តំណាង​ម៉ាកយីហោជាង៦០ ​គាំទ្រ​វិធានការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា

ដោយ ខែ សុណង
2020-02-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គំនូស​បង្ហាញ​អំពី​តួលេខ​សំលៀកបំពាក់​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប
គំនូស​បង្ហាញ​អំពី​តួលេខ​សំលៀកបំពាក់​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប
EBCA RFA

តំណាង​​ម៉ាកយីហោជាង៦០ ក្នុង​តំបន់​អឺរ៉ុប ប្រកាស​គាំទ្រ​ការ​​ប្ដេជ្ញា​ចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​លើក​ស្ទួយ​បទដ្ឋាន​​ការងារ និង​សង្គម​នៅ​កម្ពុជា ហើយ​ថ្កោល​​ទោស​ទង្វើ​រំលោភ​បំពាន​សិទ្ធិមនុស្ស និង​​សិទ្ធិ​ការងារ។ សហជីព​ឯករាជ្យ​ថា វិធានការ​ដក EBA ២០% កំពុង​លេច​ត្រដែត​ឡើង​ជា​បញ្ហា​ធំ​ហួស​ការ​ស្មាន​សម្រាប់​កម្ពុជា ជាពិសេស​នៅ​ពេល​ក្រុមហ៊ុន​បញ្ជាទិញ​បង្ហាញ​ជំហរ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​បែប​នេះ។

សម្ព័ន្ធ​ម៉ាក​យីហោ​សំលៀក​បំពាក់​អឺរ៉ុប (European Branded Clothing Alliance) ដែល​ជំនួស​មុខ​ឱ្យ​​ម៉ាក​យីហោ​សំលៀក​បំពាក់​ជាង៦០ សោក​ស្ដាយ​ចំពោះ​​កង្វះ​ខាត ការ​កែប្រែ​ជាក់​លាក់​ជុំវិញ​កង្វល់​លើ​​វិស័យ​ដែល​សហភាព​អឺរ៉ុប​បាន​គូស​បញ្ជាក់ ដែល​នាំ​ឱ្យ​គណៈកម្មការ​អឺរ៉ុប​សម្រេច​ចិត្ត​ដក​​ផ្នែក​ខ្លះ​នៃ​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។ តំណាង​ម៉ាក​យីហោ​អន្តរជាតិ​នេះ សង្កត់​ធ្ងន់​ថា សេចក្តី​សម្រេច​នេះ​នឹង​មាន​ផល​ប៉ះពាល់​ធំ​ធេង​ទាំង​លើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម ជាពិសេស​ប៉ះពាល់​ដល់​កម្មករ​នៅ​ក្នុង​ផ្នែក​ដែល​ត្រូវ​ដក​​ការ​អនុគ្រោះ​ពន្ធ។

តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី១៣ កុម្ភៈ សម្ព័ន្ធ​ម៉ាក​យីហោ​សំលៀក​បំពាក់​អឺរ៉ុប លើក​​ទឹក​ចិត្ត​​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បន្ត​បំពេញ​ទៅតាម​លក្ខខណ្ឌ​របស់​គណៈកម្មការ​អឺរ៉ុប ដើម្បី​ឱ្យ​អឺរ៉ុប​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​វិញ ស្រប​ទៅតាម​បទបញ្ញត្តិ​ស្ដីពី​ការ​អនុគ្រោះ​ពន្ធ​ទូទៅ។ លក្ខខណ្ឌ​ទាំង​នោះ រួម​មាន ការ​កែ​លម្អ​ទង្វើ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ផ្ទុយ​ពី​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ ព្រម​ទាំង​ការ​លើក​ស្ទួយ​សិទ្ធិ​ការងារ​ឱ្យ​ស្រប​ទៅតាម​បទដ្ឋាន​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)

ជំហរ​របស់​តំណាង​ម៉ាកយីហោជាង៦០ នៅ​តំបន់​​អឺរ៉ុប​នេះ ក៏​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ជំហរ​របស់​ក្រុមហ៊ុន​សំលៀក​​បំពាក់​លំដាប់​ពិភពលោក អេច្ឆ​អ៊ែន​អ៊ែម (H&M Group) ដែរ។ ក្រុម​ហ៊ុន H&M ដែល​ជា​អ្នក​បញ្ជាទិញ​ផលិត​ផល​វាយនភណ្ឌ​ច្រើន​សន្ធឹកសន្ធាប់​នោះ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី១៣ កុម្ភៈ​ថា ប្រសិន​​បើ​គ្មាន​ការ​អនុគ្រោះ​ពន្ធ EBA ទេ នោះ​កម្ពុជា​នឹង​ពិបាក​ផ្លាស់​ប្ដូរ​ឧស្សាហកម្ម​​វាយនភណ្ឌ​របស់​ខ្លួន។ ម្យ៉ាងវិញទៀត វា​នឹង​ប៉ះពាល់​ជា​​អវិជ្ជមាន​ដល់​ការ​វិនិយោគ​ក្នុង​ថ្ងៃ​អនាគត ព្រម​​ទាំង​ការ​រំពឹង​ទុក និង​ជំនឿ​ចិត្ត ដែល​ជា​ធាតុ​ផ្សំ​ពីរ​ដ៏​សំខាន់​នៃ​ឧស្សាហកម្ម​​ប្រកបដោយ​ការ​​ទទួល​ខុស​ត្រូវ​ខ្ពស់។ ជាង​នេះ​ទៅទៀត ក្រុមហ៊ុន H&M មើល​ឃើញ​ថា កម្ពុជា​នឹង​ពិបាក​បង្កើត​បាន​នូវ​​ឧស្សាហកម្ម​ជឿន​​លឿន ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ជាមួយ​កម្លាំង​ពលកម្ម​​​​ជំនាញ និង​មាន​ការ​គោរព​សិទ្ធិ​ការងារ​ពេញលេញ។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ចាត់​ទុក​សេចក្ដី​ថ្លែង​ការណ៍​របស់​តំណាង​ម៉ាក​យីហោ​នៅ​អឺរ៉ុប និង​ក្រុមហ៊ុន​​បញ្ជាទិញ​ទាំង​នេះ​ថា មិន​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​ជាក់​ស្ដែង​នៅ កម្ពុជា និង​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​នយោបាយ ក្នុង​ទិសដៅ​ប្រស់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ។ លោក​ថា រដ្ឋាភិបាល​គ្មាន​​សិទ្ធិ​បង្ខិតបង្ខំ​ក្រុមហ៊ុន​ណា​ឱ្យ​មក​ទិញ​ផលិត​ផល​កម្ពុជា​ឡើយ ដូច្នេះ​ការ​សម្រេច​ចិត្ត​ទិញ ឬ​មិន​ទិញ ជា​រឿង​របស់​ក្រុមហ៊ុន​ទាំងនោះ។ ជាពិសេស​លោក​ថា បើ​ក្រុមហ៊ុន​ទាំង​នោះ​ឈប់​ទិញ​ផលិត​ផល​ពី​កម្ពុជា នោះ​រដ្ឋាភិបាល​នឹង​រក​ទីផ្សារ​ផ្សេង​ទៀត៖ «យើង​មិន​មាន​ជម្រើស​អ្វី​នោះ​ទេ គឺ​ថា យើង​រក​ម៉ូយ​ផ្សេង​ទៀត។ បើ​គាត់​មិន​ទិញ​មួយ ក៏​មាន​ម៉ូយ​មួយ​ផ្សេង​គេ​ទិញ​ដែរ ពីព្រោះ​មនុស្ស​លើ​ពិភពលោក​ជិត១ ម៉ឺន​លាន​នាក់​ហើយ។ បើ​ថា​ប្រទេស​មួយ​មិន​ស្លៀក​ពាក់​ខោអាវ​កម្ពុជា​ទេ អា​ហ្នឹង​អាច​មាន​ប្រទេស​មួយ ឬ​ពីរ​ទៀត គេ​ស្លៀក​ពាក់​ខោអាវ​កម្ពុជា​ដែរ ព្រោះ​ខោអាវ​​កម្ពុជា​ថោកជាង​ប្រទេស​នានា​ដែរ។ អា​ហ្នឹង ខ្ញុំ​​យល់​អ៊ីចឹង​ ពីព្រោះ​ទីផ្សារ​សេរី​ យើង​មិន​អាច​ទៅ​​បង្ខិត​បង្ខំ​នរណា​បាន​ទេ ក៏​ប៉ុន្តែ​យើង​មាន​ការ​ហួស​ចិត្ត​​នឹង​ការ​វាយ​តម្លៃ​

ពី​ខាង​ក្រៅ​ដែល​មិន​បាន​ផ្សារភ្ជាប់​នឹង​សភាពការណ៍​ពិត​ជាក់​ស្ដែង​នៅ​កម្ពុជា​ដែល​មាន​បច្ចុប្បន្ន​នេះ»

ប៉ុន្តែ​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា នេះ​ជា​ការ​លើក​ឡើង​​បែប​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ លោក​ថា ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ របស់​លោក​ខាង​លិច គឺ​ជា​អ្នក​បញ្ជា​ទិញ​ផលិត​ផល​ពី​កម្ពុជា​ច្រើន​ជាងគេ​បំផុត ហើយ​ក្រុមហ៊ុន​ទាំងនេះ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ជួយ​​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ លោក​មើល​ឃើញ​ថា ​កម្ពុជា​មិន​អាច​ពឹង​លើ​ទីផ្សារ​ប្រទេស​ចិន ឬ​ប្រទេស​ផ្សេង​ទៀត ដើម្បី​នាំចេញ​ផលិត​ផល​របស់​ខ្លួន​​ ក្រៅ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក នោះ​ឡើយ៖ «ការ​លើក​ឡើង​បែបនេះ វា​គ្រាន់​តែ​ជា​ការ​ដោះបន្ទុក​ ហើយ​មិន​ទទួល​ខុស​ត្រូវ​នោះ​ទេ ពីព្រោះ​យើង​ដឹង​ហើយ​ថា អ្វីៗ​ដែល​សហភាព​អឺរ៉ុប និង​ក្រុមហ៊ុន​បញ្ជា​ទិញ​ គេ​ចង់​ចូល​រួម​ជួយ​អភិវឌ្ឍ​សង្គម​​កម្ពុជា​យើង ទើប​បាន​ជា​គេ​ដាក់​ការ​វិនិយោគ​ទុន​មក​កម្ពុជា​យើង ហើយ​មាន​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ។ អស់​ពី​ក្រុមហ៊ុន​អ្ន​ក​បញ្ជា​​ទិញ​ដែល​មាន​ម៉ាក​យីហោ​ល្បីៗ ហ្នឹង​ យើង​មើល​ទៅ​ហាក់​បីដូច​ជា គ្មាន​ក្រុមហ៊ុន​បញ្ជាទិញ​ណា​យក​​មក​ជំនួស​ក្រុមហ៊ុន​បញ្ជា​ទិញ​ទាំង​អស់​នេះ​ទេ»

មេដឹកនាំ​សហជីព​រូប​នេះ​យល់​ស្រប​ថា ការ​ដក EBA ត្រឹម ២០% អាច​ថា ជា​ចំនួន​មិន​ច្រើន​ណាស់​ណា​ទេ បើ​គិត​ជា​ទឹកប្រាក់​ដែល​ត្រូវ​បង់​ពន្ធ ក៏​ប៉ុន្តែ​វា​បាន​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ និង​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ រួច​ទៅ​ហើយ។ លោក​ជឿ​ថា ប្រសិន​បើ​កំណត់​ត្រា​អាក្រក់​ផ្នែក​សិទ្ធិ​មនុស្ស​មិន​ត្រូវ​បាន​កែ​លម្អ​ទេ នោះ​ការ​ដក EBA ២០% ដែល​ជា​ជំហាន​ដំបូង​នេះ នឹង​ត្រូវ​ពង្រីក​កាន់​តែ​ធំ ហើយ​ក្រុមហ៊ុន​បញ្ជាទិញ​ក៏​អាច​នឹង​បញ្ឈប់​ការទិញ​ផលិតផល​ពី​កម្ពុជា​ដែរ៖ «បើ​គេ​ដក​២០% ហើយ​ ពុំ​មាន​ការ​កែ​លម្អ​ទេ នោះ​នឹង​មាន​អ្វី​កើត​ឡើង​បន្ត​បន្ទាប់​ទៀត ឬ​ក្រុមហ៊ុន​បញ្ជា​ទិញ​ហ្នឹង ក៏​គេ​មិន​អាច​បញ្ជា​ទិញ។ បើ​ក្រុម​ហ៊ុន​អ្នក​បញ្ជា​ទិញ​ គេ​ឈប់​បញ្ជា​ទិញ​ហើយ អា​ហ្នឹង​ប្រឈម​ធ្ងន់​ជាង​អ្វី​ដែល​ដក EBA ទៀត។ អ្វី​ដែល​គេ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ហើយ គេ​នឹង​អនុវត្ត គេ​នឹង​ធ្វើ​ហើយ ​បើ​យើង​មិន​ធ្វើ​ការ​កែ​លម្អ​ស្ថានភាព​វិបត្តិ​នយោបាយ​នៅ​កម្ពុជា»

ប្រសិន​បើ​គ្មាន​ការ​ជំទាស់​ពី​សភា និង​ក្រុមប្រឹក្សា​អឺរ៉ុប​ទេ សេចក្ដី​សម្រេច​ដក EBA ២០% របស់​គណៈកម្មការ​អឺរ៉ុប នឹង​ចូល​ជា​ធរមាន​នៅ​ខែ​សីហា​ខាង​មុខ។ ពេល​នោះ កម្ពុជា​ត្រូវ​បង់​ពន្ធ​ប្រមាណ ១០០លាន​ដុល្លារ​អាមេរិក ចំពោះ​ទំនិញ​នាំ​ទៅ​សហភាព​អឺរ៉ុប ដែល​ពី​មុន​មក កម្ពុជា​បាន​រួច​កាតព្វកិច្ច​ពន្ធ​ទាំង​ស្រុង​ចំនួន​ជិត ៧០០លាន​​ដុល្លារ​អាមេរិក។

សម្ព័ន្ធ​ម៉ាក​យីហោ​សំលៀក​បំពាក់​អឺរ៉ុប (European Branded Clothing Alliance)​ ជំរុញ​​ឱ្យ​អាជ្ញាធរ​កម្ពុជា​ប្ដេជ្ញា​ចិត្ត​គោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ខ្លាំង​ជាង​នេះ ព្រម​ទាំង​បើក​ចំហ​ថែម​​ទៀត​ឱ្យ​មាន​កិច្ច​សន្ទនា​នយោបាយ​នៅ​ក្នុង​ប្រទេស។ ជាមួយ​គ្នា​នេះ ស្ថាប័ន​នេះ​អំពាវនាវ​ដល់​​គណៈកម្មការ​អឺរ៉ុប​ឱ្យ​បង្កើត​ផែន​​ទី​ចង្អុល​​ផ្លូវ​ច្បាស់​លាស់ និង​​កំណត់​ពេល​ជាក់​លាក់​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​តាមដាន​ដំណើរការ​វិវឌ្ឍ​នៅ​ពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល