ស្ថានភាព​​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​ទី៣ មាន​សភាព​ស្ងប់ស្ងាត់​ដូច ២ថ្ងៃ​ដំបូង

ដោយ សេក បណ្ឌិត
2020-04-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ស្ងប់ស្ងាត់​នៅ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ទី៣ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ២០២០។
ទិដ្ឋភាព​ស្ងប់ស្ងាត់​នៅ​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ទី៣ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ស្ថានភាព​ថ្ងៃ​ទី​៣ ក្នុង​កំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ថ្ងៃ​នេះ មាន​សភាព​ស្ងប់ស្ងាត់ មិន​ខុស​ពី​២​ថ្ងៃ​​ដំបូង​ទេ​។ អ្នក​ភ្នំពេញ​ ប្រាប់​ថា តាម​ផ្លូវ និង​វត្ត​អារាម​ស្ងាត់​ជ្រាប។ រីឯ​កម្មករ​រោងចក្រ​វិញ ថ្វីត្បិត​តែ​នាំ​គ្នា​ទៅ​ជុំ​គ្នា​ក្នុង​រោងចក្រ ក៏​ពួក​គេ​គ្មាន​អារម្មណ៍​ធ្វើការ​នៅ​ក្នុង​ខ្លួន​ទេ។ ក្រុម​កម្មករ​សំណង់​​ឯ​ណោះ​វិញ ខ្លះ​នាំ​គ្នា​ឈប់​សម្រាក​មិន​ធ្វើ​ការ​នៅ ថ្ងៃ​ចូល​ឆ្នាំ​ ដូច​អ្នក​រោងចក្រ​ឡើយ​ពួកគេ សុខ​ចិត្ត​ឲ្យ​ថៅកែ​កាត់​លុយ​ឈ្នួល។

ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោកស្រី ភោគ សុភីន ឲ្យ​ដឹង​ថា ទិដ្ឋភាព​ទីក្រុង​ពុំ​សូវ​មាន​មនុស្ស​អ៊ូអរ​ធ្វើ​ដំណើរ​ទេ។ តាម​វត្ត​អារាម​ គ្មាន​ពុទ្ធបរិស័ទ​ជួបជុំ​គ្នា មិន​សូវ​មាន​អ្នក​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ ជា​ហេតុ​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​អ្នក​រស់​នៅ​ក្នុង​សហគមន៍​ក្រីក្រ​យ៉ាង​ខ្លាំង​ ព្រោះ​ពួកគេ​​​​ធ្លាប់​តែ​ទៅ​​លក់​ផ្កា យាម​​ស្បែក​ជើង​​នៅ​​មុខ​​សាលា​ឆាន់ សុំ​ទាន​ និង​​សុំ​បាយ​វត្ត​​មក​បរិភោគ​​។ តែ​ឆ្នាំ​នេះ អ្នក​រស់​នៅ​ក្នុង​សហគមន៍​ក្រីក្រ និង​មាន​ជម្លោះ​ដីធ្លី នៅ​​បូរី​កីឡា ​នាំ​គ្នា​ដើរ​ទៅ​រក​បេះ​ត្រកួន​ និង​រើស​អេតចាយ យក​មក​លក់​វិញ៖ «និយាយ​ទៅ​វត្ត​ស្ងាត់ អត់​មាន​បងប្អូន​ប្រជាពលរដ្ឋ​គាត់​ទៅ​វត្ត​ផង​ហ្នឹង។ មាន​តែ​បួន ដប់​នាក់ អ៊ីចឹង ហើយ​ក៏​ដឹង​ថា ចេញ​រក​អ្វី បាន​ទៅ​យាម​ស្បែក​ជើង​អ្វី មុនៗ​ បាន​អ្នក​ទៅ​វត្ត​ យក​បាយ​ទៅ​វត្ត​ ​បាន​មក​ញ៉ាំ​អ៊ីចឹង។ ឥឡូវ​ពួកគាត់ អត់​ដឹង​រក​អ្វី! និយាយ​ទៅ​ពិបាក​ណាស់ ឥឡូវ​ខ្លះ​ហ្នឹង គាត់​ទៅ​កាយ​សំរាម​ កាយ​អ្វី រើស​សំបក​កំប៉ុង​​ រើស​អ្វី នឹង​គំនរ​សំរាម ​រើស​ក្រដាស​ រើស​អ្វី បាន​យក​មក​លក់​អ៊ីចឹង ទិញ​អង្ករ​ ទិញ​អ្វី​ តិច​តួច បបរ​ហូប​អ៊ីចឹង​ទៅ។ ឥឡូវ​ហ្នឹង ថា​មិន​ក្រ​ទេ វា​ទាល់​តែ​ម្ដង​ ឥឡូវ​នេះ​ណា»

ចំណែក​អ្នក​ភ្នំពេញ​ម្នាក់​ទៀត គឺ​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក សុខ គីន ដែល​កំពុង​ឃ្លាំមើល​​​​​នៅ​តាម​ការដ្ឋាន​សំណង់​​ ​ឲ្យ​ដឹង​​ថា ការដ្ឋាន​នៅ​ដំណើរ​ការ​ធម្មតា តែ​កម្មករ​​​​ខ្លះ ក៏​មិន​បាន​​ធ្វើការ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ដែរ ដោយសារ​ពួកគេ​ចង់​ឈប់​សម្រាក​ជួបជុំ​គ្រួសារ នៅ​​តាម​បន្ទប់​ជួល​។ លោក​ ថា មាន​កម្មករ​ប្រហែល​២០ ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ បាន​ទៅ​លេង​ស្រុក​កំណើត​ មុន​ពេល​រដ្ឋាភិបាល​ចេញ​បម្រាប​បិទ​ការ​ឆ្លង​ខេត្ត​។ លោក សុខ​ គីន បន្ត​​ថា កម្មករ​សំណង់​ខ្លះ អាច​នឹង​មិន​ទាន់​មក​ភ្នំពេញ​វិញ​ភ្លាមៗ​ទេ នៅ​ក្រោយ​ចូល​ឆ្នាំ​ ដោយសារ​ពួកគេ​បារម្ភ​​​ អាជ្ញាធរ​តម្រូវ​ឲ្យ​​ដាក់​ដោយ​ឡែក​១៤​ថ្ងៃ​។ តែ​ខ្លះ នឹង​បង្ខំ​ចិត្ត​មក​ភ្នំពេញ​វិញ ដើម្បី​​ធ្វើការ​យក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព៖ «អ្នក​ខ្លះ ត្រូវ​តែ​មក ព្រោះ​ការងារ​របស់​គាត់ ត្រូវ​ការ​ផ្គត់​ផ្គង់​ជីវភាព។ បើ​អ្នក​ខ្លះ​ទៀត គាត់​​ក៏​នៅ​មាន​ការ​ភ័យ​ខ្លាច​ដែរ ទាក់ទង​ទៅ​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ហ្នឹង ព្រោះ​អ្វី ម្ងៃៗ លឺ​ព័ត៌មាន​ការ​រីក​រាល​ដាល ឆ្លង​នូវ​ជំងឺ​ហ្នឹង​ណា»

ឯ​ក្រុម​កម្មករ​វិញ ក៏​មិន​សូវ​ស្ងប់​ក្នុង​ចិត្ត​ដែរ ដោយសារ​តែ​រង​គំនាប​ បង្ខំ​ឲ្យ​ធ្វើការ​នៅ​ថ្ងៃ​ចូល​ឆ្នាំ ដោយ​គ្មាន​អត្ថប្រយោជន៍​បន្ថែម។ កម្មករ និង​ជា​ប្រធាន​សហជីព​រោងចក្រ​កាត់ដេរ សំលៀក​បំពាក់​​ស៊ិចផ្លាស អ៊ិនដាស់ស្រ្ទី (SIXPLUS INDUSTRY.CO.LTD) នៅ​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល លោក សាម ប៊ុននី ឲ្យ​ដឹង​ថា ក្រុម​កម្មករ​រអ៊ូរទាំ​គ្រប់​គ្នា​ថា មិន​បាន​ឈប់​សម្រាក​នៅ​ថ្ងៃ​ចូល​ឆ្នាំ តែ​មិន​ហ៊ាន​តវ៉ា​ឡើយ ខ្លាច​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ។

លោក​ថា កម្មករ​ខ្លះ បាន​អវត្តមាន​នៅ​ថ្ងៃ​ចូលឆ្នាំ តែ​ជា​ការ​មាន​ធុរៈ​បន្ទាន់ និង​មាន​ហេតុផល​សមរម្យ ដូច្នេះ ត្រូវ​បាន​​ថៅកែ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ខ្លះ​ដែរ។ លោក អះអាង​ថា នៅ​រោងចក្រ​លោក​ធ្វើការ​គ្មាន​កម្មករ​ហ៊ាន​ឈប់​សម្រាក​ ដោយ​ខ្លួន​ឯង​ទេ ព្រោះ​ខ្លាច​រង​ពិន័យ និង​ការ​បណ្ដេញ​ចេញ៖ «មាន​អ្វី គ្រាន់​តែ​ថា គាត់​រអ៊ូ​ច្រើន អត់​បាន​ទៅ​ស្រុក​អ្វី​អ៊ីចឹង​ រអ៊ូ​រាល់​ថ្ងៃ អា​រឿង​ហ្នឹង។ គាត់​ចង់​ទៅ​ស្រុក អត់​បាន​ទៅ​ស្រុក​អ៊ីចឹង​ណា។ ទិដ្ឋភាព​នៅ​កន្លែង​នេះ គឺ​ភាគច្រើន​នៅកន្លែង​ដែល​គាត់​ជុំៗ គ្នា គាត់​និយាយ​តែ​បញ្ហា​មួយ​ហ្នឹង។ រឿង​ ដែល​សំខាន់​ គាត់​អត់​សប្បាយ​ចិត្ត រឿង​ដែល​ច្បាប់​ចេញ​មក។ ច្បាប់​អ្នក​ដែល​ឈប់​សុំ​ច្បាប់ ក្នុង​កំឡុង​ពេល​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៦ ហ្នឹង​ ត្រូវ​តែ​បញ្ឈប់​ពី​ការងារ»

ទោះ​ជា​យ៉ាង​ណា នៅ​តាម​បណ្ដា​ខេត្ត​វិញ ក៏​មិន​សូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ ៣ថ្ងៃ​នេះ​ដែរ។ អ្នក​ភូមិ​ខ្លះ​ ឲ្យ​ដឹង​ថា មនុស្សម្នា នាំ​គ្នា​ទៅ​ថែ​ស្រែ ចម្ការ​ ដូច​សព្វ​ថ្ងៃ ដោយ​មិន​សូវ​ធ្វើ​ដំណើរ​ទៅ​មក ឬ​ជួបជុំ​គ្នា នៅ​តាម​រមណីយដ្ឋាន ឬ​វត្ត​អារាម​ដូច​រាល់​ឆ្នាំ​ឡើយ។ ឯ​យុវជន ដែល​ធ្លាប់​តែ​មក​លេង​ស្រុក​កំណើត ក៏​អវត្តមាន​ដែរ ដោយសារ​ជាប់​ធ្វើការ​នៅ​ភ្នំពេញ និង​អ្នក​ខ្លះ​ ជា​ពលករ​​នៅ​ប្រទេស​ថៃ មិន​បាន​ឈប់​សម្រាក​ មក​លេង​ស្រុក​កំណើត៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល