កម្ពុជា​ត្រៀម​ខ្លួន​រួចរាល់​បន្ត​ការ​ចរចា​ជាមួយ​ថៃ ជុំវិញ​គម្រោង​អភិវឌ្ឍ​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ជម្លោះ​ក្នុង​ឈូង​សមុទ្រ​ថៃ

ដោយ មាន ឫទ្ធិ
2020-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo courtesy of Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) និង​លោក​នាយក​រដ្ឋមន្ត្រី​ថៃ បា្រយុទ្ធ ចាន់អូចា (Prayut Chan-O-cha) ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo courtesy of Hun Sen's Facebook Page
Photo courtesy of Hun Sen's Facebook Page

កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​បន្ត​ការ​ចរចា​ជាមួយ​ភាគី​ថៃ ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ប្រេង និង​ឧស្ម័ន នៅ​តំបន់​អះអាង «​ត្រួតស៊ីគ្នា​» ក្នុង​ឈូង​សមុទ្រ​ថៃ ជាប់​ព្រំ​ដែនទឹក​រវាង​ប្រទេស​ទាំងពីរ​។ អគ្គនាយក​ទទួលបន្ទុក​វិស័យ​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក ជៀប សួរ ឱ្យ​អាស៊ីសេរី​ដឹង​កាលពី​ថ្ងៃ​ទី​១៥ ឧសភា ថា ការ​បន្តការ​ចរចា​នេះ គឺ​អាស្រ័យ​ទៅ​លើ​ភាគី​ខាង​ថៃ។ លោក​ថា បច្ចុប្បន្ន​នេះ កម្ពុជា នៅ​ពុំទាន់​ទទួលបាន​ការឆ្លើយតប​ណាមួយ​ពី​ភាគី​ថៃ​នៅឡើយ​ទេ​។ លោក​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ខ្លឹមសារ និង​ចំណុច​ដែល​ភាគី​ទាំងពីរ នៅ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​នៅ​ឡើយ ដែល​នឹងត្រូវ​លើក​យកមក​ចរចា​បន្ត​ទៀត​នោះ ដោយ​លោក​អះអាង​ថា លោក​គ្រាន់តែ​ជា​មន្ត្រី​បច្ចេកទេស។

ការចរចា​ជាមួយ​ភាគី​ថៃ ដំបូង​ឡើយ​គ្រោង​ធ្វើ​កាលពី​ចុងឆ្នាំ​២០១៩ ក៏ប៉ុន្តែ ត្រូវ​អាក់ខាន​ទៅវិញ ដោយសារតែ​មានការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​១៩​។ កាលពី​ខែកញ្ញា ឆ្នាំ​២០១៩ នៅឯ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​លើក​ទី​៣៧ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ភាគី​កម្ពុជា និង​ថៃ បាន​ឯកភាពគ្នា​ថា នឹង​បើក​ការចរចារ​ជុំវិញ​គម្រោង​អភិវឌ្ឍន៍ ប្រេង និង​ឧស្ម័ន​នៅ​ព្រំ​ដែង​ទឹក​មាន​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ ក្រោយពី​បាន​ពន្យារពេល ជាច្រើន​ឆ្នាំ​មកហើយ​នោះ។

តាំង​ពី​ដើម​ទសវត្សរ៍ ៧០​មក កម្ពុជា និង​ថៃ បាន​ទាមទារ​រៀងៗ​ខ្លួន ចំពោះ​សិទ្ធិ​អភិវឌ្ឍន៍​លើ​តំបន់​អះអាងថា​«​ត្រួតស៊ីគ្នា​» ទំហំ ២​ម៉ឺន​៦​ពាន់ គីឡូម៉ែត្រ​ការ៉េ ក្នុង​ឈូង​សមុទ្រ​ថៃ ដែលមាន​ការប៉ាន់ប្រមាណ​ថា​អាចមាន​ប្រេង និង​ឧស្ម័ន ៥០០​លាន​បារ៉ែល នៅ​បាតសមុទ្រ​។ លុះដល់​ឆ្នាំ​២០០១ កម្ពុជា​-​ថៃ បាន​ចុះ​អនុស្សារណៈ យោគយល់​គ្នា​មួយ ដើម្បី​រុករក​រួមគ្នា​ក្នុង​តំបន់​នោះ​។ ក៏ប៉ុន្តែ ការចរចារ​អំពី​ការចែករំលែក ផលប្រយោជន៍​រវាង​ភាគី​ទាំងពីរ ត្រូវ​ពន្យារពេល​ទៅវិញ ដោយសារ​មានការ​ផ្លាស់ប្តូរ រដ្ឋាភិបាល​នៅ​ប្រទេស​ថៃ​ជា​បន្តបន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល