ប្រពៃណី​លេង​ចាក់​ទឹក​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​របស់​ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង

ដោយ ហ៊ុំ ចំរើន
2017-04-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​លេង​ចាក់​ទឹក​តាម​ដង​ផ្លូវ​ជាប់​វាលស្រែ​១០០ សង្កាត់​ចម្ការសំរោង ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៧។
ប្រជាពលរដ្ឋ​លេង​ចាក់​ទឹក​តាម​ដង​ផ្លូវ​ជាប់​វាលស្រែ​១០០ សង្កាត់​ចម្ការសំរោង ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

នៅ​ពេល​ដល់​រដូវ​បុណ្យ​ចូល​ឆ្នាំ​ម្ដងៗ ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​នៅ​ខេត្ត​បាត់ដំបង តែង​នាំ​គ្នា​លេង​ចាក់​ទឹក និង​ប៉ាត​ម្សៅ​តាម​ដង​ផ្លូវ ជាពិសេស​ផ្លូវ​ឆ្ពោះ​ទៅ​ប្រាសាទ​ឯកភ្នំ។ ពលរដ្ឋ​និយម​លេង​ចាក់​ទឹក​ដាក់​គ្នា​ខ្លាំង​នៅ​ចំ​ថ្ងៃ​ចូល​ឆ្នាំ។

ប្រជាពលរដ្ឋ​នៅ​តំបន់​ប្រាសាទ​ឯកភ្នំ បាន​ចាត់​ទុក​ការ​លេង​ចាក់​ទឹក​ដាក់​គ្នា​តាម​ដង​ផ្លូវ ថា​ជា​ល្បែង​ប្រជាប្រិយ​មួយ​ប្រភេទ​របស់​ពួក​គាត់ ដើម្បី​ជា​ការ​កម្សាន្ត​សប្បាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។ ល្បែង​កម្សាន្ត​សប្បាយ​មួយ​នេះ បាន​ទាក់ទាញ​ក្រុម​យុវជន​រាប់​ពាន់​នាក់​មក​ពី​ទី​ជិត​ទី​ឆ្ងាយ ទៅ​លេង​នៅ​តំបន់​នោះ​យ៉ាង​ច្រើន​កកកុញ ហើយ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ជាច្រើន​គីឡូម៉ែត្រ​ទៀត​ផង។

កំពុង​ឈរ​លក់​ចាប់ហួយ​នៅ​មាត់​ផ្លូវ​មុខ​ផ្ទះ​នៃ​ភូមិ​ដូនទាវ ឃុំ​ពាមឯក ស្រុក​ឯកភ្នំ លោកស្រី ងួន ផានី ថ្លែង​ថា អ្នក​ស្រុក​តំបន់​ពួក​គាត់​រស់នៅ​និយម​លេង​ចាក់​ទឹក និង​ប៉ាត​ម្សៅ​ដាក់​គ្នា​ជាច្រើន​ឆ្នាំ​ណាស់​មក​ហើយ។ ស្ត្រី​រាង​ស្ដើង​សម្បុរ​ស​រូប​នេះ​បន្ថែម​ថា ពី​ដើម​ឡើយ មនុស្ស​មិន​ច្រើន​ទេ​បាន​នាំ​គ្នា​ឈរ​លេង​ចាក់​ទឹក​តាម​ដង​ផ្លូវ ប៉ុន្តែ​លោកស្រី​អះអាង​ថា ប្រមាណ​ជិត ១០​ឆ្នាំ​មក​នេះ​មាន​មនុស្ស​មក​ពី​ទី​ជិត​ទី​ឆ្ងាយ​មក​លេង​ចាក់​ទឹក​តាម​ដង​ផ្លូវ​យ៉ាង​កកកុញ។

ស្ត្រី​វ័យ ២៩​ឆ្នាំ​រូប​នេះ​បន្ត​ក្នុង​ទឹក​មុខ​ញញឹមញញែម​ដោយ​សម្ដី​មួយៗ​ថា ការ​លេង​ចាក់​ទឹក​ដាក់​គ្នា​បង្ក​ការ​សប្បាយ​កាន់​តែ​ខ្លាំង​ឡើង​ដល់​អ្នក​ស្រុក​រស់នៅ​តំបន់​នោះ៖ «ពេល​គេ​មក​ដល់​ប្រាសាទ​ឯកភ្នំ គឺ​ថា​មក​លេង​ទឹក។ ភូមិ​នេះ​លេង​សប្បាយ​មែន! នៅ​តាម​ផ្ទះ​គេ​ចាក់​ចម្រៀង​រាំ​លេង ហើយ​ក៏​នាំ​គ្នា​លេង​ទឹក​ប៉ាត​ម្សៅ​ទៅ។ ចំណែក​អ្នក​ធ្វើ​ដំណើរ គេ​មិន​ទៅ​ណា​ឆ្ងាយ​ទេ គេ​នាំ​គ្នា​លេង​នៅ​នេះ​ឯង»

ពុំ​មែន​មាន​តែ​ពលរដ្ឋ​នៅ​ភូមិ​ដូនទាវ ម្នាក់​ប៉ុណ្ណោះ​ទេ​ដែល​ចូល​ចិត្ត​កម្សាន្ត​សប្បាយ​នឹង​ការ​លេង​ចាក់​ទឹក​ប៉ាត​ម្សៅ​ក្នុង​ពេល​ចូល​ឆ្នាំ​នោះ ពលរដ្ឋ​នៅ​ឃុំ​ពាមឯក ជាច្រើន​នាក់​ផ្សេង​ទៀត ក៏​ពេញ​ចិត្ត​នឹង​ការ​លេង​ល្បែង​មួយ​នេះ​ដូច​គ្នា។

អ្នក​ភូមិ​ដូនទាវ មួយ​ចំនួន​ទៀត​លើក​ឡើង​ថា ការ​លេង​ចាក់​ទឹក​ដាក់​គ្នា​ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ មិន​ត្រឹម​តែ​បង្ក​ការ​សប្បាយ​តាម​ដង​ផ្លូវ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ជួយ​ដល់​ការ​លក់​ដូរ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​រក​ប្រាក់​ចំណូល​បាន​យ៉ាង​ច្រើន​ទៀត​ផង៖ «តាម​ផ្លូវ​លក់​ទឹក​លក់​ម្សៅ​ដាច់​ណាស់ ហើយ​ពេល​លេង​ទឹក​អ៊ូអរ​ខ្លាំង​ចាប់​ពី​ម៉ោង ៤​រសៀល​ទៅ។ ចូល​ឆ្នាំ​មិន​មាន​អ្នក​ទៅ​លេង​ណា​ទេ គេ​នៅ​លេង​តែ​ក្នុង​ភូមិ​នេះ​ឯង គឺ​ជិះ​ម៉ូតូ​លេង​តាម​ផ្លូវ​មុខៗ​ផ្ទះ​សប្បាយ​ណាស់។ ពេល​លេង​គេ​សុំ​អ្នក​ធ្វើ​ដំណើរ​ប៉ាត​ម្សៅ លេង​សប្បាយ មិន​គ្រោះថ្នាក់​ដល់​ធ្វើ​ដំណើរ​ទេ»

ប្រជាពលរដ្ឋ​លេង​ចាក់​ទឹក​តាម​ដង​ផ្លូវ​ជាប់​វាលស្រែ​១០០ សង្កាត់​ចម្ការសំរោង ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៧។
ប្រជាពលរដ្ឋ​លេង​ចាក់​ទឹក​តាម​ដង​ផ្លូវ​ជាប់​វាលស្រែ​១០០ សង្កាត់​ចម្ការសំរោង ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Hum Chamroeun

ឧបករណ៍​ដែល​អ្នក​ភូមិ​និយម​លេង​ចាក់​ទឹក និង​ប៉ាត​ម្សៅ មាន​ទឹក និង​ម្សៅ​ក្រអូប គេ​ប្រើ​សម្រាប់​លាប​ខ្លួន​ឲ្យ​កូន​តូច។ ឧបករណ៍​ទាំងអស់​នេះ អ្នក​ភូមិ​ដាក់​លក់​នៅ​មុខ​ផ្ទះ​របស់​ពួក​គាត់​តាម​ដង​ផ្លូវ​ស្ទើរ​គ្រប់​ទីកន្លែង។ ពេលវេលា​ដែល​អ្នក​ភូមិ​និយម​លេង​កកស្ទះ​ចរាចរណ៍​ខ្លាំង ចាប់​ពី​ម៉ោង ៤​រសៀល​ដល់​ម៉ោង ៧​យប់ ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ មេសា។

ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង ទទួល​បន្ទុក​ព្រហ្មទណ្ឌ លោក ជេត វណ្ណី មាន​ប្រសាសន៍​ថា កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នឹង​ដាក់​ពង្រាយ​កម្លាំង​តាម​គោលដៅ​សំខាន់ៗ​ដែល​ពលរដ្ឋ​ទៅ​លេង​កម្សាន្ត​ក្នុង​ពេល​ចូល​ឆ្នាំ ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ពួក​គាត់។ លោក​សង្កត់​ធ្ងន់​ថា តំបន់​ដែល​ពលរដ្ឋ​លេង​ចាក់​នៅ​ប្រាសាទ​ឯកភ្នំ ចាត់​ជា​គោលដៅ​ការពារ​ខ្ពស់​បំផុត៖ «នៅ​ក្នុង​នោះ​មាន​កម្លាំង​អន្តរាគមន៍​ចាំ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ មាន​អ្នក​សម្រួល​ចរាចរណ៍ មាន​ទាំង​ការពារ​កន្លែង​កម្សាន្ត​ផ្សេងៗ និង​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ដែល​កើត​ជា​យថាហេតុ និង​ទប់ស្កាត់​បញ្ហា​គប់​ទឹក​ទាំងឡាយ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លេង​បាន​ស្រួល»

តំបន់​លេង​ចាក់​ទឹក​នៅ​ស្រុក​ឯកភ្នំ កាល​ពី​ឆ្នាំ​កន្លង​ទៅ កកស្ទះ​ចរាចរណ៍​ចាប់​ពី​មុខ​វត្ត​ក្ដុល រហូត​ដល់​ប្រាសាទ​ឯកភ្នំ ចម្ងាយ​ផ្លូវ​ជាង ៤​គីឡូម៉ែត្រ ហើយ​នៅ​ពេល​ស្ទះ​ខ្លាំង រថយន្ត និង​ម៉ូតូ​បើក​ទៅ​មុខ​មិន​រួច ថយ​ក្រោយ​ក៏​មិន​បាន។

អ្នក​ស្រុក​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង រៀបចំ​ផ្លូវ​សម្រាប់​មនុស្ស​លេង​ចាក់​ទឹក កុំ​ឲ្យ​រថយន្ត និង​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេងៗ​ឆ្លង​កាត់ ដើម្បី​ងាយ​ស្រួល​ដល់​ការ​លេង​ចាក់​ទឹក និង​ប៉ាត់​ម្សៅ​បាន​សប្បាយ​ពេញ​ដៃ​ពេញ​ជើង ហើយ​មិន​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ។

ប្រធាន​ដេប៉ាតឺម៉ង់​ប្រវត្តិវិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​សាស្ត្រាចារ្យ វង់ សុធារ៉ា មាន​ប្រសាសន៍​ថា តាម​ប្រពៃណី​ខ្មែរ នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចុង​ក្រោយ គឺ​ជា​ថ្ងៃ​ស្រង់​ព្រះ​នៅ​ក្នុង​វត្ត ហើយ​កូន​ចៅ​ត្រូវ​ដង​ទឹក​ឲ្យ​ឪពុក​ម្ដាយ និង​ចាស់​ព្រឹទ្ធាចារ្យ​ដើម្បី​មុជ​ឲ្យ​ត្រជាក់​ខ្លួន។ លោក វង់ សុធារ៉ា អះអាង​ថា ក្រោយ​មក ជនជាតិ​ថៃ បាន​យក​ប្រពៃណី​នេះ​ទៅ​ជា​ការ​លេង​ចាក់​ទឹក​ដាក់​គ្នា​រហូត​មក​ទល់​សព្វថ្ងៃ។ លោក​កត់​សម្គាល់​ទៀត​ថា ប្រហែល​ជា​ហេតុផល​នេះ​ហើយ បាន​ជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​រស់នៅ​ជាប់​ប្រទេស​ថៃ ចាប់​ផ្ដើម​យក​ប្រពៃណី​លេង​ចាក់​ទឹក​ដាក់​គ្នា ដើម្បី​លេង​កម្សាន្ត​សប្បាយ​ពេល​ចូល​ឆ្នាំ៖ «ប៉ុន្តែ​ជា​ធម្មតា​បញ្ហា​វប្បធម៌​នេះ គឺ​មិន​អាច​ឋិតថេរ​ទេ វា​តែ​មាន​ការ​ជះ​ឥទ្ធិពល និង​មាន​ការ​ប្រែប្រួល​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ជា​ធម្មតា ទៅ​តាម​ការ​និយម និង​ឲ្យ​តម្លៃ​របស់​មនុស្ស ថា​ល្អ ឬ​សប្បាយ​មិន​សប្បាយ​អ៊ីចឹង។ ដូច្នេះ​ប្រហែល​ជា​យើង​ចាប់​ផ្ដើម​មាន​ការ​ប្រែប្រួល​កាន់​តែ​ច្រើន​ហើយ​នៅ​ក្នុង​ការ​ឲ្យ​តម្លៃ​វប្បធម៌​ពី​មុន​មក​នោះ»

សព្វថ្ងៃ ពលរដ្ឋ​និយម​លេង​ចាក់​ទឹក​នេះ​មាន​នៅ​ខេត្ត​បាត់ដំបង ឧត្ដរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ ក្នុង​នោះ​តំបន់​ខ្លះ​ចាប់​ផ្ដើម​លេង​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ទី​១៧ និង​ទី​១៨​ខែ​មេសា រៀង​រាល់​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល