អ្នកឃ្លាំមើល​សង្គម​ថា ទំហំ​នៃ​ផល​ប៉ះពាល់​ពី​ទណ្ឌកម្ម EBA ធំ​ជាង​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​អះអាង

ដោយ មួង ណារ៉េត
2020-02-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ុង ឈុ ប្រាធាន​សហភាព​សហជីព​កម្ពុជា​
លោក រ៉ុង ឈុ ប្រាធាន​សហភាព​សហជីព​កម្ពុជា​
Photo: RFA

អ្នកឃ្លាំមើល​សង្គម ថា សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ តែ ២០ ភាគរយ​មែន ប៉ុន្តែ​ទំ​ធំ​នៃ​ផល​ប៉ះពាល់​នៃ​ទណ្ឌកម្ម​នេះ គឺ​ធំ​ជាង​អ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​អះ​អាង។

ទាំង​មន្ត្រី​សហជីព​កម្មករ សាស្ត្រាចារ្យ​សាកលវិទ្យាល័យ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ទាំង​ជាតិ និង​អន្តរជាតិ និង​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ រួម​ទាំង​សមាគម​អ្នកបញ្ជា​ទិញ​ផង សុទ្ធតែ​យល់ស្រប​គ្នា ថា​ការ​ដាក់​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ ក៏​មាន​ផល​ប៉ះពាល់​ធំធេង ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ប៉ះពាល់​ដល់​ដំណើរ​រីក​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​ទាំងមូល។

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន ថា ស្ថានភាព​កម្ពុជា​សព្វថ្ងៃ ដែល​សហភាព​អឺរ៉ុប មិនទាន់​ចាប់​ផ្ដើម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផង គឺ​មិន​អំណោយផល​ស្រាប់​ទៅ​ហើយ សម្រាប់​ការ​វិនិយោគ​ទុន ព្រោះ​ភ្លើង​អគ្គិសនី​ក៏​ថ្លៃ សេវា​ការិយាធិបតេយ្យ​ក៏​ច្រើន គួបផ្សំ​នឹង​អំពើពុករលួយ​ផង​។ ចុះ​ទម្រាំ​បើ​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​ទៀត នោះ​នឹង​នាំ​ឱ្យ​ម្ចាស់​រោងចក្រ​សហគ្រាស រើ​កន្លែង​ទៅ​ប្រទេស​ផ្សេង ដែល​មាន​អំណោយផល​ជាង​នេះ។

លោក រ៉ុង ឈុន បន្ថែម​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ សហភាព​អឺរ៉ុប​មិន​បិទ​ទីផ្សារ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ធំ​មួយទៀត​នោះ គឺ​លោក​ឡើង​ថា អ្នកបញ្ជា​ទិញ​ធំៗ អាច​ឈប់​បញ្ជា​ទិញ​ផលិតផល​ពី​ស្រុក​ខ្មែរ ដោយសារតែ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​​​ប្រជាធិបតេយ្យ ដែល​ជា​ដើមចម​ក្នុង​ការ​ធ្វើ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ បាត់​ទំនុក​ចិត្ត​លើ​ប្រទេស​កម្ពុជា។

ភ្លាមៗ​ក្រោយ​គណៈកម្មការ​អឺរ៉ុប ប្រកាស​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជាង ១,៣០០ លាន​ដុល្លារ​ពី​កម្ពុជា​ភ្លាម ក្រុមហ៊ុន​ធំៗ ដែល​បញ្ជា​ទិញ​សំលៀកបំពាក់ និង​ស្បែកជើង​ជាង ៦០ រួម​ទាំង​ក្រុមហ៊ុន H&M ផង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ បង្ហាញ​ការ​ព្រួយបារម្ភ អំពី​ផល​ប៉ះពាល់​ជា​អវិជ្ជមាន ដែល​នឹង​កើតមាន​ជាយថាហេតុ ក្នុង​ផ្នែក​វិនិយោគ​នៅ​កម្ពុជា។ បញ្ហា​ធំៗ​ចំនួន​ពីរ ដែល​ក្រុម​អ្នកបញ្ជា​ទិញ​ទាំង​នេះ បារម្ភ​នោះ គឺ​ការ​បាត់​ជំនឿ​ចិត្ត និង​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​បន្ត​បញ្ជា​ទិញ។

លោក រ៉ុង ឈុន ថា​នេះ​គឺជា​សញ្ញាណ​អាក្រក់​សម្រាប់​កម្ពុជា ដែល​មិន​ត្រូវ​មើល​រំលង៖ «បើ​គ្មាន​ការ​បញ្ជាទិញ​វិញ នឹង​មាន​ផល​ប៉ះពាល់​ធំធេង ដែល​ធ្វើ​ឱ្យ​កម្មករ​កម្មការិនី​បាត់បង់​ការងារ​ភាគច្រើន​តែម្ដង»

ការបាត់បង់​ការងារ​នេះ ឥឡូវនេះ​កំពុងតែ​ក្លាយ​ជា​បញ្ហា​កង្វល់​ស្រាប់​ទៅ​ហើយ ចំពោះ​កម្មករ​រោងចក្រ ក្រោយ​សេចក្តី​ជូនដំណឹង​ពី​រោងចក្រ​មួយ​ចំនួន អំពី​ការ​ព្យួរ​កិច្ចសន្យាការងារ​របស់​កម្មករ និង​ផ្អាក​សកម្មភាព​រោងចក្រ​រយៈពេល​ខ្លី ជា​បណ្ដើរៗ​ហើយ ដោយ​រោងចក្រ​ទាំងនោះ អះអាង​ថា មក​ពី​មិន​អាច​នាំចូល​វត្ថុធាតុដើម ពី​ប្រទេស​ចិន​ទាន់​ពេល​វេលា។

ប៉ុន្តែ មន្ត្រី​សហជីព​សង្ស័យ​ថា មូលហេតុ​បិទ​រោងចក្រ អាច​មិនមែន​មកពី​រឿង​ខ្វះ​វត្ថុធាតុដើម​នេះ​ទេ ព្រោះ​ប្រទេស​ចិន មាន​រោងចក្រ​ផលិត​វត្ថុធាតុដើម​ច្រើន​ណាស់ ក្រៅពី​តំបន់​វូហាន (Wuhan) ខេត្ត​ហ៊ូបេ (Hubei) ដែល​កំពុង​រាតត្បាត​ដោយ​មេរោគ​រលាក​ផ្លូវ​ដង្ហើម​កូវីត-១៩ (Covid-19) នោះ​។ ម្យ៉ាងទៀត បើ​ខ្វះ​វត្ថុ​ធាតុដើម ដោយសារ​បញ្ហា​មេរោគ​នេះ គឺ​អាច​ខ្វះ​យូរ​ខែ ឬ​ឆ្នាំ​ផង មិន​មែន​ខ្វះ​តែមួយ​ខែ ឬ​ពីរ​ខែ​ទេ ដោយសារ​បញ្ហា​មេរោគ Covid-19 នេះ មិន​ទាន់​មាន​ថ្នាំ​វ៉ាក់សាំង​ការពារ​ទេ គឺ​ទាល់តែ ១៨​ខែ ទៀត​ទើប​អាច​មាន។កម្មករ​រោងចក្រ​ចាប់ផ្ដើម​បង្ហោះ​សារ​តាម​ហ្វេសប៊ុក ដើម្បី​បង្ហាញ​អំពី​ក្តី​ព្រួយបារម្ភ​របស់​ខ្លួន​។ កម្មការិនី​ពីរ​រូប នៅ​រោងចក្រ​មួយ បាន​ត្អូញត្អែរ​អំពី​ទំនិញ​ឡើងថ្លៃ​ទ្វេ​ដង ស្រប​ពេល​ដែល​ប្រាក់ខែ​ឆ្នាំ ២០២០ នេះ​ឡើង​មិន​ដល់ ១០ ដុល្លារ​ផង។ ពួកគាត់​ថា កុំថាឡើយ​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ការ​ចំណាយ​ទូទៅ​ផ្សេងទៀត សូម្បីតែ​ប្រាក់​ទិញ​ខ្វិត ១,០០០ រៀល ក៏​លំបាក​ដែរ នេះ​រោងចក្រ​មិនទាន់​បិទទ្វារ​នៅឡើយ​ផង៖ «ទាក់ទង​នឹង​ម្ហូប​ហូបចុក ក៏​ដូចគ្នា​ដែរ ពីមុន​តែ​ត្រឹម ៥០០០ ឬ ៦០០០ រៀល គឺ​ហូប​បរិបូរ គ្នា​ពីរ​នាក់​បី​នាក់​ហូប​មិន​អស់​ផង​។ តែ​ឥឡូវ​ចាប់ពី ១​ម៉ឺន​ជាង ទិញ​អត់​បាន​ទៀត​។ ពេល​ប្រាក់ខែ​ឡើង​ឱ្យ​ពួក​ខ្ញុំ ទំនិញ​ទីផ្សារ​ក៏​ឡើង​ដែរ​។ អ៊ីចឹង​ខ្ញុំ​អត់​ដឹង​ថា ត្រូវ​ធ្វើ​ដូចម្ដេច​ទេ​។ បើសិនជា​ពិបាក​ពេក មិន​បាច់​ចាំ​ឡើង​ទេ ព្រោះ​អី​ឡើង​តែ ៨ ដុល្លារ តែ​ដូច​រឿង​ខ្វិត​នេះ​អ៊ីចឹង កាល​មុន ៥០០ រៀល​ទិញ​បាន​ហូប តែ​ឥឡូវ​ទាល់តែ ១០០០ រៀល​។ សួរ​ថា​គាត់​គិត​យ៉ាងម៉េច​ទៅវិញ​? ឥឡូវ​ថ្មីៗ​ហ្នឹង​ឮ​ថា​នឹង​ព្យួរ​ការងារ​មួយ​ខែ ឬ​ពីរ​ខែ ពួក​ខ្ញុំ​បារម្ភ និង​ព្រួយចិត្ត​យ៉ាង​ខ្លាំង​។ មានការ​ងារ​ធ្វើ​ផង នៅ​រកលុយ​ទិញ​ខ្វិត ១០០០ រៀល​ស៊ី​អត់​បាន​ផង ចុះ​ទម្រាំ​ព្យួ​រការងារ​! ម្នាក់ៗ​កំពុង​ជំនុំ​គ្នា​រឿង​នេះ»

លោក រ៉ុង ឈុន អះអាង​ថា សព្វថ្ងៃ​នេះ កម្មករ​ស្ទើរតែ ១០០% ជំពាក់​ប្រាក់​ធនាគារ ដែល​មាន​ការប្រាក់​ប្រចាំខែ៖ «បើ​បាត់បង់​ការងារ បាត់បង់​ប្រាក់​ឈ្នួល គាត់​បាន​អ្វី​បង់ថ្លៃ​ធនាគារ​។ ចំណែក​ឯក​អ្នក​លក់ដូរ​តាម​រោងចក្រ និង​អ្នក​ដឹក​កម្មករ ក៏​រង​ផល​ប៉ះពាល់​នេះ​ដែរ»

ផល​ប៉ះពាល់​នេះ នៅ​មិនទាន់​គិត​ពី​ផល​ប៉ះពាល់​នៃ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហរដ្ឋអាមេរិក​នៅឡើយ​ទេ​។ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ថា ជា​ទម្លាប់ ឱ្យ​តែ​សហភាព​សម្រេច​អ្វីមួយ ដែល​មាន​តម្លៃ​សាកល សហរដ្ឋអាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត ច្រើនតែ​ធ្វើតាម​ដែរ ដោយ​មិន​នៅ​ស្ងៀម​ទេ៖ «ពីរ​នេះ​គឺជា​ដៃគូ​គ្នា​ទេ​! ប្រៀប​ដូច​ឡាន គឺ​ឡាន​កង់​មុខ​ទាំងពីរ អឺរ៉ុប និង​សហរដ្ឋអាមេរិក​។ ដូច្នេះ​បើ​អឺរ៉ុប​ដាក់ ២០% ខាង​សហរដ្ឋអាមេរិក ក៏​មាន​វិធានការ​ផ្សេងៗ​ដែរ»

លោក ឯម សុវណ្ណារ៉ា លើក​ឧទាហរណ៍ ដូចជា​វិធានការ​ច្បាប់​សាកល ដាក់ទណ្ឌកម្ម​បុគ្គល​ដែល​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រព្រឹត្តិ​ពុករលួយ ឈ្មោះថា​ច្បាប់ the Global Magnitsky Act ដែល​ផ្ដួចផ្ដើម​ដោយ​សហរដ្ឋអាមេរិក ឥឡូវនេះ​សហភាព​អឺរ៉ុប​ក៏​កំពុង​ពិចារណា​យក​ច្បាប់​នេះ​មក​ប្រើ​ដែរ ហើយ​តំណាងរាស្ត្រ​អូស្ត្រាលី​ឯណោះ ក៏​កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​នេះ ធ្វើ​ច្បាប់​នេះ​ដែរ​។ ដូច្នេះ​លោក​យល់ថា ទណ្ឌកម្ម​នេះ មិនមែន​ស្រាល ដូច​អ្វី​ដែល​ខាង​រដ្ឋាភិបាល​កម្ពុជា អះអាង​នោះ​ទេ។

ខាង​រដ្ឋាភិបាល តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម ចាត់​ទុក​ការ​ដាក់​ទណ្ឌកម្ម​ត្រឹម​ទឹកប្រាក់​ជាង ១,៣០០ ពាន់​លាន​ដុល្លារ​នេះ មិន​ធ្ងន់​នោះ​ទេ​។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ ក្រសួង​ពាណិជ្ជកម្ម អះអាង​ថា បាន​ពិគ្រោះ​ជាមួយ​តំណាង​រោងចក្រ ដែល​អះអាង​ថា នឹង​នៅតែ​មាន​លទ្ធភាព​បន្ត​ផលិត​នៅ​កម្ពុជា ព្រោះ​កម្ពុជា​បាន​កែទម្រង់​មុត​ស្រួច​ជា​កញ្ចប់ ដើម្បី​ជួយ​វិស័យ​ឯកជន ទប់​ទល់នឹង​បញ្ហា​នេះ​រួចហើយ​។ ហើយ​អំពាវនាវ​ឱ្យ​សាធារណជន ទុកចិត្ត​លើ​ការដឹកនាំ​របស់​រដ្ឋាភិបាល។

ទោះជា​យ៉ាង​នេះ​ក្តី លោក​សាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា ថា​ការ​ទុកចិត្ត ឬ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល គឺ​អាស្រ័យ​លើ​តថភាព​ជាក់ស្ដែង ដែល​កំពុង​កើត​មាននៅ​កម្ពុជា និង​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​មូលដ្ឋាន។

លោក​បន្ថែម​ថា បើ​ពិនិត្យមើល​ទំហំ​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទោះបីជា ២០% មែន ប៉ុន្តែ​បើ​គិត​ទាំង​ការ​ខាត​ពន្ធ និង​ផល​ប៉ះពាល់​នៃ​ទំហំ​នាំចេញ នោះ​គឺ​កម្ពុជា​អាច​ខាតបង់​រហូតដល់​ប្រហែល ១,៥០០ លាន​ដុល្លារ និង​ប៉ះពាល់​កម្មករ​រាប់​សែន​នាក់​ឯណោះ​។ លោក​បារម្ភ សព្វថ្ងៃ​កម្ពុជា​ខ្វះ​ថវិកាជាតិ សម្រាប់​ផ្គត់ផ្គង់​ប្រចាំ​ឆ្នាំ​រហូតដល់​ជិត ២ ពាន់​លាន​ដុល្លារ​ស្រាប់​ទៅ​ហើយ ចុះបើ​បាត់​ចំនួន​ដ៏​ច្រើន​នេះ​ទៀត តើ​នឹង​ទៅជា​យ៉ាងណា​?«បើ​ក្នុង​ដំណាក់កាល នៃ​យន្តការ​នៃ​ការ​ដាក់​នេះ អត់​មានការ​ប្រែប្រួល ខ្ញុំ​គិត​ថា​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំក្រោយ មិន​នៅ​ត្រឹម​ប៉ុណ្ណឹង​ទេ អាច​ប្រឈម​ច្រើនជាង​ហ្នឹង»

ចំណែក​ពលរដ្ឋ​ខ្មែរ​ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​លោក ជា ម៉េន ព្រួយ​ផង ស្ដាយ​ខ្លាំង​ផង ដែល​កម្ពុជា មិនបាន​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទៅតាម​ការ​ទាមទារ​របស់​សហគមន៍​អន្តរជាតិ ដែល​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ជាតិ យ៉ាង​ធំធេង​បែបនេះ៖ «ខ្ញុំ​សោកស្ដាយ​មែនទែន​! ត្រី​មាននៅ​ក្នុង​ត្រក​ទៅ​ហើយ បែរជា​ឱ្យ​បាត់​ទៅវិញ»

លោក ឯម សុវណ្ណារ៉ា ក៏​យល់ស្រប​អំពី​ការ​លំបាក​នេះ​ដែរ​។ លោ​កថា​កុំ​ថា ឡើយ​បាត់​ការ​អនុគ្រោះ​ពន្ធ ២០% នេះ សូម្បីតែ​ស្ថានភាព​បច្ចុប្បន្ន ដែល​នៅ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​យ៉ាងម៉េច នៅ​មាន​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស៖ «នៅ​ក្នុង​ស្ថានភាព​ដែល​ល្អ ពិបាក​រក​ការងារ​ឱ្យ​បាន​ធ្វើ​គ្រប់គ្នា​ផង ចុះ​ពេល​បាត់បង់​?»

បញ្ហា​នេះ នៅ​មិនទាន់​រាប់បញ្ចូល​ទាំង​ផល​ប៉ះពាល់​សាកល នៃ​ការ​រាតត្បាត​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 ដែល​កំពុង​ប៉ះពាល់​វិស័យ​ទេស​យ៉ាង​ដំណំ​ផង​។ ប្រទេស​កម្ពុជា​ប៉ះពាល់​ខ្លាំង ផ្នែក​វិស័យ​ទេសចរ ដោយសារតែ​ភ្ញៀវ​ទេសចរ​ភាគច្រើន ដែល​មក​លេង​ស្រុក​ខ្មែរ គឺ​ភ្ញៀវ​ចិន។

ចំណែក​ឯ​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ព្រមាន​ថា របប​លោក ហ៊ុន សែន នឹង​ប្រឈម​មុខ ទៅ​នឹង​វិធានការ​ក្ដៅ​ជាង​នេះ បើ​នៅតែ​មិន​ព្រម​កែខ្លួន ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថា ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប​លើ​របប​ក្រុងភ្នំពេញ ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ គឺជា​ជំហាន​ដំបូង​ជា​វិជ្ជមាន​មួយ​របស់​សហភាព​អឺរ៉ុប ដែល​នឹង​ឈាន​​​ចំណាត់ការ​កាន់តែ​ខ្លាំងក្លា​ច្រើន​ជាង​នេះ​ទៀត ប្រសិនបើ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅតែ​មិន​ប្រសើរ​ឡើង​ទេ​នោះ។

ទោះជា​យ៉ាង​នេះ​ក្តី កម្ពុជា​នៅ​មាន​ពេល ៦ ខែ​ទៀត ចាប់​ពី​ពេល​នេះ រហូតដល់​ខែ សីហា ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ជា​ថ្នូរ​នឹង​ការ​បានការ​អនុគ្រោះ​ពន្ធ​ពេញ​មកវិញ និង​គេច​ផុត​ពី​ទណ្ឌកម្ម​ផ្សេងទៀត​របស់​អន្តរជាតិ​។ ដូច្នេះ​កូន​សោរ គឺ​ស្ថិត​នៅ​ក្នុង​ដៃ​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល