ទស្សនៈ​និង​ឥរិយាបថ​ពលរដ្ឋ​ក្នុង​ការចូលរួម​ចូល​ឆ្នាំ​ថ្មី​សម័យ​កូរ៉ូណា ឬ​កូវីដ​-19

ដោយ សេក បណ្ឌិត
2020-04-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេរោគ​វីរុស កូរ៉ូណា
មេរោគ​វីរុស កូរ៉ូណា
ក្រសួងសុខាភិបាល

មន្ត្រី​នៃ​ក្រសួង​មួយ​ចំនួន​អះអាង​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​នឹង​ត្រូវ​ធ្វើឡើង​ដោយ​ស្ងៀមស្ងាត់ និង​ដោយ​ឡែកៗ​ពីគ្នា នៅ​តាម​ទីកន្លែង​រស់នៅ​អចិន្ត្រៃយ៍​រៀងៗ​ខ្លួន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩។

ចំណែក​ក្រុម​ប្រជាពលរដ្ឋ ថា ពួកគេ​នឹង​គោរព​តាម​ការណែនាំ​របស់​រដ្ឋាភិបាល ម្យ៉ាង​ពួកគាត់​គ្មាន​លុយ​សម្រាប់​ចូល​ឆ្នាំថ្មី​នេះ​ទៀត​ផង​ព្រោះ​គ្មាន​ការងារ​ធ្វើ រក​ប្រាក់​មិន​បាន។

ពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិ ឆ្នាំជូត ឬ​ឆ្នាំ​កណ្តុរ នៅ​ឆ្នាំ​២០២០​នេះ​ធ្វើឡើង​ក្នុង​ភាព​សោះកក្រោះ និង​មាន​ភាព​កណ្ដោចកណ្ដែង​ជាង​ពេល​ណាៗ​ទាំងអស់​ក្នុង​រយៈពេល​ប្រមាណ​៤០​ឆ្នាំ​កន្លង​មក​នេះ។

ពលរដ្ឋ​ដែល​កើត​ទាន់សម័យ ប៉ុល ពត ឬ​សម័យ​ខ្មែរក្រហម​បាន​ឱ្យ​ដឹង​ថា ភាព​សោះកក្រោះ​ក្នុង​ពេល​ចូលឆ្នាំ​ខ្មែរ​បែបនេះ ធ្លាប់​មានតែ​ក្នុង​សម័យ​អាវ​ខ្មៅ ក្នុង​គុក​អត់​ជញ្ជាំង​នោះ​ទេ។

ចំណែក​មន្ត្រី​រដ្ឋាភិបាល​ថា​៖ ពិធី​ទាំងឡាយ​ដែល​ជា​ទំនៀមទម្លាប់ ហើយ​ធ្លាប់​ប្រារព្ធ​ឡើង​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ដូច​ពេល​កន្លង​មក​នោះ​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​នៅ​ឆ្នាំនេះ​។​

ចំណែក​ពិធី​មួយ​ចំនួន​នៅ​អាច​ធ្វើ​បាន ប៉ុន្តែ​ត្រូវ​ផ្លាស់ប្ដូរ​របៀប​ខ្លះ​ស្របតាម​សម័យ​កូរ៉ូណា ឬ​កូវីដ​១៩ និង​ត្រូវ​គោរព​តាម​បម្រាម​របស់​រដ្ឋាភិបាល និង​អ្នក​ជំនាញ​សុខភាព។

អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក ស៊ិន សុមនី មាន​ប្រសាសន៍ថា ក្រសួង​បាន​ចេញ​សារាចរ​ណែនាំ​ដល់​គណៈ​គ្រប់គ្រង​វត្ត​ទាំងឡាយ​ទូទាំង​ប្រទេស​ឱ្យ​អនុវត្ត​តាម​បម្រាម​រដ្ឋាភិបាល ដោយ​ចាត់​ឱ្យ​មាន​អ្នក​រៀបចំ​ពិធី​សាសនា​នានា​ត្រូវ​ធ្វើ​ដាច់ដោយឡែក​ពី​គ្នា ជា​ក្រុម​តូចៗ​ទាំង​ពុទ្ធ​បរិស័ទ និង​ព្រះសង្ឃ ព្រមទាំង​របៀប​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ដែល​សុវត្ថិភាព អាច​បង្ការ និង​ការពារ​ការ​ឆ្លង​រោគ​កូរ​ណា ឬ​ជំងឺ​កូ​វីដ​១៩​៖ «យាយ​តា​ដែល​មក​សុំ​សីល​ក៏​អាច​នៅ​តែ​មក​បាន​អ៊ីចឹង​ដោយ​ក្រាលកន្ទេល​នៅ​ខាងក្រៅ​ព្រះវិហារ ឬក៏​នៅ​ក្នុង​សាលា ប៉ុន្តែ​អង្គុយ​ឆ្ងាយ​ពី​គ្នា គេ​ណែនាំ​ថា​ចម្ងាយ​២​ម៉ែត្រ លោក​ដាក់​ឱ្យ​នៅ ៣​ម៉ែត្រ​ឯណោះ​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​គ្នា»

ទាក់ទង​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ និង​ពិធី​សាសនា​ផ្សេងៗ នៅ​តាម​ទី​អារាម​នេះ​ដែរ លោក ហ៊ុន សែន បញ្ជាក់​ថា នឹង​គ្មាន​ការ​បិទទ្វារ​វត្ត ឬ​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ពិធី​សាសនា​ណាមួយ​នោះ​ឡើយ ប៉ុន្តែ​គ្រប់គ្នា​ត្រូវ​មាន​ការប្រុងប្រយ័ត្ន ដោយ​ធ្វើ​យ៉ាងណា​កុំ​មានការ​ជួបជុំ​ផ្តុំ​គ្នា​ច្រើន និង​ត្រូវ​ស្ថិតនៅ​ឱ្យ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៖ «ប៉ុន្តែ​រដ្ឋាភិបាល​អំពាវ​ឱ្យ​ព្រះសង្ឃ សាសនិក​ឥស្លាម​ថ្វាយ​បង្ខំ​តាម​ផ្ទះ ឬ​នៅ​តា​មកុដិ​រៀងៗ​ខ្លួន ហើយ​បើ​ថា ឆាន់​ឱ្យ​ស្ថិតនៅ​ឆ្ងាយ​ពី​គ្នា​បន្តិច​ទៅ​...​ព្រោះ​អាហ្នឹង​គេ​ចាត់ទុកថា មាន​សុវត្ថិភាព​បំផុត​ហើយ»

អ្នក​ជំនាញ​សុខាភិបាល​ណែនាំ​មិន​ឱ្យ​មានការ​ជួបជុំ​ឬ​នៅ​ផ្តុំ​គ្នា​លើស​ពី​១០​នាក់ និង​ត្រូវ​ស្ថិតនៅ​ឆ្ងាយ​ពី​គ្នា​ចាប់ពី​១​ម៉ែត្រ​កន្លះ ទៅ​២​ម៉ែត្រ។

រដ្ឋមន្ត្រី នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នក ស្រី ភឿង សកុណា មានប្រសាសន៍​ថា ឆ្នាំនេះ​មិន​មាន​ការ​បង្កើត​កម្មវិធី​សង្ក្រាន្ត​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅ​តាម​បណ្តា​ខេត្ត ក្រុង ឬ​នៅ​តាម​ទី​សាធារណៈ​ទូទាំង​ប្រទេស​ដូច​ឆ្នាំមុនៗ​ឡើយ​។​

ជាមួយ​គ្នា​នេះ ការ​ប្រគុំ​តន្ត្រី និង​ល្បែង​របាំ​ប្រជាប្រិយ ដូចជា​របាំ​ត្រុដ ទាញ​ព្រាត់ និង​លាក់កន្សែង​ជាដើម​នោះ​គ្មាន​ទៀត​ឡើយ​នៅ​ឆ្នាំនេះ៖ «ការ​ប្រមូល​ផ្តុំ​គ្នា​សម្ដែង​សិល្បៈ​ដូចជា​របាំ​ត្រុដ​ជាដើម​នោះ គឺ​នៅ​ក្នុង​កាលៈទេសៈ​នេះ​មិន​គួរ​ទេ ក៏ប៉ុន្តែ​បើ​នៅ​តាម​ផ្ទះ​រៀបចំ​ទទួល​ទេវតា​រៀងខ្លួន​នោះ គឺជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ចំណែក​ការ​ប្រមូល​ផ្តុំ​គ្នា​គួរ​ត្រូវ​ជៀសវាង ដើម្បី​ការពារ​ជំងឺ​នេះ​កុំ​វា​រីក​រាលដាល ព្រោះ​យើង​អត់​ដឹង​ថា វា​នៅ​ទីណា​ខ្លះ​នោះ​ទេ»

ការ​បង្ហាញ​ពី​ផែនការ​សកម្មភាព អំពី​ការ​ប្រារព្ធ​ពី​ធី​ចូល​ឆ្នាំថ្មី របស់​ក្រសួង​ពាក់ព័ន្ធ​នេះ ក្រោយពី លោក ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ផ្អាក​ប្រារព្ធ ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​បណ្ដោះអាសន្ន និង​ពន្យារពេល​ថ្ងៃ​ឈប់សម្រាក​ក្នុង​ឱកាស​ពិធីបុណ្យ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩៖ «ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​ត្រូវ​បន្ត​ធ្វើ​ការ​ធម្មតា ហើយ​រដ្ឋ​នឹង​សង​វិញ​នៅ​ពេល​សមស្រប​ចំនួន​៥​ថ្ងៃ នៃ​ថ្ងៃ​ធ្វើការ​...​អញ្ចឹង​កន្លែង​សុវត្ថិភាព​បំផុត​គឺ​កន្លែង​ធ្វើការ តាម​រោងចក្រ ក្រុមហ៊ុន និង​តាម​ស្ថាប័ន​នានា​...​បើ​ទុក​បណ្ដោយ​ឱ្យ​ដើរលេង សភាពការណ៍​ក្រោយ​ចូលឆ្នាំ អាច​មាន​ហានិភ័យ​ខ្ពស់»

ការ​ថ្លែង​បែបនេះ​ធ្វើឡើង​ក្នុង​សន្និសីទ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូវីដ​១៩ នៅ​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២០ នៅ​វិមាន​សន្តិភាព។

ដោយឡែក​ពាក់ព័ន្ធ​នឹង​វិស័យ​សិល្បៈ និង​សេវា​កម្សាន្ត​នានា​វិញ លោក ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ទៀត គឺ​បញ្ឈប់ ឬ​បិទ​មិន​ឱ្យ​មាន​សេវាកម្ម​ក្លឹប​កម្សាន្ត ខារាអូខេ (Karaoke) និង​ការ​ប្រគុំ​តន្ត្រី ឬ Concert សាធារណៈ​ជា​បណ្ដោះអាសន្ន​។ ប៉ុន្តែ​លោក​លើកទឹកចិត្ត​ឱ្យ​មានការ​ប្រគំ​តន្ត្រី និង​កីឡា​ប្រដាល់ ជា​អសាធារណៈ ឬ​បិទទ្វារ ហើយ​ផ្សាយ​បន្ត​ផ្ទាល់​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នានា​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទស្សនា​កម្សាន្ត ឬ​កុំ​ឱ្យ​ពួកគាត់​អផ្សុក​ពេក៖ «កុំ​ឱ្យ​ប្រទេស​យើង​ស្ងាត់​ពេក ដួច​គេ​ថា ស្ងាត់​ដូច​ចោរលួច​សេះ យើង​មិនទាន់​ដល់​កម្រិត​ប៉ុណ្ណឹង​ទេ តែ​យើង​ក៏​មិន​បណ្ដែតបណ្ដោយ​ឱ្យ​មានការ​ប្រមូល​ផ្តុំ​ទៅ​មើល​Concert ..​ទៅ​មើល​ការ​វ៉ៃ​ប៉ុក ផ្ទាល់​ជា​សាធារណៈ​នោះ​ដែរ នៅ​ប្រទេស​ថៃ​គេ​រក​ឃើញ​កន្លែង​ឆ្លង​មេរោគ​ច្រើន​ជាងគេ​គឺ​នៅ​កន្លែង​វាយ​ប្រដាល់​ហ្នឹងឯង យើង​អាច​រៀន​សូត្រ​នូវ​អ្វី​ដែល​បាន​កើត​មក​នេះ»

ជាមួយគ្នា​នោះ​ដែរ លោក ហ៊ុន សែន ក៏បាន​សំណូមពរ​ដល់​ប្រជាជន​កាត់បន្ថយ​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត និង​ទៅ​ដើរលេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន ឬ​តំបន់​ទេសចរណ៍​នានា​ផង​ដែរ។

ចំណែក​ទស្សនៈ និង​ឥរិយាបថ​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ប្រារព្ធ​ពិធី​ចូល​ឆ្នាំថ្មី​សម័យ​កូរ៉ូណា ឬ​កូវីដ​-១៩​នេះ ពួកគាត់​ខ្លះ​គាំទ្រ​ចំពោះ​បម្រាម​របស់​អាជ្ញាធរ​រដ្ឋាភិបាល ដោយ​ហេតុផល ដើម្បី​សុខភាព ចំណែក​ពួកគាត់​ខ្លះ​ទៀត​ហាក់​នៅ​រារែក​ព្រោះ​គាត់​ថា​ពិបាក​ចោល​នូវ​អ្វី​ដែល​ធ្លាប់​បាន​ប្រារព្ធ​រាប់​ឆ្នាំ​មកហើយ​នោះ។

ពលរដ្ឋ​រស់នៅ​ភូមិ​ចេក ឃុំ​ឈើទាល ស្រុក ស្វាយជ្រុំ ខេត្ត​ស្វាយរៀង លោកស្រី យស សោភ័ណ្ឌ បាន​ឱ្យ​ដឹង​ថា ភ័យ​ចេះតែ​ភ័យ​ហើយ​...!! ភ័យ​នឹង​បម្រាម​របស់​អាជ្ញាធរ​ផង ភ័យ​នឹង​ជំងឺឆ្លង​ផង ប៉ុន្តែ​ទម្លាប់​ចាស់ទុំ​ពី​បុរាណ​មួយ​ឆ្នាំ​ម្តង ពិបាក​នឹង​បោះបង់ចោល​ណាស់ ដូចជា​បុណ្យ​ភូមិ ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដូនតា ម្ចាស់​ទឹក​ម្ចាស់​ដី ថែរក្សា​ទី​ព្រះ​ភូមិ​ជាដើម៖ «ខ្លាច​ជំងឺ តែ​ម៉ែឪ ចាស់ៗ​បែប​គាត់​មិន​ព្រម​ទេ ព្រោះ​មួយ​ឆ្នាំ​បាន បង្សុកូល​ម្ដង បើ​យើង​មិនបាន​ធ្វើ​ទៀត​គាត់​ដូច​មិន​អស់ចិត្ត ដូច្នេះ​វា​ជា​ប្រពៃណី​ជា​ទំនៀមទម្លាប់​មក​ហើយ​គាត់​នៅតែ​ធ្វើ​អ៊ីចឹង..!!»

ចំណែក​ពលរដ្ឋ​នៅ​ខេត្ត​ផ្សេងទៀត ដូចជា​នៅ​ខេត្ត សៀមរាប បាត់ដំបង និង​ខេត្ត​ភាគ​ឦសាន​ជាដើម​នោះ ពួកគាត់​ថា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​គោរព​តាម​បម្រាម​របស់​អាជ្ញាធរ​រដ្ឋាភិបាល​នោះ​ឡើយ ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា​ជៀស​ផុត​ពី​ជំងឺ​កូវីដ១៩៖ «ដូច​ថា អ្នក​មកពី​ថៃ​ពី​ល្ងាច​អញ្ចេះ​គេ​លែង​ពិនិត្យ​មីង​ឱ្យ​ទៅ​វត្ត​យក​ចង្ហាន់​ប្រគេន​លោក​មួយ​ភ្លែត​មក​វិញ​ប្រុយ​....! បើ​យើង​នាំគ្នា​ទៅ​បង្សុកូល​អីចេះ​តែ​បាន​ហើយ​ចេះតែ​បាន​តែ​បើ​យើង​គិត​ថា មិន​ចាំបាច់ ទេ បើ​ខ្ញុំ​សម្រេច​ចិត្ត​ថា លើក​ពេល​មិន​ធ្វើ​ទេ​មិន​ធ្វើ​ការងារ​ហ្នឹង​នាំ​ឱ្យ​មាន​បញ្ហា​ដល់​សង្គម​ច្រើន​នោះ​ទេ​...​ចំណែក​បងប្អូន​ជនជាតិ​ព្នង​ជនជាតិ​ទំពូន​យើង​ឆ្នាំនេះ​យើង​ឆ្នាំនេះ​មិនបាន​ចេញទៅ​ណា​ទេ នៅ​តែ​ផឹកស៊ី​ក្នុង​ផ្ទះ​បើ​ថា ឱ្យ​រាំ​មាន​តន្ត្រី មាន​ភ្លេង​ពិណពាទ្យ ភ្លេង​ទំពូន ភ្លេងខ្មែរ ដូច​ពីមុន​ទៀត​មើល​ទៅ​វា​មិន​អាច​ទេ​..​ម្យ៉ាង​ពួកគាត់​អត់​លុយ​ផង​..​ឥឡូវ​មិន​ថា​គេ មិន​ថា​ខ្ញុំ​ទេ​បញ្ហា​កូវីដ​ដូច​មិនសូវ​ខ្លាច​ទេ តែ​ខ្លាច​ជាងគេ​គឺ​អត់​លុយ​តែម្ដង»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល