អ្នកវិភាគ៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​អឺរ៉ុប​ដក​ EBA និង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី

ដោយ ទីន ហ្សាការីយ៉ា
2020-02-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​ក២០១៥។
អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​ក២០១៥។
Photo: RFA

អ្នកវិភាគ​លើកឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ខ្លាំង​នៅ​ឆ្នាំ​២០២០ ដោយសារតែ​គណៈកម្មការ​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ ​EBA និងជំងឺ​រលាក​ផ្លូវ​ដង្ហើម (covid19) កំពុងតែ​រាតត្បាត​នៅ​លើ​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​នេះ​។ អ្នកវិភាគ​អះអាង​ថា កម្ពុជា​នឹង​ប្រឈម​និង​បញ្ហា​លំបាក​កាន់តែ​ខ្លាំង​ថែមទៀត បើសិនជា​ស្ថានភាព​នយោបាយ និង​រំលោភ​សិទ្ធិមនុស្ស​មិនល្អ​ប្រសើរ​ឡើងវិញ​ទេ​នៅ​ពេល​ខាងមុខ ដែល​នឹង​ធ្វើ​ឱ្យ​អ្នកបញ្ជា​ទិញ​ក៏​នឹង​ផ្អាក ឬ​បង្វែរ​ទៅ​ប្រទេស​ដទៃ​ទៀត​វិញ​ដែរ។

អ្នកវិភាគ​អះអាង​ថា សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ នឹង​បង្ក​ផល​ប៉ះពាល់​ដល់សេដ្ឋកិច្ច​កម្ពុជា​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០២០ ​នេះ មិនមែន​ដូច​លោក ហ៊ុន សែន អះអាង​ថា មិន​ប៉ះពាល់​នោះ​ទេ​។ ចំ​ណែក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid19 វិញ ក៏​ជា​បន្ទុក​មួយ​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច។

អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត មាស នី មាន​ប្រសាសន៍ថា កាល​ពីមុន​រដ្ឋាភិបាល​កម្ពុជា​ពឹងផ្អែក​សំខាន់​ទៅលើ​ចិន​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ជំនួយ​និង​កម្ចី​របស់​ចិន ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​ងាក​ចេញពី​អឺរ៉ុប ក៏ប៉ុន្តែ​ជា​អកុសល​នៅ​ពេល​នេះ ប្រទេស​ជា​ខ្នងបង្អែក​ដ៏​សំខាន់​របស់​កម្ពុជា កំពុង​រង​ព្យុះ​បក់​បោក​ខ្លាំង​រឿង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid19 កំពុងតែ​រាតត្បាត ដែល​ជំរុញ​ឱ្យ​ចិន​បង្ខំចិត្ត​បិទទ្វារ​រោងចក្រ​ផ្សេងៗ ផ្អាក​ការ​ដឹក​ជញ្ជូន ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ចិន​ដែរ​នោះ សម្រាប់​កម្ពុជា​វិញ​ក៏​នឹង​ប៉ះពាល់​សេដ្ឋកិច្ច​ដូចគ្នា​៖ «ឥឡូវ​នេះ យើង​នាំ​ចេញ​ក៏​មិនបាន នាំចូល​វត្ថុធាតុដើម​ក៏​មិន​បាន ដូច្នេះ​ជំនួញ​នេះ ចង់​មិន​ចង់​ក៏​ត្រូវ​បិទទ្វារ​ដែរ»

អ្នក​ប្រឹក្សា​ផ្នែក​អចលនទ្រព្យ លោក ង៉ែត ជូ ពន្យល់​ថា ទោះបីជា​គណៈកម្មការ​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នេះ ចំនួន​ ២០% ​ក្ដី ក៏​នៅតែ​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា​ដែរ ព្រោះថា បើសិនជា​រោងចក្រ​បិទទ្វារ​នោះ កម្មករ​រាប់​សែន​នាក់​នឹង​គ្មាន​ការងារ​ធ្វើ គ្មាន​លុយ​សង​បំណុល​ធនាគារ​។ លោក ង៉ែត ជូ និយាយ​ជា​រួម​ថា ការ​ដក​ EBA និង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវីដ១៩ ដែល​កើតឡើង​ស្របគ្នា​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ប៉ះពាល់​ខ្លាំង ខណៈ​កម្ពុជា​នាំចូល​វត្ថុធាតុដើម​នាំ​ចេញពី​ចិន​នោះ វិស័យ​កាត់ដេរ និង​ស្បែកជើង​នឹង​ប៉ះពាល់​កាន់តែ​ខ្លាំង​ថែម​ទៀត៖ «ទំហំ​ទីផ្សារ​ក្នុងស្រុក​តូច យើង​មិន​អាច​ពឹង​ផ្អែកលើ​ទីផ្សារ​ក្នុងស្រុក​បាន ហើយ​យើង​នាំចេញ​មិន​បាន គឺ​មាន​បញ្ហា ជះឥទ្ធិពល​តៗ​ គ្នា​ច្រើន ទាំង​វិស័យ​ឧស្សាហកម្ម ទេសចរណ៍ និង​កសិករ»

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ​ថា អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ២០% ចេញពី​កម្ពុជា​នេះ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទេ ផ្ទុយទៅវិញ លោក ហ៊ុន សែន អះអាង​ថា ការណ៍​ដែល​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ប៉ះពាល់​នោះ គឺ​កត្តា​ចិត្តសាស្ត្រ និង​ការរើសអើង​ជនជាតិ​ចិន ដោយសារតែ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ កូវីតដ១៩។ ប្រទេស​មួយ​ចំនួន​ហាម​មិន​ឱ្យ​ភ្ញៀវ​ទេសចរ​ចេញចូល ដែល​នឹង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ផ្សេងៗ​ ទៀត​ខ្លាចរអា​មិន​ហ៊ាន​ដើរលេង​រួម​ទាំង​កម្ពុជា​ដែរ។ បញ្ហា​មួយទៀត​គឺ​បញ្ហា​មិន​អាច​ដឹក​ជញ្ជូន​វត្ថុធាតុដើម​ពី​ចិន​មក​បាន ដែល​នឹង​ធ្វើ​ឱ្យ​រោងចក្រ​ខ្លះ​បិទ​ទា្វ៖ «អា​អ៊ីប៊ី​អេ មិនមែន​ជា​រឿង​ភ័យខ្លាច​របស់​កម្ពុជា​ទេ កូរ៉ូណា​នេះ ដែល​ជា​បញ្ហា រោងចក្រ​ម​មួយ​ចំនួន​នឹង​បិទទ្វារ ហើយ​រោងចក្រ​មួយ​ចំនួន​បាន​បិទទ្វារ​រួច​ទៅ​ហើយ»

លោក​បណ្ឌិត មាស នី អះអាង​ថា កម្ពុជា​មិន​អាច​រក្សា​លំនឹង​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​ឡើយ​។ សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​នៅ​ក្រោម​ ៧% ដោយ​កត្តា​រួមផ្សំ​ច្រើន​មិនមែន​តែ​រឿង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ១៩ ដូចដែល​លោក ហ៊ុន សែន អះអាង​នេះ​ឡើយ​។ បញ្ហា​ទាំងនោះ រួមមាន បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA វិស័យ​ទេសចរ និង​កសិកម្ម ដែល​វិស័យ​ទាំង​ទាក់ទង​គ្នា​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​។ លោក​បណ្ឌិត មាស នី អះអាង​ថា លោក ហ៊ុន សែន លើកឡើង​ថា អឺរ៉ុប​ព្យួរ​ប្រព័ន្ធ​ EBA ចេញពី​កម្ពុជា​ថា មិន​ប៉ះពាល់​សេដ្ឋកិច្ច​នេះ គ្រាន់តែ​ជា​ភាសា​នយោបាយ​តែប៉ុណ្ណោះ​។ សំខាន់​ជាង​ទៅទៀត នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ បើសិនជា​កម្ពុជា​នៅតែ​គេ​ចាត់ទុកជា​ប្រទេស​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ អ្នកបញ្ជា​ទិញ​ក៏​នឹង​អាច​ដក​ខ្លួន​ចេញពី​កម្ពុជា​ទៀត​ដែរ៖ «ស្ថានភាព​បច្ចុប្បន្ន​នេះ​លំបាក​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច តែ​បើសិនជា​រដ្ឋាភិបាល​មាន​លុយ មាន​មាស​ទុក​កន្លែង​ណា​ដើម្បី​យក​មិន​ទប់​អានោះ​ជា​រឿង​ផ្សេង»

ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ នៅ​លើ​ពិភពលោក រួមមាន ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ជាដើម បាន​ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លាក់​ចុះ​ពី ៧% ក្នុង​ឆ្នាំ​២០១៩ មក​នៅ​ជាង ​៦% (,%) ក្នុង​ឆ្នាំ​២០២០​។ ស្ថាប័ន​ទាំង​បី​នេះ បាន​លើក​ពី​មូលហេតុ​ដែល​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​នេះ ដោយសារតែ​បញ្ហា​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​។ រីឯ​ខាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាល​ពី​ពេល​ថ្មីៗ ​នេះ ក៏​ប្រកាស​ដែរ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​មក​ប្រមាណ​ជា ៦,% នៅ​ឆ្នាំ​២០២០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល