ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខែត្រ​ស្ទឹងត្រែង​កើន​ឡើង​នៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ដោយ ម៉ែន សុធីរ
2017-04-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​កោះ​ភ្ញៀវ នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៧។
ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​កោះ​ភ្ញៀវ នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Men Sothyr

ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ខែត្រ​ស្ទឹងត្រែង នៅ​បុណ្យ​ចូល​ឆ្នាំ​នេះ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ទ្វេ​ដង ខណៈ​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​នៅ​ខែត្រ​ស្ទឹងត្រែង ពុំ​អាច​បំពេញ​តម្រូវការ​ភ្ញៀវ​ទេសចរ​បាន ហើយ​អ្នក​ទេសចរ​មួយ​ចំនួន​បង្ខំ​ចិត្ត​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​លំនៅឋាន​នៅ​រាជធានី​ភ្នំពេញ និង​ខែត្រ​នានា​វិញ។

មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង ចាត់​ទុក​ការ​កើន​ឡើង​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ខែត្រ​ស្ទឹងត្រែង ថា​ផ្តល់​សារប្រយោជន៍​ច្រើន​ដល់​សហគមន៍ និង​វិស័យ​ឯកជន ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន តាម​រយៈ​ការ​ផ្ដល់​សេវាកម្ម ការ​លក់​ម្ហូប​អាហារ និង​លក់​សម្ភារ​អនុស្សាវរីយ៍ ជាដើម។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង លោក អ៊ន់ ប៉ោសឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មេសា ថា ការ​កើន​ឡើង​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ខែត្រ​ស្ទឹងត្រែង ជា​សញ្ញា​វិជ្ជមាន​បង្ហាញ​ពី​សក្ដានុពល​តំបន់​ទេសចរណ៍​ធម្មជាតិ​ខែត្រ​ភាគ​ឦសាន​នេះ។ លោក​ថា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ទេសចរណ៍ បាន​ផ្តល់​ដំណឹង និង​ផ្សព្វផ្សាយ​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ទាំងអស់​រក្សា​តុល្យភាព​តម្លៃ ឬ​មិន​ឲ្យ​ដំឡើង​ថ្លៃ ក៏ប៉ុន្តែ​ម្ចាស់​សេវាកម្ម​ផ្ទះ​សំណាក់ និង​សណ្ឋាគារ​ខ្លះ​បាន​ឆ្លើយតប​ថា ភ្ញៀវ​មួយ​ចំនួន​មាន​គ្នា​ច្រើន​មក​ស្នាក់នៅ​បន្ទប់​នីមួយៗ​ហួស​ពី​អ្វី​ដែល​សណ្ឋាគារ​កំណត់ ហេតុ​នេះ​ពួក​គេ​ឡើង​ថ្លៃ​បន្តិច និង​យក​ថវិកា​មួយ​ចំនួន​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ផង៖ «យើង​ណែនាំ​ទៅ​គ្រប់​ម្ចាស់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំង​អស់ កំណត់​តម្លៃ​មួយ​ដែល​សមរម្យ។ គាត់​លើក​ឡើង​ធម្មតា​គាត់​សម្រួល​ឲ្យ​វិញ។ ភ្ញៀវ​គាត់​មក​គេ​ជា​ធម្មតា​គេ​ឲ្យ​ដាក់​ត្រឹមត្រូវ ៣​នាក់ ជួនកាល​លក្ខណៈ​គ្រួសារ​គាត់​គេង​រហូត​ដល់ ៥​នាក់​ដល់ ៦​នាក់»

លោក អ៊ន់ ប៉ោសឿន បន្ថែម​ថា កន្លង​ទៅ មន្ទីរ​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង បាន​បង្កើត​យុទ្ធនាការ​អប់រំ​អនាម័យ​បរិស្ថាន និង​កាតព្វកិច្ច​អភិរក្ស​ធនធាន​ធម្មជាតិ ប្រយោជន៍​ផ្ដល់​ចំណេះ​ដឹង​ផ្នែក​បរិស្ថាន​ធម្មជាតិ ឬ​ការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​សហគមន៍​អេកូ​ទេសចរណ៍​ធម្មជាតិ​នានា​ក្នុង​ខែត្រ​នេះ៖ «ជាពិសេស​គឺ​ពលរដ្ឋ​ក្នុង​ខែត្រ​របស់​យើង គាត់​ទទួល​បាន​ចំណូល​សេវាកម្ម​ទេសចរណ៍​ទាំងអស់​នោះ​ដែរ។ បាទ! ព្រោះ​អ្នក​ខ្លះ​ទទួល​ដោយ​ប្រយោល អ្នក​ខ្លះ​ទទួល​ដោយ​ផ្ទាល់»

មន្ត្រី​មន្ទីរ​ទេសចរណ៍​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​សណ្ឋាគារ​នៅ​ខែត្រ​ស្ទឹងត្រែង គិត​ជា​មធ្យម ១៧​ដុល្លារ ហើយ​ផ្ទះ​សំណាក់ ១២​ដុល្លារ ស្នាក់នៅ​រយៈពេល ១​យប់។ លើស​ពី​នេះ ខែត្រ​ស្ទឹងត្រែង មាន​សណ្ឋាគារ​ចំនួន​៦ និង​ផ្ទះ​សំណាក់​៣៦ និង​មាន​បន្ទប់ ៨២០​បន្ទប់។

បុគ្គលិក​សណ្ឋាគារ​ទន្លេ​មាស កញ្ញា រ៉ន ឡាឌី ទទួល​ស្គាល់​ថា សណ្ឋាគារ​ទន្លេ​មាស​បាន​ឡើង​ថ្លៃ ១០​ដុល្លារ ដោយសារ​តែ​ភ្ញៀវ​មួយ​ចំនួន​មក​ស្នាក់​នៅ​មាន​គ្នា​ច្រើន​ក្នុង​បន្ទប់​នីមួយៗ​ហួស​ពី​អ្វី​ដែល​សណ្ឋាគារ​បាន​កំណត់ ហើយ​ប្រាក់​ដែល​ឡើង​ថ្លៃ​នោះ មួយ​ផ្នែក​បាន​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​ដែល​ធ្វើ​ការ​នៅ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ផង។ កញ្ញា​បន្ត​ថា សណ្ឋាគារ​ទន្លេ​មាស មាន​ចំនួន ៤៨​បន្ទប់ មាន​ភ្ញៀវ​មក​ស្នាក់នៅ​ពេញ​ទាំងអស់​នៅ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ៖ «បាទ! ឡើង​តែ ៣​ថ្ងៃ​ហ្នឹង គឺ​ឡើង​ដល់ ១០​ដុល្លារ ដោយសារ​ភ្ញៀវ​គាត់​គេង​លើស​ចំណុះ ហើយ​យើង​ដាក់​សម្ភារ​ថ្មីៗ​ជូន​គាត់។ បុគ្គលិក​មក​ប្រចាំ​ការ​ចឹង ប្រាក់​ដែល​ឡើង​ថ្លៃ​ហ្នឹង គឺ​ថៅកែ​គាត់​យក​មក​ចែក​បុគ្គលិក​មក​ធ្វើ​ការ​អត់​បាន​ដើរ​លេង»

របាយការណ៍​មន្ទីរ​ទេសចរណ៍​ខែត្រ​ស្ទឹងត្រែង បង្ហាញ​ថា ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខែត្រ​នេះ​រយៈពេល ២​ថ្ងៃ​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៥ មេសា មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ ធៀប​នឹង​ឆ្នាំ​២០១៦ ភ្ញៀវ​មក​ទស្សនា​តែ​ជាង ១​ម៉ឺន​នាក់។

ខែត្រ​ស្ទឹងត្រែង មាន​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ចំនួន ២១​កន្លែង ក្នុង​នោះ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ចំនួន ៧​កន្លែង​ដែល​ផ្តល់​សក្ដានុពល​ខ្លាំង គឺ​រមណីយដ្ឋាន​ធម្មជាតិ​បុប្ផា​ភ្លុក រមណីយដ្ឋាន​កោះ​ខេ សហគមន៍​អេកូ​ទេសចរណ៍​ឃុំ​ព្រះរំកិល សហគមន៍​អេកូ​ទេសចរណ៍​អូរឫស្សី​កណ្ដាល រមណីយដ្ឋាន​កោះ​ខ្សាច់​សេកុង រមណីយដ្ឋាន​ជូរ​វែង និង​រមណីយដ្ឋាន​កោះ​ភ្ញៀវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល