ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​មិន​សប្បាយ​ចិត្ត​នឹង​ជន​មិន​ស្គាល់​មុខ​វាយ​រូប​ចម្លាក់​យាយ​ទេព

ដោយ ហង្ស សាវយុត
2017-01-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបចម្លាក់​បុរាណ​ធ្វើ​ពី​ថ្ម​ភក់​ដែល​ប្រជាពលរដ្ឋ​តែង​ហៅ​ថា យាយ​ទេព នៅ​ក្រុង​សៀមរាប ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​វាយ​​បែក​ច្រមុះ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth
រូបចម្លាក់​បុរាណ​ធ្វើ​ពី​ថ្ម​ភក់​ដែល​ប្រជាពលរដ្ឋ​តែង​ហៅ​ថា យាយ​ទេព នៅ​ក្រុង​សៀមរាប ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​លួច​វាយ​​បែក​ច្រមុះ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​បញ្ជា​ឱ្យ​ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​នេះ តាម​ស៊ើបអង្កេត​រក​មុខ​ជន​ដៃដល់​ដែល​វាយ​បំផ្លាញ​រូប​បដិមា​ថ្ម​បុរាណ (យាយ​ទេព) ដើម្បី​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​របស់​រដ្ឋ។

ការ​ចេញ​បញ្ជា​នេះ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​បាន​ជិះ​កង់​ទៅ​ចត រួច​ហើយ​ឡើង​ទៅ​លើ​អាសនៈ ដោះ​ខ្សែក្រវាត់ ព្រម​ទាំង​យក​ស្បែក​ជើង​វាយ​សំពង​ទៅ​លើ​រូបចម្លាក់​ថ្ម​យាយ​ទេព បណ្ដាល​ឱ្យ​រូប​ចម្លាក់​បុរាណ​នោះ​មាន​ស្នាម​រលាត់ និង​បាក់បែក​តិចតួច​កាល​ពី​រាត្រី​ថ្ងៃ​ទី​២៤ ខែ​មករា។

ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​ច្រើន​មជ្ឈដ្ឋាន​បាន​ខឹងសម្បា​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​វាយ​បំផ្លាញ​ទៅ​លើ​រូប​ចម្លាក់​ថ្ម​បុរាណ​មួយ ដែល​គេ​ហៅ​ថា យាយ​ទេព ដាក់​តាំង​ឱ្យ​សាធារណជន​ចម្រុះ​ជាតិ​សាសន៍​បាន​ទៅ​អុជ​ធូប​គោរព​បូជា និង​បែរបន់​ជា​រៀងរាល់​ថ្ងៃ​នោះ។

ក្រុម​ប្រជាពលរដ្ឋ​ជំរុញ​ឱ្យ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល ទាំង​ប៉ូលិស និង​កងរាជអាវុធហត្ថ គួរ​តែ​បង្កើន​កិច្ច​ការពារ​សន្តិសុខ​នៅ​កន្លែង​ទី​សក្ការៈ​យាយ​ទេព​នោះ មិន​គួរ​បណ្ដោយ​ឱ្យ​ជន​មួយ​ចំនួន​ឆ្លៀត​ឱកាស​ទៅ​វាយ​បំផ្លាញ​វត្ថុ​ដែល​ខ្មែរ​គ្រប់​រូប​មាន​ជំនឿ​គោរព​បូជា និង​ជា​សម្បត្តិ​វប្បធម៌​ដ៏​មាន​តម្លៃ​បាន​តាម​តែ​អំពើ​ចិត្ត​ដូច្នេះ​ទេ។

ស្ត្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​មក​គោរព​បូជា រូប​ចម្លាក់​ថ្ម (យាយ​ទេព) គឺ​អ្នកស្រី សៀន ចាន់ឌី។

អ្នកស្រី​អះអាង​ថា គាត់​មាន​ជំនឿ​ទៅ​លើ​បារមី​យាយ​ទេព ដែល​ជា​រូបចម្លាក់​ធ្វើ​ពី​ថ្ម​បុរាណ​នោះ​យ៉ាង​ខ្លាំង។ រៀងរាល់​ថ្ងៃ​សីល គាត់​តែងតែ​យក​ទៀន ធូប និង​គ្រឿង​តង្វាយ​មក​គោរព​បូជា​ចំពោះ​យាយ​ទេព ដោយ​គាត់​ជឿ​ថា រូបចម្លាក់​ថ្ម​បុរាណ​នេះ ពិត​ជា​មាន​បារមី​សក្ដិសិទ្ធិ គឺ​បែរបន់​ចង់​បាន​អ្វី​ប្រាកដ​ជា​សម្រេច​ដូច​បំណង។

​អ្នកស្រី សៀន ចាន់ឌី បញ្ជាក់​ថា គាត់​សែន​រន្ធត់ និង​សោកស្ដាយ បន្ទាប់​ពី​បាន​ឭ​ថា មាន​ជន​មិន​ស្គាល់​មុខ​បាន​ទៅ​វាយ​បំផ្លាញ​រូប​បដិមា​ថ្ម​បុរាណ​នោះ ធ្វើ​ឱ្យ​ខូចខាត​ផ្នែក​ខ្លះ​មក៖ «ខ្ញុំ​ថា អ្នក​វាយ​នេះ​គឺ​បំផ្លាញ​ជាតិ​តែម្ដង មិន​មែន​បំផ្លាញ​ធម្មតា​ទេ បំផ្លាញ​សាសនា​ខ្មែរ ពីព្រោះ​រូប​មួយ​ហ្នឹង​តាំង​ពី​ជនជាតិ​បរទេស​មក​ពី​​ប្រទេស​ជា​ច្រើន​ក៏​គេ​គោរព​ដែរ»

ពលរដ្ឋ​នាំ​គ្នា​គោរព​បូជា​រូបចម្លាក់​បុរាណ យាយ​ទេព នៅ​ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​​២៦ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth
ពលរដ្ឋ​នាំ​គ្នា​គោរព​បូជា​រូបចម្លាក់​បុរាណ យាយ​ទេព នៅ​ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​​២៦ ខែ​មករា ឆ្នាំ​២០១៧។ RFA/Hang Savyouth RFA/Hang Savyouth

រូប​ចម្លាក់​ថ្ម​បុរាណ យាយ ទេព ដែល​មាន​ទទឹង​ខ្លួន​ប្រហែល ៦​តឹក​ជា​រចនាបថ​អង្គុយ​កម្ពស់​ប្រហែល ១​ម៉ែត្រ ត្រូវ​បាន​ដាក់​តាំង​លើ​អាសនៈ​តាម​ផ្លូវ​ជាតិ​លេខ​៦ នៅ​មុខ​ព្រះរាជដំណាក់​ជិត​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ទុក​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​គ្រប់​ជាតិ​សាសន៍​ណា​ដែល​មាន​ជំនឿ​អាច​ចូល​ទៅ​គោរព និង​បូជា​រៀងរាល់​ថ្ងៃ។

បុរស​ចំណាស់​វ័យ ៧៦​ម្នាក់​ទៀត ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ក៏​មាន​ប្រតិកម្ម​ចំពោះ​ការ​វាយ​បំផ្លាញ​រូប​ចម្លាក់​ថ្ម​បុរាណ​នោះ​ដែរ។ គាត់​មាន​ប្រសាសន៍​ថា រូប​ចម្លាក់​យាយ​ទេព​នេះ គឺ​គាត់​តែង​មក​គោរព​បូជា​តាំងតែ​ពី​គាត់​មាន​អាយុ​ជាង ១០​ឆ្នាំ​មក​ម្ល៉េះ។ បុរស​វ័យ​ចំណាស់​បាន​ចោទ​សួរ​ថា តើ​រូប​ចម្លាក់​ថ្ម​បុរាណ ១​នេះ មាន​កំហុស​អ្វី​បាន​ជា​មនុស្ស​ខ្លះ​ខឹង​ហើយ​មក​វាយ​បំផ្លាញ​ដូច្នេះ៖ «រឿង​អ្វី​បាន​ចាំ​មក​វាយ​បំផ្លាញ តើ​គាត់​បាន​ធ្វើ​អ្វី​អ្នក​ឯង? រូប​ចម្លាក់​នេះ គឺ​សមត្ថកិច្ច​របស់​រដ្ឋ​ត្រូវ​តែ​ការពារ​បើ​សមត្ថកិច្ច​មិន​ការពារ​ទេ មិន​បាច់​ធ្វើ​មន្ត្រី​រដ្ឋាភិបាល​ទេ»

សាក្សី​ដែល​ដឹង​ហេតុការណ៍​និយាយ​ថា មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​លួច​ចូល​ទៅ​វាយ​បំផ្លាញ​បដិមា​ថ្ម​បុរាណ (យាយ​ទេព) កាល​ពី​វេលា​ម៉ោង ១១ និង ៣០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែ​មករា។

អ្នក​មើល​ខុស​ត្រូវ និង​បោស​សំអាត​កន្លែង​យាយ​ទេព​ជា​រៀងរាល់​ថ្ងៃ លោក ស៊ឹម សាន មាន​ប្រសាសន៍​ថា នៅ​យប់​កើត​ហេតុ​នោះ គឺ​លោក​បាន​ទៅ​ផ្ទះ ស្រាប់​តែ​ឭ​គេ​ប្រាប់​ថា មាន​មនុស្ស​លួច​វាយ​រូប​សំណាក​យាយ​ទេព លោក​ក៏​មក​មើល​វិញ ប៉ុន្តែ​ពេល​មក​ដល់​គឺ​ជន​ប្រព្រឹត្ត​បាន​ចេញ​បាត់​ទៅ​ហើយ។ បុរស​ដដែល​បញ្ជាក់​ថា លោក​ពិនិត្យ​មើល​រូបចម្លាក់​បុរាណ​នោះ ឃើញ​គេ​វាយ​បែក​ចុង​ច្រមុះ​បន្តិច ហើយ​លោក​ក៏​ប្រញាប់​យក​កាវ និង​កម្ទេច​ថ្ម​មក​ជួសជុល​វិញ។ បុរស​ដដែល​បញ្ជាក់​ថា កាមេរ៉ា​សុវត្ថិភាព​របស់​ព្រះរាជដំណាក់​ថត​បាន​សកម្មភាព​របស់​អ្នក​វាយ​បំផ្លាញ​រូបចម្លាក់​បុរាណ​នោះ​យ៉ាង​ច្បាស់៖ «កាមេរ៉ា​នោះ មើល​ឃើញ​ច្បាស់​ចែស វា​មក​ដល់​វា​ផ្ដួល​កង់ រួច​ទាញ​ខ្សែក្រវាត់​វាយ​ដល់​មាន​អ្នក​បើក​ម៉ូតូ​តាម​ផ្លូវ​ច្រើន គឺ​វា​ផ្អាក​វាយ​សិន»

​នេះ​ជា​លើក​ទី​២​ហើយ​ដែល​មាន​មនុស្ស​តាម​ប្រមាថ និង​មើលងាយ​ទៅ​លើ​រូបចម្លាក់​ថ្ម​បុរាណ​យាយ​ទេព ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​មាន​ជំនឿ និង​គោរព​បូជា។

កាល​ពី​ឆ្នាំ​មុន​មាន​មនុស្ស​កែ​ភេទ​ពី​ប្រុស​ទៅ​ស្រី​ម្នាក់ ដែល​ជា​អ្នក​ចូល​រូប ធ្លាប់​បាន​ឡើង​ជិះ​លើ​បដិមា​នេះ ហើយ​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម​ម្ដង​មក​ហើយ ប៉ុន្តែ​ម្នាក់​នោះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប ចាប់​ខ្លួន​ឱ្យ​មក​សូមទោស​ចំពោះ​វត្ថុ​សក្ដិសិទ្ធិ​នោះ​វិញ។

កន្លែង​ទី​សក្ការៈ​យាយ​ទេព មិន​មែន​ជា​កន្លែង​ដាច់​ឆ្ងាយ​ពី​មនុស្ស​ទេ គឺ​នៅ​ក្បែរ​កន្លែង​សក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម មាន​មនុស្ស​ចេញ​ចូល​អត់​ដាច់ ជាប់​ព្រះរាជដំណាក់ ហើយ​នៅ​ក្បែរ​នោះ​ក៏​មាន​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប ដែរ។

អភិបាល​រង​ខេត្ត​សៀមរាប លោក គឹម ឆៃហៀង ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​បញ្ជា​ឱ្យ​កម្លាំង​ប៉ូលិស​តាម​ស្រាវជ្រាវ​រក​មុខ​ជន​ដៃ​ដល់​ក្នុង​ការ​វាយ​បំផ្លាញ​រូប​ចម្លាក់​ថ្ម​បុរាណ​នោះ ហើយ​នឹង​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ទទួល​បន្ទុក​ព្រហ្មទណ្ឌ លោក ភឹង ចិន្តារ៉េត បាន​ហៅ​អ្នក​វាយ​បំផ្លាញ​រូបចម្លាក់​ថ្ម​បុរាណ​នោះ​ថា គឺ​ជា​អ្នក​បំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ។ លោក ភឹង ចិន្តារ៉េត បញ្ជាក់​ថា ពេល​នេះ​កម្លាំង​ប៉ូលិស​ជា​ច្រើន​នាក់​កំពុង​តាម​ស៊ើប​អង្កេត​រកមុខ​ជន​ដៃដល់៖ «អត់​ទាន់​មាន​តម្រុយ​ទេ បើ​មាន​តម្រុយ​គឺ​ប៉ូលិស​នឹង​ចាប់​ខ្លួន​ហើយ ពីព្រោះ​ជន​នោះ ជា​អ្នក​បំផ្លាញ​សម្បត្តិ​វប្បធម៌​របស់​ជាតិ»

​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ លោក រ៉េត សាមុត ឱ្យ​ដឹង​ថា រូបចម្លាក់​ថ្ម​បុរាណ​ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ហៅ​ថា យាយ​ទេព​នោះ គឺ​ប្រហាក់ប្រហែល​ទៅ​នឹង​រូប​ស្ដេច​យមរាជ​នៅ​ប្រាសាទ​ស្ដេច​គម្លង់។សម័យ​អង្គរ​កសាង​រូប​នេះ​ឡើង​សម្រាប់​និមិត្តរូប​នៃ​សាលា​ជំនុំជម្រះ​អ្នក​ដែល​មាន​ទោស​ខុស​នឹង​ច្បាប់​រដ្ឋ ព្រម​ទាំង​ខុស​ប្រពៃណី​ផ្សេងៗ​ជាដើម ពីព្រោះ​គេ​ជឿ​ថា ព្រះ​យមរាជ​មាន​អំណាច​គ្រប់គ្រង​មនុស្ស​ទាំង​អ្នក​រស់ និង​អ្នក​ស្លាប់​ទៅ​ហើយ។

លោក រ៉េត សាមុត បញ្ជាក់​ថា រូប​ព្រះ​យមរាជ​នេះ មាន​អាយុ​ជិត ១.០០០​ឆ្នាំ​ហើយ គឺ​កសាង​ពី​ថ្មភក់​នៅ​អំឡុង​សតវត្ស​ទី​១២-​១៣ នៃ​គ្រិស្ត​សករាជ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល