អត្ថន័យ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស

ដោយ ខែ សុណង
2019-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល នៅ​ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ នា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២១ និង​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩។
ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល នៅ​ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ នា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២១ និង​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩។
រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​ព្រះវិហារ​ជីវិត​ថ្មី​ភ្នំពេញ

នៅ​ប្រទេស​ដែល​ប្រកាន់​សាសនា​គ្រីស្ទ គេ​តែង​ឈប់​សម្រាក​ពី​ការងារ​នៅ​រដូវ​បុណ្យ​គ្រីស្ទម៉ាស (Christmas) ឬ​បុណ្យ​ណូអែល អំឡុង​ខែ​ធ្នូ​។ ក្នុង​ឱកាស​បុណ្យ​ណូអែល ឬ​បុណ្យ​គ្រីស្ទម៉ាស ពួកគេ​បាន​ជួបជុំ​ក្រុម​គ្រួសារ​ញាតិមិត្ត​ជិត​ឆ្ងាយ ដើម្បី​ទទួលទាន​អាហារ​រួមគ្នា ដើរ​លេង​កម្សាន្ត និង​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​គ្នា​ទៅវិញទៅមក។

តើ​ការ​ប្រារព្ធ​ពិធីបុណ្យ​គ្រីស្ទម៉ាស​ នេះ មាន​អត្ថន័យ​យ៉ាងណា?

ការ​ជូន​កាដូ​វត្ថុ​អនុស្សាវរីយ៍​ដល់​គ្នា ឬ​ដល់​មនុស្ស​ជាទី​ស្រលាញ់ ស្ទើរ​តែ​ជា​និមិត្តរូប​ទៅ​ហើយ ដែល​គេ​តែង​ធ្វើ​នៅ​ក្នុង​ពេល​ប្រារព្ធ​ពិធីបុណ្យ​គ្រីស្ទម៉ាស ឬ​ពិធីបុណ្យ​ណូអែល​នេះ។

អំណោយ​ស្ករ​សូកូឡា កាដូ និង​វត្ថុ​អនុស្សាវរីយ៍​ដ៏​ច្រើន ត្រូវ​បាន​ហាង​ទំនិញ​ដាក់​លក់​យ៉ាង​ព្រោងព្រាត ដាក់​លក់​បញ្ចុះតម្លៃ​ក្នុង​ឱកាស​ខែ​ធ្នូ​នេះ ដែល​ជា​រដូវ​បុណ្យ​គ្រីស្ទម៉ាស ឬ​បុណ្យ​ណូអែល​ចូល​មក​ដល់។

សមាជិក​ក្រុម​អ្នកដឹកនាំ​នៃ​អង្គការ​និស្សិត និង​ប្រជាជន​កម្ពុជា​សម្រាប់​ព្រះ​គ្រីស្ទ ហៅ​កាត់​ថា ស៊ី​ស៊ី​ស៊ី (CCC) លោក ទូច បូរិន មាន​ប្រសាសន៍​ថា មនុស្ស​ស្ទើរ​ទូទាំង​សាកលលោក​បាន​ចូលរួម​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ណូអែល​នេះ ក្នុង​ហេតុផល​និង​គោលបំណង​ផ្សេងៗ​គ្នា និង​ខ្លះ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ដើម្បី​ទាញ​យក​ផលប្រយោជន៍ ឬ​កម្រៃ​ដោយ​លក់​សេវាកម្ម​និង​ផលិតផល​បញ្ចុះតម្លៃ​ជាដើម​។ ប៉ុន្តែ​លើស​ពី​នេះ ការ​ប្រារព្ធ​ពិធីបុណ្យ​ណូអែល ឬ​បុណ្យ​គ្រីស្ទម៉ាស មាន​ន័យ​ណាស់​ក្នុង​ជំនឿ​លើ​ព្រះ​យេស៊ូគ្រីស្ទ។ លោក​ថា អាថ៌កំបាំង​មួយ​នៃ​ការ​ជូន​អំណោយ និង​ជូន​កា​ដូ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​រដូវ​បុណ្យ​គ្រីស្ទម៉ាស​នោះ គឺ​បាន​ផ្សាភ្ជាប់​នឹង​ទំនាក់ទំនង​នៃ​សេចក្ដី​ជំនឿ។ ដើមចម​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​គ្រីស្ទម៉ាស គឺជា​ការ​រំឭក​ពី​កំណើត​របស់​ព្រះគ្រីស្ទ ដែល​បាន​យាង​មក​ប្រសូត​លើ​ផែនដី ដែល​ជា​កាដូ​សង្គ្រោះ​មនុស្ស​កាលពី​ជាង ២​ពាន់​ឆ្នាំមុន៖ «សម្រាប់​បងប្អូន​ដែល​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ គ្រីស្ទ ដែល​ជា​អ្នកដើរ​តាម​ព្រះ​យេស៊ូវ គ្រីស្ទ ដែល​យើង​ប្រារព្ធ​ធ្វើឡើង​គឺ​ដើម្បី​រំលឹក​នឹក​ចាំ​អំពី​សេចក្ដី​ស្រលាញ់​ពី​ព្រះ​គុណ និង​សេចក្ដី​មេត្តា​ករុណា​ដែល​ព្រះវរបិតា​ទ្រង់​បាន​មាន​សម្រាប់​មនុស្ស​ជា​ស្នា​ព្រះហស្ថ របស់​ព្រះអង្គ​ដែល​ទ្រង់​បាន​ចាត់​ព្រះរាជ​បុត្រា​ទ្រង់​មក ដើម្បី​សង្គ្រោះ​មនុស្ស​ឱ្យ​រួច​ពី​អំពើ​បាប សង្គ្រោះ​ស្នា​ព្រហស្ថ​ព្រះអង្គ ឱ្យ​រួច​ផុត​ពី​អំពើ​បាប​ពី​សេចក្ដី​ស្លាប់​គឺ​សំខាន់​ណាស់​។ នៅ​តាម​បណ្ដា​ពួក​ជំនុំ​ព្រះ​យេស៊ូ​វ​គ្រីស្ទ ប្រារព្ធ​ពិធី​ចង់​បង្ហាញ​ពី​អត្ថន័យ​ដល់​អ្នក​មិនទាន់​បាន​ទទួល​ជឿ​ព្រះអង្គ​នៅឡើយ​ឱ្យ​បាន​យល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សលោក​ដល់​អស្ចារ្យ​ដែល​បាន​កើតមានឡើង​នៅ​លើ​ផែនដី​កាលពី​ជាង ២​ពាន់​ឆ្នាំមុន​ដែល​បង្ហាញ​នូវ​ក្ដី​ស្រលាញ់​និង​ការ​អត់​ទោស​បាប ពី​ព្រះ​គុណ​ដែល​ផ្ដល់​មក​នូវ​ក្ដី​សង្ឃឹម និង​សុខ​សន្តិភាព​ដល់​ពិភពលោក»

ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​គ្រីស្ទម៉ាស​នេះ នៅ​ប្រទេស​កម្ពុជា មិន​ថា តែ​អ្នក​ជឿ​លើ​ព្រះ​យេស៊ូវ ដែល​គេ​ធ្វើ​នៅ​តាម​ព្រះវិហារ​ប៉ុណ្ណោះ​ទេ សូម្បីតែ​នៅ​តាម​ក្រុមហ៊ុន ផ្សារ​ទំនើប និង​ហាង​លក់ដូរ​នានា ក៏​ត្រូវ​បាន​គេ​តុបតែង​ដើមឈើ​ស្រល់​យ៉ាង​ធំ​តាំង​លំអ និង​មាន​ដាក់​តាំង​កាដូ​ជាច្រើន និង​ខ្លះ​មាន​ចាក់​បទ​ចម្រៀង​ចាក់​ភ្លេង​លាន់​ឮ​រំពង ដើម្បី​ទាក់ទាញ​ភ្ញៀវ និង​លក់​បញ្ចុះតម្លៃ​ទៀត​ផង​។ ចំណែក​នៅ​តាម​សាលារៀន​មួយ​ចំនួន ពិសេស​សាលា​អន្តរជាតិ ឬ​សាលា​ឯកជន​វិញ គេ​តែង​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​នេះ​ដែរ ដោយមាន​កម្មវិធី​ពិសេស​មួយ គឺ​លេង​ចាប់​កាដូ លេង​ប្ដូរ​កាដូ​គ្នា​ទៅវិញ​ទៅ​មក។

នៅ​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ បាន​កត់ត្រា​ថា មាន​ប្រព្រឹត្តិការណ៍​នៅ​ភូមិ​បេថ្លេហ៊ឹម ក្នុងស្រុក​យូដា ប្រទេស​អ៊ីស្រាអែល ដោយ​ទេព្ដា​បាន​លេច​មក​ប្រាប់​ដល់​អ្នក​គង្វាល​ហ្វូង​ចៀម​នៅ​ពេល​រាត្រី​ត្រជាក់​ថា នឹង​មាន​អង្គ​រាជបុត្រា​មួយ​អង្គ​ព្រះនាម ព្រះ​យេស៊ូវគ្រីស្ទ យាង​មក​ប្រសូត​លើ​ផែនដី​នេះ សម្រាប់​ជួយ​មនុស្ស​ឱ្យ​រួច​ពី​អំពើ​បាប ដែល​ជា​អំណោយ​របស់​ព្រះ​សម្រាប់​មនុស្ស​។ លោក ទូច បូរិន បញ្ជាក់​បន្ថែម​ពី​ដើមកំណើត​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ជា​លើកដំបូង៖ «បុណ្យ​ណូអែល ឬ​បុណ្យ​គ្រីស្ទម៉ាស​នេះ ត្រូវ​បាន​គេ​ប្រារព្ធ​មុនដំបូង​នេះ​បំផុត​នៅ​ទឹកដី​បេថ្លេហ៊ឹម នៅ​ពេលដែល​ទេព្ដា​លេចឡើង​នៅ​ចំពោះ​អ្នក​គង្វាល​ប្រាប់​ពី​ដំណឹង​ល្អ ហើយ​ពួក​គង្វាល​ក៏បាន​មក​ជួប​នាង​ម៉ារា និង​យ៉ូសែប និង​បុត្រ​តូច​នៅ​ភូមិ​បេថ្លេហ៊ឹម ជាមួយគ្នា​ក៏​មាន​អ្នក​ប្រាជ្ញា​ទាំង ៣​នាក់ មកពី​ប្រទេស​នានា នាំ​យក​កំញាន មាស គ្រឿងក្រអូប យក​ថ្វាយ​ព្រះ​យេស៊ូវគ្រីស្ទ នៅ​ភូមិ​បេថ្លេហ៊ឹម ហ្នឹងឯង កន្លែង​នេះ​ហើយ​ដែល​មនុស្ស​ចម្លង​នៃ​ការ​ឱ្យ​កាដូ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ»

ចំណែក​នៅ​ឯ​សហរដ្ឋអាមេរិក​ឯនេះ​វិញ ឱកាស​បុណ្យ​គ្រីស្ទម៉ាស នេះ នៅ​ក្នុង​ទីក្រុង តាម​ផ្សារ សួនច្បារ​សាធារណៈ ស្ថាប័ន​នានា និង​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ គេ​បាន​រៀបចំ​តែង​លំអ​ដើម​ស្រល់​ធំៗ និង​បំពាក់​ភ្លើងពណ៌​ភ្លឺ​ផ្លេក​ស្រស់បំព្រង​។ នៅ​តាម​ដង​ផ្លូវ​នានា ដែល​អម​ទៅ​ដោយ​ដើមឈើ​និង​បំពាក់​ភ្លើង​ពណ៌ មាន​ធ្លាក់​ព្រឹល​ក្នុង​រដូវ​រងា បាន​បញ្ចេញ​សម្រស់​នៅ​ពេល​យប់​ដ៏​ត្រជាក់​គួរ​ជាទី​មនោរម្យ។

សមាជិក​ក្រុម​ជំនុំ​នៃ​ព្រះវិហារ​ក្រុម​ជំនុំ​បាប់ទីស​ខ្មែរ ក្នុង​ទីក្រុង​អាលីនតុន រដ្ឋ​វឺជិននៀ (Virginia) សហរដ្ឋអាមេរិក លោកស្រី ជា ចំរើន ថ្លែង​ថា លោកស្រី​រំភើបចិត្ត​ដែល​បាន​មក​រស់នៅ​សហរដ្ឋ អាមេរិក និង​បាន​ប្រារព្ធ​បុណ្យ​គ្រីស្ទសាសនា​ឆ្នាំ​នេះ​។ លោកស្រី​ថា មិន​ខុស​ពី​មុន​ទេ ឱ្យ​តែ​ដល់​រដូវ​បុណ្យ​នេះ​ម្ដងៗ លោកស្រី​មិនដែល​ភ្លេច​ឡើយ​នូវ​ការ​ផ្ដល់​អំណោយ​ជូន​មនុស្ស​ជាទី​ស្រឡាញ់​នៅ​ថ្ងៃ​ពិសេស​នេះ៖ «ចាស ! មាន​អំណរ​ខ្លាំង​ដោយសារ​ឆ្នាំនេះ​ខ្ញុំ​បាន​ធ្វើ​បុណ្យ​គ្រីស្ទ ស្មាស ខួបកំណើត​ព្រះ​យេស៊ូវ​នៅ​ស្រុក​អាមេរិក ព្រោះ​ពីមុន​ខ្ញុំ​នៅ​តែ​ស្រុក​ខ្មែរ ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​មែនទែន​នៅ​ឆ្នាំនេះ»

សមាជិក​ក្រុម​អ្នកដឹកនាំ​នៃ​អង្គការ​និស្សិត និង​ប្រជាជន​កម្ពុជា​សម្រាប់​ព្រះគ្រីស្ទ លោក ទូច បូរិន្ទ បាន​ពន្យល់​ពាក្យ​ណូអែល (Noe) ដែល​ហៅ​តាម​ភាសា​បារាំង និង​ពាក្យ​គ្រីស្ទម៉ាស(Christmas) ដែល​ហៅថា ជា​ភាសា​អង់គ្លេស មាន​ន័យ​ខ្លឹមសារ​ដូចតទៅ៖ «ខ្ញុំ​ចង់​លើក​យក​ពាក្យ​ដើម្បី​ធ្វើការ​យល់ដឹង​ទាំងអស់​គ្នា ពាក្យ​ថា នូអែល ជា​ភាសា​បារាំង ដែល​ក្លាយ​ពី​ពាក្យ​ភាសា​ដើម​បកប្រែ​មក​ថា​កំណើត ដែល​សំដៅ​ទៅលើ​កំណើត​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ប្រសូត​នៅ​លើ​ផែនដី​នេះ​តាមរយៈ​នាងក្រមុំ​ព្រហ្មចារី​ឈ្មោះ​នាង​ម៉ារា នៅ​ភូមិ​បេថ្លេហ៊ឹម នៅ​ប្រទេស​អ៊ីស្រាអ៊ែល កាល​ពី​ជាង​២​ពាន់​ឆ្នាំមុន​។ ពាក្យ​គ្រីស្ទម៉ាស គឺជា​ពាក្យ​ភាសា​អង់គ្លេស យើង​ឃើញ​ពាក្យ​ពីរ​បូក​បញ្ចូល​គ្នា គឺ​ពាក្យ​គ្រីស្ទ សំដៅ​លើ​ព្រះនាម​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវ គ្រីស្ទ គឺ​ម្នាក់​ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង​ចាត់​ឱ្យ​មក​បំពេញ​បេសកកម្ម​នៅ​លើ​ផែនដី នាំមក​នូវ​សេចក្ដី​ស្រលាញ់ ការ​អត់​ទោស​បាប នាំមក​នូវ​សេចក្ដី​សង្ឃឹម នាំ​មក​នូវ​សុខ​សន្តិភាព នាំមក​នូវ​ដំណោះស្រាយ​នៃ​អំពើ​បាប​ដែល​មនុស្ស​ទូទៅ​ដែល​មាន​ជីវិត​រស់នៅ​លើ​ផែនដី​មាន​បាប ហើយ​ឈ្នួល​នៃ​អំពើ​បាប​គឺ​សេចក្ដី​ស្លាប់​។ ម៉ាស់​បកប្រែ​មក​ថា​បុណ្យ គឺ​មានន័យថា​បុណ្យ​ព្រះ​គ្រីស្ទ គឺ​សំដៅ​ទៅលើ​បុណ្យ​ខួប​កំណើត​នៃ​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវ គ្រីស្ទ។

នៅក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​គ្រីស្ទម៉ាស​នេះ គេ​តែងតែ​ជូនពរ​គ្នា​ទៅវិញទៅមក ដោយ​ភ្ជាប់​ទៅ​ឆ្នាំ​ថ្មី នៃ​គ្រិស្តសករាជ ដែល​មនុស្ស​នៅ​លើ​ពិភពលោក​បាន​ប្រើប្រាស់ ដែល​នឹង​ខិត​ជិត​ចូល​មក​ដល់​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ថា សៀងហៃ

អរគុណសម្រាប់ការចែករំលែក។

Dec 24, 2019 10:28 PM

គេហទំព័រ​ទាំងមូល