IMF ព្រមាន​ពី​ការ​រំជើបរំជួល​សង្គម បើ​ប្រទេស​នានា​ពុំ​ចាត់​វិធានការ​គ្រប់គ្រាន់​ទប់ស្កាត់​ជំងឺ​កូវីដ​១៩

ដោយ មាន ឫទ្ធិ
2020-04-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភា​ព​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ ទៅទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ឈ្មោះ ម៉ាក្រូ (Makro) នៅ​ល្ងាច​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០២០។
ទិដ្ឋភា​ព​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ ទៅទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ឈ្មោះ ម៉ាក្រូ (Makro) នៅ​ល្ងាច​ថ្ងៃ​ទី៧ ខែ​មីនា ឆ្នាំ​២០២០។
Photo Provided

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ព្រមាន​ពី​ចលាចល​ក្នុង​សង្គម ប្រសិនបើ​រដ្ឋាភិបាល​ប្រទេស​នានា ពុំ​ចាត់វិធានការ​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់ ឬ​ធ្វើ​ឱ្យ​ធូរស្រាល​នូវ​វិបត្តិ​ជំងឺ​រាតត្បាត​សាកល​កូវីដ​-១៩ នោះ​ទេ។ ការព្រមាន​នេះ ធ្វើឡើង​ក្នុង​របាយការណ៍​ឃ្លាំមើល​ហិរញ្ញវត្ថុ​សាកល​ប្រចាំ​ឆ្នាំ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ទើបនឹង​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៥ មេសា។

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ព្រមាន​ថា ប្រទេស​នានា​នៅ​លើ​ពិភពលោក អាច​នឹង​ងាយ​រងគ្រោះ​ពី​រលក​ថ្មី​នៃ​ភាព​រំជើបរំជួល​ក្នុង​សង្គម ប្រសិនបើ​វិធានការ​ជួយសង្គ្រោះ របស់​រដ្ឋ ត្រូវ​ពលរដ្ឋ​មើល​ឃើញ​ថា មិន​ទាន់​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហា​វិបត្តិ​ជំងឺ​កូវីដ​១៩ និង​ការ​ដួល​រលំ​សេដ្ឋកិច្ច​នោះ​ទេ​។ អង្គការ​នេះ​ពន្យល់​បន្ត​ថា ភាព​រំជើបរំជួល​ក្នុង​សង្គម​នេះ ក៏​អាច​កើតឡើង​ដោយសារតែ​វិធានការ​ជួយសង្គ្រោះ​របស់​រដ្ឋ ត្រូវ​ពលរដ្ឋ​មើល​ឃើញ​ថា មាន​ភាព​អយុត្តិធម៌ ឬ​នៅ​ពេល​ដែល​វិធា​ការ​ទាំងនោះ ត្រូវ​បញ្ឈប់​ទៅវិញ។

បើ​តាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ប្រទេស​ឬ​រដ្ឋ​ដែល​អាច​ប្រឈម​នឹង​ការ​ផ្ទុះ​ភាព​រំជើប រំជួល​ក្នុង​សង្គម​នោះ អាច​ជា​ប្រទេស​ដែល​មាន​អំពើពុករលួយ​ខ្ពស់ និង​ខ្វះ​តម្លាភាព​ជាដើម​។ មូលនិធិ​នេះ សរសេរ​ពន្យល់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ការ​ផ្ទុះ​ការ​តវ៉ា​នានា អាច​នឹង​មាន​លទ្ធភាព​កើតឡើង​ច្រើន ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​ប្រវត្តិ​នៃ​អំពើពុករលួយ រីក​សុះសាយ មាន​កង្វះ​តម្លាភាព​ក្នុង​គោលនយោបាយ​សាធារណៈ និង​ការ​ផ្តល់​សេវា​សាធារណៈ​នៅ​ទន់​ខ្សោយ។

បើទោះជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​មិន​បាន​លើក​ចំៗ ថា​តើ​កម្ពុជា អាច​នឹង​ប្រឈម​ទៅ​នឹង​ស្ថាន​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​រលក​នៃ​ការ​ផ្ទុះ​ការរំជើបរំជួល​ក្នុង​សង្គម​នេះ ដែរ​ឬ​យ៉ាងណា​នោះ ក៏ប៉ុន្តែ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ប្រវត្តិ​ប្រព្រឹត្តិ​អំពើពុករលួយ​ខ្លាំង​។ ផ្អែក​តាម​សន្ទស្សន៍​នៃ​ការយល់ឃើញ​អំពើ​ពុករលួយ​ឆ្នាំ​២០១៩ របស់​អង្គការ​តម្លាភាព​អន្តរជាតិ Transparency International កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី ១៦២ ក្នុងចំណោម​១៨០​ប្រទេស ដែល​មាន​ការប្រព្រឹត្តិ​អំពើពុករលួយ​ខ្លាំង។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ អាស៊ីសេរី នៅ​មិនទាន់​អាច​សុំ​ប្រតិកម្ម​ពី​អ្នកនាំពាក្យ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន ជុំវិញ​ការព្រមាន​របស់​មូលនិធិ រូបិយវត្ថុ​អន្តរជាតិ IMF នេះ និង​ថា តើ​រដ្ឋាភិបាល​បាន​ចាត់វិធានការ​ជួយសង្គ្រោះ​គ្រប់គ្រាន់ ហើយ​ឬ​នៅ​ដល់​ពលរដ្ឋ​ទូទៅ ឆ្លើយតប​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ​។ យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ត្រៀម​បម្រុង​ថវិកា​ពី ៨០០​លាន​ដល់​២​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​នេះ​។ ក៏ប៉ុន្តែ មជ្ឈដ្ឋាន​មួយ​ចំនួន​រិះគន់​ថា រដ្ឋាភិបាល​អាច​នឹង​ពុំ​មាន កញ្ចប់​ថវិកា​ពិតប្រាកដ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ទើប​បាន​ជា​រដ្ឋាភិបាល ប្រកាស​កៀរគរ​រក​ថវិកា​បន្ថែម​ពី​វិស័យ​ឯកជន និង​ផ្ដួចផ្ដើម​ឱ្យ​មានការ​បរិច្ចាគ ប្រាក់ខែ​ក្នុងចំណោម​មន្ត្រី​របស់​ខ្លួន​។ ម្យ៉ាងវិញទៀត វិធានការ​ជួយ​សង្គ្រោះរ​បស់​រដ្ឋាភិបាល ក៏​ហាក់​ពុំ​ទាន់​ធ្លាក់​ដល់ដៃ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ឬ​ងាយ​រងគ្រោះ​ខ្លាំង ពី​វិបត្តិ​កូវីដ​១៩​នេះ​នៅឡើយ ខណៈ​កម្មករ​វិស័យ​កាត់ដេរ​ដែល​បាត់បង់​ការងារ​ធ្វើ ប្រាប់​អាស៊ីសេរី​ថា ពួកគេ​នៅ​ពុំ​ទាន់​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ពី​រដ្ឋាភិបាល​នៅ​ឡើយ។

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF​ក៏ បាន​បញ្ចេញ​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ស្រុត​ចុះ​ខ្លាំង​បំផុត មិន​ធ្លាប់​មាន​ពី​មុន​មក មក​នៅ​ក្រោម​សូន្យ គឺ​រហូតដល់​ទៅ -,% ឯណោះ​ក្នុង ឆ្នាំ​២០២០​នេះ​។ កាលពី​ឆ្នាំ​២០១៩ កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧%​។ ការ​គ្មាន​កំណើន​សេដ្ឋកិច្ច​ទាល់តែសោះ រហូតដល់​រដ្ឋ​ត្រូវ​ចេញ​វិធានការ​ជួយ សង្គ្រោះ​នេះ គឺ​ធ្ងន់ធ្ងរ​ជាង​កាលពី​ពេល​ដែល​ពិភពលោក​ទាំងមូល ជួប​វិបត្តិ​ហិរញ្ញវត្ថុ កាលពី​ឆ្នាំ​២០០៨ និង​២០០៩​ទៅទៀត ដែល​កាលណោះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា មាន​ត្រឹម ០,០៨៧​ភាគរយ បើ​ផ្អែក​តាម​ធនាគារ​ពិភពលោក។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ផ្ដល់​អនុសាសន៍​ថា រដ្ឋាភិបាល​នានា​ចាំបាច់ ត្រូវ​ចាត់វិធានការ​ឆ្លើយតប​ជាបន្ទាន់ និង​ដោយ​ហ្មត់ចត់​ដើម្បី​កែសម្រួល ស្ថានការណ៍​នៃ​ផល​ប៉ះពាល់​ផ្នែក​សុខភាព និង​សេដ្ឋកិច្ច ដោយសារតែ​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ​១៩​នេះ​។ អង្គការ​នេះ​ថា គោលនយោបាយ ជួយសង្គ្រោះ​ផ្នែក​ហិរញ្ញវត្ថុ ដើរ​តួនាទី​សំខាន់​មួយ ដើម្បី​ធានា​ថា ជីវិត​ពលរដ្ឋ​ត្រូវ​បាន​ជួយសង្គ្រោះ​ទាន់​ពេល តាមរយៈ​ការ​បង្ការ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ និង​ការ​ព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​។ ក្រៅពីនោះ វិធានការ​ដ៏​ទៃ​រួមមាន​ដូចជា ការ​ការពារ​ពលរដ្ឋ និង​ក្រុមហ៊ុន​ឯកជន កុំ​ឱ្យ​រង​ផល​ប៉ះពាល់​ពី​ការ​ដួល​រលំ​សេដ្ឋកិច្ច តាមរយៈ​ការ​ផ្តល់​ប្រាក់​អត្ថប្រយោជន៍​ពី​ការ​អត់​ការងារ​ធ្វើ ការ​ឧបត្ថម្ភ​ធន​ប្រាក់ខែ ការ​គាំទ្រ​ចំណូល និង​ជំនួយ​សង្គម ព្រមទាំង​ការកាត់បន្ថយ​ការបញ្ឈប់​បុគ្គលិក​ពី​ការងារ និង​ការ​ក្ស័យធន​ចំពោះ​ក្រុមហ៊ុន និង​វិស័យ​ពាក់ព័ន្ធ ជាដើម​។ អង្គការ​នេះ​ថា សកម្មភាព​គោលនយោបាយ​ទាំងនេះ អាច​ជួយ​បង្ការ​កុំ​ឱ្យ​វិបត្តិ​សុខភាព​នា​ពេល​នេះ បន្ត​អូស​បន្លាយ​យូរ​តទៅទៀត និង​ជួយ​លើកកម្ពស់​សុខុមាលភាព​របស់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល