៌ និងច្បាប់ នៅកម្ពុជា។
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២៩១៧ តុលាការកំពូល បានសម្រេចចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិ ដោយយោងទៅលើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយជាចម្បង។ ច្បាប់ដ៏ចម្រូងចម្រាសនេះ ត្រូវបានរដ្ឋសភា ដែលមានតែតំណាងរាស្ត្រពីគណបក្សកាន់អំណាចអនុម័តយ៉ាងប្រញាប់ប្រញាល់ នៅដើមឆ្នាំ២០១៧ នៅខណៈកម្ពុជាកំពុងមានវិបត្តិនយោបាយ។
គណបក្សសង្គ្រោះជាតិ គឺជាគណបក្ស ដែលមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរជាង ៣លាន (បីលាន) នាក់ តាមរយៈការបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០១៣ ដែលមានអាសនៈរដ្ឋសភាចំនួន ៥៥អាសនៈ។
ចេតនារំលាយគណបក្សសង្គ្រោះជាតិ ត្រូវគេមើលឃើញថា បានធ្វើឡើងជាប្រព័ន្ធ ដោយមានកិច្ចសហការគ្នារវាងស្ថាប័នជាតិកំពូលទាំងបី គឺអង្គនីតិប្រតិបត្តិ (រដ្ឋាភិបាល) អង្គនីតិបញ្ញត្តិ (រដ្ឋសភា) និងតុលាការ។
រដ្ឋសភាឯកបក្ស បានធ្វើច្បាប់មួយ បើកដៃឱ្យតុលាការកំពូលមានអំណាចរំលាយគណបក្សប្រឆាំង ដោយមិនឱ្យមានសិទ្ធិប្ដឹងឧទ្ធរណ៍។ ក្រសួងមហាផ្ទៃតំណាងឱ្យរដ្ឋាភិបាល បានខ្ចីដៃគណបក្សរណបខ្លួនចំនួនពីរ ឱ្យដាក់បណ្ដឹងមកក្រសួងរបស់ខ្លួន ដើម្បីដាក់ពាក្យបណ្ដឹងបន្តទៅតុលាការកំពូល។ ចំណែកតុលាការកំពូល ដោយមិនខ្វល់ពីអវត្តមានចុងចម្លើយ និងសាក្សី ក៏បានបើសវនាការសម្រេចរំលាយគណបក្សប្រឆាំងមួយនេះ ហើយបិទផ្លូវតវ៉ា បើទោះជារដ្ឋធម្មនុញ្ញកម្ពុជាចែងថា កម្ពុជាមានតុលាការបីថ្នាក់ គឺសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល។
បណ្ឌិត ឡៅ ម៉ុង ហៃ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ មានប្រសាសន៍ថា សាលដីការំលាយគណបក្សសង្គ្រោះជាតិ របស់តុលាការកំពូល បានបង្កើតនូវគំរូដ៏អាក្រក់ជាប្រវត្តិសាស្ត្រមួយ សម្រាប់ប្រព័ន្ធច្បាប់នៅកម្ពុជា។
ផែនការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សមានសក្ដានុពលអាចដណ្ដើមជ័យជម្នះលើគណបក្សប្រជាជនកម្ពុជា តាមរយៈសន្លឹកឆ្នោតនោះ ទំនងជាបានចាប់ផ្ដើមតាំងពីតំណាងរាស្ត្រគណបក្សកាន់អំណាច ធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនៅលើកដំបូង នៅដើមខែមីនា ឆ្នាំ២០១៧ មកម៉្លេះ ហើយបន្ទាប់មកបានយកច្បាប់ថ្មីនេះ ទៅអនុវត្តលើអង្គហេតុនៃសកម្មភាពនានា របស់គណបក្សសង្គ្រោះជាតិ ដែលកើតមានមុនច្បាប់នេះ។ បណ្ឌិត ឡៅ ម៉ុង ហៃ មានប្រសាសន៍ថា ការអនុវត្តច្បាប់ធាក់ថយក្រោយនេះ ផ្ទុយពីគោលការណ៍គតិយុត្តិ៖ «ការចោទប្រកាន់ កឹម សុខា ក្នុងសាលដីកាហ្នឹងថា អាមេរិកគេជួយគណបក្សសង្គ្រោះ ឱ្យធ្វើសកម្មភាព ដើម្បីរំលំរដ្ឋាភិបាល។ យកការចោទប្រកាន់ហ្នឹងទៅសំអាង រួចអាហ្នឹងវាកើតនៅឆ្នាំ២០១៣។ ទង្វើហ្នឹងកើតមានច្បាប់ចេញជាធរមាន។ គេថា នីតិវិធីរដ្ឋប្បវេណីហ្នឹង អាចមានប្រតិសកម្មបាន អាហ្នឹងវាអយុត្តិធម៌ប្រៀបធៀបគោលការណ៍ច្បាប់»។
បណ្ឌិត ឡៅ ម៉ុងហៃ ប្រៀបធៀបការរំលាយគណបក្សសង្គ្រោះជាតិ ដូចគ្នាទៅនឹងករណីម្ចាស់ផ្ទះរំលាយកិច្ចសន្យាជួលផ្ទះនៅកណ្ដាលទី គឺជាការបំពានច្បាប់កិច្ចសន្យា ដែលបានព្រមព្រៀងគ្នារួចហើយ៖ «គេជាគណបក្ស ហើយបានចូលរួមការបោះឆ្នោត បានអាសនៈក្នុងរដ្ឋសភាអ៊ីចឹងទៅ ហើយមានការគាំទ្រច្រើនអ៊ីចឹងទៅ។ វាដូចជាយើងមានកុងត្រារវាងបុគ្គលពីរនាក់អ៊ីចឹង ជួលផ្ទះឱ្យគេ បើកដៃឱ្យគេប្រើប្រាស់ និងមានលក្ខខណ្ឌអ៊ីចឹងទៅ ដូចជា ច្បាប់អ៊ីចឹង ហើយគេ (អ្នកជួលផ្ទះ) ប្រកបអាជីវកម្មបានជោគជ័យអ៊ីចឹងទៅ ហើយស្រាប់តែ (យើងម្ចាស់ផ្ទះ) ថា ហេ អ្នកឯង (អ្នកជួល) ធ្វើអត់ត្រូវទេ ហើយបង្ខំគេឱ្យធ្វើកុងត្រាថ្មី។ គឺខ្លួនឯងជាម្ចាស់មានអំណាចហ្នឹងទៅបង្ខំគេតែម្ដង ដោយចោទគេថា គេធ្វើអត់ត្រូវទេ អត់បានធ្វើតាមកុងត្រាថ្មី ដែលកំណត់ទេ បង្ខំគេឱ្យត្រូវតែចេញទៅ ចេញពីផ្ទះហ្នឹងទៅ ផ្ទះដែលជួលហ្នឹង។ អាហ្នឹងវាអត់ត្រូវទេ ខុសនឹងគោលការណ៍យុត្តិធម៌ហើយ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រកែកថា ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបានធ្វើឡើងនៅដើមឆ្នាំ២០១៧ នោះ មិនបានការអនុវត្តច្បាប់ធាក់ថយក្រោយទេ ហើយក៏មិនបានធ្វើឡើងសម្រាប់រំលាយគណបក្សសង្គ្រោះជាតិដែរ។
ទោះជាយ៉ាងណា លោក ជិន ម៉ាលីន ទទួលស្គាល់ថា សុន្ទរកថារបស់អនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលថ្លែងទៅកាន់អ្នកគាំទ្រ នៅក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ នោះ គឺកើតឡើងមុនពេលមានច្បាប់នេះពិតមែន តែលោកនៅតែអះអាងថា នៅមានសកម្មភាពផ្សេងទៀតរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ ដែលជាមូលហេតុនាំឱ្យតុលាការសម្រេចរំលាយ៖ «អ្វីដែលកើតឡើងមុនច្បាប់ហ្នឹងចេញវាគ្រាន់តែមូលដ្ឋានក្នុងការពិចារណាទេ។ ការថ្លែងរបស់កឹម សុខា គ្រាន់តែមូលដ្ឋានមួយក្នុងការពិចារណាទេ ហើយវាមានសកម្មភាពផ្សេងៗ ទៀតគួបផ្សំនឹងសកម្មភាពរបស់លោក សម រង្សី និងសកម្មភាពផ្សេងៗ ទៀតរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ អ៊ីចឹងជាគោលការណ៍ច្បាប់មិនទាក់ទងនឹងប្រតិសកម្មអីនោះទេ។ មិនមែនរឿងនោះកើតឡើងមុនច្បាប់ហើយ ហើយរំលាយដោយសារតែព្រឹត្តិការណ៍កើតឡើងមុនច្បាប់នោះចេញ មិនមែនអ៊ីចឹងទេ»។
បើទោះជាមានការបដិសេធពីលោក ជិន ម៉ាលីន បែបនេះក្តី លោក កឹម សុខា គឺបុគ្គល ដែលសាលដីការបស់តុលាការកំពូល លើកយកមករៀបរាប់ធ្វើជាទឡ្ហីករណ៍ចម្បងនៅទំព័រមុខគេ និងច្រើនជាងគេ ដើម្បីជាសេចក្ដីសំអាងហេតុរំលាយគណបក្សសង្គ្រោះជាតិ។
សកម្មភាព និងសេចក្ដីថ្លែងការណ៍នានា របស់លោក កឹម សុខា ពីអតីតកាល រួមទាំងការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅឆ្នាំ២០០២ ផង ក៏ត្រូវបានតុលាការកំពូលដាក់បញ្ចូលក្នុងសាលដីការបស់ខ្លួនដែរ។ ទំព័រទី៤ ចំណុច ២ នៃសាលដីកា សរសេរថា៖ «សម្ដីរបស់លោក កឹម សុខា ក្នុងឋានៈជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានរៀបរាប់នៅក្នុងវីដេអូឃ្លីបខាងលើនេះ គឺជាភស្តុតាងដ៏សំខាន់មិនអាចប្រកែកបានអំពីការចំណុះរបស់គណបក្សសង្គ្រោះជាតិនេះ ទៅនឹងបរទេស ហើយស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់បរទេស ក្នុងការរៀបចំ និងចាត់ចែងអនុវត្តផែនការឃុបឃិតគ្នាជាសម្ងាត់ ដើម្បីផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់បច្ចុប្បន្នតាមទម្រង់បដិវត្តន៍ ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី ស៊ែប៊ី ជ្រកក្រោមលេសនៃទិសស្លោកនយោបាយ «ការផ្លាស់ប្ដូរជាវិជ្ជមាន» និងក្រោមលេសនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។
សម្រាប់បណ្ឌិត ឡៅ ម៉ុងហៃ អ្វីដែលកាន់តែមិនយុត្តិធម៌សម្រាប់គណបក្សសង្គ្រោះជាតិ និងម្ចាស់ឆ្នោតរបស់គណបក្សនេះ គឺតុលាការកំពូលបានបកស្រាយខ្លឹមសារច្បាប់ថ្មីស្ដីពីគណបក្សនយោបាយតាមអំពើចិត្ត ដើម្បីតម្រូវចិត្តដើមបណ្ដឹង គឺក្រសួងមហាផ្ទៃ ដែលប្ដឹងសុំរំលាយគណបក្សប្រឆាំងមួយនេះ៖ «សាលដីកាហ្នឹង យកច្បាប់នោះមកឱ្យនិយមន័យ ដូចជា ពាក្យចោទថា វិទ្ធង្សនាហ្នឹង នៅក្នុងច្បាប់ស្ដីពីវិសោធនកម្ម (ច្បាប់ស្ដីពីគណបក្សនយោបាយ) អត់មាននិយមន័យទេ ប៉ុន្តែនៅតុលាការយកមកឱ្យនិយមន័យ ហើយឱ្យនិយមន័យបែបសម្របសម្រួលឱ្យទៅខាងព្រះរាជអាជ្ញា និងភាគីរដ្ឋាភិបាល ដែលប្ដឹងផ្ដល់ហ្នឹង។ (ពាក្យផ្សេងទៀត) ដូចជា រឿងទំនាក់ទំនងជាមួយបរទេសហ្នឹង ចោទប្រកាន់លោក កឹម សុខា ដែលជាប្រធានគណបក្សហ្នឹងថា ឃុបឃិតជាមួយបរទេស ដើម្បីរំលំរដ្ឋាភិបាល គឺករណីហ្នឹងវាអត់ទាន់ជាក់ច្បាស់ផង ទើបតែចោទប្រកាន់ ហើយអាហ្នឹងជាបទចោទប្រកាន់មួយចម្បងក្នុងសាលដីកាដែលខ្ញុំឃើញនោះ។ អ៊ីចឹងបានជាវាអយុត្តិធម៌! គឺបទល្មើសៗ មួយគេត្រូវឱ្យនិយមន័យឱ្យបានច្បាស់លាស់នៅក្នុងច្បាប់រួចស្រេចតែម្ដង ហើយយើងចេះតែដាក់ទូទៅៗ ហើយយកមកបកស្រាយ បកស្រាយឱ្យនិយមន័យនៅក្នុងតុលាការ អាហ្នឹងវាអត់ត្រូវ»។
ក្រោយពីសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រូវបានរដ្ឋសភាឯកបក្ស ប្រកាសជាការប្រញាប់ ហើយអនុម័តភ្លាមៗ ដោយមិនបានទុកពេលឱ្យសង្គមស៊ីវិលចូលរួមផ្ដល់យោបល់នោះ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានផ្ដល់អនុសាសន៍កែលំអ ជូនដល់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលរំលឹកថា៖ សុចរិតភាពនៃការបោះឆ្នោតនៅក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស មិនអាចនឹងត្រូវបានធានាឡើយ ប្រសិនជាគណបក្សនយោបាយទាំងឡាយមិនអាចប្រើប្រាស់សេរីភាពបញ្ចេញមតិយោបល់ រាប់ទាំងសិទ្ធិក្នុងការស្វែងរក ការទទួលព័ត៌មាន និងការចែករំលែកព័ត៌មាន។
នៅក្នុងអនុសាសន៍របស់ខ្លួនជាច្រើនចំណុច ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ក៏បានលើកឡើងពីបញ្ហានៅក្នុងមាត្រា ៦ ដែរ។ ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលចុះហត្ថលេខាប្រកាសឱ្យប្រើដោយប្រមុខរដ្ឋស្តីទី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ ចុះកាលបរិច្ឆេទ នៅដើមខែមីនា ឆ្នាំ២០១៧ មិនបានផ្តល់និយមន័យដល់មាត្រា ៦ ទេ។ មាត្រា ៦ ចែងថា៖ គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ក្រៅពីបណ្ឌិត ឡៅ ម៉ុងហៃ ដែលមានប្រសាសន៍ថា ពាក្យពេចន៍ក្នុងមាត្រា ៦ ដែលមិនមានកំណត់និយមន័យនេះ អាចនាំឱ្យមានគ្រោះថ្នាក់ក្នុងការអនុវត្តច្បាប់នោះ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏បានសំដែងក្ដីបារម្ភរបស់ខ្លួនដែរ។ ស្ថាប័នសហប្រជាជាតិនេះលើកឡើងថា ពាក្យពេចន៍មិនច្បាស់លាស់ និងស្រពិចស្រពិល ក្នុងកថាខណ្ឌទី១ ទី២ ទី៣ និងទី៥ នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះ អាចនាំឱ្យមានការបកស្រាយជាអត្តនោម័តិ ដូច្នេះហើយ វានឹងកម្រិតកំណត់សិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់តាមរយៈគណបក្សនយោបាយ។
ទោះជាយ៉ាងណា តុលាការកំពូល ដែលមានចៅក្រមទាំងអស់ជាសមាជិកគណបក្សប្រជាជនកម្ពុជានោះ បានរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ ដោយលើកហេតុផលថា សកម្មភាពរបស់គណបក្សសង្គ្រោះជាតិ បានបំពានធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញ និងច្បាប់គណបក្សនយោបាយថ្មីនេះ។ អង្គហេតុនៃសកម្មភាពនានា ដែលតុលាការបានលើកយកមកចោទប្រកាន់គណបក្សសង្គ្រោះជាតិថា បានបំពានច្បាប់ធ្ងន់ធ្ងរ ហើយរៀបរាប់នៅក្នុងសាលដីកានេះ រួមមាន៖ ពាក្យសំដីរបស់លោក កឹម សុខា នៅឆ្នាំ២០១៣ ថ្លែងទៅកាន់អ្នកគាំទ្រនៅប្រទេសអូស្ត្រាលីថា អាមេរិកជាអ្នកគាំទ្រលោកឱ្យធ្វើការផ្លាស់ប្ដូរដោយវិជ្ជមានតាមសន្តិវិធី និងការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបស់លោក នៅឆ្នាំ២០០២។
ការប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០១៣ របស់គណបក្សសង្គ្រោះជាតិ និងការដឹកនាំបាតុកម្មមហាជននៅទីលានប្រជាធិបតេយ្យរបស់គណបក្សនេះ។ បាតុកម្មបិទផ្លូវ វេង ស្រេង របស់កម្មករ ដើម្បីទាមទារប្រាក់ខែគោលនៅដើម ឆ្នាំ២០១៤ និងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅរបស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ដើម្បីទាមទារឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្សនៃអង្គការ អាដហុក (ADHOC) ៥រូបពីពន្ធនាគារព្រៃស។ ក្នុងបណ្ដឹងរបស់ខ្លួនដាក់ទៅតុលាការកំពូល ក្រសួងមហាផ្ទៃចោទថា អង្គហេតុនៃសកម្មភាពទាំងអស់នេះ គឺជាផែនការបដិវត្តន៍ពណ៌ផ្ដួលរំលំរដ្ឋអំណាចកម្ពុជាស្របច្បាប់ ជាផែនការមានលក្ខណៈប្រព័ន្ធដោយមានបក្សប្រឆាំងជាស្នូល និងមានអង្គការមិនមែនរដ្ឋាភិបាលទទួលលុយពីបរទេស។
បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ ហៅសវនាការរំលាយគណបក្សសង្គ្រោះជាតិ និងសាលដីការបស់តុលាការកំពូលថា ជាសាលដីកាអយុត្តិធម៌ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ លោកបញ្ជាក់ថា យុត្តិធម៌មិនអាចកើតមានទេ ប្រសិនបើមិនមានការពិតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។