កម្ពុជា​ចាប់​ផ្ដើម​សិក្សា​ពី​លទ្ធភាព​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាង​ត្បូង

ដោយ ជុន ច័ន្ទបុត្រ
2019-11-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) អ្នកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​សាធារណរដ្ឋ​កូរ៉េ និង​លោក ប៉ាន សូរស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​ជំនួប​សិក្សា​លទ្ធភាព​​នៃ​ការ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ នៅ​ទី​ក្រុង​ប៊ូសាន ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
(ឆ្វេង) អ្នកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​សាធារណរដ្ឋ​កូរ៉េ និង​លោក ប៉ាន សូរស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​ជំនួប​សិក្សា​លទ្ធភាព​​នៃ​ការ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ នៅ​ទី​ក្រុង​ប៊ូសាន ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា

សន្និសីទ​កំពូល​អាស៊ាន និង​កូរ៉េ​ខាងត្បូង បាន​ចាប់​ផ្តើម​បើក​ថ្ងៃ​ទី​មួយ​ហើយ នៅ​ក្រុង​ប៊ូសាន នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ប្រមុខ​រដ្ឋ​នៃ​បណ្ដា​ប្រទេស​អាស៊ាន បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ លើក​លែង​តែ​លោក ហ៊ុន សែន ដែល​ត្រូវ​ខកខាន​មិន​បាន​ចូលរួម ដ្បិត​លោក​ជាប់​រវល់​ថែ​ជំងឺ​ម្ដាយ​ក្មេក​ដែល​ឈឺ​ធ្ងន់។

ប្រធានាធិបតី កូរ៉េខាងត្បូង លោក ម៉ូន ជេអ៊ិន (Moon Jae-in)​ឡើង​ថ្លែង​បើក​សន្និសីទ​ដោយ​​បញ្ជាក់​​ពី​​ការ​​តាំង​ចិត្ត​ថា កូរ៉េ​ខាង​ត្បូង​នឹង​បន្ត​គាំទ្រ​កិច្ច​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ឱ្យ​​មាន​សមត្ថភាព​ខ្ពស់​​នៅ​​រាល់​​ប្រទេស​​អាស៊ាន​​ទាំង​​​អស់ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​​លើ​វិស័យ​បច្ចេក​វិទ្យា និង​​បណ្តាក់​​​ទុន​​ផ្នែក​​គមនាគមន៍ ឋាមពល និង​ទីក្រុង​វ័យ​ឆ្លាត​ដែល​ភាសា អង់គ្លេស​ហៅ​ថា Smart City

ប្រតិភូកម្ពុជាដែលតំណាងដោយលោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ក្រសួងការបរទេសកម្ពុជា បាន​​ជួប​​ជជែក​​ពិភាក្សា​ជាមួយ​នឹង​សម​ភាគី​កូរ៉េ​តែ​រៀងៗ ខ្លួន និង​​បាន​​ចុះ​​ហត្ថលេខា​​លើ​​អនុស្សរណៈ​​នៃ​​ការ​យោគ​យល់​គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​មួយ​ចំនួន ជា​ពិសេស​​បាន​​ចុះ​​ហត្ថលេខា​​​លើ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​រួម​​​ជាមួយ​​រដ្ឋាភិបាល​​កូរ៉េ​​ខាង​​ត្បូង ដើម្បី​​​ចាប់​​​ផ្តើម​​​សិក្សា​​​​ពី​​​លទ្ធភាព​​​បង្កើត​​​កិច្ច​ព្រម​ព្រៀង​​​ពាណិជ្ជ​កម្ម​​​សេរី​​​រវាង​​ប្រទេស​​ទាំង​​ពីរ។

អ្នកវិភាគយល់ថា របបក្រុងភ្នំពេញគិតគូររឿងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង និង​​ចិន​​នៅ​​ពេល​​នេះ ជា​ការ​ត្រៀម​ទប់​ទល់​នឹង​ការ​បាត់បង់ EBA

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ដែល​ប្រតិភូកម្ពុជា​ចុះហត្ថលេខា នៅ​ក្នុង​ជំនួប​ដោយលែក ជាមួយ​សម​ភាគី​កូរ៉េ ក្នុងឱកាសកិច្ចប្រជុំកំពូល អាស៊ាន កូរ៉េខាងត្បូងនេះ ត្រូវ​បាន​គេ​ប្រកាស​ថា នឹង​ជួយ​ពង្រីក​ទំនាក់ទំនង និង​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ ព្រម​ទាំង​បង្កើត​ឱកាស​ការងារ​ក្នុងស្រុក ការនាំចេញ និងពង្រីកវិនិយោគបន្ថែម ដែល​​នឹង​រួម​​ចំណែក​​យ៉ាង​សំខាន់​​ក្នុង​​ការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ចជាតិ និងផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋនៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែងការណ៍​រួម​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ អ្នកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) ដើម្បី​ចាប់​ផ្ដើម​សិក្សា​លទ្ធភាព​​នៃ​ការ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-កូរ៉េ និង​កិច្ច​ប្រជុំ​កំពូល​មេគង្គ-កូរ៉េ ចាប់​ពី​ថ្ងៃ​ទី២៥ ដល់​​ថ្ងៃ​​ទី២៧ ខែ​វិច្ឆិកា នៅ​​ទី​ក្រុង​​ប៊ូសាន ប្រទេស​​កូរ៉េ​​ខាង​​ត្បូង។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ មានទំហំ ៧៥៦លាន​ដុល្លារអាមេរិក នៅឆ្នាំ២០១៨ កើន​​ឡើង​​ជាង ​១៤% បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៧។ ផលិតផល​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កូរ៉េ​ភាគ​ច្រើន គឺ​ជា​​វាយនភណ្ឌ សំលៀក​បំពាក់ និង​​វត្ថុ​​ធាតុ​​ដើម​​មួយ​​ចំនួន ក៏​​ប៉ុន្តែ​​កូរ៉េ​​វិញ​​នាំ​​ចូល​សុទ្ធ​​គ្រឿង​ចក្រ រថយន្ត គ្រឿង​​អេឡិចត្រូនិក ផលិត​ផល​​ថែ​​រក្សា​​សម្រស់ និង​​ផលិតផល​​កែច្នៃ​​រួច។

ការ​ចាប់​ផ្ដើម​សិក្សា​ពី​លទ្ធភាព​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាង​ត្បូង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ EBA ពី​ទី​ផ្សារ​សហភាព​អឺរ៉ុប។ ក្រៅ​ពី​គិតគូរ​រឿង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​នេះ មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ក៏​នឹង​ទៅ​ចរចា​រឿង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​មហាយក្ស​ចិន​ផង​ដែរ នៅ​ដើម​ខែ​ធ្នូ សប្ដាហ៍​ក្រោយ​នេះ។

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី ថ្លែង​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជា​រឿង​ល្អ​ដែល​ប្រទេស​នីមួយៗ ចង់​បាន ក៏​ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ពិចារណា​ឱ្យ​បាន​ដិត​ដល់​ចំពោះ​រឿង​នេះ ព្រោះ​កម្ពុជា​ជា​ប្រទេស​នាំ​ចូល ច្រើន​ជាង​នាំ​ចេញ។ លោក​បារម្ភ​ថា កម្ពុជា​អាច​នឹង​ទទួល​បាន​ប្រយោជន៍​តិច​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​កូរ៉េ ព្រោះ​លោក​ជឿ​ថា កម្ពុជា​មិន​ទាន់​មាន​សមត្ថភាព​ផលិត​ទំនិញ​នាំ​ចេញ​ក្នុង​តម្លៃ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​មាន​ជំនឿ​ថា រដ្ឋាភិបាល​អត់​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ការ​សិក្សា​ឱ្យ​បាន​ល្អិត​ល្អន់​ទៅលើ​​ផល​ប៉ះពាល់ ឬ​សមត្ថភាព​របស់​ខ្លួនឯង​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ផ្នែក​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​គេ​ទេ ព្រោះ​យើង​ដឹង​ហើយ​ថា ពាណិជ្ជកម្ម​សេរី​បាន​ន័យ​ថា វា​ត្រូវ​តែ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ ពន្ធ​អ្វី​ទាំង​អស់ គេ​ក៏​នាំ​អ្វី​ចូល​មក​បាន​ យើង​ក៏​នាំ​អ្វី​ចូល​ទៅ​បាន​។ ទីពីរ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​សមត្ថភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​​នាំចេញ​នាំ​ចូល​​ជាមួយ​គេ​ ហើយ​ទី​ចុង​បំផុត​ក្រែង​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​ដែល​កប់​ជ្រៅ​នៅ​ក្នុង​ការ​ទិញ​ចូល ប៉ុន្តែ​មិន​មាន​ស្អី​នាំចេញ​ជា​ដុំ​​កំភួន ហើយ​ទី​ចុង​បំផុត​នឹង​អាច​ធ្វើ​ឱ្យ​សមត្ថភាព​នៃ​ការ​ផលិត​របស់​​ខ្លួន​ឯង​​កាន់​តែ​ខ្សោយ​ទៅៗ ហើយ​ពលរដ្ឋ​គ្រាន់តែ​បាន​រស់​នៅ​ក្នុង​នាម​ជា​កម្មករ​របស់​ក្រុមហ៊ុន​បរទេស»

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ យល់ថា ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ គឺ​ជា​ការ​ស្វះស្វែង​រក​មធ្យោបាយ​ថ្មី ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប។ ទោះ​ជា​យ៉ាង​ណា លោក​រិះគន់​ថា ផែនការ​នេះ​ជា​ការ​បោះ​ចោល​ត្រី​ធំ ហើយ​ស្រវា​ចាប់​យក​ត្រី​តូច​វិញ៖ «រក្សា​ទុក​ទាំង EBA ហើយ​មាន​​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន ហើយ​ជាមួយ​នឹង​កូរ៉េ​ផង អា​ហ្នឹង​វា​កាន់​តែ​ល្អ​ទៀត ក៏​ប៉ុន្តែ​ពេល​នេះ​យើង​ហាក់​ដូច​ជា​បោះ​នុយ​ធំ​ចោល រួច​ហើយ​មក​ចាប់​នុយ​តូចៗ​ យក​ទៅ​ស្ទូច»

របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា ក្នុងឆ្នាំ២០១៨ កម្ពុជានាំទំនិញទៅចិនបានជាង ៨រយ​លាន​ដុល្លារ ខណៈ​ចិន​នាំ​មក​កម្ពុជា​វិញ បាន​ជាង ៦ពាន់​លាន​ដុល្លារ។ តួលេខនេះ​បង្ហាញ​​ថា ចិន​ជា​អ្នក​ចំណេញ​កប់​ក្តោង​ពី​ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​​រវាង​​ប្រទេស​​ទាំង​ពីរ ហើយ​​ចិន​​មិន​​មែន​​ជា​​ទី​ផ្សារ​​ធំ​​សម្រាប់​​កម្ពុជា​​ឡើយ ប៉ុន្តែ​​ជា​​សហភាព​​អឺរ៉ុប​​ទៅ​​វិញ​​ទេ។

ក្រោម​កម្មវិធី​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់​មុខ​លើក​លែង​តែ​គ្រឿង​សព្វាវុធ ឬ EBA កម្ពុជា​បាន​​នាំ​​ចេញ​​ទំនិញ​​ទៅ​​ទីផ្សារ​​អឺរ៉ុប​គិត​ជា​ទឹក​ប្រាក់ ៥ ពាន់៨ រយ​លាន​ដុល្លារ​អាមេរិក ($5.8 billion) កាល​ពី​​ឆ្នាំ២០១៨ កន្លង​​ទៅ។ ទំនិញ​ដែល​សហភាព​​អឺរ៉ុប​​នាំ​​ចូល​​ច្រើន​​ជាង​​គេ​​ពី​​កម្ពុជា គឺ​ផលិតផល​វាយនភណ្ឌ សំលៀក​បំពាក់ និង​ស្បែក​ជើង ដែល​មាន​ចំនួន​ប្រហែល ៧៥% នៃ​ទំនិញ​ដែល​សហភាព​​អឺរ៉ុប​នាំ​ចូល​ពី​កម្ពុជា។

ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​តាម​លក្ខខ័ណ្ឌ​របស់​សហភាព​អឺរ៉ុប​ទេ កម្ពុជា​នឹង​បាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA ហើយ​ពេល​នោះ​កម្មករ​រាប់​សែន និង​ពលរដ្ឋ​រាប់​លាន​នាក់​ផ្សេង​ទៀត​នឹង​រង​គ្រោះ​ដោយ​ផ្ទាល់​ពី​វិបត្តិ​មួយ​នេះ។ សហជីព​ឯករាជ្យ និង​អ្នក​ឃ្លាំ​មើល​សង្គម​វាយ​តម្លៃ​ថា គ្មាន​អ្វី​ដែល​របប​ក្រុង​ភ្នំពេញ​អាច​យក​មក​ប៉ះប៉ូវ​ការ​ខូចខាត​ពី​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឡើយ ហើយ​ជម្រើស​តែ​មួយ​សម្រាប់​បន្ត​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​នោះ គឺ​ការ​ធ្វើ​យ៉ាង​ណា​រក្សា​ឱ្យ​បាន​នូវ​ការ​អនុគ្រោះ​ពន្ធ EBA លើ​ទីផ្សារ​អឺរ៉ុប​បន្ត​ទៅ​ទៀត។

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កូរ៉េ​​ខាង​ត្បូង​នេះ នឹង​ប្រារព្ធ​ធ្វើ​រយៈ​ពេល​ពីរ​ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃច័ន្ទទី២៥ នេះ ដល់ថ្ងៃអង្គារទី២៦ វិច្ឆិកា ដើម្បីជាការរំលឹកដល់ខួប ៣០ឆ្នាំ​នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ អាស៊ាន៕

(ឆ្វេង) អ្នកស្រី យូ ម្យុងហ៊ី (Yoo Myung-Hee) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កូរ៉េ និង​លោក ប៉ាន សូរស័ក្តិ (ស្ដាំ) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ចុះ​លើ​សេចក្ដី​ថ្លែង​ការណ៍​រួម​ស្ដីពី​ការ​ចាប់​ផ្ដើម​សិក្សា​លទ្ធភាព​​នៃ​ការ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ទ្វេភាគី កម្ពុជា​កូរ៉េ នៅ​ទី​ក្រុង​ប៊ូសាន ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា


 


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល