ពលរដ្ឋរស់នៅខេត្តសៀមរាប និងមន្ត្រីសង្គមស៊ីវិលអំពាវនាវឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ស្រោចស្រង់ក្រុមហ៊ុនភូមិវប្បធម៌ស្ថិតនៅខេត្តសៀមរាបឱ្យដំណើរវិញ ដើម្បីលើកកម្ពស់វប្បធម៌ជាតិនិងសេដ្ឋកិច្ចប្រជាជនក្នុងតំបន់បន្ទាប់ក្រុមហ៊ុនភូមិវប្បធម៌ប្រកាសបិទទ្វារដោយសារវិបត្តិសេដ្ឋកិច្ច។ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ឆ្លើយតបថា ក្រសួងពុំមានកញ្ចប់ថវិកាជួយក្រុមហ៊ុននេះទេ។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅខេត្តសៀមរាបនៅតែស្ដាយស្រណោះភូមិវប្បធម៌ ដែលជាបណ្ដុំនៃវប្បធម៌សំបូរបែប ក្នុងខេត្តសៀមរាបបានប្រកាសបិទទ្វារ ដោយសារវិបត្តិ សេដ្ឋកិច្ចក្នុងពេលផ្ទុះជំងឺកូវីដ១៩។ ពួកគេអះអាងថា ប្រសិនបើករណីនេះរដ្ឋាភិបាលគ្មានមធ្យោបាយដោះស្រាយទេទីកន្លែងផ្សាយពីវប្បធម៌ជាតិ ដ៏ល្បីល្បាញមួយនេះនឹងបាត់បង់។
ប្រធានសាលាគុណល្បុក្កតោអង្គរមានរឹទ្ធិ លោក រស់ សេរី ប្រាប់អាស៊ីសេរីថា ការបិទអាជីវកម្មភូមិវប្បធម៌នេះជះឥទ្ធិពលមិនល្អដល់ក្លឹបសាលាគុណរបស់លោក ព្រោះភូមិវប្បធម៌ជាកន្លែងសម្ដែងសិល្បៈគុណខ្មែរបង្ហាញជូនភ្ញៀវទេសចរជាង ១០ឆ្នាំមកហើយ។ លោកថា ភូមិវប្បធម៌ ជាជង្រុកមរកតវប្បធម៌ជាតិគួរតែថែរក្សាឱ្យរឹងមាំ ដើម្បីអភិរក្សជាសម្បត្តិវប្បធម៌មិនគួរផ្អាកដំណើរការនោះទេ៖ «ខ្ញុំមើលទៅវាប៉ះពាល់ច្រើន ព្រោះកន្លែងនេះជង្រុកសម្រាប់រក្សានូវវប្បធម៌ជាតិយើងរក្សាកេរមរតកវប្បធម៌ជាតិយើងនៅហ្នឹងប្រជុំគ្នានៅហ្នឹងទាំងអស់ដល់ពេលបិទមានការប៉ះពាល់ខ្លាំងដែរ»។
ពលរដ្ឋរស់នៅខេត្តសៀមរាបលោក ប៉ក់ ថូ ថ្លែងថា រដ្ឋាភិបាលមិនគួរមើលរំលងបញ្ហានេះនោះទេ ព្រោះប៉ះពាល់ដល់វប្បធម៌ជាតិ និងប្រព័ន្ធសេដ្ឋកិច្ចប្រជាជន។ លោកថា ភូមិវប្បធម៌បានដើរតួនាទីសំខាន់ណាស់ផ្សាយពីវប្បធម៌ សិល្បៈបុរាណឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិដ៏សំបូរបែបក្នុងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជាច្រើនឆ្នាំមកហើយ។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យក្រសួងវប្បធម៌ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា ក្រសួងវប្បធម៌ពុំមានកញ្ចប់ថវិកាត្រៀមទុក ដើម្បីជួយស្រោចស្រង់ក្រុមហ៊ុនភូមិវប្បធម៌ឲ្យបន្តដំណើរទៅមុខទៀតបាននោះទេ។ លោកថា គោលនយោបាយរបស់រដ្ឋាភិបាលកំពុងជួយសង្គ្រោះពលរដ្ឋក្រីក្រជាអាទិភាពក្នុងពេលផ្ទុះជំងឺកូវីដ១៩៖ «បច្ចេកទេសក្រសួងវប្បធម៌យើងអត់មានថវិកាគ្រោងទុកណា ដើម្បីស្រោចស្រង់ស្ថានភាពបែបហ្នឹងទេ។ រដ្ឋាភិបាលមិនទាន់មានគោលដៅដាក់ចេញនៅឡើយទេ ពីការធានាគ្រប់បណ្ដាអាជីវកម្មទាំងអស់ ព្រោះភូមិវប្បធម៌ជាអាជីវកម្មមួយដែរ អ៊ីចឹងបើភូមិវប្បធម៌គាត់អត់អាចរាប់រងបាន។ ជារឿងធំធេងសង្គមទាំងមូល»។
អាស៊ីសេរីបានព្យាយាមទាក់ទងតំណាងក្រុមហ៊ុនភូមិវប្បធម៌ ដើម្បីសុំការអធិប្បាយជុំវិញការប្រកាសបិទទ្វារអាជីវកម្មនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី១៣ តុលា។ ក្រុមហ៊ុននេះ បានប្រកាសថា នឹងបិទដំណើរការអាជីវកម្មទាំងស្រុង ចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។ ក្រុមហ៊ុនថា មូលហេតុនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវចូលទស្សនាថយចុះយ៉ាងគំហុកនាំឱ្យក្រុមហ៊ុនជួបការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងខ្លាំង។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិម អេង យល់ថា រដ្ឋាភិបាលគួរតែរកមធ្យោបាយស្រោចស្រង់ ឱ្យក្រុមហ៊ុននេះមានដង្ហើមឡើងវិញ ដើម្បីរក្សាកេរវប្បធម៌ដូនតា និងផ្តល់ការងារឱ្យពលរដ្ឋជាបន្តទៅទៀត។ លោកបារម្ភថា សិល្បករអាជីពរាប់រយនាក់រួមមានអ្នករាំរបាំតន្ត្រីល្ខោន និងក្បាច់គុណខ្មែរអាចនឹងបោះបង់មុខរបរនេះ ហើយប៉ះពាល់ដល់វប្បធម៌ជាតិ៖ «ប្រសិនជាអាចជួយទ្រទ្រង់ឱ្យគាត់ដំណើរការទៅមុខបាន អាហ្នឹងជាមោទនភាពមួយធំណាស់ពីព្រោះពាក់ព័ន្ធវប្បធម៌ និងកេរដំណែលប្រវត្តិសាសន៍អ៊ីចឹង គឺការអភិរក្សវប្បធម៌របស់ក្រុមហ៊ុនហ្នឹង គឺអភិរក្សផង និងផ្សព្វផ្សាយផង»។
ភូមិវប្បធម៌កម្ពុជាជាកន្លែងបម្រើសេវាកម្មភ្ញៀវទេសចរដ៏ធំជាងគេនៅខេត្តសៀមរាប អនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីរបៀបរស់នៅ ការស្លៀកពាក់ របាំ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងអប្បិយជំនឿរបស់ប្រជាជនខ្មែរ និងជនជាតិដើមភាគតិចពីជំនាន់មួយទៅជំនាន់មួយ។ ទីនោះ ក៏មានការសម្ដែងទស្សនីយភាពអំពីប្រវត្តិសាស្ត្រខ្មែរនាសម័យអាណាចក្រអង្គក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ជាដើម។ បច្ចុប្បន្នភូមិវប្បធម៌មានបុគ្គលិកធ្វើការជាង ៣រយនាក់។ ភូមិវប្បធម៌បង្កើតឡើងនៅឆ្នាំ២០០១ លើផ្ទៃដី ២១ហិកតារមានទីតាំងឋិតនៅក្នុងក្រុងសៀមរាបជាប់ផ្លូវជាតិលេខ ៦ មានចម្ងាយ ៥គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។