ទេសចរ​ជាង​១​លាន​៦​សែន​នាក់​ទៅ​កម្សាន្ត​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ខេត្ត​សៀមរាប​រយៈពេល​៣​ថ្ងៃ

ដោយ ហង្ស សាវយុត
2017-04-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវ​ទេសចរ​ទស្សនា​ការ​សម្ដែង​ក្បាច់គុន​ល្បុក្កតោ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៧។
ភ្ញៀវ​ទេសចរ​ទស្សនា​ការ​សម្ដែង​ក្បាច់គុន​ល្បុក្កតោ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នា​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Hang Savyouth

អង្គរ​សង្ក្រាន្ត​រយៈពេល ៣​ថ្ងៃ​សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ខេត្ត​សៀមរាប បាន​បញ្ចប់​ហើយ​កាល​ពី​រាត្រី​ថ្ងៃ​ទី​១៦ ខែ​មេសា។ ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ អាជ្ញាធរ​អះអាង​ថា មនុស្ស​រាប់​សែន​នាក់​បាន​នាំ​គ្នា​ដើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ចំនួន ៧​កន្លែង​នៅ​តាម​តំបន់​អង្គរ និង​ជាយក្រុង​សៀមរាប។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប គឺ​លោក ង៉ូវ សេងកាក់។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​មេសា ថា មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចំនួន​ជាង ១​លាន ៦​សែន ៣​ពាន់​នាក់ បាន​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

លោក ង៉ូវ សេងកាក់ បញ្ជាក់​ថា កំណើន​ភ្ញៀវ​ទេសចរ​ដែល​សម្រុក​ទៅ​លេង​ខេត្ត​សៀមរាប ពេល​ចូល​ឆ្នាំ​នេះ គឺ​កើន​លើស​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ៖ «កំណើន​ភ្ញៀវ​ទេសចរ​ដោយសារ​តែ​មាន​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ផង ហើយ​ការ​ផ្សព្វផ្សាយ​ផ្នែក​ទេសចរណ៍​ក៏​បាន​ទូលំទូលាយ​ផង ដូចជា​ថ្មីៗ យើង​បាន​ផ្សាយ​ទៅ​កាន់​តំបន់​អាស៊ាន»

ក្រុម​យុវជន​លេង​ទាញ​ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ខេត្ត​សៀមរាប ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៧។
ក្រុម​យុវជន​លេង​ទាញ​ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ខេត្ត​សៀមរាប ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Hang Savyouth

មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​ចេញ​ផ្សាយ​របាយការណ៍​ថា រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី គឺ​ខេត្ត​នេះ​បាន​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​ជាង ១​លាន ៦​សែន​នាក់។ ចំនួន​នេះ គឺ​កើន​ឡើង ២៣,៧៣% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ ចំណែក​ឯ​ភ្ញៀវ​ទេសចរ​បរទេស​វិញ គឺ​មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់ គឺ​មាន​កំណើន ៧,៨០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦។

អភិបាល​រង​ខេត្ត​សៀមរាប លោក លី សំរិទ្ធ មាន​ប្រសាសន៍​ថា រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ចំនួន​អ្នក​ទេសចរ​រាប់​សែន​នាក់​បាន​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​សំខាន់ៗ​ចំនួន ៧​កន្លែង​របស់​ខេត្ត​សៀមរាប ព្រម​ទាំង​ខ្លះ​ទៅ​កម្សាន្ត​ដល់​ខេត្ត​ព្រះវិហារ ផង៖ «រហូត​ទៅ​ដល់​កោះកេរ ទន្លេសាប ក្នុង​ក្រុង​ជា​ធម្មតា​តែងតែ​មាន​មនុស្ស​កកកុញ រក​ផ្លូវ​ធ្វើ​ចរាចរ​មិន​បាន​ផង»

បន្ថែម​លើ​ការ​កកស្ទះ​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​នានា​ដោយសារ​តែ​ចំនួន​មនុស្ស​ច្រើន​នោះ មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប លោក អ៊ួង សុផល មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ថា បញ្ហា​សន្តិសុខ​នៅ​តំបន់​អង្គរ​បាន​ធានា​ទាំងស្រុង មិន​មាន​អំពើ​លួច និង​ឆក់​ទេ ក៏ប៉ុន្តែ​មាន​បញ្ហា​ខ្លះ​បាន​កើត​ឡើង គឺ​ប្រជាពលរដ្ឋ​ខ្លះ​បាន​វង្វេង​គ្រួសារ ដោយសារ​តែ​ចំនួន​មនុស្ស​ច្រើន​ពេក។ បន្ទាប់​ពី​នោះ អាជ្ញាធរ​ក៏​មាន​បញ្ហា​ប្រឈម​រឿង​សំរាម​ដែល​ត្រូវ​គេ​ចោល​រាយប៉ាយ​នៅ​តាម​ទី​សាធារណៈ​ជាច្រើន​កន្លែង ប៉ុន្តែ​អាជ្ញាធរ​ក៏​ចាប់​ផ្ដើម​សម្អាត​ភ្លាម​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល