គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ជំហរ​ថា ការ​ដក EBA មិន​ថយក្រោយ​ទេ ដោយសារ​ស្ថានភាព​សិទ្ធិមនុស្ស​មិន​ប្រសើរ

ដោយ មួង ណារ៉េត
2020-08-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
EU_EBA
EU_EBA
Photo: RFA

គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ជំហរ​សាជាថ្មី និង​ចុងក្រោយ​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% នៅ​ថ្ងៃ​ទី១២ ខែ​សីហា​ខាងមុខនេះ គឺ​មិន​ថយក្រោយ​ទេ ព្រោះ​កម្ពុជា​ខកខាន​ក្នុង​ការ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

គិត​មក​ត្រឹម​ថ្ងៃនេះ គឺ​នៅសល់​ពេល​តែ ៨ ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ដល់​ថ្ងៃ​ដែល​សហភាព​អឺរ៉ុប អនុវត្ត​សេចក្ដី​សម្រេច​របស់​ខ្លួន។ ប៉ុន្តែ ជំហរ​របស់​ខាង​គណៈកម្មការ​អឺរ៉ុប គឺ​នៅតែ​ដដែល។ មន្ត្រី​ព័ត៌មាន​ផ្នែក​ពាណិជ្ជកម្ម​របស់​គណៈកម្មការ​អឺរ៉ុប អ្នកស្រី ឃីងហ្កា ម៉ាលីណូវស្កា (Kinga Malinowska) ប្រាប់​អាស៊ី​សេរី ថា​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ដែល​ថា​នឹង​ដក​ការ​អនុគ្រោះ​ពន្ធ EBA ២០% នោះ នឹង​ចូលជាធរមាន​នៅ​ថ្ងៃ​ទី១២ ខែសីហា ខាង​មុខ​នេះ​ហើយ ព្រោះ​រដ្ឋាភិបាល​កម្ពុជា គ្មាន​បាន​កែប្រែ​អ្វី​គួរឲ្យ​កត់សម្គាល់​នោះ​ទេ៖ «ខ្ញុំ​ដូចជា​មិន​ឃើញ​មានការ​វិវឌ្ឍ​អ្វី​ជាដុំកំភួន ក្នុង​ការ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​អ្វី នៅ​កម្ពុជា​នោះ​ទេ និយាយរួម គឺ​តាំងពី​គណៈកម្មការ​អឺរ៉ុប​ចេញ​សេចក្ដី​សម្រេច​នោះ​មក។ ឥឡូវ​ថ្ងៃ​ដក​ការ​អនុគ្រោះ​ពន្ធ​នោះ ចូល​មកដល់​ទៅ​ហើយ»

ជំហរ​ឥតងាករេ​នេះ ត្រូវ​បានខាង​តំណាង​ចៅ​កែ​រោងចក្រ បញ្ជាក់​ថា​ពិត ក្រោយ​បាន​ទទួលការ​ឆ្លើយតប​ពី​គណៈកម្មការ​អឺរ៉ុប នា​ពេល​ថ្មីៗ នេះ។ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា GMAC លោក ខេន លូ (Ken Loo) ប្រាប់​អាស៊ី​សេរី កាលពី​ថ្ងៃ​ទី៣ ខែសីហា​ដែរ​ថា គណៈកម្មការ​អឺរ៉ុប នឹង​អនុវត្ត​សេចក្ដី​សម្រេច​របស់​ខ្លួន​តាមកាល​កំណត់ ដោយ​មិន​ព្រម​តាម​សំណើ​របស់​សមាគម​រោងចក្រ​កាត់ដេរ ដែល​ស្នើសុំ​ឲ្យ​ពន្យារ​ពេល​មួយ​ឆ្នាំ​សិន​នោះ​ទេ៖ «EU ឆ្លើយ​ដូច​លើក​មុន​អ៊‍ីចឹង! មាន​ន័យ​ថា ថ្ងៃ​ទី១២ ខែសីហា គេ​ដក... គេ​អនុវត្ត​អ្វី​ដែល​គេ​បាន​សម្រេច​ហើយ»

នៅ​ពេល​ដែល​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី ១២ ខែសីហា​នោះ កម្ពុជា​នឹង​បាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០​% ដែល​មាន​ទឹកប្រាក់​ជាង ១ពាន់​លាន​ដុល្លារ ដោយ​កម្ពុជា​ត្រូវ​បង់ពន្ធ​ពេញ លើ​ការនាំចេញ​ទំនិញ ៤០ មុខ។

ការ​រងបន្ទុក​ពន្ធ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ជួប​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ បែបនេះ ធ្វើឲ្យ​តំណាង​សហជីពកម្មករ ព្រួយបារម្ភ​ទ្វេរ​ដង។ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ប្រាប់​អាស៊ី​សេរី ក្រោយ​មិនឃើញ​មាន​ដំណោះស្រាយ​សមស្រប​ណាមួយ ដែល​ធ្វើឲ្យ​គណៈកម្មការ​អឺរ៉ុប​អាច​ដូរ​ចិត្ត​នោះ ថា​លោក​បារម្ភ ថា​ជីវភាព​កម្មករ​រាប់​សែន​នាក់ នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ដល់។ លោក​បន្ត​ថា ទីមួយ​កម្មករ​កំពុងតែ​ជួប​ការ​លំបាក​ស្រាប់ ដោយសារ​ការបាត់បង់​ការងារ ព្រោះ​រោងចក្រ​ជាច្រើន​បាន​បិទទ្វារ ឬព្យួរ និង​ទីពីរ​គឺ​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ អាច​នឹង​លែង​បញ្ជាទិញ​ទំនិញ​ពី​កម្ពុជា ដែល​ធ្វើឲ្យ​រោងចក្រ​កាន់តែ​ច្រើន​ទៀត នឹង​បិទទ្វារ ហើយ​កម្មករ​កាន់តែ​ច្រើន​ទៀត​នឹង​បាត់បង់​ការងារ​ធ្វើ៖ «ជា​ឧបសគ្គ​ហើយ​ការនាំចេញ។ មុខទំនិញ ៤០ មុខ ហើយ​ទំនិញ​ជាច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​សម្ភារៈ​កាត់ដេរ ដេរ​ស្បែក និង​ខាង​ដេរ​ស្បែកជើង និង​កាបូបយួរ​ដៃ​ជា​ហ្នឹង និង អាវយឺត ឬ underwear មាន​ទី​ផ្សារ​ធំៗ​ដូចជា H&M Addidas ដែល​ប៉ះ​ខ្លាំង​ជាងគេ។ ទីផ្សារ​ពីរ​ហ្នឹង ទិញ​ច្រើន​មែនទែន ពី​ស្រុកខ្មែរ។ បើ​ប៉ះ​ខ្លាំង​ដូច្នេះ ទីផ្សារ​គេ​អាច​ទៅ​ផលិត​ដែលគេ​ត្រៀម​នាំចេញ​ហ្នឹង នៅ​ប្រទេស​ផ្សេងទៀត ដែល​យើង​ក៏​ធ្លាប់​បាន​ដឹង​ដែរ»

លោក អាត់ ធន សោកស្ដាយ​ខ្លាំង ដែល​ទោះ​ខាង​សហជីព​ខិតខំ​ធ្វើការ​ជាមួយ​ខាង​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ខាង​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ហាញ​អំពី​កង្វល់​ជុំវិញ​ផល​ប៉ះពាល់​ដល់​ជីវភាព​កម្មករ​នេះ ក៏​ឃើញ​ថា ​ខាង​រដ្ឋាភិបាល​កម្ពុជា និង​សហភាព​អឺរ៉ុប មិន​ខិត​ជិត​គ្នា​សោះ​បែបនេះ។

ការ​មិន​ខិត​ជិត​គ្នា​សោះ​បែបនេះ បើ​តាម​ខាង​គណៈកម្មការ​អឺរ៉ុប​ថា មក​ពី​ខាង​ភាគី​របប​ក្រុងភ្នំពេញ ព្រោះ​កូនសោ គឺ​លើ​ដៃ​លោក ហ៊ុន សែន។ គណៈកម្មការ​អឺរ៉ុប ធ្លាប់​បញ្ជាក់​ហើយ​ថា បើ​កម្ពុជា​ចង់បាន​ការ​អនុគ្រោះ​ពន្ធ EBA ពេញលេញ​ឡើងវិញ គឺ​មានតែ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

ការ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នេះ រួមមាន​ការ​ផ្តល់​នីតិសម្បទា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ដំណើរការ​ឡើងវិញ ទម្លាក់​ចោល​រាល់​បទចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា និង​បើកចំហ​សេរីភាព​ការ​បញ្ចេញមតិ សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​គ្នា ដើម្បី​តវ៉ា និង​សេរីភាព​សហជីព។ល។

អាស៊ី​សេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ ពី​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ជុំវិញ​ជំហរ​ដដែល​របស់​គណៈកម្មការ​អឺរ៉ុប​នេះ​ទេ។ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន្ត ថា​ការ​បាត់បង់ EBA ២០% នេះ​គឺ​ដោយសារ​គណៈកម្មការ​អឺរ៉ុប​អ្នក​កាត់។

កន្លងមក​របប​ក្រុងភ្នំពេញ នៅតែ​រក្សា​ជំហរ​ដដែល​ដែរ គឺ​មិន​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ តាម​សំណើ​របស់​គណៈកម្មការ​អឺរ៉ុប​នេះ​ទេ ដោយសារ​របប​នេះ អះអាង​ថា​ចំណាត់​ការ​របស់​ខ្លួន គឺ​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់ និង​ថា បើ​ធ្វើ​តាម​សហភាព​អឺរ៉ុប គឺ​ស្មើនឹង​ឱន​ក្បាល​ចំពោះ​សហភាព​អឺរ៉ុប និង​ធ្វើឲ្យ​បាត់បង់​អធិបតេយ្យ​កម្ពុជា​ជា​ដើម។

ស្រប​ពេល​ជាមួយគ្នា​នេះ របប​ក្រុង​ភ្នំពេញ បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​ងាក​ទៅ​រក​ចិន​ខ្លាំង ដែល​របប​នេះ អាច​យក​ជា​ទី​បង្អែក ដើម្បី​ប៉ះប៉ូវ​ស្ថានភាព​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​បែប​នេះ។ ពេល​ដឹង​ថា​នឹង​បាត់ EBA របប​ក្រុង​ភ្នំពេញ ប្រញាប់​ពន្លឿន​នីតិវិធី​ក្នុង​ការ​ចុះហត្ថលេខា លើ​កិច្ច​ព្រម​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​នឹង​ចិន។ ប៉ុន្តែ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យល់​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​នេះ មិន​ដូចគ្នា​ទៅ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​នោះ​ទេ។ ប្រធាន​អង្គការ​សង់ត្រាល់ លោក មឿន តុលា ថា កម្ពុជា​នឹង​ចាញ់​ប្រៀប​ចិន​ដាច់ ក្នុង​ស្ថានភាព​នេះ៖ «ប៉ុន្មាន​ថ្ងៃមុន​នេះ រដ្ឋ​ក៏បាន​ប្រកាស​ដែរ ថា​នឹង​យក​ថ្ងៃ​ទី ១២ ខែ សីហា យើង​នេះ ដើម្បី​ជា​ថ្ងៃ​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន។ ប្រាកដ​ណាស់ [កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន] មិន​អាច​មក​ជំនួស​ការ​អនុគ្រោះ​ពន្ធ EBA ហ្នឹង​នោះ​ទេ។ កម្លាំង​នៃ​ការនាំចេញ បើ​យើង​មើល​ទៅ កម្ពុជា​នាំទៅ​ចិន​ប្រមាណ​តែ ៥៨០ លាន​ដុល្លារ​ជាង​ទេ។ ចិន​វិញ​នាំមក​ខ្មែរ ៦ពាន់​លាន​ដុល្លារ​ជាង។ មា​ន័យ​ថា បើ​យើង​មើល​ទុយយោ​នៃ​ការ​នាំ​ទំនិញ​ចេញពី​កម្ពុជា​ទៅ​ចិន គឺ​ទុយយោ​មុខ​កាត់ ២១ ទេ ប៉ុន្តែ​ទុយយោ​ដែល​នាំចូល​ពី​ចិន​មក​កម្ពុជា​វិញ គឺ​សឹង​ថា​ទុយយោ​មួយ​ម៉ែត្រ»

លោក មឿន តុលា ថា​មិន​ត្រឹមតែ​កម្ពុជា​ចាញ់ប្រៀប​ចិន ក្នុង​ផ្នែក​ជញ្ជីង​ពាណិជ្ជកម្ម​មិន​ស្មើភាព​គ្នា​នោះ​ទេ លោក​ថា រដ្ឋាភិបាល​ចិន មិន​ខ្វល់ខ្វាយ​រឿង​រំលោភ​សិទ្ធិ​មនុស្ស ឬ​បំផ្លាញ​ប្រជាធិបតេយ្យ​អ្វី ដូច​សហភាព​អឺរ៉ុប​នោះ​ទេ។ ប្រការ​នេះ លោក​ថា ជា​ក្ដី​កង្វល់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ។របប​ក្រុងភ្នំពេញ ទោះ​ធ្លាប់​អះអាង​ថា ពេល​អត់ EBA ក៏​កម្ពុជា​មិន​ស្លាប់​នោះ ទទួលស្គាល់​ថា​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ពី​វិបត្តិសេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ-១៩។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី៣១ ខែកក្កដា របប​ក្រុង​ភ្នំពេញ​ថា វិស័យ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ រួមមាន​វិស័យ​កាត់ដេរ-វាយនភណ្ឌ និង​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ជាច្រើន ក៏​កំពុងតែ​ប្រឈម​នឹង​បញ្ហា​លំបាក​ផ្សេងៗ ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

ក្នុង​ស្ថានភាព​បែបនេះ របប​ក្រុងភ្នំពេញ ថា​នឹង​បន្ត​ជួយឧបត្ថម្ភ​ប្រាក់ ៤០ ដុល្លារ​ក្នុង​មួយ​ខែ ដល់​កម្មករ​រោងចក្រ ដែល​បាត់បង់​ការងារ សម្រាប់ ០២ ខែ​បន្ត​ទៀត រហូតដល់​ដាច់ខែ កញ្ញា និង​បន្ត​ចែក​ប្រាក់​ដល់​គ្រួ​សារ​ក្រីក្រ ក្នុង​មួយ​គ្រួសារ ពី ២០ ទៅ ៣០ ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​រយៈពេល ០២ ខែ​បន្ត​ទៀត រហូតដល់​ដាច់ខែ កញ្ញា​ដែរ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សហជីព និង​អង្គការ​សង្គម​ស៊ីវិល ថា​ជំនួយ​ឧបត្ថម្ភ​ទាំង​នេះ តិចតួច​ស្ដួចស្ដើង និង​បានតែ​មួយ​គ្រា ដែល​មិន​អាច​ដោះ​ស្រាយ​បញ្ហា​កម្មករ​ជា​ទូទៅ សម្រាប់​រយៈ​ពេល​វែង ដូច​មាន EBA ពេញលេញ​នោះ​ទេ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល