ការ​បួងសួង​និង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ

ដោយ ខែ សុណង
2017-04-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ចូលរួម​ពិធី​ចូល​ឆ្នាំ សង្ក្រាន្ត​វត្ត​ភ្នំ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៧។
ពលរដ្ឋ​ចូលរួម​ពិធី​ចូល​ឆ្នាំ សង្ក្រាន្ត​វត្ត​ភ្នំ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៧។
Photo: RFA

ប្រជាពលរដ្ឋ​ដែល​ទៅ​ចូល​រួម​កម្សាន្ត និង​ទស្សនា​សង្ក្រាន្ត​វត្ត​ភ្នំ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ដែល​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មេសា បាន​បញ្ចេញ​ទស្សនៈ និង​បង្ហាញ​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពួកគាត់​ផ្សេងៗ​គ្នា​ប៉ុន្តែ​ក្នុង​គោលដៅ​តែ​មួយ។

ថ្វីត្បិត​តែ​ពលរដ្ឋ​ដែល​បាន​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី បាន​បួងសួង​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​ពួកគេ​មាន​បំណង​តែ​មួយ​ចម្បង គឺ​ចង់​បាន​សន្តិភាព​នៅ​ក្នុង​ចិត្ត មាន​សុភមង្គល និង​ប្រទេស​ជាតិ​មាន​ភាព​រីកចម្រើន​រុងរឿង។

​ពលរដ្ឋ​ដែល​ទៅ​ទស្សនា​កម្សាន្ត​សង្ក្រាន្ត​វត្ត​ភ្នំ រាជធានី​ភ្នំពេញ ខ្លះ​បាន​បួងសួង​ឲ្យ​មាន​សុខភាព​ល្អ ចង់​ឲ្យ​ពលរដ្ឋ​បើកបរ​ប្រកប​ដោយ​ការ​យោគយល់​អធ្យាស្រ័យ​គ្នា និង​ខ្លះ​ទៀត​ចង់​ឲ្យ​អ្នក​គ្រប់គ្រង​ប្រទេស ដឹកនាំ​ប្រទេស​ជាតិ​ទៅ​រក​ភាព​រីកចម្រើន សុខ​សន្តិភាព និង​ចូលរួម​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ៖ «ចង់​បាន​សេចក្ដី​សុខ​សប្បាយ​តែម្ដង ចាស់​ហើយ​លែង​ចង់​បាន​អី​ហើយ។ សូម​ឲ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន សូម​ឲ្យ​គាត់​ជួយ​កូន​ចៅ​រហូត​បាន​ហើយ​អរគុណ។ ខ្ញុំ​បួងសួង​ទេវតា​ឆ្នាំ​ថ្មី បាន​ចម្រើន​រុង​រឿង​ឆ្នាំ​ថ្មី សូម​ឲ្យ​ប្រទេស​ជាតិ​យើង​នៅ​ថ្ងៃ​មុខ​បោះឆ្នោត​ឲ្យ​អ្នក​ធ្វើ​ល្អ សូម​ឲ្យ​ជាប់​ឆ្នោត សម្រាប់​រីកចម្រើន​កូន​ចៅ​ជំនាន់​ក្រោយ។ ខ្ញុំ​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​យើង​បើកបរ​ប្រកប​ដោយ​ការ​យោគយល់​អធ្យាស្រ័យ​គ្នា បារម្ភ​ជាង​គេ​គឺ​រឿង​គ្រោះថ្នាក់​ចរាចរណ៍។ សំខាន់​ជាង​គេ​គឺ​ចង់​មាន​សុខភាព​ល្អ សុខសប្បាយ​រក​ស៊ី​​មាន​បាន»

ថ្វី​បើ​គ្រប់​គ្នា​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​សម្រាប់​ពេល​អនាគត ប៉ុន្តែ​អ្នកស្រី ទុយ ម៉ាលី វ័យ​ជាង ៧០​ឆ្នាំ ដែល​ជា​មន្ត្រី​ពេទ្យ​ចូល​និវត្តន៍ បែរ​ជា​នឹក​ឃើញ​ថ្ងៃ​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ជា​ថ្ងៃ​ដែល​ពលរដ្ឋ​កម្ពុជា ទទួល​រង​ទុក្ខបុកម្នេញ ដោយ​ពួក​ខ្មែរ​ក្រហម​ឡើង​គ្រប់គ្រង​អំណាច​ក្រោយ​ពេល​ឈ្នះ​សង្គ្រាម​លើ​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ នល់ ទៅ​វិញ។

អ្នកស្រី​ជា​អ្នក​រស់​នៅ​ទី​ក្រុង​ភ្នំពេញ រំលឹក​ថា ពេល​នោះ​កង​ទ័ព​ខ្មែរ​ក្រហម​រាប់​ពាន់​នាក់​សម្រុក​ចូល​ទីក្រុង​ភ្នំពេញ គ្រប់​ច្រកល្ហក​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​អ្នកស្រី​បែក​គ្នា។ មាន​ប្រសាសន៍​បណ្ដើរ​អ្នកស្រី​បាន​សម្លឹង​ទៅ​មើល​ឆាក​វេទិកា​ប្រគំ​តន្ត្រី​បណ្ដើរ និង​បាន​បួងសួង​ឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព​ត​រៀង​ទៅ៖ «ថ្ងៃ​ទី​១៧ (មេសា) ហ្នឹង ពួក​ខ្មែរ​ក្រហម​ចូល ឲ្យ​យើង​ចេញៗ​ទៅ បង​ប្អូន​យើង​អ្នក​ភ្នំពេញ​អត់​ដឹង​អី​ទេ វិប្បដិសារី​អស់​មួយ​ជីវិត។ នឹក​ឃើញ​ថា យើង​ជា​អ្នក​ចេះ​ដឹង ជា​បញ្ញវន្ត​យើង​មិន​ធ្លាប់​ពិបាក​ជីវភាព​ដូច​សព្វថ្ងៃ។ ខ្ញុំ​ចង់​បាន​អ្នក​ដឹកនាំ​មួយ​ល្អ»

ចំណែក​លោក អ៊ុំ ផល្លា ដែល​កំពុង​បណ្ដើរ​ភរិយា និង​កូនៗ​ទៅ​លេង​សង្ក្រាន្ត​វត្ត​ភ្នំ ថ្លែង​ថា លោក​ព្រួយ​បារម្ភ​ខ្លាច​ប្រទេស​ក្នុង​ពិភពលោក​កើត​សង្គ្រាម។ លោក​បួងសួង​ឲ្យ​ពិភពលោក​បាន​ទទួល​សន្តិភាព​កុំ​ប៉ះ​ប្រយុទ្ធ​គ្នា​ឡើយ៖ «យើង​ចេះ​តែ​ឮៗ យើង​ចេះ​តែ​ភ័យ នៅ​រុស្សី នៅ​កូរ៉េ និង​ស៊េរី យើង​ជា​ប្រជាជន​ដូច​គ្នា វា​អាច​មាន​សង្គ្រាម វា​អាច​ប៉ះពាល់​ដល់​យើង​ខ្លះ​ហើយ។ អត់​ចង់​ឃើញ​អ៊ីចឹង​ដែរ ចង់​បាន​សុខសាន្ត ដើរ​សប្បាយ​ទាំង​អស់។ ខ្ញុំ​សូម​បួងសួង​កុំ​ឲ្យ​ពិភពលោក​ទាំង​មូល​កុំ​ឲ្យ​កាប់​សម្លាប់​គ្នា»

ក្រៅ​អំពី​សេចក្ដី​ប៉ង​ប្រាថ្នា​សម្រាប់​សុខសប្បាយ​ក្នុង​កើត​មាន​ដល់​ពលរដ្ឋ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​លោក មុំ ស៊ិនណារិន ជា​គ្រូ​សិល្បៈ​នៃ​ក្លឹប​វិថី​ស្ពាន​តារា​បាន​ផ្ញើ​ជូនពរ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ទូទាំង​ប្រទេស​ឲ្យ​ជួប​តែ​សុខសាន្ត និង​សុភមង្គល៖ «សប្បាយ​ណាស់​ប្រពៃណី​របស់​ខ្មែរ​យើង តាំង​ពី​បរម​បុរាណ​មក​មិន​អាច​ចោល​បាន​ទេ។ ខ្ញុំ​សូម​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​សូម​ឲ្យ​មាន​សុខភាព​ល្អ រក​ស៊ី​មាន​បាន ឲ្យ​ចម្រើន​ទាំង​អស់​គ្នា»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល