ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង និង​ពោធិ៍សាត់​​​​​នាំ​គ្នា​ចូល​ព្រៃ​រក​ផ្សិត​លក់​យក​ប្រាក់​ចិញ្ចឹម​ជីវិត​ ពេល​​ជំងឺ​កូវិដ​១៩​កំពុង​រាតត្បាត

ដោយ ទីន ហ្សាការីយ៉ា
2020-05-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ភូមិ​លាង​ផ្សិត ដែល​ដក​ពី​ព្រៃ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៤ ខែឧសភា ឆ្នាំ២០២០។
អ្នក​ភូមិ​លាង​ផ្សិត ដែល​ដក​ពី​ព្រៃ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៤ ខែឧសភា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ប្រជាពលរដ្ឋ​រាប់​រយ​នាក់​​មក​ពី​ខេត្ត​បាត់ដំបង​និង​ខេត្ត​ពោធិ៍សាត់​នាំ​គ្នា​​​ចូល​ព្រៃ​​ស្វែង​រក​​ផ្សិត​នៅ​ស្រុក​សំឡូត​ ដើម្បី​លក់​​យក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​ អំឡុង​ជំងឺ​កូវិដ​១៩​កំពុង​រាតត្បាត​។ សហគមន៍​ព្រៃឈើ​​​ស្រុក​សំឡូត​ ឱ្យ​ដឹង​ថា ពលរដ្ឋ​ចេញ​​ប្រកប​របរ​រក​ផ្សិត​នេះ​ ​ដោយសារ​​ជីវភាព​ក្រីក្រ​ ​ហើយ​​នៅ​ផ្ទះ​គ្មាន​ការងារ​ធ្វើ​។​តើ​​ពួកគាត់​ជួប​លំបាក​បែប​ណា​ពី​​របរ​​​ដក​ផ្សិត​នេះ?​

​​អ្នក​ភូមិ​​លើក​ឡើង​ស្រដៀង​គ្នា​ថា​ ​របរ​ដក​ផ្សិត​ជា​របរ​​ប្រថុយ​​នឹង​គ្រោះ​​ដល់​អាយុ​ជីវិត​​ ​និង​​ប្រឈម​​​ចោរលួច​ម៉ូតូ​ ពី​ព្រោះ​​ពួកគេ​ត្រូវ​ចេញ​ដំណើរ​ពី​ផ្ទះ​នៅ​ពេល​យប់​ឆ្ពោះ​តំបន់​ដែល​មាន​ព្រៃឈើ​ច្រើន​ ​នៅ​ស្រុក​​សំឡូត​ខេត្ត​បាត់ដំបង​។ អ្នក​ភូមិ​ខ្លះ​បាន​ចេញ​​ពី​ផ្ទះ​តាំង​ពី​ម៉ោង​៤​ទៀបភ្លឺ​រហូត​ដល់​ម៉ោង​៩​ព្រឹក​ទើប​ទៅ​ដល់​​ក្នុង​ព្រៃ។

ក្រុម​អ្នក​ភូមិ​ព្រៃ ដែល​នាំ​គ្នា​ទៅ​រក​ផ្សិត​ប៉ក់ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៤ ខែឧសភា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ
ក្រុម​អ្នក​ភូមិ​ព្រៃ ដែល​នាំ​គ្នា​ទៅ​រក​ផ្សិត​ប៉ក់ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៤ ខែឧសភា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​​ឃុំ​សំរោង​ ស្រុក​ ក្រវាញ​ ខេត្ត​ពោធិ៍សាត់​ លោក​ ដូង អូន​ ​ថ្លែង​ថា ​​លោក​និង​កូន​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ផ្ទាល់​ខ្លួន​​​រួម​ជា​មួយ​ពលរដ្ឋ​ប្រមាណ​១០​នាក់​ផ្សេង​ទៀត​ ចេញ​ពី​ភូមិឋាន​នៅ​​ម៉ោង​៤​ទៀបភ្លឺ ហើយ​ទៅ​ជួប​​​ពលរដ្ឋ​ជា​ច្រើន​នាក់​​ទៀត​​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​​ទៅ​រក​​តំបន់​ដែល​មាន​​ព្រៃ​ឈើ​ច្រើន​។ ពលរដ្ឋ​រូប​នេះ​​រៀបរាប់​ទៀត​ថា ​​នៅ​ពេល​ខ្លះ ពួក​លោក​​ត្រូវ​ដេក​ផ្លូវ​​ក្នុង​ព្រៃ​រយៈ​ពេល​២​ថ្ងៃ​ក៏​មាន​ដែរ ​ដោយសារ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​​ ​ចំណាយ​ពេល​ប្រមាណ​​ពី​៤​ទៅ​៥​ម៉ោង​ទើប​ទៅ​ដល់​គោលដៅ​។ លោក​បញ្ជាក់​ថា របរ​នេះ​​រក​ប្រាក់​មិន​បាន​ច្រើន​ទេ ក៏​ប៉ុន្តែ​ដោយសារ​ជីវភាព​ក្រីក្រ​ ហើយ​គ្មាន​ការងារ​ធ្វើ​​នៅ​ផ្ទះ​ ទើប​លោក​សម្រេច​ចិត្ត​​នាំ​កូន​​​ធ្វើ​ដំណើរ​ផ្សេងព្រេង​​​ទៅ​​តំបន់​ដែល​​មាន​ព្រៃ​ឈើ​នៅ​ក្នុង​ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង៖ «កន្លែង​ណា​មាន​ខ្សាច់​មាន​ថ្មី​ឃើញ​ដី​ផុស​យើង​កាយ​ យក​ស្លាប​ព្រា​កាយ​ដី​​ដូច​មាន់​កាយ​អីចឹង​ ដើរ​រើស​មួយ​គ្រាប់​ៗ​អីចឹង​ទៅ​។កន្លែង​ណា​អត់​ៗ​កន្លែង​ណា​មាន​ៗ​វា​ដុះ​រាក់​វា​ពើង​ដី​ដែរ​ កន្លែង​ណា​ភ្លៀង​ហាប់​ទៅ​យើង​ចេះ​តែ​ដើរ​កាយ​ទៅ​។ វា​មិន​មាន​អ្នក​ណា​បង្ខំ​ទេ​ សុទ្ធតែ​អ្នក​អត់​ដួច​គ្នា​ចេះ​ដើរ​ឱ្យ​តែ​កន្លែង​ណា​​រក​បាន​អីចឹង​សួរ​គ្នា​ទូរស័ព្ទ​​អីចឹង​ទៅ​ ហើយ​ចេះ​តែ​ទៅ​តាម​គ្នា​ទៅ»

លោក​បន្ត​ថា ផ្សិត​ដែល​​​​រក​​បាន​​ ជា​​ផ្សិត​ដុះ​នៅ​ក្នុង​​ព្រៃ ដោយ​អ្នក​ភូមិ​​និយម​ហៅ​​ថា​«ផ្សិត​ប៉ក់»។ ផ្សិត​​នេះ​មាន​រាង​មូល​ដូច​គ្រាប់​ឃ្លី ​ទំហំ​​ប៉ុន​ម្រាម​ដៃ​មនុស្ស​ចាស់ ​ដោយ​​នៅ​​​ពេល​ដក​​ចេញ​ពី​ដី​វា​មាន​ពណ៌​ខ្លៅ ក៏​ប៉ុន្តែ​ក្រោយ​ពេល​លាង​ទឹក​ស្អាត​វា​ប្រែ​​មក​ជា​ពណ៌​ស​វិញ​។​លោក​ថា​ ផ្សិត​ប្រភេទ​នេះ​​ភាគ​ច្រើន​ដុះ​​នៅ​ក្នុង​ព្រៃ​ណា​ដែល​មាន​ដីខ្សាច់​ច្រើន​ និង​មាន​ស្លឹក​ឈើ​ងាប់​គ្រប​ពី​លើ​វា។

ផ្សិត​ប៉ក់ ដែល​អ្នក​ភូមិ​ដក​បាន​ពី​ព្រៃ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៤ ខែឧសភា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ
ផ្សិត​ប៉ក់ ដែល​អ្នក​ភូមិ​ដក​បាន​ពី​ព្រៃ នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី៤ ខែឧសភា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ


​​អ្នក​ប្រកប​របរ​រក​ផ្សិត​​នៅ​ស្រុក​វាលវែង​ម្នាក់​ទៀត លោក ធឿន ញើញ ​ថ្លែង​ថា ​​នៅ​ពេល​ចេញ​ដំណើរ​ម្ដង​ៗ​​ លោក​ព្រួយបារម្ភ​ខ្លាច​មាន​គ្រោះ​ថ្នាក់​​តាម​ផ្លូវ​​ ពីព្រោះ​ពួក​លោក​ធ្វើ​ដំណើរ​ទាំង​​យប់​ងងឹត​​ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ចរាចរ ​និង​ជួប​ការ​លំបាក​ជា​ច្រើន​ទៀត​​ ដូច​ជា​ម៉ូតូ​ប៉ែក​កង់​​គ្មាន​ជាង​ជួសជុល​ហើយ​ត្រូវ​ដេក​តាម​ចិញ្ចើម​ផ្លូវ​ ​និង​មាន​អ្នក​ខ្លះ​​ជិះ​ម៉ូតូ​បុក​គោយន្ត​​ទៀត​ផង​។​ក្រៅ​ពី​នេះ​ លោក ថា ​នៅ​ពេល​ទៅ​ដល់​កន្លែង​រក​ផ្សិត​ គឺ​ពួក​លោក​ត្រូវ​ទុក​ម៉ូតូ​ចោល​ក្នុង​ព្រៃ​ ហើយ​នាំ​គ្នា​​ដើរ​រក​ផ្សិត លុះ​​​ពេល​រសៀល​បន្តិច​ទើប​​នាំ​គ្នា​ត្រឡប់​មក​រក​ម៉ូតូ​វិញ។ លោក​បន្ត​ថា ​ក្នុង​មួយ​ថ្ងៃ​លោក​រក​​ផ្សិត​បាន​ប្រមាណ​​កន្លះ​គីឡូក្រាម ហើយ​​​ថ្ងៃ​ណា​ហេង​​ដើរ​ចំ​កន្លែង​​សំបូរ​ផ្សិត​​​ អាច​រក​បាន​ផ្សិត​​ប្រមាណ ១គីឡូក្រាម៖ «ខ្ញុំ​ក្រក​ពេក​បាន​ខ្ញុំ​ទៅ​រក​ខ្ញុំ​តាម​គេ​តាម​ឯង​ទៅ​ ឮ​ថា​ខាង​ហ្នឹង​វា​ដុះ​ច្រើន​​ក៏​ខ្ញុំ​ទៅ​តាម​គេ​ទៅ​ក្រែង​លោ​​វា​បាន​យក​មក​ចិញ្ចឹម​កូន​ចិញ្ចឹម​ប្រពន្ធ​។គេ​ពីណាពីណី​​ច្រើន​គ្រឹកគ្រាក់​ដែរ​ហ្នឹង​មិន​មែន​តែ​ខ្ញុំ​ណា​ មាន​តែ​របរ​ហ្នឹង​ហើយ​ដែល​រក​ស៊ី​អត់​មាន​អ្នក​ណា​គេ​ចាប់​​គេ​ចង​នោះ​ ចេះ​តែ​រក​ស៊ី​ទៅ​​បាន​តិច​តួច​ចិញ្ចឹម​ប្រពន្ធ​កូន​អីចឹង​ទៅ»

លោក​បញ្ជាក់​ទៀត​ថា ​​ក្នុង​មួយ​ជើង​លោក​លក់​ផ្សិត​បាន​ប្រាក់​ប្រមាណ​ពី ៤ ទៅ ៧ម៉ឺន​រៀល​ (៧០.០០០)។ លោក​ថា ​ប្រាក់​ទាំង​នេះ​ក្រោយ​ពេល​ផាត់​ថ្លៃ​សាំង​ម៉ូត​នៅ​សល់​ប្រមាណ ៣ម៉ឺន​រៀល ​(៣០.០០០ក្នុង​មួយ​ជើង​។​ លោក​ឱ្យ​ដឹង​ទៀតថា អ្នក​ភូមិ​លក់​ផ្សិត​នេះ​ទៅ​ឱ្យ​ម៉ូយ​ចាំ​ទិញ​តាម​ផ្លូវ​​នៅ​ពេល​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក្នុង​តម្លៃ​ចន្លោះ​ពី ៣ម៉ឺន​ទៅ ៥ម៉ឺន ៥ពាន់​រៀល (៥៥.០០០) ក្នុង​មួយ​គីឡូក្រាម។ ទោះ​ជា​យ៉ាង​ណា ​បុរស​វ័យ​៥០​ឆ្នាំ​ប្លាយ​​រូប​នេះ​ បន្ថែម​ថា ប្រសិន​បើ​នៅ​ផ្ទះ​មាន​ការងារ​ធ្វើ​លោក​មិន​ប្រកប​របរ​នេះ​ទេ ពីព្រោះ​លំបាក​ខ្លាំង ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ​អភិបាល​រង​ស្រុក​សំឡូត លោក តុល ភន ប្រាប់​អាស៊ី​សេរី​ថា ​ប្រជាពលរដ្ឋ​​ដែល​ប្រកប​របរ​ដក​ផ្សិត​នេះ​ ភាគ​ច្រើន​គឺ​ជា​អ្នក​នៅ​ខេត្ត​បាត់ដំបង និង​មក​ពី​​ខេត្ត​ពោធិ៍សាត់​ ដោយ​សារ​រដូវ​នេះ​ពួកគាត់​ទំនេរ​ពី​ការងារ​ដាំដុះ​​ ទើប​នាំ​គ្នា​​មក​រក​អនុផល​ព្រៃ​ឈើ​ ដើម្បី​បាន​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ៖ «បាទ!​ មាន​តែ​មក​ពី​ខាង​ផ្សេងៗ ហ្នឹង​ឯង​​បើ​យើង​នេះ​យូរ​ដូច​មិន​ដែល​ឮ​ថា​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំឡូត​នេះ​ប្រកប​មុខ​របរ​ដើរ​ដក​ផ្សិត​លក់​នោះ វា​មិន​ដែល​ឮ។ នៅ​នេះ​យើង​មាន​តំបន់​ការពារ​​របស់​បរិស្ថាន​ ស្រុក​សំឡូត​មាន ២តំបន់​ មាន​តំបន់​ប្រើប្រាស់​ច្រើន​សំឡូត​ ហើយ​ហ្នឹង​តំបន់​​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​សំកុស»

អភិបាល​រង​ស្រុក​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ​កាល​ពី​ថ្ងៃ​ទី​៥​ឧសភា​ ក្រុម​អ្នក​​​​រក​អនុផល​ព្រៃឈើ​ម្នាក់​បាន​ស្លាប់​​ដោយ​ផ្ទុះ​គ្រាប់​មីន និង​មួយ​ចំនួន​ទៀត​រង​របួស​ ដោយ​សារ​តែ​ពួកគាត់​​​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទះ​ហើយ​យក​ទៅ​បោក​លេង​​ជា​មួយ​ថ្ម។

ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​សំឡូត លោក ឡាច សំណាង មាន​ប្រសាសន៍​ថា ​ចាប់​តាំង​ពី​ផ្ទុះ​គ្រាប់​មីន​ស្លាប់​មនុស្ស​មក​​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​បាន​ផ្អាក​ចូល​ព្រៃ​មួយ​រយៈ​ ដោយសារ​​ពួកគាត់​​ខ្លាច​ផ្ទុះ​គ្រាប់​មីន​​បន្ត​ទៀត​​។​លោក​បន្ត​ថា ​ពលរដ្ឋ​ប្រកប​របរ​ដក​ផ្សិត​​​ក្នុង​ព្រៃ​នៅ​ស្រុក​សំឡូត​​ប្រមាណ ៤ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​កន្លង​ទៅ​មិន​មាន​មនុស្ស​ច្រើន​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ​ហើយ​ទើប​តែ​ការ​រាតត្បាត​​ជំងឺ​កូវីដ១៩ មក មាន​ពលរដ្ឋ​​​រាប់​ពាន់​នាក់​ក្នុង​ថ្ងៃ​សម្រុក​ចូល​ព្រៃ​រក​ផ្សិត​លក់៖ «គាត់​មក​ពី​គ្រប់​តំបន់​ទាំង​អស់​មក​ដក​ផ្សិត​នៅ​ស្រុក​សំឡូត​ហ្នឹង​មាន​ពោធិ៍សាត់​ ខាង​ក្រវាញ​ វាលវែង​ មក​ច្រើន​ណាស់​ រហូត​ដូច​ជា​មក​ពី​ខេត្ត​ប៉ៃលិន​ទៀត។ ទី១ កង្វះ​ប្រាក់​ចំណូល​គាត់​មាន​ការងារ​ធ្វើ​ហើយ​ពលរដ្ឋ​ភាគ​ច្រើន​គាត់​មក​ពី​ប្រទេស​ថៃ​ ​គាត់​មក​តាំង​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ​ ដល់​ពេល​អីចឹង​គាត់​អត់​មាន​អី​ធ្វើ​គាត់​ចេះ​តែ​មក​រក​។​គាត់​មក​រក​តាម​គ្នា​ដូច​ថា​ល្បី​ពី​មួយ​ទៅ​មួយ​ ដូច​ថា​គាត់​រក​បាន​អីចឹង​គាត់​ចេះ​តែ​មក​ទាំង​​ប្រថុយ​ប្រថាន​​គ្រោះ​ថ្នាក់​ ព្រោះ​គាត់​មិន​ដឹង​ភូមិសាស្ត្រ​ច្បាស់​លាស់​​អីចឹង​គាត់​ចេះ​តែ​មក​តាម​គ្នា»

លោក​បញ្ជាក់​ថា ​ឈ្មួញ​ប្រមូល​ទិញ​​ផ្សិត​​ពី​អ្នក​ភូមិ​យក​ទៅ​លក់​​ឱ្យ​ថៅកែ​ជនជាតិ​ថៃ​​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ ​តម្លៃ​ចន្លោះ​ពី ៤ម៉ឺន​ទៅ ៦ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម ​។​លោក​ថា ​ផ្សិត​នេះ​ជន​ជាតិ​​​ថៃ​ទិញ​យក​ទៅ​ធ្វើ​ជា​អាហារ​នៅ​ប្រទេស​របស់​គេ។ ​លោក​បន្ថែម​ថា អ្នក​ភូមិ​ប្រកប​របរ​នេះ​នៅ​​រដូវ​ដែល​មាន​​ភ្លៀង​ធ្លាក់​ដំបូង​​រយៈ​ពេល​ប្រមាណ ១ខែ​កន្លះ​ប៉ុណ្ណោះ​ ព្រោះ​ជា​រដូវ​ដែល​មាន​​ផ្សិត​ដុះ​​ច្រើន​។ លោក​​បន្ត​ថា ​អ្នក​ប្រកប​របរ​នេះ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ព្រៃឈើ​​ក្នុង​សហគមន៍​នោះ​ទេ ផ្ទុយ​ទៅ​វិញ ​ពួកគាត់​​ជួយ​ធ្វើ​ជា​ភ្នែក ​ជា​ច្រមុះ​ការពារ​ព្រៃ​បាន​យ៉ាង​ល្អ​ទៀត​ផង​ ពីព្រោះ​​​​អ្នក​ខ្លះ​ត្រូវ​ស្នាក់​នៅ​ក្នុង​ព្រៃ​​២​ថ្ងៃ​ទើប​​ត្រឡប់​មក​វិញ​។​ទោះ​ជា​យ៉ាង​ណា មន្ត្រី​សហគមន៍​រូប​នេះ​ សំណូម​ពរ​ដល់​ពលរដ្ឋ​ទាំង​នោះ​ឱ្យ​​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រាប់​មិន​ទាន់​​ផ្ទុះ​​ជា​ពិសេស​តំបន់​កំពូល​ភ្នំ​នៅ​ស្រុក​សំឡូត​ ដែល​​ជា​ទីតាំង​រក្សា​ទុក​​គ្រាប់​កាំភ្លើង​​កាល​ពី​សម័យ​សង្គ្រាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល