នៅ​ខេត្ត​ព្រះសីហនុ​មិន​សូវ​មាន​ទេសចរ​ច្រើន​ទៅ​កម្សាន្ត​​នៅ​ថ្ងៃ​ទី​១​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ

ដោយ ដែន អយុធ្យា
2017-04-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ធ្វើ​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា នៅ​រង្វង់​មូល​តោ២ ខេត្ត​ព្រះសីហនុ។ RFA/Den Ayuthyea
អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ធ្វើ​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មេសា នៅ​រង្វង់​មូល​តោ២ ខេត្ត​ព្រះសីហនុ។ RFA/Den Ayuthyea
RFA/Den Ayuthyea

រដ្ឋបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត​នេះ បាន​រៀបចំ​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ដោយ​បង្ហាញ​មោទនភាព​នៃ​ការ​អភិវឌ្ឍ​មូលដ្ឋាន​នេះ ដើម្បី​រង់ចាំ​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត។

ថ្ងៃ​ទី​១៤ ខែ​មេសា គឺ​ជា​និរតី​សង្ក្រាន្ត​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ។ នៅ​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ គេ​មិន​ទាន់​ឃើញ​មាន​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ បង្ហាញ​វត្តមាន​ច្រើន​កុះករ​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ក្នុង​ឱកាស​ចូលរួម​ធ្វើ​ពិធី​សាសនា​ផ្លូវ​ការ​ដើម្បី​អបអរ​បុណ្យ​ឆ្នាំ​ថ្មី នៅ​ឆ្នេរ​អូរឈើទាល ទល់​មុខ​វិមាន​លំហែ​កាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែ​មេសា ថា លោក​មាន​ជំនឿ​ថា ទេសចរ​នឹង​ចូល​មក​ទស្សនា​ខេត្ត​នេះ​រាប់​សែន​នាក់​ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ ព្រោះ​រដ្ឋបាល​ខេត្ត​បាន​ពង្រឹង​កម្លាំង​រង់ចាំ​ការពារ​សន្តិសុខ​ជូន​ភ្ញៀវទេសចរ មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ដោយ​បាន​ដាក់​ឲ្យ​ប្រចាំការ​នៅ​ផ្លូវ​សាធារណៈ និង​ទីតាំង​កម្សាន្ត​តាម​ឆ្នេរ​សមុទ្រ ឬ​វត្តអារាម​ជាដើម។

លោក​ថា នៅ​ថ្ងៃ​ដំបូង​នៃ​បុណ្យ​ចូល​ឆ្នាំ ភ្ញៀវ​ទេសចរ​អាច​មិន​ទាន់​សម្រុក​ចូល​មក​កម្សាន្ត​ខេត្ត​នេះ​ច្រើន​ទេ ព្រោះ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ជាប់​មាន​កម្មវិធី​ធ្វើ​បុណ្យ​ទាន​តាម​បែប​ព្រះពុទ្ធ​សាសនា និង​មាន​ការ​សែន​ព្រេន​ផ្សេងៗ​នៅ​តាម​គេហដ្ឋាន ឬ​ផ្ទះ​រៀងៗ​ខ្លួន ប៉ុន្តែ​អាច​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​បន្ទាប់​ពី​ចំនួន​ភ្ញៀវទេសចរ នឹង​មាន​ចំនួន​ច្រើន​កុះករ​ជា​មិន​ខាន។

​ស្រដៀង​គ្នា​ដែរ ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ លោក​ឧកញ៉ា ឡាវ កាំង ប្រកាស​ស្វាគមន៍​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិសទី​ស្នើ​ឲ្យ​ជ្រើស​យក​ខេត្ត​ព្រះសីហនុ សម្រាប់​ដំណើរ​កម្សាន្ត​នៅ​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ។ លោក​បន្ត​ថា សភា​ពាណិជ្ជកម្ម​រួម​ជាមួយ​រដ្ឋបាល​ខេត្ត​នេះ បាន​បង្កើត​ឲ្យ​មាន​កម្មវិធី​ល្បែង​ប្រជាប្រិយ​ខ្មែរ និង​ការ​ប្រគំ​តន្ត្រី​សម័យ​មាន​សិល្បៈករ សិល្បៈ​ការិនី​ល្បី​មក​ចូលរួម​សម្ដែង​ជូន​ភ្ញៀវ​ទេសចរ​នៅ​ឆ្នេរ​អូរឈើទាល និង​ទីតាំង​ច្រើន​ទៀត​ក្នុង​រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា៖ «និរតី​សង្ក្រាន្ត​ឆ្នាំ​នេះ យើង​បាន​រៀបចំ​ឲ្យ​មាន​កម្មវិធី​លេងល្បែង​ប្រជាប្រិយ​ជា​ច្រើន​ប្រភេទ​នៅ​តាម​ឆ្នេរ មាន​ស្តង់​លក់​ទំនិញ និង​មាន​ការ​ប្រគុំ​តន្ត្រីសម័យ​ដោយ​មាន​សិល្បៈករ សិល្បៈការិនី​ល្បីៗ មក​ពី​រាជធានី​ភ្នំពេញ មក​សម្តែង​ជូន​ភ្ញៀវទេសចរ និង​ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ បាន​ទស្សនា​កម្សាន្ត​សប្បាយ​រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា នា​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ»

ចំណែក​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​ទឹក ដែល​បាន​ដាក់​ពង្រាយ​នៅ​តាម​ផែកប៉ាល់ ឬ​អូរប័រ ដើម្បី​ចាំ​ការ​ត្រួត​ពិនិត្យ​សកម្មភាព​ដឹក​ភ្ញៀវទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា ក៏​បាន​ចុះ​ណែនាំ​ដល់​ភ្ញៀវទេសចរ ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​សមុទ្រ និង​ត្រូវ​ពាក់អាវ​ពោង​ជា​ប្រចាំ។

នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវ​ទឹក ខេត្ត​ព្រះសីហនុ លោក ប៉ោ ប៊ុនរ៉ា មាន​ប្រសាសន៍​ថា ចំពោះ​ក្រុមហ៊ុន​កប៉ាល់ ឬ​អូរប័រ ដឹក​ភ្ញៀវទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​ដែល​ដឹក​ភ្ញៀវ​លើស​ចំណុះ និង​មិន​ឲ្យ​ភ្ញៀវ​ពាក់​អាវ​ពោង​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ សមត្ថកិច្ច​លោក​មិន​ឲ្យ​ចេញ​ដំណើរ​ទេ ជា​ពិសេស​ពេល​អាកាសធាតុ​មាន​ព្យុះភ្លៀង​ខ្លាំង​ជាដើម។

និរតី​សង្ក្រាន្ត​ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​រដ្ឋបាល​ក្រុង-​ខេត្ត​ព្រះសីហនុ បាន​សហការ​គ្នា​ជាមួយ​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ កែលម្អរ​សួន​ច្បារ​បំពាក់​ភ្លើង​បំភ្លឺ​ចម្រុះ​ពណ៌​នៅ​តាម​ផ្លូវ​សាធារណៈ​សំខាន់ៗ និង​ទីតាំង​ធ្វើ​ការងារ​របស់​ស្ថាប័នរដ្ឋ​នានា មាន​សោភ័ណ​ភាព​ល្អ​គួរ​ជា​ទី​គយគន់ ជាពិសេស​សោភណភាព​នៅ​ពេល​រាត្រី ដែល​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល