ពលរដ្ឋ​រាប់​ម៉ឺន​នាក់​សម្រុក​ចូល​កម្សាន្ត​នៅ​តំបន់​អង្គរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្ងៃ​ទី​៣

ដោយ ហង្ស សាវយុត
2017-04-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ទៅ​លេង​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ខេត្ត​សៀមរាប ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៧។
ពលរដ្ឋ​ទៅ​លេង​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ខេត្ត​សៀមរាប ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Hang Savyouth

ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ឯ​តំបន់​អង្គរ​ក្នុង​ខេត្ត​សៀមរាប គឺ​មាន​ចំនួន​មនុស្ស​ច្រើន​ណែនណាន់​តាន់តាប់​សម្រុក​ចូល​ទៅ​កម្សាន្ត​នៅ​ទីនោះ។ ការ​ដែល​មហាជន​នាំ​គ្នា​សម្រុក​ទៅ​តំបន់​អង្គរ​ច្រើន​កុះករ​នេះ ដោយសារ​តែ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​រៀបចំ​នៅ​ទីនោះ​មាន​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ប្រភេទ ជា​ហេតុ​ទាក់ទាញ​ឲ្យ​ពួក​គេ​ចង់​ឃើញ និង​ចូលរួម​សប្បាយ។

មន្ត្រី​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៥ នៅ​ខេត្ត​សៀមរាប អះអាង​ថា នៅ​ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ត្រូវ​នឹង​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មេសា ថា​មិន​ត្រឹម​តែ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ចាប់​អារម្មណ៍ ហើយ​សម្រុក​ចូល​ទៅ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ គឺ​ពលរដ្ឋ​មក​ពី​បណ្ដា​ប្រទេស​ជា​មិត្ត​ខ្លះ​ដូចជា​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​រុស្ស៊ី និង​សមាគម​ប្រជាពលរដ្ឋ​នៃ​ប្រទេស​សិង្ហបុរី ក៏​បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ដែរ។

មន្ត្រី​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៥ គឺ​លោក សោម រតនា។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មេសា ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី​៥ នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប នៅ​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឲ្យ​ចូលរួម​សប្បាយ​យ៉ាង​ច្រើន។ លោក សោម រតនា បញ្ជាក់​ថា ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មេសា គឺ​ជា​ថ្ងៃ​ទី​៣ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទៅ​ហើយ ក៏ប៉ុន្តែ​នៅ​តែ​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​នាំ​គ្នា​ចូល​កម្សាន្ត និង​លេង​ល្បែង​ប្រជាប្រិយ​ជាច្រើន​ប្រភេទ និង​ការ​រាំ​លេង​សប្បាយ៖ «ឆ្នាំ​នេះ គឺ​យើង​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជាច្រើន​ដែរ ហើយ​យើង​ក៏​មាន​ប្រទេស​ជា​មិត្ត ដូចជា ចិន រុស្ស៊ី និង​សិង្ហបុរី ជាដើម បាន​បញ្ជូន​អ្នក​ចូលរួម​ពី​បណ្ដា​ប្រទេស​របស់​គាត់ មក​ចូលរួម​ដែរ»

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​តំបន់​អង្គរ​ឆ្នាំ​នេះ បាន​រៀបចំ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន ចាប់​តាំង​ពី​មុខ​ប្រាសាទ​អង្គរវត្ត រហូត​ទៅ​ដល់​តំបន់​អង្គរធំ។ ល្បែង​ប្រជាប្រិយ​ខ្មែរ​ទាំងនោះ​មាន​ល្បែង​ប្រកួត​អុក ឬ​ក៏​ក្រឡាចត្រង្គ ល្បែង​ទាញ​ព្រ័ត្រ ការ​រត់​ប្រណាំង​ច្រក​បាវ ការ​សម្ដែង​ក្បាច់​គុន​ល្បុក្កតោ និង​ការ​រាំ​លេង​កម្សាន្ត ជាដើម។

ក្រុម​យុវជន​លេង​ទាញ​ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ខេត្ត​សៀមរាប ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៧។
ក្រុម​យុវជន​លេង​ទាញ​ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ខេត្ត​សៀមរាប ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Hang Savyouth

មន្ត្រី​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​មាន​លក្ខណៈ​ពិសេស​ជាង​ឆ្នាំ​មុនៗ ដោយ​មាន​រៀបចំ​ទាក់ទាញ​ទាំង​កុមារ​តូចៗ និង​មនុស្ស​ពេញ​វ័យ​ឲ្យ​ចូល​លេង​កម្សាន្ត ហើយ​ជាពិសេស គឺ​បាន​បង្ហាញ​ប្រវត្តិ ១០០​ឆ្នាំ​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​ជា​ទិដ្ឋភាព​ថ្មី និង​មាន​ការ​ទាក់ទាញ​ខ្លាំង​ក្នុង​វិស័យ​វប្បធម៌។

ចាប់​តាំង​ពី​ម៉ោង ៨​ព្រឹក គឺ​មាន​មនុស្ស​កុះករ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត តាម​រ៉ឺម៉ក​ម៉ូតូ និង​តាម​ម៉ូតូ​ជាដើម សម្រុក​ចូល​ទៅ​កម្សាន្ត​នៅ​តាម​តំបន់​អង្គរ ជា​ហេតុ​ធ្វើ​ឲ្យ​ដង​ផ្លូវ​សំខាន់ៗ​ត្រូវ​កកស្ទះ​ចរាចរណ៍​ជា​អន្លើៗ។

ប្រជាពលរដ្ឋ​ជាច្រើន​បាន​បង្ហាញ​អារម្មណ៍​ប្រហាក់​ប្រហែល​គ្នា​ថា ពួក​គេ​រីករាយ​នៅ​ពេល​ដែល​បាន​មក​កម្សាន្ត​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​តំបន់​អង្គរ​នេះ។

កញ្ញា ស្រី​មុំ ជា​អ្នក​រស់នៅ​ខេត្ត​សៀមរាប មាន​ប្រសាសន៍​ថា នាង​បាន​មក​លេង​នៅ​មុខ​អង្គរវត្ត​ជាមួយ​នឹង​មិត្តភ័ក្ដិ។ នាង​បាន​ឃើញ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រៀបចំ​បង្ហាញ​ទស្សនីយភាព ព្រម​ទាំង​មាន​លេង​ល្បែង​ប្រជាប្រិយ​ជាច្រើន​នេះ ធ្វើ​ឲ្យ​នាង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង៖ «ជូនពរ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មាន​សុខភាព​ល្អ រក​ស៊ីមាន​បាន ហើយ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សេចក្តី​សុខ​គ្រប់​គ្នា»

អ្នកស្រី ស៊ឹង ផល្លា ដែល​នាំ​កូន​ប្រុស​ស្រី​ជាច្រើន​នាក់​ពី​ទីក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា គាត់​បាន​ចាកចេញ​ពី​ផ្ទះ​រយៈពេល ៣​ថ្ងៃ​ហើយ ដើម្បី​កម្សាន្ត​នៅ​តំបន់​អង្គរ។ ស្ត្រី​ដដែល​បញ្ជាក់​ថា គាត់​ចូល​ចិត្ត​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ខេត្ត​សៀមរាប ទើប​រយៈពេល ៥​ឆ្នាំ​មក​នេះ គាត់​មិន​ដែល​ទៅ​កម្សាន្ត​នៅ​ខេត្ត​ផ្សេង​ទេ៖ «ពេល​មក​ដល់​ឃើញ​ទិដ្ឋភាព​នៅ​អង្គរ ដូចជា​ស្រស់ស្រាយ ឃើញ​ក្មេងៗ​លេង​សប្បាយ​ហាក់​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ខ្ញុំ​ភ្លេច​អស់​ការ​នឿយ​ហត់»

ចំណែក​អ្នកស្រី ហង្ស ណារី ជា​អ្នក​នៅ​ខេត្ត​សៀមរាប ម្នាក់​ទៀត​មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ថ្ងៃ អ្នកស្រី​តែង​ជាប់​រវល់​នឹង​ការងារ ទើប​តែ​ថ្ងៃ​នេះ​បាន​សម្រាក ក៏​ដើរ​លេង​តំបន់​អង្គរ​ជាមួយ​នឹង​គ្រួសារ។ អ្នកស្រី ណារី បង្ហាញ​អារម្មណ៍​រំភើប​នៅ​ពេល​ដែល​ឃើញ​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ប្រភេទ ព្រម​ទាំង​នៅ​គ្រប់​ទីកន្លែង​មាន​មនុស្ស​កុះករ ព្រម​ទាំង​មាន​ការ​រាំ​លេង​កម្សាន្ត​ផង​នោះ៖ «យើង​ជា​ខ្មែរ ចាប់​អារម្មណ៍​ទាំងអស់​ប្រពៃណី​យើង មិន​អាច​ចោល​បាន​ទេ គឺ​សប្បាយ​ចិត្ត។ គេ​ក៏​ដើរ យើង​ក៏​ដើរ គឺ​សប្បាយ​ណាស់ ព្រោះ ១​ឆ្នាំ​មានតែ​ម្ដង»

មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប លោក អ៊ួង សុផល មាន​ប្រសាសន៍​ថា ក្នុង​ពេល​ដែល​ចំនួន​មនុស្ស​ច្រើន​កុះករ​ចូល​មក​កម្សាន្ត​នៅ​តំបន់​អង្គរ​នេះ គឺ​កម្លាំង​សន្តិសុខ​បាន​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង ខ្លាច​ក្រែង​មាន​ជន​ខិលខូច​ឆ្លៀត​ឱកាស​លួច​ឆក់​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ដើរ​កម្សាន្ត។ មន្ត្រី​សន្តិសុខ​ដដែល​បញ្ជាក់​ថា ក្នុង​រយៈពេល ៣​ថ្ងៃ​នេះ សន្តិសុខ​នៅ​តំបន់​អង្គរ​បាន​ធានា​ទាំងស្រុង មិន​មាន​អំពើ​លួច និង​ឆក់​ទេ ក៏ប៉ុន្តែ​មាន​បញ្ហា​ខ្លះ​បាន​កើត​ឡើង គឺ​ប្រជាពលរដ្ឋ​ខ្លះ​បាន​វង្វេង​គ្រួសារ ដោយសារ​តែ​ចំនួន​មនុស្ស​ច្រើន​ពេក។

ទោះ​ជា​យ៉ាង​ណា រហូត​មក​ដល់​ថ្ងៃ​ទី​៣ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​អង្គរ​នេះ គឺ​ទាំង​អាជ្ញាធរ​ខេត្ត​សៀមរាប និង​មន្ត្រី​មន្ទីរ​ទេសចរណ៍ នៅ​មិន​ទាន់​អាច​សរុប​ចំនួន​អ្នក​ចូល​មក​កម្សាន្ត​ថា​ប៉ុន្មាន​ម៉ឺន​នាក់​ច្បាស់លាស់​នៅ​ឡើយ​ទេ ដោយ​អាជ្ញាធរ​បាន​ត្រឹម​តែ​ប្រកាស​ឲ្យ​កន្លែង​ផ្ញើ​ម៉ូតូ និង​រថយន្ត​ទាំងឡាយ កុំ​យក​ថ្លៃ​ផ្ញើ​យានយន្ត និង​លក់​ម្ហូប​អាហារ​ខ្ពស់​ហួសហេតុ​ពេក ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​មក​កម្សាន្ត​សប្បាយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល