ពុទ្ធបរិស័ទ នាំ​គ្នា​ប្រារព្ធ​ពិធី​មាឃបូជា បើ​ទោះ​រដ្ឋាភិបាល​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក

ដោយ ខែ សុណង
2020-02-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពុទ្ធបរិស័ទ​មក​ពី​គ្រប់​ទិសទី​បាន​ចូលរួម​ពិធី​ដង្ហែ​មាឃបូជា វត្ត​និគ្រោធវ័ន ហៅ​វត្ត​គល់​ទទឺង ស្ថិត​នៅ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ។
ពុទ្ធបរិស័ទ​មក​ពី​គ្រប់​ទិសទី​បាន​ចូលរួម​ពិធី​ដង្ហែ​មាឃបូជា វត្ត​និគ្រោធវ័ន ហៅ​វត្ត​គល់​ទទឺង ស្ថិត​នៅ​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ។
រូប៖ ពលរដ្ឋ

ពិធី​បុណ្យ​មាឃបូជា នៅ​ឆ្នាំ​នេះ ពុទ្ធបរិស័ទ​នៅ​តែ​នាំ​គ្នា​ប្រារព្ធ​ពិធី​នៅ​តាម​វត្ត​ដដែល បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​​​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​បុណ្យ​នេះ​ក៏​ដោយ។

ក្រុម​កម្មករ​ធ្វើ​ការ​រោងចក្រ​និយាយ​ថា ពួក​គេ​សោកស្ដាយ​ ចំពោះ​ការ​ខកខាន​មិន​បាន​ចូល​រួម​ពិធី​បុណ្យ​មាឃបូជា​ឲ្យ​បាន​ពេញ​លេញ​សម្រាប់​ឆ្នាំ​នេះ។

ពិធី​បុណ្យ​មាឃ​បូជា​នេះ​ឆ្នាំ​នេះ នៅ​តែ​ប្រារព្ធ​ធ្វើ​ជា​ធម្មតា នៅ​តាម​វត្ត​អារាម​នានា និង​មាន​ពិធី​ដង្ហែ​មាឃ​បូជា​គ្រប់​វត្ត​ទាំង​អស់ នៅ​រាជធានី​ភ្នំពេញ និង​វត្ត​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។

ព្រះ​មេគណ​គណៈ​មហានិកាយ រាជធានី​ភ្នំពេញ ព្រះ​អង្គ ខឹម សន មាន​ថេរៈ​ដីកា​ឲ្យ​ដឹង​ថា គ្រប់​វត្ត​ទាំង​អស់​នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​ដង្ហែ​មាឃ នៅ​ម៉ោង ៣រសៀល ថ្ងៃ​ទី៨ កុម្ភៈ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី១៥ ខ្នើត​ខែ​មាឃ ហើយ​នឹង​យក​គ្រឿង​សក្ការ​សម្រាប់​បូជា​នៅ​ពេល​យប់។ ព្រះ​អង្គ​បន្ត​ថា មាន​វត្ត​ធំៗ ខ្លះ នឹង​បន្ត​ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា​​នេះ រហូត​ដល់​ថ្ងៃ ០១​រោច ខែ​ផល្គុន។ ទោះ​ជា​រាជរដ្ឋាភិបាល​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​សម្រាប់​បុណ្យ​នេះ​ក្ដី ក៏​ព្រះអង្គ ខឹម សន ឱ្យ​ដឹង​ថា ពុទ្ធបរិស័ទ នៅ​តែ​ចូលរួម​ច្រើន​កុះករ​ដូច​រាល់​ឆ្នាំ​ដែរ៖ « ខ្លះ​ហែ​ធំ​ ខ្លះ​ហែ​តូច​ អ៊ីចឹង​ទៅ។ បរិស័ទ​ក្នុង​រាជធានី​ភ្នំពេញ​ហ្នឹង គាត់​ជ្រះ​ថ្លា ជុំ​គ្នា​តាម​ទី​វត្ត​អារាម ដង្ហែ​ទៅ​​ប្រារព្ធ​បូជា​ដោយ​សក្ការ​ផ្សេង​ៗ នៅ​តាម​វត្ត​អារាម​ហ្នឹង។ មាន​វត្ត​ខ្លះ​ ធ្វើ​តែ​មួយ​យប់​ហ្នឹង។ ប៉ុន្តែ​វត្ត​ខ្លះ​ទៀត ដូចជា​មាន​ពិធី​ថ្វាយ​ចង្ហាន់​បិណ្ឌ​បាត្រ ឬ​​​​ក៏​និមន្ត​ព្រះ​សង្ឃ​គោចរ​បិណ្ឌ​បាត្រ​អ្វី ដល់​ឆ្លង​ ដល់​ថ្ងៃ​ត្រង់​​ស្អែក ​ថ្ងៃ១​រោច។ មាន​វត្ត​ខ្លះ ត្រឹម​ម៉ោង​១២យប់​អ្វី សូត្រ​មាឃ​បូជា ថ្វាយ​គ្រឿង​សក្ការ​អ្វី​ហ្នឹង ចប់​ហើយ​ពរ និង​ពិធី​ធម្មទាន ធម្មសាកច្ឆា ស្ដី​អំពី​ខ្លឹមសារ​មាឃ​បូជា»

មាឃ​បូជា​ គឺ​ជា​ពិធី​បុណ្យ​សាសនា​សំខាន់​មួយ ដូច​ពិធី​បុណ្យ​សាសនា​ដទៃ​ទៀត ដូច​ជា វិសាខ​បូជា អាសាឍ​បូជា និង​បុណ្យ​ចេញ​ព្រះ​វស្សា​ដែរ។ ប្រទេស​កាន់​ពុទ្ធសាសនា​ទាំង​អស់ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​មាឃ​បូជា នៅ​ថ្ងៃ​ទី១៥ ខ្នើត ខែ​មាឃ​ ដើម្បី​រម្លឹក​ព្រឹត្តិការ​ណ៏​សំខាន់៣ ក្នុង​ព្រះ​ពុទ្ធ​សាសនា គឺ​ចតុរង្គ​សន្និបាត ព្រះពុទ្ធ​សម្ដែង​ឱវាទ​បាតិមោក្ខ​ដល់​ភិក្ខុ​សង្ឃ និង​ការ​ប្រកាស​ដាក់​អាយុ​សង្ខារ​របស់​ព្រះ​ពុទ្ធ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​ និង​សាសនា​ទេ ជុំវិញ​ពិធី​បុណ្យ​មាឃ​បូជា​ឆ្នាំ​នេះ។ ប៉ុន្តែ​រាល់​ឆ្នាំ ពុទ្ធ​បរិស័ទ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​បុណ្យ​មាឃ​បូជា​ធំ នៅ​បរិវេណ​ជុំវិញ​ភ្នំ​អដ្ឋរស្ស ឬ​ភ្នំ​ឧដុង្គ ជា​ទី​តម្កល់​ព្រះ​សារីរិកធាតុ​ព្រះ​ពុទ្ធ។

សម្រាប់​កម្មករ​ កម្មការិនី​ ធ្វើ​ការ​រោងចក្រ​វិញ សោកស្ដាយ​ចំពោះ​ការ​​មិន​បាន​​ចូលរួម​ពិធី​បុណ្យ​មាឃ​បូជា​នៅ​ឆ្នាំ​នេះ ដោយសារ​រដ្ឋាភិបាល​តម្រូវ​ឲ្យ​ធ្វើ​ការងារ។

កម្មការិនី​ម្នាក់ ធ្វើ​ការ​នៅ​​រោងចក្រ តេយ៉ុង (គ្មាន​ឈ្មោះ​​ជា​​ឡាតាំង) នៅ​ខេត្ត​កណ្ដាល លោកស្រី ម៉ៅ ស្រីមុំ ឲ្យ​ដឹង​ថា កម្មករ​បាន​រអ៊ូ​តាំង​ពី​ព្រលឹម​មក​ថា ឆ្នាំ​នេះ ពួក​គេ​ខកខាន​មិន​បាន​ទៅ​វត្ត​ដូច​រាល់​ឆ្នាំ។ លោកស្រី​ថា ពួក​គាត់​សោកស្ដាយ​ ចំពោះ​ការ​ខកខាន​នេះ ព្រោះ​ មិន​បាន​​ចូលរួម​ជាមួយ​​ចាស់ៗ ប្រារព្ធ​ពិធី​នេះ ហើយ​បារម្ភ​ថា បើ​អត់​ពី​ចាស់ៗ​ ធ្វើ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ មិន​ចាប់​អារម្មណ៍​នឹង​​ពិធី​បុណ្យ​មាឃ​បូជា​នេះ៖ «អត់​បាន​ទៅ​ធ្វើ​បុណ្យ​ទេ ព្រោះ​គេ​អត់(ឲ្យ)​បាន​សម្រាក​ផង។ រាល់​ឆ្នាំ​ បាន​ទៅ ព្រោះ​សម្រាក​បុណ្យ​ យើង​ទៅ​ធ្វើ​បង្អែម ធ្វើ​អ្វី​ជូន​ចាស់ៗ ទិញ​ទឹក​សុទ្ធ​ ទិញ​អ្វី​ជូន​ចាស់ៗ នៅ​វត្ត​អ្វី​អ៊ីចឹង​បាន ព្រោះ​អ្វី​ទោះ​បី​រោងចក្រ​គាត់​ការ​រវល់​ថែម​ម៉ោង​អ្វី យើង​អត់​ទៅ​ក៏​បាន​។ អា​ហ្នឹង ចង់​និយាយ​ថា យើង​មាន​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​អ៊ីចឹង យើង​បាន​ទៅ​ធ្វើ​បុណ្យ​ណា។ តែ​ឥឡូវ​នេះ កម្មករ​អត់​ទៅ​ធ្វើ​ការ​អត់​បាន​ទេ។ អត់​ទៅ​ធ្វើ​ការ ដាច់​លុយ​ប្រាក់​ឈ្នួល»

កាល​ឆ្នាំ​មុនៗ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ មន្ត្រី​រាជការ​ ឈប់​សម្រាក​ថ្ងៃ​បុណ្យ​មាឃ​បូជា​នេះ។ ប៉ុន្តែ​ សម្រាប់​ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​លុប​ចោល​ថ្ងៃ​ឈប់​ចំនួន ៦ថ្ងៃ ពី​បញ្ជី​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ហើយ​ក្នុង​នោះ គឺ​ចំ​ថ្ងៃ​បុណ្យ​មាឃ​បូជា​​មួយ​ថ្ងៃ​​ដែរ។ អ្នក​ធ្វើ​ការងារ​ខាង​សិទ្ធិ​ការងារ​និយាយ​ថា ការ​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ទាំង​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ល្បួង​​ថៅកែ​រោងចក្រ កុំ​ឲ្យ​រើ​ចេញ​ពី​កម្ពុជា និង​ជា​ការ​កិបកេង ថ្ងៃ​ឈប់​សម្រាក​របស់​​កម្មករ ហើយ​ក៏​ជា​ការ​ទប់ទល់​នឹង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប៕