ថ្ងៃ១៥កើត ខែពិសាខ ត្រូវនឹងថ្ងៃអាទិត្យ ទី២៩ មេសា គឺជាទិវាមួយដែលពុទ្ធសាសនិកជន នៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងសកលលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយ គឺ«ពិសាខបូជា»។
តើពិធីបុណ្យពិសាខបូជា នៅឆ្នាំ២០១៨នេះ ប្រារព្ធធំនៅកន្លែងណា និងមានអត្ថន័យ និងប្រយោជន៍យ៉ាងណាខ្លះ..?
វិសាខបូជា ឬពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី មានប្រសាសន៍ឲ្យដឹងថា សម្រាប់ពិធី បុណ្យឆ្នាំនេះ ក្រសួងធម្មការ និងសាសនា ព្រមទាំងគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ នឹងរៀបចំពិធីធំដូចបណ្ដាឆ្នាំមុនៗដែរ គឺនៅបរិវេណភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ មុខព្រះសក្យមុនីចេតិយ ជាទីតម្កល់ទុកព្រះសារីរិកធាតុ នៅថ្ងៃ អាទិត្យ ទី២៩ ខែមេសា។
លោកបន្តថា ក្រសួង និងស្ថាប័នពាក់ព័ន្ធរៀបចំពិធីបុណ្យ បាននិមន្តព្រះសង្ឃ ៨០អង្គ ជាផ្លូវការដោយយកតាមព្រះជន្មសង្ខារព្រះសម្មាសម្ពុទ្ធ និមន្តគោចររាប់បាត្រ ប៉ុន្តែលោកសង្ឃឹម ថានឹងមាន ព្រះសង្ឃ ផ្សេងទៀតនិមន្តចូលរួមផងដែរ និងពុទ្ធបរិស័ទច្រើនពាន់នាក់ថែមទៀត នឹងអញ្ជើញចូលរួមពិធីបុណ្យនេះដូចបណ្ដាឆ្នាំមុនៗដែរ៖ «គឺមានកម្មវិធីស្រដៀងនឹងឆ្នាំមុនដែរ ដូចជាការប្រកាសពីពិសាខបូជា ព្រះសង្ឃខ្លះមានរៀបចំជារោងទិស សម្រាប់ទទួលព្រះសង្ឃនិមន្តមកចូលរួមបុណ្យ និងពិធីផ្សេងៗទៀតតាមប្រពៃណីព្រះពុទ្ធសាសនា»។
លោកបន្តថា ក្រសួងធម្មការ និងសាសនា ព្រមទាំងគណៈកម្មាធិការរៀបចំបុណ្យជាតិ ក៏បានចេញសារាចរណែនាំ ឲ្យពុទ្ធបរិស័ទ ព្រះសង្ឃ នៅតាមបណ្ដាវត្តអារាមនានា រៀបចំពិធីបុណ្យនេះ ឲ្យសមរម្យ តាមប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនា៖ «អ៊ីចឹងតាមរយៈកម្មវិធីនេះដែរ ខ្ញុំបាទសុំអំពាវនាវ និមន្តព្រះសង្ឃ និងអញ្ជើញពុទ្ធបរិស័ទជិតឆ្ងាយចូលរួមឲ្យបានច្រើន នៅបរិវេណភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ មុខព្រះសក្យមុនីចេតិយ និងនៅតាមបណ្ដាវត្តក៏សូមឲ្យប្រារព្ធពិធីបុណ្យនេះ ទៅតាមការណែនាំរបស់ក្រសួងធម្មការ និងសាសនាផងដែរ»។
ចំណែក ព្រះតេជព្រះគុណ ព្រហ្ម សូរវង្ស គង់នៅវត្តព្រះពុទ្ធឃោសាចារ្យ ស្រុកអូររាំឪ ខេត្តត្បូងឃ្មុំ មានថេរដីកាថា ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទ បានរៀបចំកម្មវិធីបុណ្យដូចគ្នាដែរ គឺនៅថ្ងៃ១៥កើត ខែពិសាខ ដើម្បី រម្លឹកនឹកគុណ ដល់ព្រះសម្មាសម្ពុទ្ធ ជាព្រះបរមគ្រូ នៃពុទ្ធសាសនិកទាំងឡាយ៖ «ទាំងអស់គ្នាអ្នកកាន់ព្រះពុទ្ធសាសនា គឺតែងតែធ្វើបុណ្យដើម្បីរំឭកដល់បុគ្គលមួយរូប ឬមួយអង្គ ដែលលោកបានត្រាស់ដឹងនូវសច្ចធម៌ ហើយទ្រង់បាននាំនូវសច្ចធម៌នៃសេចក្ដីពិតនៃច្បាប់ធម្មជាតិនោះ យកមកបង្ហាញដល់ពុទ្ធបរិស័ទ ឬមនុស្សជាតិ ហើយអ្នកដែលប្រព្រឹត្តិ ប្រតិបត្តិតាម ក៏រមែងបាននូវសេចក្ដីសុខទាំងបច្ចុប្បន្នផង និងអនាគតផង…មនុស្សជាតិទាំងអស់ហ្នឹងដឹងគុណដល់បុគ្គលដែលត្រាស់ដឹង បានប្រារព្ធរម្លឹកនឹកគុណ ដល់ថ្ងៃដែលព្រះអង្គ ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន ព្រឹត្តិការណ៍ទាំង៣នេះ គឺកើតឡើងចំក្នុងថ្ងៃតែមួយ ដោយខុសតែឆ្នាំទេ»។
ព្រះតេជព្រះគុណ មានថេរដីកាបន្តថា ចំពោះកម្មវិធីបុណ្យ មានការរៀបចំខុសប្លែកពីឆ្នាំមុនខ្លះៗ ដើម្បីជាប្រយោជន៍អប់រំដល់ក្រុមយុវជនបានយល់ដឹងដល់ព្រះពុទ្ធសាសនាឲ្យបានច្រើន៖ «ដូចជាឆ្នាំមុនយើងមាន ពិធីដង្ហែប្រទីប ផ្កាភ្ញី និងសំដែងព្រះធម៌ បូជាកាំជ្រួចហើយឆ្នាំនេះ យើងមានកម្មវិធីមួយទៀតគឺចម្រើននូវសមាធិ ដែលជាការស្ងប់នូវផ្លូវចិត្ត បណ្ដុះបណ្ដាលខាងគុណធម៌ ចរិយាធម៌ ជាពិសេសគឺសីល៥ហ្នឹង បានធ្វើសមាធិខ្លះៗ និងស្ដាប់ព្រះធម៌»។
អ្នកសិក្សាជំនាញ ព្រះពុទ្ធសាសនាបានបង្ហាញអំពីចំណុចសំខាន់នៃបុណ្យវិសាខបូជា ថាជាទិវាប្រវត្តិសាស្ត្រមួយរបស់ព្រះពុទ្ធសាសនាដែលមានអាយុកាល ២៥៦១ ឈានចូល ២៥៦២ ឆ្នាំមកហើយ គិតត្រឹមថ្ងៃមួយរោចខែពិសាខ ឆ្នាំ`ច' ត្រូវនឹងថ្ងៃចន្ទ ទី៣០ ខែ មេសា គ.ស. ២០១៨ ដោយផ្សារភ្ជាប់ទៅនឹងប្រភពដើមនៃពុទ្ធសករាជដែលប្រទេសកាន់ពុទ្ធសាសនា គេបាននិយមប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។
អាស្រ័យហេតុនេះហើយ ទើបជារៀងរាល់ឆ្នាំ ទោះបីជាពិធីបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរឈានចូលមកដល់នៅក្នុងខែចេត្រក្ដី ប៉ុន្តែរហូតដល់ថ្ងៃ ១រោច ខែវិសាខ គឺ១ថ្ងៃក្រោយពិធីបុណ្យវិសាខបូជាទើបប្រតិទិនចន្ទគតិខ្មែរដែលគិតតាមដំណើរគោចរនៃព្រះចន្ទ ផ្លាស់ចូលពុទ្ធសករាជថ្មី គឺ២៥៦២ ។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី មានប្រសាសន៍ ឲ្យដឹងថា ពិធីបុណ្យនេះ ក្រៅពីការរម្លឹកនឹកគុណ ព្រះសម្មាសម្ពុទ្ធ គ្រប់គ្នាក៏ចូលរួមបួងសួងសូមឲ្យ ក្រុមគ្រួសារ មានសេចក្ដីសុខ ប្រទេសជាតិ មានសុខសន្តិភាពជានិរន្តផងដែរ៖ «តាមរយៈបុណ្យកុសលដែលរៀបចំនេះ សូមឲ្យព្រះរាជាណាចក្រកម្ពុជា រីកចម្រើនប្រកបដោយសុខសន្តិភាព គោរពរាប់អានគ្នារកទទួលទានមានបានចម្រើនទាំងអស់គ្នា»។
ទាក់ទងនឹងប្រវត្តិដើមកំណើតនៃពិធីបុណ្យវិសាខបូជា សៀវភៅ «ព្រះរាជពិធីទ្វាទសមាស» ដែលជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យដែលចេញផ្សាយកាលពីឆ្នាំ១៩៥១ បានសរសេរកត់ត្រាថា ប្រទេសដែលកាន់ព្រះពុទ្ធសាសនា ដូចជានៅប្រទេសសិរីលង្កា គេមានទំនៀមប្រារព្ធពិធីបុណ្យវិសាខបូជានៅតាមទីវត្តអារាមទូទាំងប្រទេសរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃ ១៤កើត រហូតដល់ថ្ងៃ ១រោច ខែពិសាខ យ៉ាងអ៊ឹកធឹក។
ក្នុងឱកាសពិធីបុណ្យនេះ អ្នកស្រុកសិរីលង្កា នាំគ្នាបូជាគ្រឿងសក្ការផ្សេងៗ មានផ្កា និងទៀនប្រទីបជាដើម អុជបូជាភ្លឺព្រោងព្រាតគ្រប់វត្តអារាម និងតាមផ្ទះអ្នកស្រុកអ្នកភូមិ តាមទ្រព្យធនធាន។
ចំណែកនៅប្រទេសមីយ៉ាន់ម៉ា ឬភូមាវិញ ក៏ធ្វើ ៣ថ្ងៃដូចនៅសិរីលង្កាដែរ ប៉ុន្តែខុសប្លែកគ្នាត្រង់អ្នកស្រុកភូមា គេទៅប្រជុំគ្នានៅឯវត្តនាពេលយប់ រង់ចាំរហូតដល់ពេលផ្កាយវិសាខនក្ខត្តឫក្ស ឬផ្កាយប្រចាំខែពិសាខ រះឡើង គេក៏វាយជួងទូងស្គរលាន់កងរំពង រួចទើបអុជទៀនបូជា។ រីឯទំនៀមប្រារព្ធបុណ្យវិសាខបូជា នាសម័យនេះវិញ ភាគច្រើនអ្នកស្រុកភូមា គេធ្វើនៅតាមចេតិយ ដោយមិនមានហែក្បួន ឬបូជាផ្កាអ្វីទេ គឺគេផ្ដោតជាសំខាន់តែការបូជាប្រទីបមានទៀនជាដើមប៉ុណ្ណោះ។
តាមពុទ្ធប្រវត្តិ ទីដែលព្រះសម្មាសម្ពុទ្ធសមណគោតមទ្រង់ប្រសូត គឺនៅឧទ្យាន លុម្ពិនី ក្នុងនគរកបិលវត្ថុ ដែលសព្វថ្ងៃនេះជាទឹកដីប្រទេសនេប៉ាល់ ជាប់ព្រំប្រទល់ប្រទេសឥណ្ឌា។ អាស្រ័យហេតុនេះហើយ ទើបមានបរិស័ទខ្មែរ សិរីលង្កា ភូមា និងថៃ ជាដើម បានទៅកសាងវត្តអារាមពុទ្ធសាសនានៅទីនោះ និងតែងនាំគ្នាធ្វើធម្មយាត្រាទៅគោរពបូជា នាទីបូជនីយដ្ឋាន សួនលុម្ពិនី ជារៀងរាល់ឆ្នាំ៕