សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​ដោយសារ​ការភ័យខ្លាច​វីរុស​ខូរូណា

ដោយ អូន ភាព
2020-01-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសចរ​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៨។
ទេសចរ​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៨។
រូបថត​ក្រសួង​ទេសចរណ៍

សង្គម​ស៊ីវិល​សម្ដែង​ក្តី​បារម្ភ​អំពី​ការ​ធ្លាក់ចុះ​ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា​នៅ​ឆ្នាំនេះ ព្រោះ​មានការ​ភ័យខ្លាច​ឆ្លង​វីរុស​ខូរូណា​ថ្មី​នេះ​។ ទោះបីជា​យ៉ាងណា មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា កម្ពុជា​មិន​ទាន់​មាន​វត្តមាន​ជំងឺឆ្លង​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​ខូរូណា (Coronavirus) នៅ​ឡើយ​ទេ។

មន្ត្រី​ជំនាញ​ខាង​ទេសចរណ៍​ព្រមាន​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារតែ​ជំងឺ​វីរុស​ខូរណា​ថ្មី​នេះ។

ប្រធាន​សមាគម​មគ្គ​ទេសន៍​អង្គរ​ខេត្ត​សៀម រាប លោក​ខៀវ ធី ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​២៤ ខែ​មករា​ថា ការ​ផ្អាក​ជើង​យន្តហោះ​មួយ​ចំនួន​នៅ​ចិន នឹង​អាច​បង្ក​ផល​អវិជ្ជមាន​ដល់​ស​វិស័យ​ទេសចរណ៍​កម្ពុជា​មិន​ខាន៖ «វិស័យ​ទេសចរណ៍​នឹង​ធ្លាក់​ចុះ​ដោយសារ​គេ​មិន​ហ៊ាន​ដើរ ដោយសារ​ខ្លាច​ឆ្លង​មេរោគ»

លោក​បន្ត​ថា តាម​បទពិសោធន៍ ភ្ញៀវ​ទេសចរ​បរទេស​ធ្លាប់​បាន​ធ្លាក់​ចុះ​ខ្លាំង​កន្លងមក នៅ​ពេល​មាន​ជំងឺ​ផ្តាសាយ​បក្សី​នៅ​ឆ្នាំ​២០១៥ និង​ជំងឺ​ពងបែក​ដៃជើង​ក្នុង​ឆ្នាំ​២០១២ ហើយ​ក្រោយមក មាន​ជំងឺ​រាតត្បាត​សាកល​ក្នុង​ឆ្នាំ​២០០៩ និង​ជំងឺសារ (SARS) ក្នុង​ឆ្នាំ​២០០៣។

អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ប៉ុន្តែ​លោក​បាន​បដិសេធ​ផ្ដល់​សម្ភាសន៍។

ទោះ​បី​យ៉ាងណា ក្រសួង​ទេសចរណ៍​ឱ្យ​ដឹង​ថា កាលពី​ឆ្នាំមុន​ប្រទេស​កម្ពុជា​បាន​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦​លាន​២​សែន​នាក់ (,២​លាន​នាក់​) ក្នុង​នោះ​មាន​ជនជាតិ​ចិន ២ លាន​នាក់ ដែល​មាន​ប្រាក់ចំណូល​សរុប ៤​លាន ៣​សែន​៥​ម៉ឺន (,៣៥ លាន​) ដុល្លារ​អាមេរិក។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​លោក យង់ គិមអេង ក៏​យល់​ឃើញ​ថា កម្ពុជា​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់ ចំពោះ​ការ​ឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​ខូរូណា​នេះ បើសិនជា​រដ្ឋាភិបាល​មិន​មាន​វិធានការ​ជាក់លាក់​ទេ ព្រោះ​មាន​លំហូរ​អ្នកទេសចរ​ចិន​ច្រើន៖ «យើង​ដឹង​ហើយ​ថា​កំណើន​ទេសចរណ៍ អ្នក​ដែល​ចេញចូល​ជា​ទេសចរណ៍ អ្នក​មក​រក​ស៊ី​ហ្នឹង​គឺ​សំបូរ​ទៅ​ដោយ​ជនជាតិ​ចិន ហើយ​ជនជាតិ​ចិន​ទាំងអស់​ហ្នឹង យើង​ក៏​មិន​ហ៊ាន​ធានា​ថា ពួកគេ​ហ្នឹង​មិន​មាន​ការ​ឆ្លង​ជំងឺ​ទាំងអស់​ហ្នឹង​មកពី​ប្រទេស​របស់​គេ​ដែរ»

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ ប្រាប់​អាស៊ីសេរី នៅ​យប់​ថ្ងៃ​សុក្រ​ទី​២៤​ខែ​មករា​នេះ​ថា កម្ពុជា​មិន​ទាន់​មាន​ជំងឺឆ្លង​រលាក​សួត ដែល​បង្ក​ដោយ​វីរុស​ខូរូណា​នេះ​នៅឡើយ​ទេ ប៉ុន្តែ​ក្រសួង​បាន​ដាក់​ម៉ាស៊ីន​ស្ទង់​កម្ដៅ​បន្ថែម នៅ​តាម​ច្រក​អន្តរជាតិ​ផ្លូវគោក​៣​កន្លែង រួមមាន​ប៉ោយប៉ែត បាវិត និង ព្រែកចាក។

លោក​ថា កម្ពុជា​បាន​ដាក់​ម៉ាស៊ីន​ស្ទង់​កម្តៅ​នៅ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​កន្លែង​ផង​ដែរ គឺ​នៅ​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ​។ ក្រសួង​សុខាភិបាល​ក៏​បាន​ដាក់​ពង្រាយ​មន្ត្រី​ជាង​២.០០០​នាក់ ដែល​បាន​បណ្ដុះបណ្ដាល​រួចហើយ ដើម្បី​តាមដាន​រោគសញ្ញា​នៃ​វីរុស​ខូរូណា​នេះ​នៅ​ទូទាំង​ប្រទេស៖ «យើង​មាន​ត្រៀម​មន្ទីរ​ពិសោធន៍ ហើយ​យើង​និង​ជំរុញ​ឱ្យ​មន្ត្រី​របស់​យើង គ្រប់​ជាន់ថ្នាក់​ទាំងអស់​ប្រុងប្រយ័ត្ន​ជានិច្ច»។​

ទោះ​បី​យ៉ាងណា​ក៏​ដោយ លោក លី សុវណ្ណ បញ្ជាក់​ថា កម្ពុជា​មិន​មាន​គម្រោង​ផ្អាក​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទេសចរណ៍​ជនជាតិ​ចិន​ទេ ប៉ុន្តែ​មន្ត្រី​ក្រសួងសុខាភិបាល ខិតខំ​តាមដាន​សុខភាព​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស។

ជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​ខូរូណា​ថ្មី​នេះ បាន​ផ្ទុះឡើង​កាលពី​ចុងខែ​ធ្នូ នៅ​ខេត្ត​ហ៊ូបេ (Hubie) ប្រទេស​ចិន ហើយ​បើ​តាម​គណៈកម្មការ​សុខ​ភាព​ជាតិ​របស់​ប្រទេស​ចិន បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ទី​២៤​ខែ​មករា នេះ​ថា ករណី​ឆ្លង​វីរុស​ខូរូណា​ថ្មី​នេះ​បាន​កើន​ឡើង​ដល់ ៨៣០ នាក់​ហើយ ដោយមាន​មនុស្ស ២៦ នាក់​បាន​ស្លាប់។

យ៉ាងហោចណាស់​មាន​ទីក្រុង​១០ នៅ​ភាគ​កណ្ដាល​នៃ​ខេត្ត​ហ៊ូបេ ដែល​មាន​ប្រជាជន​ចិន​ចំនួន​ជិត​៤០​លាន​នាក់ ជាប់គាំង​ក្នុងការ​ធ្វើដំណើរ បន្ទាប់ពី​អាជ្ញាធរ​ចិន​បាន​ផ្អាក​ជើង​ហោះហើរ រថភ្លើង ឡានក្រុង និង​សាឡាង​ផង​ដែរ។

ជំងឺ​វីរុស​ខូរូណា​នេះ បាន​រាលដាល​ដល់​ប្រទេស​ថៃ សហរដ្ឋអាមេរិក វៀតណាម ជប៉ុន សិង្ហបុរី អារ៉ាប៊ីសាអូឌីត និង​កូរ៉េខាងត្បូង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល