អ្នកជំនាញកសិកម្ម លោកបណ្ឌិត យ៉ង សាំងកុមារ ប្រាប់អាស៊ីសេរីថា កម្ពុជានៅ មានកត្តាមួយចំនួន ដែលមិនអាចនាំចេញអង្ករទៅកាន់ប្រទេសចិនឱ្យ បានដល់ ២ លានតោន គឺទីមួយដោយសារតែ ប្រទេសចិនជាប្រទេសមួយផលិតស្រូវអង្ករច្រើន ហើយតម្រូវការ ទិញអង្ករពីកម្ពុជាអាចមានការប្រែប្រួល ជាពិសេសទាក់ទិនស្រូវពូជ និងគុណភាពរបស់អង្ករ។
លោកបន្តថា លើសពីនេះ ប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសវៀតណាម និងប្រទេសថៃ ក៏ជាប្រទេសផលិតស្រូវអង្ករសម្រាប់នាំចេញផងដែរ។ ប្រទេសទាំងពីរកំពុងចរចា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងការនាំអង្ករចេញ ទៅកាន់ប្រទេសចិន ហេតុដូច្នេះហើយកម្ពុជា និងប្រឈម ក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង៖«ដូចក្នុងស្ថានភាពបច្ចុប្បន្នសមត្ថភាពប្រកួតប្រជែង យើងទាបណាស់ ជាពិសេសថ្លៃដើមផលិត ថ្លៃដើមកែច្នៃ ថ្លៃដើមដឹកជញ្ជូននាំចេញ។ អញ្ចឹងស្ថានភាពបច្ចុប្បន្ន ខ្ញុំមិនសូវមានសង្ឃឹមថា យើង នឹងអាចនាំអង្កររហូតដល់ ២ លានតោនបានទេ។ គ្រាន់តែពេលបច្ចុប្បន្ន យើងនាំតែ១ លានតោន គឺអត់ទាន់បានជោគជ័យផល ហើយយោងពឹងពាក់វៀតណាម ស្រូវហូរចេញទៅវៀតណាម ក្នុង១ ឆ្នាំៗប្រហែល ២ លានតោន ហើយ វៀតណាម កែច្នៃជាអង្ករនាំចេញ និងនាំចូលមកខ្មែរវិញផង។»
កាលពីថ្ងៃទី ៦ ខែវិច្ឆិកា កន្លងទៅនេះប្រធានរាជបណ្ឌិតសភាកម្ពុជាលោក សុខ ទូច មានប្រសាសន៍នៅក្នុងកម្មវិធីសម្ពោធអោយប្រើប្រាស់ សៀវភៅដែលមានចំណងជើងថា« មាគ៌ា ត្រឹមត្រូវសម្រាប់ប្រទេសកម្ពុជា ដើម្បីថែរក្សាសន្តិភាព និងឆ្ពោះទៅរកការអភិវឌ្ឍន៍ឆ្នាំ២០០៨-២០១៨។» បានអំពាវនាវកុំឱ្យកសិករលក់ដីស្រែ ដោយសារតែនៅថ្ងៃអនាគតប្រទេសចិន អាចនឹងទិញអង្ករចំនួន២ លានតោនពីកម្ពុជា ហើយអាចនឹងផ្ដល់ផលចំណេញដល់កសិករខ្មែរ។
លោក សុខ ទូច ប្រាប់អាស៊ីសេរីថា ប្រទេសចិនពិតជាមានគម្រោងទិញអង្ករចំនួន២ លានតោនពីកម្ពុជាពិតប្រាកដមែន។លោកថា ក្នុងពេលបច្ចុប្បន្ននេះ មានឈ្មួញចាប់ផ្ដើមប្រមូលទិញដីកសិកម្ម ហេតុដូច្នេះហើយបានជាក្នុងនាមលោក ជាអ្នកស្រាវជ្រាវ បានស្នើសុំកុំឱ្យប្រជាពលរដ្ឋលក់ដីស្រែគឺទុកដីស្រែសម្រាប់ជួល ឬទុកធ្វើកសិកម្មខ្លួនឯងវិញ ប្រសើរជាង។
លោកបន្ថែមថា កសិករខ្មែរមិនចូលចិត្តធ្វើស្រែទេ នៅក្នុងពេលបច្ចុប្បន្ននេះ គឺចង់បានប្រាក់លឿនដើម្បីទិញផ្ទះ និងរថយន្ត។
ទាក់ទិននិងបញ្ហានេះ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សារឿន មានបញ្ជាក់ថា ដើម្បីនាំអង្ករចេញរហូតបានដល់២ លានតោនទៅប្រទេសចិនលុះត្រាតែមានការជួយគាំពារពីរាជរដ្ឋាភិបាល ការរៀបចំប្រមូលទិញស្រូវពីកសិករ អោយបានត្រឹមត្រូវដើម្បីធានាថា ផលប្រយោជន៍ទាំងអស់ បានដល់ដៃកសិករខ្មែរ។
លោកថា កន្លងមករដ្ឋាភិបាលចាប់ផ្ដើម បង្កើតគោលការណ៍ប្រមូលទិញស្រូវពីប្រជាកសិករ តែនៅមិនទាន់បានទូលំទូលាយនៅឡើយ ដើម្បីឱ្យសមស្របទៅនឹងទំហំ នៃការនាំចេញអង្ករទៅក្រៅប្រទេស៖«ការនាំអង្ករមិនថា ប្រទេសចិន ឬប្រទេសនៅលើពិភពលោកទេ។រដ្ឋាភិបាលមានតួនាទីក្នុងការស្វាត់ ស្វែងរកពាណិជ្ជកម្ម ដើម្បីទាញផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ អញ្ចឹងខ្ញុំចង់ឱ្យ ដំណើរការនៃការធ្វើពាណិជ្ជកម្ម ធ្វើយ៉ាងណាគិតផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ឱ្យបានច្រើន ជាជាងផ្ដល់ផលប្រយោជន៍ដល់ឈ្មួញកណ្ដាល ឬមួយក៏ក្រុមហ៊ុន។»
អាស៊ីសេរីបានទាក់ទងលោកស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្មតែមិនអាចទាក់ទងបានទេ។
ទោះជាយ៉ាងណា ក្រសួងកសិកម្ម ឲ្យដឹងថា ក្នុងរយៈពេល៨ខែឆ្នាំ២០២០ កន្លងទៅនេះ កម្ពុជាបាននាំអង្ករចេញចំនួន ៥៨ ប្រទេសនៅលើពិភពលោក ក្នុងនោះប្រទេសចិន បានឈរលំដាប់លេខមួយ គឺមានចំនួន ជិតមួយសែន ប្រាំមួយម៉ឺនតោន ( ១៥៩,២៥៣តោន)។ ប្រទេសបារាំង ឈរលំដាប់លេខពីរ គឺមានចំនួនជិត ៥៧ ពាន់ តោន( ៥៦,៩៦៤តោន) និងប្រទេស ២៨ទៀត មានចំនួនសរុបជិតប្រាំបីម៉ឺនតោន ( ៧៨,១៦៨ តោន)។
ក្នុងរបាយការណ៍របស់ក្រសួងកសិកម្មអោយដឹងថា អង្ករដែលកម្ពុជានាំចេញទៅក្រៅប្រទេសរួមមានអង្ករក្រអូប អង្ករ ស អង្ករចំហុយ អង្ករ ក្រហម និងអង្កររំដួល។
ចំណែករបាយការណ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងកម្ពុជា ក្នុងឆ្នាំ២០១៨ និង ឆ្នាំ២០១៩ កន្លងទៅ មានចំនួនជាង៦ ពាន់លានដុល្លា ( ៦១៤៨ លានដុល្លារ)។
ប្រទេសកម្ពុជា បាននាំចេញទំនិញកសិកម្ម និងទំនិញផ្សេងៗទៀត ទៅកាន់ប្រទេសចិន សរុបទឹក ប្រាក់ចំនួនជិត ៩រយលានដុល្លារខណៈប្រទេសចិននាំទំនិញចូលមកកម្ពុជាវិញ មានទឹកប្រាក់រហូត ដល់ ជាង៦ ពាន់លានដុល្លា។ បើប្រៀបធៀបចំនួននេះ បង្ហាញថាការចេញទំនិញរបស់កម្ពុជា ទៅ កាន់ប្រទេសចិនតិចជាង៧ដង នៃទំនិញរបស់ប្រទេសចិននាំចូលមកកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។