អត្ថន័យ​ និង​ការ​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា

ដោយ ថន ថារ៉ូ
2019-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពុទ្ធបរិស័ទ​ដង្ហែ​រំលឹក​ថ្ងៃ​វិសាខបូជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៩។
ពុទ្ធបរិស័ទ​ដង្ហែ​រំលឹក​ថ្ងៃ​វិសាខបូជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៩។
RFA

ថ្ងៃ​១៥​កើត ខែ​ពិសាខ គឺជា​ថ្ងៃមួយ​ដែល​ពុទ្ធសាសនិកជន​នៅ​ទូទាំង​សកលលោក​បាន​នាំ​គ្នា​ប្រារព្ធ​ពិធីបុណ្យ​ដ៏​សំខាន់​មួយ គឺ​វិសាខបូជា​។ អ្នក​ជំនាញ​ព្រះពុទ្ធសាសនា​លើកឡើង​ថា បុណ្យ​វិសាខបូជា​នេះ មានតម្លៃ​និង​គុណប្រយោជន៍​ដ៏​វិសេស​ដែល​រដ្ឋាភិបាល និង​ពលរដ្ឋ​ខ្មែរ​ចូលរួម​លើក ស្ទួយ​និង​ប្រតិបត្តិ​ឱ្យ​សាក​សមជា​ប្រទេស​ដែល​ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ។

វិសាខបូជា គឺជា​ពិធីបុណ្យ​មួយ​ដែល​ពុទ្ធសាសនិក​ចាត់ទុកថា មាន​សារសំខាន់​បំផុត​ក្នុង​ចំណោម​បុណ្យ​ដទៃ​​ទៀត​​នៃ​​ព្រះ​ពុទ្ធ​សាសនា ពី​ព្រោះ​​ជា​ការ​គោរព​រំឭក​នឹក​ដល់​ព្រឹត្តិការណ៍​ធំៗ​ បី​ នៃ​សម័យកាល​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម គឺ​ថ្ងៃ​ដែល​​​​ព្រះ​អង្គ​​ទ្រង់​​បាន​ប្រសូត បាន​ត្រាស់​ដឹង និង​បរិនិព្វាន។ ព្រឹត្តិការណ៍​ទាំង​បី​នេះ​គឺ​កើតឡើង​នៅ​ចំ​ថ្ងៃ ១៥​កើត ពេញបូណ៌មី ដែល​​មាន​​ព្រះ​ចន្ទ​​ពេញ​​វង់​​ក្នុង​​ខែ​​ពិសាខ​​ដូច​គ្នា ខុស​​តែ​​ឆ្នាំ​​ប៉ុណ្ណោះ។

ព្រះធម្មឃោសាចារ្យ​បណ្ឌិត ឃី សុវណ្ណរតនា ព្រះ​សាកលវិទ្យាធិការ​រង​នៃ​សាលា​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុរាជ និង​ជា​ព្រះចៅ​អធិការ​វត្ត​មង្គលវ័ន្ត មាន​ថេរដីកា​ថា វិសាខបូជា​ គឺជា​បុណ្យ​ប្រវត្តិសាស្ត្រ​មួយ​របស់​ព្រះពុទ្ធសាសនា និង​មានតម្លៃ​ធំធេង​​មិន​​អាច​​កាត់ថ្លៃ​បាន រហូត​ធ្វើ​ឱ្យ​អង្គការ សហប្រជាជាតិ បានសម្រេច​ដាក់បញ្ចូល​ជា​ទិវា​បុណ្យ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩។

ព្រះសង្ឃ និងពុទ្ធបរិស័ទ​ដង្ហែ​រំលឹក​ថ្ងៃ​វិសាខបូជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៩។
ព្រះសង្ឃ និងពុទ្ធបរិស័ទ​ដង្ហែ​រំលឹក​ថ្ងៃ​វិសាខបូជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៩។ RFA

ចំពោះ​ហេតុផល​ចម្បង​មួយ ​ដែល​ញ៉ាំង​ឱ្យ​មាន​ការ​ទទួលស្គាល់​នេះ ព្រះតេជព្រះគុណ ឃី សុវណ្ណរតនា មាន​ថេរ​ដីកា​បញ្ជាក់​ថា គឺ​អាស្រ័យ​ដោយ​គោលការណ៍​សន្តិភាព និង​អហិង្សា​របស់​ព្រះពុទ្ធសាសនា ​ដែល​ស្រប​នឹង​គោលការណ៍​គ្រឹះ​នៃ​អង្គការ​សហប្រជាជាតិ៖ «អាស្រ័យ​ដោយ​មូលហេតុ​ចម្បងៗ គឺ​ទី១ អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ថា កំណើត​របស់​ព្រះសម្មាសម្ពុទ្ធ នាំ​មក​នូវ​សុខ​សន្តិភាព​ដល់​ពិភព​លោក។ ទី២ អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ថា ការ​ត្រាស់​ដឹង​របស់​ព្រះ​សម្មា​សម្ពុទ្ធ បាន​ផ្សព្វផ្សាយ​នូវ​បញ្ញាញាណ និង​ចំណេះ​វិជ្ជា​ដ៏​ធំ​ទូលាយ​ដល់​ពិភព​លោក​ទាំង​មូល។ ទី៣ អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់​ថា វប្បធម៌​សន្តិភាព និង​អហិង្សា​របស់​ព្រះ​ពុទ្ធ បាន​ជួយ​ដោះ​ស្រាយ​ជម្លោះ និង​សង្គ្រាម»

ប្រពៃណី​ក្នុង​ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​នេះ ​ក៏​ត្រូវ​បាន​រក្សាទុក និង​ធ្វើតាម​ជា​ទំនៀម​មកដល់​សព្វថ្ងៃ​នេះ​ផង​ដែរ ដោយមាន​រៀបចំ​យ៉ាង​អធិកអធម​ជា​ផ្លូវការ​រៀងរាល់​ឆ្នាំ​នៅ​លើ​កំពូលភ្នំ​អដ្ឋរស្ស ឬ​ភ្នំ​ព្រះរាជទ្រព្យ នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ជាទី​តម្កល់​ព្រះ​សារីរិកធាតុ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​សមណគោតម ដោយ​រួមមាន​ទាំង​កិច្ច​នមស្សការ សមាទាន​សីល ស្ដាប់​ធម្មទេសនា និង​ពិធី​ដាក់​បាត្រ​ព្រះសង្ឃ​ផង​ដែរ។

ព្រះតេជព្រះគុណ​ ឃី សុវណ្ណរតនា មាន​ថេរដីកា​បន្ត​ថា ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន និង​ថ្នាក់​ដឹកនាំ គប្បី​សិក្សា​ស្វែងយល់​ខ្លឹមសារ​សំខាន់ៗ​ នៃ​ពិធីបុណ្យ​វិសាខបូជា ហើយ​គប្បី​ចូល​គោរព​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ​ ឱ្យ​សក្ដិ​សមជា​ប្រទេស​ដែល​​ចាត់​​ទុក​​ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ។

ព្រះតេជព្រះគុណ​បញ្ជាក់​ថា អ្វី​ដែល​គួរ​ប្រតិបត្តិ​នោះ គឺ​នាំគ្នា​ទៅ​វត្ត ឬ​កន្លែង​ប្រារព្ធ​ពិធី​វិសាខបូជា ដើម្បី​ធ្វើបុណ្យ​ឱ្យ​ទាន រក្សាសីល ជម្រះ​ចិត្ត​ឱ្យ​ស្អាត​បរិសុទ្ធ ស្ដាប់​ព្រះ​ធម្ម​ទេសនា និង​សិក្សា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​អំពី​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះ​ពុទ្ធ«យើង​គប្បី​ត្រិះរិះ​ពិចារណា​នៅ​ក្នុង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ឲ្យ​បាន សក្ដិសម​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា។ យើង​ត្រួត​ពិនិត្យ​ផ្លូវ​ចិត្ត និង​សកម្មភាព​របស់​ខ្លួន​ឯង​ថា តើ​យើង​បាន​ប្រព្រឹត្ត​សក្ដិសម​នឹង​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធ​ឬ​នៅ។ ឃើញ​មាន​ចំណុច មួយ​ដែល​យើង​មិន​សូវ​បាន​បដិបត្តិ គឺ​សមាធិ​ភាវនា​អប់រំ​ចិត្ត ខណៈ​ដែល​ពិភព​លោក​សព្វថ្ងៃ​មាន​ការ ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង»

ព្រះតេជព្រះគុណ​មើលឃើញ​ថា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​វិសាខបូជា​កាន់តែ​ល្អ​ប្រសើរ​ ដូចជា​នៅ​ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប​ជាដើម​។ ទោះ​យ៉ាង​ណា​ក្តី ព្រះតេជព្រះគុណ ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន បញ្ឈប់​ការ​ផ្សព្វផ្សាយ និង​លក់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃបុណ្យ​ព្រះពុទ្ធសាសនា​នេះ​ផង​ដែរ ព្រោះ​គ្រឿង ស្រវឹង​នេះ​នាំ​ឱ្យ​កើតមាន​វិបត្តិ​ជាច្រើន។

អ្នកតស៊ូ​មតិ​ឱ្យ​មាន​ច្បាប់​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង និង​ជា​មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP) លោក ហេង គឹមហុង ថ្លែង​ថា ថ្ងៃបុណ្យ​វិសាខបូជា​នេះ លោក​បាន​ធ្វើ​សមាធិ​ ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ពុទ្ធ​ ដែល​បាន​បន្សល់ទុក​ពាក្យ​ប្រៀន ប្រដៅ​ល្អ​ឯក​នៅ​ក្នុង​លោក។ ទោះ​យ៉ាង​ណា​ក្តី លោក​សម្ដែង​ការ​សោកស្ដាយ​ដែល​កម្ពុជា​ក្នុងនាម ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា មិនបាន​ប្រតិបត្តិ​ត្រឹមត្រូវ ហើយ​នាំគ្នា​ទទួល​គ្រឿង​ស្រវឹង​គ្រប់​ទីកន្លែង​ដែល​គ្មាន​ការ​រឹត​បន្តឹង​ដូច​នៅ​ប្រទេស​ថៃ និង​ប្រទេស​ដទៃ​ទៀត។ លោក​សង្កេត​ឃើញ​ថា តាម​ស្ថាប័នរដ្ឋ តាម​ដង​ផ្លូវ និង​គ្រឹះស្ថាន​សាធារណៈ និង​ក្រុមហ៊ុន​ឯកជន​ក្តី គឺ​ហាក់​មិន​មាន​តាំង​រូប ព្រះពុទ្ធ​និង​ទង់​សាសនា ហើយ​ធ្វើ​ពិធីបុណ្យ​ឱ្យ​ឱឡារិក​នោះ​ទេ«ខ្ញុំ​ចង់​ឃើញ​ព្រះ​ពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ត្រូវ​បាន​អប់រំ​អំពី​ពុទ្ធ​ប្រវត្តិ​អំពី​គុណ​តម្លៃ​ព្រះ​ពុទ្ធ​សាសនា​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​វិសាខ​បូជា។ ខ្ញុំ​ចង់​ឃើញ​ការ​ប្រតិបត្តិ​បុណ្យ​វិសាខ​បូជា​នេះ ឲ្យ​ធំ​ដូច​សកម្មភាព​របស់​អ្នក​នយោបាយ។ ទោះ​បី​ជា​ព្រះ​ពុទ្ធ​សាសនា មិន​មែន​ជា​រឿង​ចំណេញ​សម្រាប់​អ្នក​នយោបាយ ប៉ុន្តែ​គឺ​ជា​ការ​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ យល់​ដឹង​ពី​ភាព​ត្រឹមត្រូវ ហើយ​នឹង​សច្ចភាព និង​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ ហើយ​នឹង​យុត្តិធម៌​សង្គម​អី​ជា​ដើម សុទ្ធ​សឹង​តែ​ជា​គោល​ការណ៍​ព្រះ​ពុទ្ធ​សាសនា»

ពុទ្ធបរិស័ទ​ដង្ហែ​រំលឹក​ថ្ងៃ​វិសាខបូជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៩។
ពុទ្ធបរិស័ទ​ដង្ហែ​រំលឹក​ថ្ងៃ​វិសាខបូជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៩។ RFA

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​នៅ​ខេត្ត​បាត់ដំបង ប្រាប់​អាស៊ីសេរី​ថា លោក​បាន​ចូលរួម​ពិធី​ដង្ហែ​ពិធី​បុណ្យ​វិសាខបូជា នៅ​វត្ត​ពោធិ៍វាល ក្រុង​បាត់ដំបង​ ដោយ​​មាន​ការ​ចូលរួម​ពី​មន្ត្រីរាជការ​សិស្សានុសិស្ស​ជាច្រើន​ផង​ដែរ ក្រោម​ការ​ដឹកនាំ​របស់​ព្រះសង្ឃ។ លោក​បញ្ជាក់​ប្រាប់​ពី​ទឹកចិត្ត​ថា មូលហេតុ​ដែល លោក​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​នេះ ព្រោះ​ដើម្បី​រំលឹក​គុណ​ព្រះ​សម្មាសម្ពុទ្ធ​ដែល​បាន​រក ឃើញ​នូវ​ព្រះធម៌ ដើម្បី​ប្រៀនប្រដៅ​សត្វលោក​គ្រប់​សញ្ជាតិ​ទាំងអស់​ឱ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ វៀរចាក​នូវ​អំពើ​អាក្រក់។ លោក​ចាត់​ទុក​ខេត្ត​បាត់ដំបង ជា​ខេត្ត​គំរូ​មួយ ប៉ុន្តែ​លោក​សង្កេតឃើញ សម្រាប់​នៅ​ទូទាំង​ប្រទេស​វិញ គឺ​ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា នៅ​មិន​ទាន់​បាន​អធឹក​អធម​នៅឡើយ​ទេ«ចំណុច​នេះ​រដ្ឋាភិបាល រួម​ទាំង​ព្រះមហាក្សត្រ ជា​ពិសេស នាយក​រដ្ឋមន្ត្រី គប្បី​ហាមប្រាម​កុំ​ឲ្យ​មាន​តាំង​រូប​គ្រឿង​ស្រវឹង​ក្នុង​ថ្ងៃ​បុណ្យ​វិសាខ​បូជា។ សូម​ឲ្យ​តាំង​រូប​ព្រះ សម្មាសម្ពុទ្ធ​ក្នុង​ថ្ងៃ​វិសាខ​បូជា​ទូទាំង​ប្រទេស ហើយ​ត្រូវ​ដឹក​នាំ​មន្ត្រី​រាជការ​ស្វែង​យល់​អំពី​បុណ្យ​វិសាខ​បូជា និង​ចូលរួម​ប្រារព្ធ​ឲ្យ​ជា​ឱឡារិក»

ចាប់​តាំង​ពី​អង្គការសហប្រជាជាតិ​បាន​ទទួល​ស្គាល់​វិសាខបូជា ជា​ទិវា​បុណ្យ​អន្តរជាតិ​មក ប្រទេស​ដែល​គោរព​ព្រះពុទ្ធសាសនា​ជាច្រើន​នៅ​លើ​សកលលោក បាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​វិសាខបូជា​ជាស​កល ដោយ​ដាក់​ឈ្មោះថា UN-​វិសាខ ឬ​វិសាខបូជា​នៃ​អង្គការសហប្រជាជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល