កម្ពុជា និង​ចិន​បញ្ចប់​កិច្ចចរចា​លើក​ទី​១ ស្ដីពី​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

ដោយ យន់ សាមៀន
2020-01-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹឈាង ថា ( Li Keqiang) [ឆ្វេង] ​ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​ពេល​ចូល​រួម​ពិធី​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន នា​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា ឆ្នាំ​២០១៨។
នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹឈាង ថា ( Li Keqiang) [ឆ្វេង] ​ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ក្នុង​ពេល​ចូល​រួម​ពិធី​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន នា​វិមាន​សន្តិភាព កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មករា ឆ្នាំ​២០១៨។
Photo courtesy of SPM Facebook's Page

ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​អះអាង​ថា ការចរចា​ជុំ​ទីមួយ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន មាន​លទ្ធផល​វិជ្ជមាន ដោយ​ភាគី​ទាំង​ពីរ​បាន​ផ្លាស់ប្ដូរ​រមតិ និង​គោលជំហរ​ទៅវិញទៅមក ព្រមទាំង​ឯកភាព​លើ​មាត្រា​មួយ​ចំនួន​ផង​ដែរ​។ ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នេះ គឺជា​ការ​អនុវត្ត​តាម​បំណង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រមុខ​ដឹកនាំ​ចិន ដែល​ចង់​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ សេវាកម្ម និង​កិច្ច​សហប្រតិបត្តិការ​កាន់​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំងពីរ ដើម្បី​សម្រេច​គោលដៅ​ពាណិជ្ជកម្ម​ចំនួន ១ ម៉ឺន​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២៣ ខាងមុខ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃ​ទី​២៨ មករា ឱ្យ​ដឹង​ថា កិច្ចចរចា​ជុំ​ទីមួយ​នេះ ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២០ និង​២១ មករា កន្លង​ទៅ​។ ភាគី​កម្ពុជា​តំណាង​ដោយ​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ និង​ភាគី​ចិន​តំណាង​ដោយ អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន លោក រេន ហុងប៊ីន (Ren Hongbin)​។ ប្រភព​ដដែល​បន្ត​ថា ភាគី​ទាំងពីរ​នឹង​ពន្លឿន​ការ​លើកឡើង​ពី​ចំណុច ឬ​សំណើ​ផ្សេងៗ​តាម​ក្រុមការងារ​នីមួយៗ ដើម្បី​ឈាន​ទៅ​រក​ការ​ឯកភាព​លើក​កិច្ចព្រមព្រៀង ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ កិច្ចចរចា​ជុំ​ទីពីរ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​កម្ពុជា ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២០ នេះ។

ការចរចា​ស្ដីពី​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប​។ ក្រៅពី​ជាមួយ​ចិន រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏​គ្រោង​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កូរ៉េខាងត្បូង​ផង​ដែរ។

អ្នក​តាមដាន​ស្ថានការណ៍​យល់ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ពិចារណា​ឱ្យ​បាន​ដិតដល់​ចំពោះ​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន ពីព្រោះ​កម្ពុជា​អាច​ទទួល​បាន​ផលប្រយោជន៍​តិច​ពី​កិច្ចព្រមព្រៀង​នេះ ដោយសារ​កម្ពុជា​ជា​ប្រទេស​នាំចូល ច្រើនជាង​នាំចេញ​។ ជាក់ស្ដែង ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​នាំ​ទំនិញ​ទៅ​ចិន​បាន​ជាង ៨ រយ​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​ចិន​នាំមក​កម្ពុជា​វិញ បាន​ជាង​៦ ពាន់​លាន​ដុល្លារ​អាមេរិក​។ តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម​នេះ​បង្ហាញ​ថា ចិន​ជា​អ្នក​ចំណេញ​កប់​ក្ដោង​ពី​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល