ប្រជាពលរដ្ឋភាគច្រើនសាទរ ដោយសប្បាយរីករាយ ក្នុងឱកាសធ្វើបុណ្យដាក់ទាន ជួបជុំឪពុកម្ដាយ ញាតិមិត្ត បងប្អូន ឧទ្ទិសកុសល ជូនញាតិ៧សន្តាន រួមមាន ជូនជីដូនជីតា បុព្វការីជនទាំងឡាយ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែលកំពុងប្រព្រឹទ្ធិទៅក្នុងពេលបច្ចុប្បន្ននេះ។
ទន្ទឹមគ្នានេះដែរ ក៏មានការរិះគន់ដែរថា ការធ្វើពិធីបិណ្ឌភ្ជុំនៅតំបន់ខ្លះ ធ្វើឡើងមិនត្រឹមត្រូវឡើយ ដោយចំណាយបាយ ម្ហូប ហួសដែនកំណត់ ឬហួសពីតម្រូវការ ដែលជាការខ្ជះខ្ជាយ តាមជំនឿអរូបិយតៗ គ្នា ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងខុសពីគម្ពីរក្បួនខ្នាត នៃព្រះពុទ្ធសាសនា។
តើព្រះសង្ឃដែលសិក្សាស្រាវជ្រាវពីប្រពៃណីទំនៀមទម្លាប់ខ្មែរ និងព្រះពុទ្ធសាសនា ព្រមទាំងក្រសួងធម្មការ និងសាសនា ដែលជាអ្នកដឹកនាំពិធីនេះ យល់ឃើញយ៉ាងណាចំពោះការ រិះគន់ ថាមានផលអវិជ្ជាមានដែលកើតចេញពិធីកាន់បិណ្ឌនេះ?
ពិធីបុណ្យបិណ្ឌភ្ជុំទាំងមូល រួមមានការធ្វើកម្មវិធីជាច្រើនក្នុងនោះរួមមាន ពិធីរាប់បាត្រ ព្រះសង្ឃ ពិធីបោះបាយបិណ្ឌ ពិធីពូនភ្នំខ្សាច់ ឬភ្នំអង្ក ពិធីសែនដូនតាទៅស្រុកវិញ និងពិធីសូត្រព្រះធម៌បរាភវសូត្រជាដើម។
អ្នកសិក្សាស្រាវជ្រាវព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ខ្មែរ កត់សម្គាល់ថា ពិធីខ្លះបង្កើតឡើងតាមជំនឿរបស់អ្នកភូមិក្នុងតំបន់ ចំណុចខ្លះទៀតដូនតាចាស់ទុំបង្កើតឡើងគ្រាន់តែជាសិល្បវិធីដើម្បីទាក់ទាញប្រជាពុទ្ធបរិស័ទឱ្យមកធ្វើបុណ្យនៅតាមវត្តអារាម ស្ដាប់ឱវាទអប់រំពីព្រះសង្ឃឱ្យសាងតែអំពើល្អជាប្រយោជន៍ដល់សង្គម ហើយក្រោយមកក៏ក្លាយជាទំនៀមទម្លាប់ប្រពៃណីជាតិរហូតមកទល់នឹងសព្វថ្ងៃនេះ។
ព្រះចៅអធិការវត្តព្រះពុទ្ធឃោសាចារ្យទួលតាហោ ស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ ព្រះតេជព្រះគុណ ព្រហ្ម សាវង្ស មានថេរដីកាថា ពិធីមួយចំនួនពុំមានចែងក្នុងគម្ពីរព្រះពុទ្ធសាសនា ឬព្រះត្រៃបិដកនោះទេ៖ «បើតាមគម្ពីរ និងតាមការប្រព្រឹត្តិជាក់ស្ដែងឃើញមានការថែមថយច្រើន ដូចជាពិធីសែនជូនតាជូនតា ទៅស្រុកវិញជាដើមអត់ឃើញមានចែងទេ»។
ព្រះតេជព្រះគុណមានថេរដីកាបន្តថា៖ សង្ខេបន័យដើម នៃពិធីបិណ្ឌភ្ជុំ គឺការឧបត្ថម្ភ ចង្ហាន់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តអារាម ដែលពិបាកនិមន្តបិណ្ឌបាត្រដោយបញ្ហាធម្មជាតិ ភ្លៀងរលឹម ជួនមានទឹកជំនន់ ដាច់ផ្លូវជាដើម។ ក្រៅពីការធ្វើបុណ្យបិណ្ឌភ្ជុំ គឺជាឱកាសប្រមូលម្តុំមនុស្សគ្រប់វ័យឱ្យមកជួបជុំ រួមសាមគ្គីគ្នាធ្វើអ្វីមួយជាប្រយោជន៍ដល់ការជួយទ្រទ្រង់ព្រះពុទ្ធសាសនា និងមកទទួលឱវាទពីព្រះសង្ឃ ព្រឹទ្ធាចារ្យ ដើម្បីឱ្យវាចាកពីអំពើបាបទាំងឡាយ តាមរយៈធម្មទេសនា ការសម្ដែងព្រះធម៌បរាបវសូត្រ ដែលបង្ហាញពីក្ដីវិនាសទាំង១២ប្រការគួរត្រូវជៀសវាង៖ «ក្នុងគាថាទាំង១២នោះ អាត្មាមិនលើកទាំងអស់ទេ គឺសូមលើត្រង់គាថាទី ៨ ដែលសំដែងពីជនប្រព្រឹទ្ធល្បែង៣ប្រការនាំឱ្យវិនាស គឺល្បែងស្រី ល្បែងស្រា ល្បែងភ្នាល់ទាំងឡាយ ធ្វើទ្រព្យខ្លួនមានឱ្យអន្តរាយ»។
ព្រះតេជព្រះគុណ ព្រហ្ម សាវង្ស មានថេរដីកាថា ដោយការប្រារព្ធប្រតិបត្តិក្រោយមកនៅកន្លែង ខ្លះមានការខុសឆ្គងខ្លះ បណ្ដាលឱ្យមានការរិះគន់ពីមជ្ឈដ្ឋាននានា។
នៅក្នុងរដូវបិណ្ឌភ្ជុំមកដល់ម្តងៗ មានការរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញរូបភាពនៃពិធីរាប់បាត្រព្រះសង្ឃក្នុងសាលាបុណ្យដែលពុទ្ធបរិស័ទដាក់បាយក្នុងបាត្រ ហៀរហួសមាត់បាត្រ ហើយកំពប់ធ្លាក់បាយគរចោលជាពុំនូកៗរាប់សិបគីឡូនៅលើដី ឬតុរាប់បាត្រនោះ។
ចំណែកពិធីបោះបាយបិណ្ឌវិញ ក៏បានធ្វើឱ្យកខ្វក់ទីវត្តអារាម ដោយសារដុំបាយដែល គេបោះចោលពាសវាលពាសកាលក្នុងជំនឿថាឧទ្ទិសឱ្យបានទៅដល់ពពួកប្រែត។
អ្នករិះគន់បង្ហាញទៀតថា ការធ្វើស្រែ ស្ទូងស្រូវមួយដើមៗ ចំណាយពេល ចំណាយកម្លាំង ច្រើនណាស់ទម្រាំបានផលជាអង្ករ ជាបាយ មិនគួរណាខ្ជះខ្ជាយដោយគ្មានការពិចារណាយ៉ាងដូចច្នេះឡើយ។
ព្រះតេជព្រះគុណ ព្រហ្ម សាវង្ស ពន្យល់ថា កាធ្វើបុណ្យដោយបញ្ញា រមែងបានជាកុលសផលបុណ្យមកវិញឱ្យចម្រើននូវបញ្ហា ប៉ុន្តែការដែលមិនប្រើបញ្ញាគិតពិចារណាមុននឹងធ្វើអ្វីមួយនោះ រមែងទទួលបាប ឬទោសមកវិញ ដូចជាការរាប់បាត្រព្រះសង្ឃជាដើម សុទ្ធតែមានក្រឹត្យក្រមក្បួនខ្នាតត្រឹមត្រូវ គឺមិនឱ្យលើសខ្សែបន្ទាត់ក្រោមមាត់បាទ ឬមិនឱ្យលើសហៀរចេញពីមាត់បាទនោះទេ៖ «អាត្មាលើកមកនេះគឺ ត្រង់ព្រះសង្ឃកាន់បាត្រ ទៅបិណ្ឌបាត្រ ពេញអស់ហើយ គេដាក់មកលោកនៅតែទទួលទៀតនោះ លោកមានទោសត្រូវដាច់អាបត្តិ បើទាយក ទាយិកាធ្វើអ៊ីចឹងក៏ធ្វើឱ្យមានបាបដែរ...»។
ចំណែកព្រះតេជព្រះគុណ វជិរប្បញ្ញោ សាន សុជា ក៏មានថេរដីកា តាមបណ្ដាញសង្គមហ្វេសប៊ុក បកស្រាយទៅនឹងចម្ងល់ទាំងឡាយជុំវិញផលវិជ្ជមាន និងអវិជ្ជមាន នៃការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដែរ។
ព្រះតេជព្រះគុណពន្យល់ថា ពិធីបុណ្យនេះ មិនមានអ្វីអាក្រក់ទេ ហើយសព្វថ្ងៃបានក្លាយជាប្រពៃណី ជាពិធីបុណ្យជាតិទៅហើយ ប៉ុន្តែមានកម្មវិធីខ្លះនៅមានបញ្ហាដូចជាពិធីបោះបាយបិណ្ឌជាដើម ប៉ុន្តែនៅមានកម្មវិធីច្រើនទៀត ប្រារព្ធឡើងក្នុងគោលបំណងផ្តល់នូវគតិអប់រំ និងឧបត្ថម្ភចង្ហាន់ព្រះសង្ឃ៖ «ក្រៅពីឧបត្ថម្ភចង្ហាន់ព្រះសង្ឃគាត់ក៏បង្កើតពិធីអប់រំក្នុងហ្នឹង ដោយជិតភ្លឺគាត់បង្កើតកម្មវិធីសូត្របរាបវសូត្រ»។
ព្រះតេជព្រះគុណមានថេរដីកាបន្តថា ជាតិសាសន៍នីមួយៗ បើគ្មានប្រពៃណីច្បាស់លាស់របស់ខ្លួនទប់ស្កាត់ទេ នោះប្រពៃណីជាតិសាសន៍ដទៃនឹងចូលលុកលុយអាចធ្វើបាត់នូវអត្តសញ្ញាណរបស់ខ្លួននៅថ្ងៃណាមួយ៖ «ដូចរាល់ថ្ងៃយើងដឹងហើយ យើងកាន់ប៉ុណ្ណឹងហើយ នៅតែខួរក្បាលយើងមិនចេះស្រឡាញ់ប្រពៃណីខ្លួនឯង នៅតែមានប្រពៃណីដទៃលុកលុយខួក្បាលយើងបាន»។
អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា លោក សេង សុមុនី មានប្រសាសន៍ប្រាប់អាស៊ីសេរីថា លោកក៏បានដឹងថា មានការការរិះគន់ដូចគ្នានេះដែរ ប៉ុន្តែលោកថា បញ្ហានេះគ្រាន់តែជាករណីខ្លះ ដែលកើតនៅតាមវត្តមួយចំនួន ដែលអ្នករៀបចំកម្មវិធីគ្រប់គ្រងមិនបានល្អ នាំឱ្យលេចចេញនូវទិដ្ឋភាពនេះឡើង ប៉ុន្តែមិនមែនគ្រប់វត្តទាំងអស់សុទ្ធតែមានបញ្ហាយ៉ាងដូច្នេះនោះទេ។
លោកថា ក្រសួងធម្មការ តែងតែបានណែនាំ ឱ្យគណៈកម្មការវត្តនីមួយៗរៀបចំពិធីបុណ្យទានឱ្យបានល្អត្រឹមត្រូវតាមគន្លងព្រះពុទ្ធសាសនា និងប្រពៃណីទំនៀមទម្លាប់ដែលដូនតាបន្សល់ទុកមកដល់សព្វថ្ងៃនេះ៖ «នៅមុនពិធីបិណ្ឌភ្ជុំមកដល់ ក្រសួងតែងតែបានចេញសារាចរណែនាំជានិច្ច ដើម្បីឱ្យតាមវត្តនានារៀបចំឱ្យល្អ ជៀសវាងនូវកំហុសឆ្គងទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់ពុទ្ធសាសនា ទំនៀមទម្លាប់ខ្មែរល្អរបស់ខ្មែរយើង»។
បច្ចុប្បន្ននៅតាមវត្តអារាមមួយចំនួន មិនការបោះបាយបិណ្ឌនោះទេ ដោយគ្រាន់តែរៀបចំឱ្យមានហើយឧទ្ទិសជូនចំពោះបុគ្គលណាមួយតាមដែលម្ចាស់ទានប្រាថ្នានឹកទៅដល់នៅទីកន្លែងដ៏សមរម្យមួយ ដោយមិនបោះនៅចោលតាមតាមព្រៃ តាមរបងព្រះវិហារទៀតនោះទេ។
ព្រះតេជព្រះគុណ ព្រហ្ម សាវង្ស មានថេរដីកាបញ្ជាក់ថា វត្តព្រះពុទ្ធឃោសាចារ្យ ទួលតាហោ ស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ ក៏បានកាត់បន្ថយកម្មវិធីខ្លះដែលមិនមានចែងក្នុងគម្ពីរព្រះពុទ្ធសាសនា និងនាំឱ្យខាតប្រយោជន៍ពុទ្ធបរិស័ទ៖ «ចំពោះរឿងបោះបាយបិណ្ឌ គាត់មិនបានបោះទេ ដោយគ្រាន់តែច្បិចបាតបន្តិចម្នាក់ដាក់ក្នុងកន្ទោង ឬចានមួយរួមគ្នាហើយយកទៅដាក់ព្រៃឆ្ងាយពីព្រះវិហារសម្រាប់ជាប្រយោជន៍ដល់សត្វផង ចំណែកវត្តខ្លះឃើញមានដាក់បាយបិណ្ឌនៅឡើយ ប៉ុន្តែដាក់នៅលើតង់កម្រាលកៅស៊ូ ពេលសមរម្យពេលចប់ពិធីក៏ប្រមូលសម្អាតរួចយកទៅហាលថ្ងៃធ្វើជាបាយក្រៀមលក់សម្រាប់បង់ថ្លៃទឹក ភ្លើងក្នុងវត្តវិញ»។
ពិធីកាន់បិណ្ឌមាន រយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ ថ្ងៃ ១៥រោច ខែភទ្របទ គឺជាថ្ងៃបុណ្យភ្ជុំធំ ទៅតាមទំនៀមទម្លាប់ និងកាលកំណត់ជាទៀងទាត់ពីបុរាណមក៕