សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​យក​លុយ ៧លាន​ដុល្លារ ដែល​រឹបអូស​បាន​ពី​ឧក្រិដ្ឋជន​ទៅ​បម្រើ​ផល​ប្រយោជន៍​សាធារណៈ

ដោយ ហេង រស្មី
2020-03-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុរស​ជន​ជនជាតិ​ចិន ឈ្មោះ លាវ ជីងឈីង (LIAO JINGQING) (រូប​ស្ដាំ​ទី២) និង​ក្រដាស​ប្រាក់​ដុល្លារ​ជិត ១​លាន​ដុល្លារ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន។
បុរស​ជន​ជនជាតិ​ចិន ឈ្មោះ លាវ ជីងឈីង (LIAO JINGQING) (រូប​ស្ដាំ​ទី២) និង​ក្រដាស​ប្រាក់​ដុល្លារ​ជិត ១​លាន​ដុល្លារ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន។
រូប​អគ្គស្នងការ​នគរបាល​ជាតិ

អ្នក​ឃ្លាំ​មើល​សង្គម​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​យក​ថវិកា ដែល​បាន​រឹបអូស​បាន​ពី​ឧក្រិដ្ឋជន​ចំនួន ​៧លាន​ដុល្លារ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប ​ពី​ជនជាតិ​ចិន-កូរ៉េ​នោះ យក​មក​ប្រើ​ផល​ប្រយោជន៍​សាធារណៈ ដូច​ជា សាងសង់​ ស្ពាន ផ្លូវ សាលា​រៀន ដើម្បី​ប្រជាពលរដ្ឋ​ប្រើប្រាស់។

មន្ត្រី​រដ្ឋាភិបាល​ថា ​ថវិកា​ទាំង​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ធនាគារ ជាតិ​​នៅ​ឡើយ​ដោយ​រង់ចាំ​សេចក្ដី​សម្រេច​ពី​តុលាការ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ លោក​ សន ជ័យ មាន​ប្រសាសន៍​ថា​ ​ ប្រសិន​បើ​រដ្ឋាភិបាល​យក​ថវិកា​ដែល​រឹប​អូស​ពី​ឧក្រិដ្ឋជន​យក​មក​ប្រើប្រាស់​ដើម្បី​ផល​ប្រយោជន៍​សាធារណៈ​​នោះ​ជា​ការ​ល្អ​ប្រសើរ។​

លោក​លើក​ឡើង​បែប​នេះ​ដោយ​សារ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​​មាន​ការ​ខ្វះខាត​លើ​ការ អភិវឌ្ឍន៍​វិស័យ​សាធារណៈ និង​ទឹក​ស្អាត​សម្រាប់​សិស្ស​ប្រើប្រាស់​ជា​ដើម៖ «លុយ​នេះ​បើ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​ទៅ វា​គួរ​តែ​ជា​ការ​ប្រើប្រាស់​សម្រាប់​តម្រូវ​ការ​ជា​អាទិភាព​មួយ​ចំនួន​ដែល​មាន​ភាព​ចាំ​បាច់​របស់​រដ្ឋ។អាច​ថា​យក​វា​ទៅ​ធ្វើ​ស្ពាន​ ធ្វើ ថ្នល់ អាច​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​កសាង​ ហេដ្ឋារចនាសម្ព័ន្ធ សាលា​រៀន​ បង្គន់​អនាម័យ​អោយ​កូន​សិស្ស​ប្រើ​នៅ​តំបន់​ជនបទ​ដាច់ស្រយាល​។ខ្ញុំ​គិត​ថា​ វា​អត់​មាន​អ្វី​ដែល​អាក្រក់​ទេ»

ការ​លើក​ឡើង​របស់​លោក សន ជ័យ បាន​កើត​មាន​ឡើង​ក្រោយ​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ ថវិកា​ដែល​បាន​រឹបអូស​ពី​ឧក្រិដ្ឋជន កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ធនាគារ​ជាតិ​នៅ​ឡើយ។

នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន នគរបាល​អន្តោ​ប្រវេសន៍​ ធ្លាប់​បាន​អះអាង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​រឹបអូស​លុយ​ចំនួន​ជាង ៧លាន​ដុល្លារ​ពី​ជន​ជាតិ​ចិន-កូរ៉េ​ កាល​ពី​ឆ្នាំ២០១៩ នៅ​វាល​យន្ត​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប ហើយ​បាន​យក​ទៅ​តម្កល់​ទុក នៅ​ធនាគារ​ជាតិ នៃ​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ ថ្លែង​ប្រាប់​សន្និសីទ​កាសែត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី១២ មីនា​ថា រដ្ឋាភិបាល​កំពុង​រង់ចាំ​សេចក្ដី​សម្រេច​ពី​តុលាការ​ដើម្បី​យក​លុយ​ចំនួន​ជាង​៧ លាន​ដុល្លារ (.៧៨៦.១៧៩,៣៥ដុល្លារ) ដែល​រឹបអូស​បាន​ពី​ឧក្រិដ្ឋជន​យក​ទៅ​ប្រើប្រាស់​ជា​លុយ​ស្របច្បាប់​វិញ​។ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា តុលាការ​នឹង​ប្រកាស​សាលក្រម​ឲ្យ​ប្រើប្រាស់​ថវិកា​ទាំង​នេះ​នៅ​ពេល​ណា​នោះ​ទេ៖ «ប្រាក់​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ធនាគារ​ជាតិ​យើង​ទេ​ឥឡូវ​យើង​រង់ចាំ​មើល​សវនាការ​របស់​តុលាការ។​លោក​សម្រេច​ថា​ម៉េច​មុន​នឹង​អនុវត្តន៍ បើ​សិន​ជា​ប្រាក់​ទាំង​អស់​ហ្នឹង​ថា​ ទេ​ជា​ប្រាក់​ហិរញ្ញប្បទាន​ជា​ប្រាក់​ដែល​ខ្មៅ​ រឹបអូស​ជា​ទ្រព្យសម្បត្តិ​របស់​ជាតិ អា​ហ្នឹង​ជា​ប្រាក់​សង​វិញ ជា​ទ្រព្យសម្បត្តិ​របស់​យើង​។​មាន​ន័យ​ថា​ ចំនួន​ទាំង​អស់​ហ្នឹង​ដូច​បាន​ជម្រាប​ជូន​នៅ​ក្នុង​របាយការណ៍​មុន​ហ្នឹង​បន្តិច​ថា​មាន​ចំនួន​៧លាន​ដុល្លារ»

អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ គឺ​នាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ​ បាន​ថ្លែង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ប្រចាំ​ឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កាលពី​ខែ​មករា ឆ្នាំ ២០២០ថា សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ចំនួន​៩នាក់​ពាក់ព័ន្ធ​ការ​នាំ​លុយ​គ្មាន​ប្រភព​ច្បាស់ ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ដើម្បី​រង់ចាំ​ជំនុំ​ជម្រះ​ទោស​ពាក់ព័ន្ធ​ និង​ការ​នាំ​ចូល​លុយ​ខ្មៅ ឬ​លុយ​ក៏​ខ្វក់ ដែល​ជា​ប្រាក់​បាន​មក​ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់​ហើយ​នាំ​ចូល​មក​ប្រទេស​កម្ពុជា។

អ្នក​ឃ្លាំមើល​ការ​លាង​លុយ​កខ្វក់​ទូទាំង​ពិភព​លោក​ដែល​មាន​ឈ្មោះ​ថា ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ​ (FATF) បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​តាមដាន​របស់​ខ្លួន​កាល​ពី​ចុង​ឆ្នាំ​២០១៩​ដោយសារ​ស្ថាប័ន​មួយ​នេះ​ចាត់​ទុក​ថា កម្ពុជា​នៅតែ​មាន​ការ​ព្រួយ​បារម្ភ ដោយ​ករណី​នេះ ​អាច​ងាយ​រងគ្រោះ​ខ្លាំង​ចំពោះ​ការ​លាង​លុយ​កខ្វក់។

ក្រុមការងារ​សកម្មភាព​ហិរញ្ញវត្ថុ​ (FATF)បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង “បញ្ជី​ប្រផេះ” ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ទីក្រុង​ប៉ារីស​ទំនង​ជា​កាត់​បន្ថយ​លំហូរ​ហិរញ្ញវត្ថុ​វិនិយោគ និង​ពាណិជ្ជកម្ម​អន្តរជាតិ​មកពី​ប្រទេស​ទៅកាន់​អាស៊ីអាគ្នេយ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល