ក្រសួង​អប់រំ និង​ក្រសួង​ព័ត៌មាន រួម​គ្នា​បង្កើត​កម្មវិធី​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

ដោយ ខែ សុណង
2020-04-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ថត​ការ​បង្រៀន​របស់​គ្រូ​ សម្រាប់​កម្មវិធី​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។
សកម្មភាព​ថត​ការ​បង្រៀន​របស់​គ្រូ​ សម្រាប់​កម្មវិធី​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។
រូប៖ ហ្វេសប៊ុក​ក្រសួង​អប់រំ

ក្រសួង​អប់រំ និង​ក្រសួង​ព័ត៌មាន រួម​គ្នា​បង្កើត​កម្មវិធី​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​កម្មវិធី​នេះ​ដំណើរ​ការ​ផ្សាយ​ការ​បង្រៀន​តាម​អនឡាញ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណិត និង​តាម​រយៈ​ប្រព័ន្ធ​ទូរទស្សន៍ ក្នុង​ពេល​កម្ពុជា​កំពុង​រង​ការ​រាតត្បាត​ជំងឺ covid-19។ ឪពុក​ម្ដាយ​សិស្ស​ថា ពួក​គេ​គ្មាន​សមត្ថភាព​នឹង​ធ្លាប់​បណ្ដាញ​អ៊ិនធើណិត ដើម្បី​ឲ្យ​កូនៗ ពួក​គេ​អាច​សិក្សា​បាន​ទេ ប៉ុន្តែ​ពួក​គេ​មាន​លទ្ធភាព​ឲ្យ​កូន​រៀន​បាន​ទូរទស្សន៍។

កម្មវិធី​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក គ្រោង​បើក​ផ្លូវការ​ជា​លើក​ដំបូង​នា ព្រឹក​ថ្ងៃ​ទី២០ ខែ​មេសា តាម​អនឡាញ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​តាម​រយៈ​ប្រព័ន្ធ​ទូរទស្សន៍​ផ្កាយ​រណប​ឈ្មោះ តេជោ​ឌីធីវី (DTVK ) នៃ​ក្រសួង​ព័ត៌មាន។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​អប់រំ​ឲ្យ​ដឹង​ថា កម្មវិធី​នេះ នឹង​ធ្វើ​ឲ្យ​សិស្ស​នៅ​ទី​ជនបទ​អាច​ទទួល បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ដូច​សិស្ស​នៅ​ទីក្រុង​ដែរ។

ទីភ្នាក់ងារ​សារ​ព័ត៌មាន​កម្ពុជា​អាកាប៉េ (AKP) ដែល​ជា​សារ​ព័ត៌មាន​របស់​រដ្ឋ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឲ្យ​ដឹង​ថា ក្រសួង​អប់រំ​ជា​អ្នក​ផលិត​រាល់​មុខ​វិជ្ជា​កម្មវិធី​បង្រៀន ហើយ​យក​មក​ចាក់​ផ្សាយ​នៅ​ទូរទស្សន៍ ជាតិ​កម្ពុជា និងApp ក្រសួងព័ត៌មាន។

កម្មវិធី​នេះ​នឹង​ផ្ដល់​នូវ​ចំណេះ​ដឹង​ទូទៅ សម្រាប់​កុមារ​តូច រហូត​ដល់​ធំ តាម​រយៈ​ការ​ចាក់​ផ្សាយ តាម​ប្រព័ន្ធ អ៊ិនធើណេត Internet App ក្រសួងព័ត៌មាន និង តាម​រយៈ​ប្រព័ន្ធ​ទូរទស្សន៍​ផ្កាយរណប​តេជោ ឌីធីវី គឺ​ប៉ុស្តិ៍ TVK 2

ក្រសួង​អប់រំ​ឲ្យ​ដឹង​ថា កម្មវិធី​សិក្សា​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៦ព្រឹក ដល់ ១០យប់ និង​មាន​ការ​ចាក់​ផ្សាយ​ឡើងវិញ គឺ ២៤ម៉ោង ជា​រៀង​រាល់​ថ្ងៃ សម្រាប់​សិស្ស​ពី​ថ្នាក់​ទី១ ដល់​ថ្នាក់​ទី១២។

ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ចង់​ឃើញ​ក្រសួង​យក​ចិត្ត​បំផុត គឺ​សិស្ស​ថ្នាក់​ទី៩ និង​សិស្ស​ថ្នាក់​ទី១២ ដោយសារ​តែ​ពួក​គេ​ត្រូវ​ការ​ប្រឡង។ ចំពោះ​ការ​សិក្សា​ពី​ចម្ងាយ និង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក លោក រ៉ុង ឈុន យល់ថា គឺ​ត្រឹម​អាច​ផ្ដល់​ផល​តិចតួច​ដល់​សិស្ស​ប៉ុណ្ណោះ ខណៈ​សិស្ស​ភាគ​ច្រើន​គ្មាន​លទ្ធភាព​អាច​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក៖ «»

លោក រ៉ុង ឈុន បន្ត​ថា សូម្បី​តែ​ការ​បង្រៀន​កន្លង​មក​នៅ​ក្នុង​ថ្នាក់​រៀន មាន​គ្រូ​បង្រៀន​ជា​ប្រចាំ​ផង ក៏​សិស្ស​មួយ​ចំនួន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដែរ។ លោក​យល់​ថា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សិក្សា​ក្នុង​ស្ថានភាព​នេះ គឺ​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​សិស្ស​ប៉ុណ្ណោះ ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចែករំលែក​ចំណេះ​ដឹង និង​រំលឹក​កូន​ឲ្យ​ប្រឹងប្រែង​រៀន​សូត្រ៖ «»

ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះ​សីហនុ លោក លោក ស៊ុន សុផាត ឲ្យ​ដឹង​ថា លោក​មាន​កូន​បួន​នាក់ ដែល​កំពុង​នៅ​រៀន។ លោក​ថា លោក​គ្មាន​លទ្ធភាព​ទិញ​ទូរស័ព្ទ​ទំនើប ដើម្បី​ឲ្យ​កូន​រៀន​តាម​ប្រព័ន្ធ​អ៊ីនធឹណិត​ឡើយ។ លោក​គាំទ្រ ចំពោះ​កម្មវិធី​សិក្សា​តាម​ទូរទស្សន៍។ ប៉ុន្តែ​មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​ដឹង​ថា កម្មវិធី​សិក្សា​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​នោះ​នៅ​ប៉ុស្តិ៍​ណា​នោះ​ទេ៖ «»

ក្រសួង​អប់រំ និង​ក្រសួង​ព័ត៌មាន ក្រសួង​រំពឹង​ថា កម្មវិធី​នេះ នឹង​លើក​កម្ពស់​សមភាព​ការ​សិក្សា ដល់​សិស្ស​ទាំង​នៅ​ទីក្រុង និង​បណ្ដា​ខេត្ត ឲ្យ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​គុណភាព។ ក្រសួង​ទាំង​ពីរ​អះអាង​ថា ទោះ​បី​សាលារៀន​បើក​ដំណើរ​ការ​ឡើង​វិញ​ក៏​ដោយ ក៏​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​នេះ នៅ​តែ​បន្ត​ចាក់​ផ្សាយ កម្មវិធី​អប់រំ​នេះ​ដដែល។ របាយការណ៍​ក្រសួង​ព័ត៌មាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នៅ​កម្ពុជា មាន​អតិថិ​ជន​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូរទស្សន៍​ផ្កាយ​រណប (Satellite) តេជោ DTV ប្រមាណ ៨ សែន​គ្រឿង ដែល​ប៉ាន់ប្រមាណ​ថា មាន​អ្នក​ទស្សនា​ជិត ៣លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​ប្រមាណ ១៦លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល