មន្ត្រីរដ្ឋាភិបាលកម្ពុជាអះអាងថា កំពុងបន្តជជែក និងសិក្សាដើម្បីឲ្យភាគីថៃបំភ្លឺករណីសណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) ចម្លងរចនាបថប្រាសាទបុរាណខ្មែរ បើទោះជាម្ចាស់សណ្ឋាគារនេះបានចេញលិខិតសុំទោសក៏ដោយ។ សង្គមស៊ីវិលថា រដ្ឋាភិបាលកម្ពុជា ត្រូវធ្វើកិច្ចការនេះដោយប្រយ័ត្ននិងមានទំនួលខុសត្រូវច្បាស់លាស់ ដើម្បីធានាថា ក្បាច់រចនានៃប្រាសាទបុរាណខ្មែរ នឹងមិនត្រូវចម្លងបែបនេះនោះទេ ព្រោះវានាំឲ្យប៉ះពាល់ដល់វប្បធម៌ និងអត្តសញ្ញាណជាតិរបស់កម្ពុជានាពេលអនាគត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា អះអាងថា ទោះបីជាម្ចាស់សណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) ប្រកាសសុំទោសជាសាធារណៈក៏ដោយ ក៏មិនទាន់គ្រប់គ្រាន់ និងមិនទាន់អាច បញ្ចប់រឿងបានដែរ។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីវីវត្ថ ប្រាប់កាសែតភ្នំពេញប៉ុស្ត៍ កាលពីថ្ងៃទី៥ តុលា ថាការប្រកាសសុំទោសរបស់ម្ចាស់សណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) គឺជាផ្នែក១ប៉ុណ្ណោះ ប៉ុន្តែ ការសិក្សាលម្អិតតាមផ្លូវច្បាប់ និងផ្លូវការទូតរបស់កម្ពុជាទៅកាន់ប្រទេសថៃនៅតែបន្តដដែល។ លោកអះអាងថា បើកម្ពុជាមិនមានវិធានការណាមួយក្នុងពេលខាងមុខអាចនឹងមានករណីដដែលៗបន្តទៀត ហើយអាចកើតឡើងរឿងផ្សេងដែលនឹកស្មានមិនដល់។ ទោះយ៉ាងណានៅមិនទាន់មានការបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងបញ្ជូនលិខិតរបស់ខ្លួនទៅកាន់ភាគីថៃនៅពេលណានៅឡើយទេ។ អាស៊ីសេរី បានព្យាយាមសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីវីវត្ថ នៅថ្ងៃទី៦ ខែតុលា ប៉ុន្តែទូរស័ព្ទចូលពុំមានអ្នកទទួល។
ការអះអាងរបស់មន្ត្រីអ្នកនាំពាក្យរូបនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីសណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) ប្រកាសសុំទោសជាសាធារណៈតាមគេហទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៤ តុលា ក្រោយពេលអ្នកលេងអ៊ីនធឺណិតនៅកម្ពុជា ខឹងសម្បារ និងខកចិត្តចំពោះទង្វើមិនសមរម្យ និងយល់ថា ជាការប្រមាថអត្តសញ្ញាណជាតិខ្មែរ។
ក្នុងលិខិតសុំទោសនោះ សណ្ឋាគារ ឡឹ ផាល័យ ហូថែល រៀបរាប់ថា សូមទទួលយកការសុំទោសអស់ពីដួងចិត្តរបស់ពួកគេ ហើយពួកគេ ពិតជាសោកស្ដាយ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានការខកចិត្ត និងសុំធ្វើការបញ្ជាក់អំពីចេតនា របស់ស្ថាបនិកនៃសណ្ឋាគារ ឡឹ ផាល័យ ហូថែល ដែលបានចម្លងរចនាបថរបស់ប្រាសាទខ្មែរ។ សណ្ឋាគារនេះ បន្តថា ការបង្កើតសណ្ឋាគារនេះគឺដោយសារការស្ងើចសរសើរ និងគោរពចំពោះសិល្បៈដ៏អស្ចារ្យនៃប្រាសាទបុរាណខ្មែរប៉ុណ្ណោះ។ទោះជាយ៉ាងណា ភាពអស្ចារ្យនៅតែស្ថិតនៅលើប្រាសាទអង្គរវត្ដពិតប្រាកដ ក្នុងទឹកដីកម្ពុជា ដែលមិនអាចប្រៀបធៀបបានឡើយ។
សណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) បានសាងសង់ចម្លងតាមរចនាបថប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងប្រាសាទបាយ័ន។ សណ្ឋាគារប្រណីតនេះ ស្ថិតនៅលើកោះផាង៉ាន នៃខេត្ត សុរ៉ាតថានី (Surat Thani) មានចម្ងាយ ប្រមាណជាង៦០០គីឡួម៉ែត្រពីក្រុងបាងកក។
រីឯប្រធានសមាគមទេសចរណ៍នៃកោះ ផាង៉ាន ឈ្មោះ វិច្ឆ័យ ឃុងមុន (Vichai Khongmun) ប្រាប់កាសែតបាងកកប៉ុស្ត៍កាលពីម្សិលមិញថា សណ្ឋាគារនេះសាងសង់ក្នុងឆ្នាំ២០១៤ និងគោរពតាមច្បាប់សាងសង់។ ប្រធានសមាគមរូបនេះបន្តថា ដោយសារតែម្ចាស់សណ្ឋាគារចាប់អារម្មណ៍លើប្រាសាទអង្គរវត្ត ហើយលោកយល់ថា សណ្ឋាគារនេះនឹងលើកទឹកចិត្តឲ្យភ្ញៀវទេសចរណ៍ទៅទស្សនាប្រាសាទអង្គរវត្តពិតថែមទៀតផង។
ចំណែកការិយាល័យវប្បធម៌ថៃ នៃខេត្តសុរ៉ាតថានី (Surat Thani) បានអះអាងប្រាប់កាសែតបាងកកប៉ុស្តិ៍ដែរថា បានបើកការស៊ើបអង្កេតភ្លាមៗដើម្បីឆ្លើយតបចំពោះការខឹងសម្បារ និងការចោទប្រកាន់ថា សណ្ឋាគារនេះធ្វើមិនសមរម្យខាងវប្បធម៌ដែលមានទីតាំងលើឆ្នេរ ហារិន (Haad Rin beach) នៃខេត្តមួយនេះ ។ ទោះយ៉ាងណានៅមិនទាន់មានការបង្ហាញអំពីលទ្ធផលនៃការស៊ើបអង្កេតនេះយ៉ាងណានៅឡើយទេ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថ្លែងថា សណ្ឋាគារ ឡឺ ប៉ាលេ អូតែល (Le Palais Hotel) គួរតែធ្វើកិច្ចសន្យាមួយជាមួយកម្ពុជា ដើម្បីបញ្ជាក់អំពីបំណងពិតប្រាកដក្នុងការប្រើប្រាស់រចនាបថប្រាសាទបុរាណខ្មែរ នាពេលអនាគតកុំឲ្យមានការយល់ច្រឡំ ឬនឹងត្រូវប្រើប្រាស់ក្នុងបំណងអ្វីផ្សេង។ លោកបន្តថា បើអាចសណ្ឋាគារគួរតែកែប្រែរចនាបថរបស់សណ្ឋាគារផងដែរ។ លោកបញ្ជាក់ថា ការសុំទោសនៅមិនគ្រប់គ្រាន់នៅឡើយទេ សម្រាប់ការចម្លងក្បាច់រចនារបស់ប្រាសាទបុរាណខ្មែរ ទៅជាសណ្ឋាគារសម្រាប់ស្នាក់អាស្រ័យ៖ «រដ្ឋាភិបាលកម្ពុជាគួរធ្វើការជាមួយប្រទេសថៃ ព្រោះអាហ្នឹងវាពាក់ព័ន្ធនិងអត្តសញ្ញាណជាតិមួយធំដែរបាទ! បើសិនប្រទេសមួយយកទៅធ្វើបែបហ្នឹងហើយបើសិនជាការធ្វើហ្នឹងមិនសមរម្យ វាអាចប៉ះពាល់ដល់កិត្តិយសរបស់ជាតិ។ អ៊ីចឹង រដ្ឋាភិបាលគួរតែស្វះស្វែងរកការជជែកជាមួយដើម្បីឲ្យបញ្ឈប់ទង្វើបែបហ្នឹងតទៅទៀត»។
សាស្ត្រាចារ្យ ផ្នែកសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរ-អាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត វង់ សុធារ៉ា សរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៤ តុលា ថា នៅពេលរូបរាងអត្តសញ្ញាណអង្គរវត្ត ត្រូវគេយកទៅចម្លងដើម្បីគោលដៅធ្វើជំនួញ ដោយប្រាសចាកពីខ្លឹមសារ គោលគំនិតដើមបែបនេះ «វាជាការប្រមាថដល់ព្រលឹងដូនតាខ្មែរ និងប្រជាជាតិខ្មែរ ដែលគោរពលើកតម្កើងយ៉ាងខ្លាំង»។
ទោះជាយ៉ាងណា កន្លងមក រដ្ឋាភិបាលកម្ពុជា បានផ្ដល់សិទ្ធិឲ្យប្រទេសចិន និងប្រទេសអេស្ប៉ាញ អាចផលិតរូបចម្លាក់ប្រាសាទព្រះវិហារ និងរូបប្រាសាទអង្គរវត្តសិប្បនិម្មិត ឬក្លែងក្លាយ ប៉ុន្តែតម្រូវឲ្យដាក់អត្តសញ្ញាណប្រាសាទទាំងនោះថា មកពីប្រទេសកម្ពុជា៕