បុណ្យ​ចូល​ឆ្នាំ​៣​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ខេត្ត​បាត់ដំបង​ជាង​២៥​ម៉ឺន​នាក់

ដោយ ហ៊ុំ ចំរើន
2017-04-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹក​ធ្លាក់​ចម្ការ​ស្វាយ ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៧។ Photo Provided
ប្រជាពលរដ្ឋ​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹក​ធ្លាក់​ចម្ការ​ស្វាយ ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ភ្ញៀវ​ទេសចរ​មក​លេង​នៅ​ខេត្ត​បាត់ដំបង ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ឆ្នាំ​នេះ កើន​ឡើង​ជាង ២០% បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ។ ខេត្ត​បាត់ដំបង ជា​ខេត្ត​មួយ​មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ជាច្រើន​កន្លែង ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ទី​ជិត​ឆ្ងាយ​ទៅ​លេង​កម្សាន្ត។ ដោយឡែក​នៅ​ថ្ងៃ​ទី​១៧ មេសា មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បន្ត​សម្រុក​ទៅ​លេង​តាម​រមណីយដ្ឋាន​ក្នុង​ខេត្ត​នេះ​យ៉ាង​ច្រើន​កុះករ​នៅ​ឡើយ។

មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង លើក​ឡើង​ថា ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​ទៅ​ទស្សនា​តាម​រមណីយដ្ឋាន​ក្នុង​ខេត្ត​មួយ​នេះ​មាន​សន្ទុះ​ខុស​ប្លែក​ខ្លាំង​ជាង​ពី​ឆ្នាំ​កន្លង​ទៅ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង លោក ធី ស្សារ៉ា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ សម្រុក​ទៅ​លេង​នៅ​តាម​រមណីយដ្ឋាន​សំខាន់ៗ​ក្នុង​ទឹកដី​ខេត្ត​បាត់ដំបង ច្រើន​ជាង​ឆ្នាំ​មុនៗ។ លោក​អះអាង​ថា តំបន់​ដែល​ប្រជាពលរដ្ឋ​និយម​ទៅ​លេង​កម្សាន្ត​ច្រើន​ជាង​គេ​មាន​ជាអាទិ៍ ប្រាសាទ​បាណន់ ប្រាសាទ​ឯកភ្នំ អាង​ប្រវត្តិសាស្ត្រ​កំពីងពួយ រមណីយដ្ឋាន​សេក​សក រមណីយដ្ឋាន​ភ្នំ​សំពៅ និង​កសិដ្ឋាន​ទឹក​ធ្លាក់​ចម្ការ​ស្វាយ ស្រុក​សំឡូត ជាដើម៖ «មុន​នឹង​រៀបចំ​ពិធី​បុណ្យ យើង​បាន​ជួប​ប្រជាពលរដ្ឋ​តាម​គោលដៅ​សំខាន់ៗ​ហើយ។ ចំណែក​ការ​លក់ដូរ​វិញ មាន​ការ​ឡើង​ថ្លៃ​បន្តិចបន្តួច ដោយសារ​វត្ថុ​ធាតុ​ដើម និង​កម្លាំង​ពលកម្ម​ឡើង​ថ្លៃ​ក្នុង​ពេល​ចូល​ឆ្នាំ ហើយ​គាត់​ជួល​អ្នក​មក​លក់​តម្លៃ​ទ្វេដង។ ដោយឡែក​សុវត្ថិភាព គឺ​យើង​មាន​កង​កម្លាំង​អាជ្ញាធរ​ស្រុក និង​ឃុំ ការពារ​ជូន​ប្រជាពលរដ្ឋ»

អ្នក​ទេសចរ​ម្នាក់​រស់នៅ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ កំពុង​ឈរ​ចាំ​គ្នា​នៅ​ខាង​ក្រោម​ជណ្ដើរ​ឡើង​ប្រាសាទ​ឯកភ្នំ លោក អាន សារិទ្ធ ថ្លែង​ថា លោក​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​មក​ចំនួន ៣​ម៉ូតូ មាន​គ្នា ៦​នាក់ ដើម្បី​ទៅ​លេង​កម្សាន្ត​ប្រាសាទ​ឯកភ្នំ។ លោម​បន្ថែម​ថា អ្នក​ទេសចរ​មក​លេង​នៅ​រមណីយដ្ឋាន​ប្រាសាទ​ឯកភ្នំ ឆ្នាំ​នេះ​មាន​ច្រើន​ជាង​ឆ្នាំ​មុនៗ៖ «ខ្ញុំ​រវល់​នឹង​ការងារ​អត់​បាន​មក ដល់​ពេល​បុណ្យ​ចូល​ឆ្នាំ​ទំនេរ បាន​មក​ជុំ​គ្នា​បង​ប្អូន​អ៊ីចឹង​សប្បាយ។ បន្ទាប់​ពី​ទស្សនា​ប្រាសាទ​ឯកភ្នំ​ហើយ ពួក​ខ្ញុំ​គ្រោង​ទៅ​លេង​ប្រាសាទ​បាណន់​បន្ត​ទៀត»

នៅ​ជុំវិញ​ប្រាសាទ​ឯកភ្នំ មាន​តូប​លក់​របស់​របរ​ហូប​ចុក​ប្រមាណ ១០០​កន្លែង។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​ប្រគំ​តន្ត្រី​សម័យ​ចែក​ជូន​ពលរដ្ឋ​រាំ​លេង​កម្សាន្ត​មួយ​កន្លែង មាន​ចាក់​បទ​ចម្រៀង​រាំ​ធុងបាស​មួយ​កន្លែង និង​មាន​កម្លាំង​សមត្ថកិច្ច​ការពារ​ជាង ១០​នាក់។

ប្រជាពលរដ្ឋ​ទៅ​លេង​កម្សាន្ត​នៅ​ប្រាសាទ​ឯកភ្នំ ឃុំ​ពាមឯក ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៧។
ប្រជាពលរដ្ឋ​ទៅ​លេង​កម្សាន្ត​នៅ​ប្រាសាទ​ឯកភ្នំ ឃុំ​ពាមឯក ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Hum Chamroeun

អ្នក​លក់​ប្រហិត​នៅ​មុខ​ប្រាសាទ​ឯកភ្នំ លោក ផាត់ ផល្លា ថ្លែង​ថា លោក​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ប្រាសាទ​មួយ​នេះ​យ៉ាង​ច្រើន​កុះករ។ លោក​អះអាង​ថា បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​មាន​មនុស្ស​មក​លេង​ប្រាសាទ​ឯកភ្នំ​ច្រើន​ជាង​ឆ្នាំ​មុនៗ៖ «បាទ! មួយ​ចំនួន​គេ​មក​លេង​ល្បែង​ប្រជាប្រិយ​មួយ​ចំនួន​ទៀត គេ​ឈរ​មើល​ជុំវិញ ហើយ​ម៉ោង ២​រសៀល​មាន​មនុស្ស​មក​លេង​កាន់​តែ​ច្រើន។ ចំណែក​ពេល​យប់​មាន​ប្រគំ​តន្ត្រី និង​រាំវង់ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ទាំង​ការ​លក់ និង​បាន​មើល​គេ​រាំ​លេង»

នៅ​ថ្ងៃ​ទី​១៧ មេសា ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ទៅ​ទស្សនា​តាម​រមណីយដ្ឋាន​សំខាន់ៗ​ក្នុង​ខេត្ត​បាត់ដំបង យ៉ាង​ច្រើន​កុះករ មិន​ទាន់​ឈប់​នៅ​ឡើយ។ ចំណែក​នៅ​តាម​ចំណត​ឡាន​ក្រុង និង​ឡាន​តាក់ស៊ី ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ទៅ​រាជធានី​ភ្នំពេញ​បណ្ដើរៗ​ហើយ។

របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង ឲ្យ​ដឹង​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា ភ្ញៀវ​ទេសចរ​ទៅ​លេង​តាម​រមណីយដ្ឋាន​សំខាន់ៗ​ក្នុង​ខេត្ត​បាត់ដំបង មាន​ជាង ២៥​ម៉ឺន​នាក់ (២៥៤.០៩៣​នាក់) គឺ​កើន​ឡើង​ជាង ២០% បើ​ធៀប​នឹង​បុណ្យ​ចូល​ឆ្នាំ​កន្លង​ទៅ​ដែល​មាន​មនុស្ស​មក​លេង​ជាង ២០​ម៉ឺន​នាក់ (២១១.៤៣០​នាក់)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល