ពុទ្ធបរិស័ទ​មិន​សូវ​ទៅ​វត្ត​ធ្វើ​បុណ្យ​ពិសាខ​បូជា​ទេ ព្រោះ​ខ្លាច​ជំងឺ​កូវីដ-១៩

ដោយ សេក បណ្ឌិត
2020-05-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពុទ្ធបរិស័ទ​ដង្ហែ​រំលឹក​ថ្ងៃ​វិសាខបូជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៩។
ពុទ្ធបរិស័ទ​ដង្ហែ​រំលឹក​ថ្ងៃ​វិសាខបូជា នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ​២០១៩។
RFA

ពិធី​បុណ្យ​វិសាខ​បូជា នៅ​ថ្ងៃ​ទី៦ ឧសភា​ឆ្នាំ​២០២០ នេះ មិន​សូវ​មាន​ពុទ្ធិ​បរិស័ទ​ទៅ​វត្ត​ជួបជុំ​គ្នា ធ្វើ​បុណ្យ​ច្រើន​ដូច​រាល់​ឆ្នាំ​ទេ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩ (Covid-19)។ អាជ្ញាធរ​ធម្មការ និង​ព្រះ​សង្ឃ ឲ្យ​ដឹង​ថា តាម​វត្ត​នៅ​តែ​ធ្វើ​ពិធី​សូត្រ​មន្ត​​​ដដែល​ តែ​មិន​ធ្វើ​ពិធី​ក្បួន​ដង្ហែ​ព្រះ​ពុទ្ធរូប ឬ​ជួបជុំ​ពុទ្ធ​បរិស័ទ​ច្រើន​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ប្រាប់​អាស៊ី​សេរី​ថា តាម​វត្ត​ទាំង​អស់ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួបជុំ​ពុទ្ធ​បរិស័ទ​ច្រើន​ទេ ហើយ​ចំនួន​ព្រះ​សង្ឃ​សូត្រ​មន្ត​ ក្នុង​ពិធី​បុណ្យ​វិសាខ​បូជា ក៏​កាត់​បន្ថយ​ឲ្យ​នៅ​ចំនួន​តិច តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដែរ។

លោក​ ប្រាប់​ថា ក្បួន​ដង្ហែ​ព្រះ​ពុទ្ធ​រូប តំណាង​ឲ្យ​ព្រឹត្តិការណ៍​ទាំង៣ នៃ​អត្ថន័យ​បុណ្យ​វិសាខ​បូជា គឺ​ព្រះ​ពុទ្ធ​ប្រសូត ត្រាស់​ដឹង ចូល​ព្រះ​បរិនិព្វាន ក៏​មិន​មាន​ការ​ដង្ហែ​ដែរ​នៅ​ឆ្នាំ​នេះ។ លោក​អះអាង​ថា គ្រប់​វត្ត​អារាម​ បាន​អនុវត្ត​វិធានការ​ទាំង​នេះ​បាន​ល្អ សូម្បី​នៅ​ទី​តាំង​ប្រារព្ធ​ធំ នៅ​ភ្នំ​ព្រះ​រាជ​ទ្រព្យ ឬ​ភ្នំ​ឧត្ដុង្គ ក៏​ពុទ្ធ​បរិស័ទ​មិន​បាន​ជួបជុំ​គ្នា​ប្រារព្ធ ឬ​រាប់​បាត្រ​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ​នេះ​ដែរ ព្រោះ​វិបត្តិ​ជំងឺ​កូវីដ-១៩៖ «ដង្ហែ​ដូច​រាល់​ឆ្នាំ​នោះ គឺ​គ្មាន​ទេ។ យើង​មាន​រាប់​សក្ការ​បូជា នៅ​តាម​វត្ត តាម​ផ្ទះ ពុទ្ធ​បរិស័ទ​អ៊ីចឹង​ទៅ។ ប៉ុន្តែ​មិន​មាន​​ពិធី​ដង្ហែ មិន​មាន​ពិធី​ប្រកាស​វិសាខ​បូជា​អ្វី​ទេ។ សូម្បី​តែ​រាជ​រដ្ឋាភិបាល​មាន​ទីតាំង​រួម​នៅ​ទីតាំង​ភ្នំ​ព្រះ​រាជ​ទ្រព្យ​អ្វី​ហ្នឹង ក៏​លោក​អត់​មាន​ប្រកាស​អ្វី​ដែរ អត់​មាន​ពិធី​រាប់​បាត្រ​អ្វី​ទេ។»

បុណ្យ​វិសាខ​បូជា ជា​បុណ្យ​ធំ​បំផុត​សម្រាប់​អ្នក​កាន់​ពុទ្ធសាសនា ព្រោះ​ជា​ការ​គោរព និង​រំឭក​ដល់​ព្រឹត្តិការណ៍​ធំៗ បី នៃ​សម័យ​ពុទ្ធ​កាល ដែល​ព្រះ​សម្មាសម្ពុទ្ធ​សមណគោតម ទ្រង់​បាន​ប្រសូត បាន​ត្រាស់​ដឹង និង​បាន​ចូល​បរិនិព្វាន​ចំ​ថ្ងៃ ១៥កើត ពេញ​បូណ៌មី ខែ​ពិសាខ​ដូច​គ្នា ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ។

រាល់​ឆ្នាំ​ពិធី​បុណ្យ​នេះ ត្រូវ​បាន​​រៀបចំ​យ៉ាង​អធិកអធម ដោយ​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ទៅ​ជួបជុំ​គ្នា នៅ​លើ​កំពូលភ្នំ​អដ្ឋរស្ស ​នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ជាទី​តម្កល់​ព្រះ​សារីរិកធាតុ​របស់​ព្រះ​សម្មាសម្ពុទ្ធ។

ចំណែក​នៅ​កន្លែង​ផ្សេង​ទៀត មាន​ការ​ដង្ហែ​ព្រះពុទ្ធ​រូប​​​​ប្រទក្សិណ​​​ជុំវិញ​វត្ត​អារាម ដង្ហែ​ជា​ក្បួន​លើ​ឡាន ដង្ហែ​តាម​ភូមិ​ស្រុក ​សែន​ទាន ធូប ផ្កា រាប់​បាត្រ​ព្រះសង្ឃ និង​បណ្ដែត​ប្រទីប នៅ​ពេល​យប់​ជា​ដើម។

ព្រះ​ចៅ​អធិការ​វត្ត​ព្រះ​ពុទ្ធឃោសាចារ្យ នៅ​ស្រុក​អូររាំងឪ ខេត្ត​ត្បូង​ឃ្មុំ ព្រះ​តេជ​គុណ ព្រហ្ម សូរ​វង្ស មាន​ព្រះ​ថេរ​ដីកា​ថា ឆ្នាំ​នេះ មិន​សូវ​មាន​ពុទ្ធ​បរិស័ទ​មក​វត្ត​ធ្វើ​បុណ្យ​ទេ ព្រោះ​វត្ត​មិន​បាន​ផ្សព្វផ្សាយ ​ឱ្យ​ពលរដ្ឋ​មក​ធ្វើ​បុណ្យ ហើយ​ក្បួន​ដង្ហែ​មួយ​ចំនួន ក៏​កាត់​បន្ថយ​ដែរ។

ទោះ​យ៉ាង​ណា ព្រះ​អង្គ​បន្ត​ថា ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ​ចាស់ៗ ចំណុះ​ជើង​វត្ត នៅ​តែ​ជួប​ជុំ​គ្នា សូត្រ​មន្ត​នៅ​​ពេល​ល្ងាច​ ដើម្បី​រំលឹក​បុណ្យ​វិសាខបូជា​ដដែល គ្រាន់​តែ​មិន​មាន​មនុស្ស​ច្រើន​ទេ ហើយ​ខាង​វត្ត​ បាន​តម្រូវ​ឲ្យ​ពុទ្ធ​បរិស័ទ អនុវត្ត​អនាម័យ និង​វិធានការ​ការពារ​សុខភាព​តាម​ក្រសួង​សុខាភិបាល​ណែនាំ៖ «នៅ​ក្នុង​វត្ត​អាត្មា​នេះ គឺ​អាត្មា មាន​ដាក់​កន្លែង​លាង​ដៃ។ លាង​ដៃ ជាមួយ​សាប៊ូ។ ពុទ្ធ​បរិស័ទ​ខ្លះ​ក៏​យល់​ដឹង លាង​ទៅ ហើយ​ខ្លះ​ក៏​មិន​យល់​ដឹង។ ឯ​ការ​រក្សា​គម្លាត​ពី​គ្នា គឺ​បាន​ល្អ គាត់​មិន​ចូល​ជិត​គ្នា​ទេ»

ព្រះ​អង្គ​បន្ថែម​ថា បើ​ទោះ​មិន​ទៅ​វត្ត​ក៏​ដោយ ក៏​ពុទ្ធបរិស័ទ​អាច​ប្រារព្ធ​ពិធី​បុណ្យ​វិសាខ​បូជា នៅ​តាម​ផ្ទះ​បាន​ដែរ ដោយ​សម្អាត​ចិត្ត​ ឱន​កាយ​វិការ​ ថ្វាយ​បង្គំ​ព្រះ​ពុទ្ធ​រូប រៀប​ចំ​គ្រឿង​សក្ការ​បូជា និង​សូត្រ​ធម៌​នមស្ការ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល