អ្នកវិភាគ​ថា៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ដោយសារ​ការ​ឆ្លង​វីរុស​កូរ៉ូណា

ដោយ អូន ភាព
2020-04-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
រូប​ហ្វេសប៊ុក លោក ហ៊ុន សែន

អ្នកវិភាគ​លើកឡើង​ថា ពួកគេ​សោកស្ដាយ ដែល​រដ្ឋាភិបាល​ចិន ផ្ដល់​ព័ត៌មាន​ពិត​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា (Coronavirus) យឺតយ៉ាវ ដែល​បាន​បណ្ដាល​ឱ្យ​ជំងឺ​នេះ​រាតត្បាត​ពេញ​ពិភពលោក ហើយ​បាន​សម្លាប់​មនុស្ស​ជិត ២​សែន​នាក់។ ពួកគេ​ថា ការ​មិន​ផ្តល់​ព័ត៌មាន​ច្បាស់លាស់ អំពី​គ្រោះថ្នាក់​នៃ​ជំងឺ Covid-19 បណ្ដាល​ឱ្យ ពលរដ្ឋ​កម្ពុជា​រង​ផល​ប៉ះពាល់ យ៉ាង​ធ្ងន់ធ្ងរ។

អ្នកវិភាគ​នយោបាយ​និង​ឃ្លាំមើល​សង្គម​លោក​បណ្ឌិត មាស នី ប្រាប់​អាស៊ីសេរី​ថា ចាប់​តាំង​ពី​មានការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ (Covid-19) មក វិស័យ​សំខាន់ៗ​របស់​កម្ពុជា ដូចជា រោងចក្រ​កាត់ដេរ សហគ្រាស​ធុន​តូច និង​មធ្យម វិស័យ​ទេសចរណ៍ ក្លឹប​កម្សាន្ត ខារ៉ាអូខេ ព្រមទាំង​កាស៊ីណូ សុទ្ធ​តែ​​ទទួល​​ផល​​អវិជ្ជមាន។

លោក​បញ្ជាក់​ថា ទីផ្សារ​និង​ហាង​លក់ទំនិញ​ស្ទើរតែ​ទាំងអស់​នៅ​កម្ពុជា បាន​បិទទ្វារ​បន្តបន្ទាប់ ហើយ​អ្នក​ធ្វើការ​ក្រៅ​ប្រព័ន្ធ​កំពុង​ប្រឈមមុខ​ទៅ​នឹង​ជីវភាព​គ្រួសារ​យ៉ាង​ធ្ងន់ធ្ងរ​។ បច្ចុប្បន្ន ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​និង​ធានាគារ​ឯកជន បាន​កំពុងតែ​បង្ខំ​ឱ្យ​ពួកគេ​សងបំណុល​របស់​ខ្លួន៖ «យើង​ដឹង​ហើយ​ថា ពលរដ្ឋ​ចិន​រាប់រយ​លាន​នាក់​បាន​ធ្វើ​ការ​ចេញ​ទៅ​ធ្វើ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ដទៃ​ក្នុង​ពិភពលោក ក្នុង​រយៈពេល​បួន​ប្រាំ​ឆ្នាំ​ហ្នឹង គឺ​ច្រើន​មែនទែន​បាទ ដោយ​រួមមាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ»

ជំងឺ​កូវីត​១៩ នេះ (Covid-19) កើតឡើង​ដំបូង​គេ​នៅ​ទីក្រុង​វូហាន ប្រទេស​ចិន តាំង​ពី​ដើម​ខែ​ធ្នូ​ឆ្នាំ​២០១៩ ប៉ុន្តែ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ ទើបតែ​ជូន​ដំណឹង ដល់​អង្គការ​សុខភាព​ពិភពលោក (WHO) កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​នេះ​។ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គការ​សុខភាព​ពិភពលោក។

កត្តា​នេះ​ហើយ បណ្ដាល​ឱ្យ​សហរដ្ឋអាមេរិក​ចោទ​អង្គការ​សុខភាព​ពិភពលោក​ថា មាន​ភាព​លម្អៀង​ទៅ​រក​ចិន ហើយ​ជឿ​ទៅលើ​តែ​របាយការណ៍ របស់​គណៈកម្មការ​សុខភាព​ជាតិ របស់​ចិន​ខ្លាំង​ពេក។សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា ប្រទេស​ចិន​មិនបាន​ផ្តល់​ព័ត៌មាន​ច្បាស់លាស់ អំពី​ជំងឺ​កូវីដ​១៩​នេះ​ទេ ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​ប្រទេស​របស់​ខ្លួន មិន​បាន​ត្រៀមខ្លួន​ជាមុន​ក្នុង​ការ​បង្ការ​វីរុស​កូរ៉ូណា​នេះ​។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) បាន​ព្រមាន​ថា ប្រទេស​ចិន​អាច​ប្រឈម​នឹង​ផលវិបាក ប្រសិនបើ​ប្រទេស​នេះ​ទទួលខុសត្រូវ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​នេះ ដោយសារ​ការ​ស្លាប់​នៅ​អឺរ៉ុប​ដោយ​ជំងឺ Covid-19 មាន​ចំនួន​ជាង ១៧ ម៉ឺន​នាក់ (១៧១.២៤៩)

ប្រទេស​អូស្ត្រាលី​ក៏​បាន​ដាក់​សម្ពាធ​ទៅលើ​ប្រទេស​ចិន​ផង​ដែរ​។ ប្រទេស​នេះ​បាន​ទាមទារ​ឱ្យ​មាន​ការស៊ើបអង្កេត​ជា​អន្តរជាតិ ទៅលើ​ប្រភព​ដើម​នៃ​វីរុស​កូរ៉ូណា​នេះ ថា តើ​វា​ឆ្លង​យ៉ាង​ដូចម្តេច។

លោក​បណ្ឌិត មាស នី បារម្ភ​ថា បើសិនជា​ជំងឺ Covid-19 នេះ បន្ត​រាតត្បាត​យូរ​តទៅទៀត ទាំង​វិបត្តិ​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក អាច​នឹង​ប្រឈមមុខ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ព្រោះ​ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​ក្ស័យធន​ជា​បណ្ដើរៗ​ហើយ៖ «ខ្ញុំ​មាន​ជំនឿ​ថា ផ្អែក​ទៅ​លើ​អ្វី​ដែល​កើតឡើង​បច្ចុប្បន្ន ដូចជា​ប្រទេស​កម្ពុជា​យើង​ជា​អាថ៌​ហ្នឹង គឺ​ទោះបីជា​ជំងឺ​កូវីដ​១៩​ហ្នឹង ការ​រីក​រាលដាល​មាន​សភាព​យឺត​ហើយ​ចំនួន​អ្នក​កើត​នៅ​តិច ក៏​ប៉ុន្តែ​បើ​យើង​មើល​វិបត្តិ​សេដ្ឋកិច្ច​ធំធេង​ណាស់ ហើយ​អ្វី​ដែល​ជា​របាយការណ៍​របស់​ស្ថាប័ន​របស់​ពាណិជ្ជកម្ម​ឬ​ក៍​ស្ថាប័ន​ហិរញ្ញវត្ថុ​ពិភពលោក​បច្ចុប្បន្ន ក៏​បាន​សារភាព​ហើយ​ដែរ​ថា សេដ្ឋកិច្ច​ពិភពលោក​ហ្នឹង​បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​លឿន​មែនទែន»

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា ថា​នឹង​ស្រុត​ចុះ​ខ្លាំង​បំផុត មិន​ធ្លាប់​មាន​ពីមុន​មក ដែល​អាច​ធ្លាក់​មក​នៅ​ក្រោម​សូន្យ គឺ​រហូតដល់​ទៅ​ដក ១,៦ ភាគរយ ក្នុង ឆ្នាំ​២០២០ នេះ​។ កាលពី​ឆ្នាំ​២០១៩ កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧ ភាគរយ​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន្ត ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២០ ខែ​មេសា​ថា លោក​មិន​យល់ស្រប​ចំពោះ​ការចោទប្រកាន់​ទៅលើ​ប្រទេស​ចិន​ថា បាន​លាក់​ព័ត៌មាន​អំពី​ការ​ឆ្លង​ជំងឺ​កូ​វីត​១៩​ទេ​។ លោក​បន្ត​ថា នេះ​គ្រាន់តែ​ជា​ការ​ចោទប្រកាន់​គ្មាន​ភស្តុតាង ព្រោះ​មិន​ទាន់​មាន​ប្រភព​ណា​បាន​ស្រាវជ្រាវ​រក​ឃើញ​ឯកសារ​ច្បាស់លាស់ ដើម្បី​ដាក់​បន្ទុក​ទៅលើ​ប្រទេស​ចិន​នៅឡើយ​ទេ៖ «រឿង​បញ្ហា​កូវីដ​នៅ​កម្ពុជា​នេះ​មិនមែន​ឆ្លង​ដោយ​ជនជាតិ​ចិន​ចូល​មក​កម្ពុជា​ទេ តែ​ផ្ទុយទៅវិញ​គឺ​មកពី​ជនជាតិ​អឺរ៉ុប​។ ក៏​ប៉ុន្តែ​ខ្ញុំ​យល់ថា​ដោយសារ​ជំងឺ​កូវីដ​នេះ​វា​ផ្ទុះ​ចេញពី​ទីក្រុង​វូហាន ចេញ​ពី​ចិន​មែន ក៏​ប៉ុន្តែ​ប្រហែល​ជនជាតិ​ទាំងអស់​នោះ មក​ចម្លង​ចេញ​ពី​ក្រុង​វូហាន ហើយ​បន្ត​មក​ចូល​កម្ពុជា ក៏​ប៉ុន្តែ​បើ​និយាយ​ពី​ឆ្លង​ផ្ទាល់​ជនជាតិ​ចិន​ចូល​មក​កម្ពុជា​ហ្នឹង​មិន​មាន​ករណី​ច្រើន​ទេ គឺ​មានតែ​ម្នាក់​គត់»

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មាន​ផែនការ​ប្ដឹង​ប្រទេស​ចិន​ទេ ហើយ​ពិភពលោក​មិន​អាច​ស្តី​បន្ទោស​ទៅលើ​ប្រទេស​ចិន​បាន​ឡើយ ព្រោះ​ពេលនេះ​មិនមែន​ជា​ពេលវេលា​ចោទ​គ្នា​ទេ គឺ​ត្រូវ​ចេះ​រួម​កម្លាំង​គ្នា​ដើម្បី​រក​វ៉ាក់សាំង​ក្នុង​ការ​ទប់ទល់​មេរោគ​កូរ៉ូណា​នេះ។

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកវិភាគ​នយោបាយ​និង​សង្គម​លោក គឹម សុខ មាន​ប្រសាសន៍​ថា ប្រទេស​​ចិន​​ជា​​អ្នក​ទទួល​ខុស​ត្រូវ ចំពោះ​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​នេះ ដោយសារតែ​រដ្ឋាភិបាល​​នៃ​​ប្រទេស​​កុម្មុយនិស្ត​​មួយ​​នេះ មិន​បាន​ជូនដំណឹង​ដល់​ពិភពលោក ដើម្បី​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ជាមុន។

លោក​ថា កម្ពុជា​និង​ប្រទេស​ដ៍ទៃ​ទៀត បាន​បណ្ដែតបណ្ដោយ​ឱ្យ​ជន​ជាតិ​ចិន​យ៉ាង​ច្រើន ចូល​មក​ប្រទេស​របស់​ខ្លួន ដោយសារ​តែ​មាន​ផលប្រយោជន៍​ធំ​ជាមួយ​ប្រទេស​ចិន ហើយ​មូល​ហេតុនេះ បាន​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​រីក​រាលដាល វីរុស​កូរ៉ូណា​ធ្ងន់ធ្ងរ នៅ​តំបន់​អាស៊ី​ទាំងមូល៖ «ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ពិត​ជា​មាន​ប្រភព​មកពី​ប្រទេស​ចិន​មែន។ រដ្ឋាភិបាល​ចិន​មាន​កំហុស​លាក់​ព័ត៌មាន​មិន​បង្ហាញ​ការពិត​ឱ្យ​ពិភពលោក​មានការ​ប្រុងប្រយ័ត្ន​អំពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ហ្នឹង»

មក​ទល់​នឹង​ថ្ងៃទី២១ មេសា សហរដ្ឋអាមេរិក បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វីត​១៩ ចំនួន​ជាង ៧៨ម៉ឺន​​នាក់ (៧៨៨.១១០) និង​​ស្លាប់​​ជាង ៤​ម៉ឺន​ ២​ពាន់​នាក់ (៤២.៣៧៤)​។ ប្រទេស​អេស្ប៉ាញ មាន​អ្នក​ផ្ទុក​ជំងឺ ជាង ២០ម៉ឺន​នាក់ (២០៤.១៧៨) និង​ស្លាប់​ជាង ២ម៉ឺន​​នាក់ (២១.២៨២)​។ អីតាលី មាន​អ្នក​ផ្ទុក​ជំងឺ​ជាង ១៨ម៉ឺន​នាក់ (១៨១.២២៨) និង​ស្លាប់​ជាង ២ម៉ឺន ៤​ពាន់​នាក់​(២៤.១១៤)​។ ប្រទេស​​អាល្លឺម៉ង់ មាន​អ្នក​ផ្ទុក​ជំងឺ​ចំនួន​ជាង ១៤ម៉ឺន ៧​ពាន់​នាក់ (១៤៧.១០៣) និង​​ស្លាប់​ជាង ៤ពាន់ ៨​រយ​​នាក់ (.៨៦២)​។​

ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ​មាន​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩ ចំនួន​១២២​នាក់ ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល