អាជ្ញាធរ​បាត់ដំបង​បញ្ឈប់​គម្រោង​រុះរើ​ស្ពានថ្ម​មុខ​សាលាខេត្ត​ដើម្បី​ទុក​អភិរក្ស​ជា​ស្ពាន​បុរាណ

ដោយ អាស៊ីសេរី
2019-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ពាន​ថ្ម​ចាស់​​សម័យ​​បារាំង​នៅ​​​មុខ​​សាលា​​ខេត្ត​​បាត់ដំបង ដែល​ត្រូវ​បាន​កសាង​ឡើង​​នៅ​ឆ្នាំ១៩១៦។
ស្ពាន​ថ្ម​ចាស់​​សម័យ​​បារាំង​នៅ​​​មុខ​​សាលា​​ខេត្ត​​បាត់ដំបង ដែល​ត្រូវ​បាន​កសាង​ឡើង​​នៅ​ឆ្នាំ១៩១៦។
រូប៖ រដ្ឋបាល​ខេត្ត​បាត់ដំបង

អាជ្ញាធរ​​ខេត្ត​បាត់ដំបង ​បញ្ឈប់​គម្រោង​រុះរើ​ស្ពាន​ថ្ម​ចាស់ នៅ​មុខ​សាលា​ខេត្ត​ ដែល​កសាង​ក្នុង​​សម័យ​អាណានិគម​​​បារាំង​ហើយ​ ដោយ​ទុក​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ជា​អ្នក​រក​ថវិកា​ជួសជុល និង​ថែទាំ​ស្ពាន​ថ្ម​នេះ​វិញ។ ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី២០ ធ្នូ​ថា រដ្ឋបាល​សាលា​ខេត្ត​បាត់ដំបង មាន​ជំហរ​ក្នុង​ការ​​អភិរក្ស​ស្ពាន​ថ្ម​ចាស់ ដែល​ជា​ស្ពាន​បុរាណ​​នៅ​មុខ​សាលា​ខេត្ត​ឱ្យ​នៅ​គង់វង្ស ហើយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​មាន​ការ​ព្រួយបារម្ភ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ស្នើ​សុំ​អន្តរាគមន៍ ដើម្បី​ថែរក្សា​ស្ពាន​ថ្ម​ចាស់​នេះ កុំ​ឲ្យ​មាន​ការ​រុះរើ។

អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ ​ឲ្យ​អាស៊ី​សេរី​ដឹង​បន្ថែម​ថា អាជ្ញាធរ​ខេត្ត​ គ្មាន​បំណង​កម្ទេច​ស្ពាន​ថ្ម​បុរាណ​នេះ​ឡើយ ហើយ​សាធារណជន អាច​ភ័ន្ត​ច្រឡំ​នឹង​ពាក្យ​រុះរើ។ អភិបាល​ខេត្ត​រូប​នេះ អះអាង​ថា ពាក្យ​រុះរើ​​នេះ​ គឺ​អាជ្ញាធរ​ចង់​រុះ​កន្លែង​ពុក​ផុយ​ចេញ ហើយ​ចាក់​បេតុង​ជួស​ជុល​កន្លែង​ពុក​ផុយ​នៃ​ស្ពាន​ឡើងវិញ មិន​មែន​រុះរើ​ស្ពាន​ចោល​ទេ។ ស្ពានថ្ម​ចាស់ នៅមុខ​សាលាខេត្ត​បាត់ដំបង ត្រូវ​បាន​កសាង​នៅ​ឆ្នាំ១៩១៦ ក្នុង​សម័យ​អាណានិគម​បារាំង។ មក​ដល់​បច្ចុប្បន្ន ស្ពាន​នេះ​មាន​អាយុ​កាល ១០៣ឆ្នាំ។ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ដាក់​បម្រាម​មិន​ឲ្យ​​អ្នក​ដំណើរ​ឆ្លង​កាត់​យូរ​មក​ហើយ ដោយសារ​ស្ថានភាព​​ទ្រុឌទ្រោម​ ការ​ប្រេះស្រាំ​ និង​ភាព​ពុក​ផុយ​នៃ​ស្ពាន។ លោក ងួន រតនៈ ថា រដ្ឋបាល​ខេត្ត​គ្មាន​ជំនាញ​ខាង​ជួសជុល​ស្ពាន​នេះ​ឡើយ ដូច្នេះ​ស្ថានការណ៍​​ចំពោះ​មុខ​បច្ចុប្បន្ន​ គឺ​ខេត្ត​ប្រគល់​ឲ្យ​ក្រសួង​វប្បធម៌​ ជា​អ្នក​គ្រប់គ្រង​ ថែទាំ​ទាំង​ស្រុង។

ទន្ទឹម​នឹង​ការ​​រក្សា​​ទុក​ស្ពាន​ថ្ម​ចាស់​ឲ្យ​នៅ​ដដែល លោក ងួន រតនៈ ឲ្យ​ដឹង​ថា រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នឹង​អំពាវនាវ​រក​សប្បុរសជន​ក្នុង​ស្រុក​ ដើម្បី​កសាង​ស្ពាន​ថ្ម​ថ្មី​មួយ​បន្ថែម​ទៀត ​នៅ​អែប​កៀក ​នឹង​ស្ពាន​ថ្ម​ចាស់ ​មុខ​សាលា​ខេត្ត​នោះ ហើយ​យក​រចនាបថ​ដូច​គ្នា​បេះបិទ៕