របប​ក្រុង​ភ្នំពេញ​​ចេញ​បម្រាម​ផ្លូវ​ការ​ហាម​ជន​បរទេស​ប្រកប​របរ​មួយ​ចំនួន​នៅ​កម្ពុជា

ដោយ វ៉ែន សុមេធ
2019-08-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ ២០១៨។
លោក​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ថ្លែង​ក្នុង​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៧ ខែ​តុលា ឆ្នាំ ២០១៨។
រូបថត៖ ហ្វេសប៊ុក​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សាទរ​នឹង​វិធានការ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​ចេញ​បម្រាម​ជា​ផ្លូវការ​ហាមឃាត់​ជនបរទេស​ប្រកប​មុខរបរ​ចំនួន​១០​ប្រភេទ ដែល​ប៉ះពាល់​ដល់​ការ​រក​ប្រាក់ចំណូល​របស់​ពលរដ្ឋ​ខ្មែរ​ប្រកប​របរ​តូចតាច​ក្នុង​ស្រុក​។ ទោះជា​យ៉ាងណា ពួកគាត់​លើកឡើង​ថា វិធានការ​នេះ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ បើ​ខ្វះ​ការ​អនុវត្ត​ជាក់ស្ដែង។

មុខរបរ​ទាំង ១០​ប្រភេទ​ដែល​ក្រសួង​ហាមឃាត់​សម្រាប់​ជនបរទេស​នោះ រួមមាន​ទី​១ អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ ជា​លក្ខណៈ​អាជីវកម្ម​ជាអាទិ៍ អ្នក​បើក​ទោចក្រយានយន្ត អ្នក​បើក​ត្រីចក្រយានយន្ត អ្នក​បើក​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក អ្នក​បើក​ម៉ូតូ​កង់​បួន អ្នក​បើក​រថយន្ត​ដឹក​អ្នកដំណើរ និង​ដឹកទំនិញ ទី​២ អ្នក​លក់​ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​យានជំនិះ​គ្រប់​ប្រភេទ នៅ​ទី​សាធារណៈ ទី​៣ អ្នក​ម៉ាស្សា ចាប់​សរសៃ​តាម​ទី​សាធារណៈ ទី​៤ អ្នក​កាត់សក់ អ៊ុតសក់ និង​ថែរក្សា​សម្ផស្ស ទី​៥ អ្នក​ផ្តល់​សេវាកម្ម​ដេរ និង​សម្អាត​ស្បែកជើង ទី​៦. អ្នក​កាត់ដេរ ទី​៧ អ្នក​ប៉ះ​កង់ ជាង​ជួសជុល​យានយន្ត ទី​៨ អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ ទី​៩ អ្នក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ បាត្រ​លោក ព្រះ​ពុទ្ធរូប និង​ទី​១០ ជាងទង ជាង​ច្នៃ​ត្បូង​ពេជ្រ​។​

ក្រសួង​បញ្ជាក់​នៅ​ក្នុង​សេចក្ដីប្រកាស​នៅ​ថ្ងៃ​ទី​២៨ សីហា​ថា របប​ក្រុងភ្នំពេញ​នឹង​មិន​ផ្ដល់ ឬ​បន្ត​សុពលភាព​ប័ណ្ណ ឬ​សៀវភៅ​ការងារ​ដល់​ជនបរទេស​ដែល​កំពុង​ប្រកបមុខរបរ និង​ការងារ​ទាំង​១០​ប្រភេទ​នេះ​ទៀត​ឡើយ ហើយ​បើ​ជនបរទេស​ណា​ល្មើស​នឹង​ប្រកាស​នេះ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់ និង​ផ្ដន្ទាទោស​តាមច្បាប់​ការងារ ។ ទោះជា​យ៉ាងណា​សេចក្ដីប្រកាស​នេះ​មិនបាន​បញ្ជាក់​ពី​ទោស​បញ្ញត្តិ​លើ​មាត្រា​ណាមួយ​នៃ​ច្បាប់​ការងារ​នោះ​ឡើយ​។​

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​លោក ឆេង ប៊ុនហាក់ ប្រាប់​អាស៊ីសេរី​ថា ថ្វីត្បិតតែ​ក្រសួង​ការងារ​ចេញ​សេចក្ដីប្រកាស​ហាមឃាត់​យ៉ាង​នេះ​ក្ដី ក៏​មិនទាន់​គ្រប់គ្រាន់ ក្នុង​ការ​ស្កាត់​ដល់​ជនបរទេស​ចូល​មក​ដណ្ដើម​ការងារ​របស់​ពលរដ្ឋ​ខ្មែរ​បាន​ដែរ​។ លោក​បញ្ជាក់​ថា កំណើន​ជនបរទេស​រស់នៅ​ក្រុង​ប៉ោយប៉ែត ជា​ពិសេស​ជន​ជាតិ​ចិន បាន​ដណ្ដើម​ការងារ​របស់​ពល​រដ្ឋ​ខ្មែរ​ជាច្រើន​ឆ្នាំ​មក​ហើយ ជាពិសេស​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយនេះ ។ លោក​បន្ថែម​ថា ការងារ​ដែល​ជនជាតិ​ចិន​ធ្វើ​នោះ ភាគច្រើន​ជា​ប្រភេទ​ការងារ​លក់ដូរ​ក្នុង​ហាង​កាហ្វេ ធ្វើការ​តាម​ផ្ទះសំណាក់ បើកហាង​ម៉ាស្សា និង រត់​រ៉ឺម៉ក​ម៉ូតូ​កង់​៣ ឬ​ហៅ​រ៉ឺម៉ក​ទេសចរ ជាដើម៖ «ក្នុងនាម​យើង​ជា​ពលរដ្ឋ​ខ្មែរ​យើង​ឈឺចាប់​ណាស់ ដែល​មក​ដណ្ដើម​ការងារ​អីចឹង​យើង​ពិបាក​នឹង​ទទួលយក។ ខ្ញុំ​សូម​ឱ្យ អាជ្ញាធរ​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង យើង​គួរតែ​មើល​ប្រទេសជិតខាង​ដូច​ប្រទេស​ថៃ អ៊ីចឹង សូម្បីតែ​ខ្មែរ​ទៅ​ក៏​មិន​អាច​លក់ដូរ​បាន​ដែរ បើ​ទៅ​ទេសចរ​បាន បើ​ទៅ​ដណ្ដើម​ការងារ គឺ​រដ្ឋាភិបាល​គេ​យកចិត្តទុកដាក់​ដល់​ពលរដ្ឋ​គេ​ណាស់ បើ​សិន​រដ្ឋាភិបាល​ធ្វើ​ដូច​ប្រទេស​គេ​យើង​គាំទ្រ មិនមែន​លំៗ​បាន​ដូច​សព្វថ្ងៃ​ទេ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ស្រប​នឹង​ការ​លើក​ឡើង​របស់​ពល​រដ្ឋ​នេះ​។ អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា ទោះជា​វិធានការ​របស់​ក្រសួង​ការងារ ហាក់​ដំណើរការ​យឺត​ពេល​បន្តិច​ក្ដី ក៏ប៉ុន្តែ​ជា​រឿង​ល្អ​ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ដូច​ក្នុង​សេចក្ដីប្រកាស​នោះ​មែន។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (IDEA ) លោក វន់ ពៅ មាន​ប្រសាសន៍​ថា បម្រាម​របស់​ក្រសួង​ការងារ​នេះ អាច​ទប់​ស្កាត់​បាន​មួយ​ផ្នែក​ប៉ុណ្ណោះ ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ បញ្ជាក់​ថា សព្វថ្ងៃ​មានការ​ងារ​ជាច្រើន​ផ្នែក​ទៀត ដែល​ជនបរទេស កំពុង​ដណ្ដើម​ពី​ពលរដ្ឋ​ខ្មែរ​ធ្វើ មាន​ដូចជា ការងារ​ក្នុង​វិស័យ​សំណង់ និង​វិស័យ​ទេសចរ​ជាដើម ។ លោក​បន្ថែម​ថា បរទេស​ចូល​មក​ដណ្ដើម​ការងារ​នេះ គឺជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​អត់​ការងារ​ធ្វើ ហើយ​នាំគ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជា​រៀងរាល់​ឆ្នាំ៖ «ជាពិសេស​គួរតែ​បន្ថែម​អ្នក​នៅ​តាម​ភោជនីយដ្ឋាន​មួយ​ចំនួន​ក៏​ត្រូវតែ​គិតដល់​ចំណុច​នឹង​ដែរ កុំ​ឱ្យ​បរទេស​គេ​បើកហាង​ទៅ​គេ​ដាក់​តែ​ជនជាតិ​គេ គួរតែ​ដាក់​ពលរដ្ឋ​ខ្មែរ ហើយ​គេ​គ្រាន់តែ​អ្នក​ម្ចាស់​ហាង​អ៊ីចឹង​ទៅ​។ ជនជាតិ​វៀតណាម​អី​មក​ដណ្ដើម​មុខរបរ​ខ្មែរ ឥឡូវ​មាន​ចិន​ថែម​មួយ​ជនជាតិ​ទៀត ធ្វើ​ឱ្យ​យើង​កាត់បន្ថយ​ប្រាក់ចំណូល ការងារ​របស់​យើង​ត្រូវ​បាន​គេ​ដណ្ដើម ហើយ​យើង​មិន​អាច​ប្រកបមុខរបរ​ទាំងអស់​នេះ​បាន នេះ​ហើយ​ជា​ផល​ប៉ះពាល់​មួយ»

លោក​កត់សម្គាល់​ថា តំបន់​ដែល​ជនបរទេស​ចូល​មក​ដណ្ដើម​ការងារ​ខ្មែរ​ច្រើន​ជាងគេ មាននៅ​រាជធានី​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ ដោយសារ​តំបន់​ទាំងនេះ​សំបូរ​ជនបរទេស​រស់នៅ និង​មាន​កំណើន​សេដ្ឋកិច្ច​គ្រាន់បើ​ជាងគេ​នៅ​កម្ពុជា។

ប្រជាពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល លើក​ឡើង​ថា ពួកគេ​នឹង​តាមដាន​ការអនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ជុំវិញ​សេចក្ដីប្រកាស​របស់​ក្រសួង​ការងារ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល