តើ​កូន​ចៅ​ហៅ​ឪពុក​ម្ដាយ​ផឹក​ស៊ី​ជាមួយ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខុស​ដែរ​ឬ​ទេ?

ដោយ ជិន ជេដ្ឋា
2017-04-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ពិសា​ស្រាបៀ​ក្នុង​ឱកាស​ជួបជុំ​ញាតិ​មិត្ត កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៧។ RFA
ពលរដ្ឋ​ពិសា​ស្រាបៀ​ក្នុង​ឱកាស​ជួបជុំ​ញាតិ​មិត្ត កាល​ពី​អំឡុង​ខែ​មករា ឆ្នាំ​២០១៧។ RFA
Photo: RFA

ប្រជាពលរដ្ឋ​ខ្មែរ​មិន​ថា​នៅ​ជនបទ ឬ​ទីក្រុង និយម​ផឹក​គ្រឿង​ស្រវឹង​ពេល​មាន​ពិធី​ជួប​ជុំ​ផ្សេងៗ។ បច្ចុប្បន្ន​ការ​ជួបជុំ​បងប្អូន​ដើម្បី​ទទួល​ទាន​អាហារ​ជា​លក្ខណៈ​គ្រួសារ ក៏​មាន​អម​ដោយ​ដប​ស្រាបៀរ ឬ​ទឹក​ត្នោត​ជូរ​ដែរ ហើយ​ពេល​ខ្លះ​កូន​ចៅ​បាន​បបួល​ឪពុក​ម្ដាយ​ផឹក​ជាមួយ​គ្នា​ទៀត​ផង ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយ។

តើ​កូនៗ​ហៅ​ឪពុក​ម្ដាយ​ផឹក​ស៊ី​ជាមួយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខុស​ឆ្គង​ដែរ ឬ​ទេ?

នៅ​មុន​ការ​វិនិច្ឆ័យ​ថា មាន​ភាព​ខុស​ឆ្គង ឬ​មិន​ខុស​ឆ្គង​ចំពោះ​ការ​ហៅ​ឪពុក​ម្ដាយ​ទទួល​ទាន​អាហារ និង​គ្រឿង​ស្រវឹង​ជាមួយ​នេះ​ កូនៗ​ខ្លះ​បាន​ធ្វើ​រួច​ហើយ។

បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្លះ​យល់​ថា ទង្វើ​របស់​កូន​ចៅ​នេះ​មិន​ខុស​ឆ្គង​អ្វី​ឡើយ ដោយ​ការ​ធ្វើ​របស់​កូនៗ​ចង់​ឲ្យ​ឪពុក​ម្ដាយ​សប្បាយចិត្ត និង​បង្កើន​ភាព​ស្និទ្ធស្នាល​ក្នុង​រង្វង់​គ្រួសារ ក្រោយ​ពេល​បែក​គ្នា​យូរ។

​អ្នក​បើក​ឡាន​ដឹក​កម្មករ​រោងចក្រ វ័យ ២០​ឆ្នាំ​ម្នាក់ នៅ​ឃុំ​ជ្រោយដង ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល លោក ង៉ោ ធារ៉ា ឲ្យ​ដឹង​ថា រូប​លោក និង​បងប្អូន​បង្កើត​បី​នាក់​ទៀត តែងតែ​ទិញ​នំចំណី និង​ទឹក​ផ្លែឈើ​ជូន​ឪពុក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ម្ដងៗ។ រយៈ​ពេល​បី​ថ្ងៃ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ បងប្អូន​លោក​ក៏​ឆ្លៀត​បបួល​ឪពុក​ពិសា​អាហារ និង​ផឹក​ស្រាបៀរ​ទៅ​តាម​លទ្ធភាព​គាត់​ទទួល​បាន៖ «និយាយ​រួម​ទៅ​ឲ្យ​តែ​មាន​កម្មវិធី​ជួបជុំ​សប្បាយ​ជាមួយ​គាត់ (ឪពុក) រហូត ព្រោះ​អី​មិន​បាន​ជួបជុំ​គាត់​រាល់​ថ្ងៃ​ទេ យូរៗ​ជួប​គាត់​ម្ដង។ (ជិន ជេដ្ឋា៖ តើ​នឹង​ដូរ​ទម្លាប់​ហ្នឹង​ទេ ឬ​នៅ​តែ​បន្ដ​ធ្វើ​ម៉េច​ឲ្យ​គាត់​សប្បាយ?) ថា​នឹង​ដូរ តែ​បើ​គាត់​ចង់​សប្បាយ​នៅ​ជួបជុំ​ជាមួយ​គាត់ យូរ​ទៅ​ឲ្យ​គាត់​ហូប​មួយ​កំប៉ុង​ពីរ​កំប៉ុង​ឲ្យ​សប្បាយ​ទៅ»

យុវវ័យ ឬ​កូន​ចៅ​ខ្លះ​យល់​ថា ការ​ជួបជុំ​គ្រួសារ ឬ​ឪពុកម្ដាយ​ដើម្បី​ពិសា​អាហារ​ដោយ​មាន​ស្រាបៀ​ផឹក​ជា​មួយ​ផង​នោះ បាន​ធ្វើ​ឲ្យ​គ្រួសារ​សប្បាយ​រីករាយ និង​ក្រុម​គ្រួសារ​ដើរ​ទាន់​សម័យ​កាល​ថ្មី​ជាដើម។

ចំណែក​ស្ត្រី​ម្នាក់​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល លោកស្រី សុខ យ៉ុន មាន​ប្រសាសន៍​ថា សព្វថ្ងៃ​អ្នក​ភូមិ​គាត់​និយម​ផឹក​ស្រាបៀ​ជាមួយ​បងប្អូន និង​ឪពុក​ម្ដាយ​ណាស់។ ចំណែក​កូនៗ​របស់​លោកស្រី​វិញ​ក៏​មាន​ការ​ផឹក​ស៊ី​ដែរ ប៉ុន្តែ​ភាគ​ច្រើន​ពួកគេ​ជួប​ជុំ​តែ​ក្មេងៗ រី​ឯ​គាត់​ជា​មនុស្ស​ចាស់​ជួប​ជុំ​គ្នា​សប្បាយ​តាម​បែប​មនុស្ស​ចាស់ ហើយ​កូនៗ​គាត់​ក៏​ខ្មាសអៀន​កម្រ​ហ៊ាន​ជល់​កែវ​ជាមួយ​លោកស្រី​ណាស់៖ «ហូប​បន្តិចបន្តួច​ដូច​ថា ពេល​ជួបជុំ​គ្នា​នៅ​កន្លែង​គេ​ធ្វើ​កម្មវិធី​អ៊ីចឹង ជួន​កាល​កូន​ក៏​ទៅ​នេះ​ទៅ​ណោះ​អ៊ីចឹង​ទៅ ម៉ែ​នៅ​ភូមិ​អ៊ីចឹង​ទៅ»

ទោះ​ជា​យ៉ាង​ណា ចាស់ព្រឹទ្ធាចារ្យ​យល់​ថា សកម្មភាព​ផឹកស៊ី​របស់​កូន​ចៅ​ខ្មែរ​មាន​រូបភាព​កាន់​តែ​គគ្រឹកគគ្រេង និង​ពេល​ខ្លះ​ឈាន​ដល់​ហៅ​ឪពុក​ម្ដាយ​ផឹក​ស៊ី​គោះ​កែវ​ស្រា​ជាមួយ ជា​ទង្វើ​ខុសឆ្គង​ដែល​កូនចៅ​គួរ​លះបង់ ឬ​រក​វិធី​ផ្សេង​ជំនួស​ក្នុង​ការ​ផ្ដល់​ភាព​ស្និទ្ធស្នាល​ក្នុង​គ្រួសារ​តាម​វិធី​នេះ។ គេ​គួរ​ទិញ​នំ​ចំណី និង​គ្រឿង​បរិភោគ​ជូន​ចាស់​ទុំ និង​ឪពុក​ម្ដាយ​ជំនួស​ការ​ចំណាយ​លុយ​ទិញ​គ្រឿង​ស្រវឹង។

ព្រឹទ្ធាចារ្យ​វ័យ​ជាង ៨០​ឆ្នាំ​ម្នាក់​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ លោកស្រី អ៊ូច សារ៉េត ផ្ដល់​ការ​ណែនាំ​ថា កូន​ចៅ​គួរ​សង្វាត​ធ្វើ​បុណ្យ​ទាន​ទាន់​ខ្លួន​នៅ​ក្មេង ស្រឡាញ់​រាប់​អាន​បងប្អូន និង​ប្រឹង​រក​ស៊ី​ជា​ជាង​យក​ដប​ស្រា​ទៅ​បង្កើន​ភាព​សប្បាយ​រីករាយ​ក្នុង​គ្រួសារ។

លោកស្រី​ថា សង្គម​រស់​នៅ​ស៊ីវិល័យ​មិន​សំដៅ​លើ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង ឬ​ហៅ​ឪពុក​ម្ដាយ​ចូល​រួម​នៅ​តុ​ស្រា​នោះ​ទេ៖ «ជំនាន់​នោះ​មាន​តែ​ទឹក​ត្នោត​ជូរ ហើយ​ការ​ហូប​ចុក​អី​វេទនា​ណាស់​ក្មួយ ដូច​ឪពុក​ខ្ញុំ​អី​ឡើង​តែ​ត្នោត​ទេ លក់​ស្ករ​មួយ​ពាង​បាន ៦០០​រៀល។ ឥឡូវ​គេ​សម្បូរ​មាន​ម៉ូតូ ឡាន គេ​សប្បាយ​ ឲ្យ​តែ​កូន​ហុច​មក​ម៉ែ​ដាក់​មួយ​ក្អឹក​ទៅ។ ពី​ដើម​ទៅ​រៀន​អី​ខ្ញុំ​ដើរ​ទៅ​ដើរ​មក​រហូត»

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​ថា គ្រឿង​ស្រវឹង​គឺ​ជា​ឃាតក​លាក់​មុខ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​រាប់​រយ​មុខ គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​ហិង្សា​ជា​ដើម។ ការ​បបួល​បង​ប្អូន ឬ​ឪពុក​ម្ដាយ​ផឹក​ស្រា​ជាមួយ​គ្នា​ក្នុង​ន័យ​ដើម្បី​បង្កើន​ភាព​សប្បាយ​រីករាយ​នោះ គឺ​គ្រាន់​តែ​ជា​រូបភាព​បោកប្រាស់​ប៉ុណ្ណោះ តែ​ផ្ទុយ​ទៅ​វិញ វា​ធ្វើ​សីលធម៌​សង្គម​ធ្លាក់​ចុះ៖ «ការ​ផឹក​ស្រា​នៅ​ក្នុង​សង្គម​ខ្មែរ ក្នុង​ក្រុម​គ្រួសារ​ខ្មែរ​មាន​ច្រើន ហើយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជា​ច្រើន​ទៀត​ដែល​គេ​ឃើញ​ថា ផឹក​ស្រា​នៅ​ក្នុង​គ្រួសារ​អី​ថា ជួបជុំ​គ្រួសារ​រីករាយ ប៉ុន្តែ​ទាំង​អស់​ហ្នឹង​សុទ្ធតែ​ជា​ការ​បំភ័ន្ត​ការ​ពិត តែ​ធាតុ​ពិត​មិន​សូវ​ជៀស​រួច​ពី​ការ​ឈ្លោះ​គ្នា​ទេ»

លោក​ផ្ដល់​អនុសាសន៍​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​កាត់​បន្ថយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​ប្រព័ន្ធ​ផ្សាយ​ដំឡើង​ពន្ធ ឬ​តម្លៃ​លើ​ផលិត​គ្រឿង​ស្រវឹង ហើយ​ពលរដ្ឋ​ខ្លួន​ឯង​គួរ​យល់​ដឹង​ពី​សីលធម៌​សង្គម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Where I live, the modern family party never drinks alcohol before children under age. If they have party that has alcohol in it, they must let their guest to know not to bring children to the party or they may set up drinking and smoking section area. Parent and children can drink together if they all adult and alcohol is limited for safety and health. Well our Cambodia culture always respects older and show good model to the young so they can learn good ways on their future.
**For me, my parent is and older person, they can choose to say no or yes to what they expose. **

Apr 15, 2017 08:49 AM

គេហទំព័រ​ទាំងមូល