កសិករ​នៅ​ខេត្ត​ភាគ​ឦសាន​ត្អូញ តម្លៃ​កសិផល​ធ្លាក់​ថ្លៃ​ខ្លាំង នៅ​គ្រា​ដែល​វៀតណាម​បិទ​ច្រក​ព្រំដែន

ដោយ សេក បណ្ឌិត
2020-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្លែ និង​គ្រាប់​ស្វាយ​ចន្ទី និង​កសិករ​មួយ​រូប​កំពុង​ប្រមូល​ផល​ស្វាយចន្ទី។
ផ្លែ និង​គ្រាប់​ស្វាយ​ចន្ទី និង​កសិករ​មួយ​រូប​កំពុង​ប្រមូល​ផល​ស្វាយចន្ទី។
រូប៖ ហ្វេសប៊ុក​ក្រសួងកសិកម្ម​ខេត្ត​ក្រចេះ និង​ហ្វេសប៊ុក​បណ្ឌិត ឡៅ ម៉ុងហៃ

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​ភាគ​ឦសាន​ត្អូញត្អែរ​អំពី​តម្លៃ​កសិផល​ធ្លាក់​ថ្លៃ​ខ្លាំង និង​គ្មាន​ទីផ្សារ ស្រប​ពេល​ដែល​អាជ្ញាធរ​វៀតណាម​ប្រកាស​បិទ​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា ដើម្បី​ទប់ទល់​ជំងឺ​កូវីដ-១៩។ មន្ត្រី​សង្គម​ស្នើ​ឱ្យ​រដ្ឋាភិបាល ប្រើ​កញ្ចប់​ថវិកា​ជាតិ ទិញ​កសិផល​ពី​ប្រជា​កសិករ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​សេដ្ឋកិច្ច។

កសិករ​រស់​នៅ​ខេត្ត​ស្ទឹងត្រែង​ថ្លែង​ថា តម្លៃ​កសិផល​ធ្លាក់​ថ្លៃ​ទ្វេ​ដង និង​គ្មាន​ទីផ្សារ​ផង​ទៀត​នោះ បាន​រុញ​ច្រាន​ឱ្យ​ជីវភាព​របស់​ពួក​គេ​ធ្លាក់​ចុះ​ខ្លាំង និង​គ្មាន​ប្រាក់​បង្វិល​សង​ម្ចាស់​បំណុល។ ពួក​គេ​សង្កេត​ឃើញ​ថា នៅ​គ្រា​ដែល​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ក្រោយ​នេះ ក្រុម​ឈ្មួញ​បាន​បញ្ចុះ​តម្លៃ​កសិផល និង​ផ្អាក​ទិញ។

កសិករ​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោកស្រី គោម សេង ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១៩ មីនា​ថា បច្ចុប្បន្ន​គ្រាប់​ស្វាយ​ចន្ទី​ចុះ​ថោក​ខ្លាំង​មក​នៅ​តម្លៃ ២.៧០០ ទៅ ៣.០០០រៀល ខណៈ​តម្លៃ​ធម្មតា​ចាប់​ពី ៦.០០០រៀល ទៅ ៨.០០០រៀល ក្នុង​មួយ​គីឡូ​ក្រាម។ លោកស្រី​ថា គ្រួសារ​លោកស្រី បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​ជិត ១ម៉ឺនដុល្លារ ដើម្បី​ធ្វើ​ដើម​ទុន​ដាំ​ដើម​ស្វាយ​ចន្ទី ១០ហិកតារ ហើយ​ក្នុង​មួយ​ខែៗ គ្រួសារ​លោកស្រី ត្រូវ​សង​ប្រាក់ ៤០០ដុល្លារ​ទៅ​ធនាគារ​វិញ។ លោកស្រី​ថា នៅ​គ្រា​ដែល​តម្លៃ​កសិផល​ធ្លាក់​ថ្លៃ​បែប​នេះ បង្ក​ការ​ប៉ះពាល់​ជីវភាព​គ្រួសារ និង​គ្មាន​ប្រាក់​បង្វិល​សង​ធនាគារ​វិញ ហើយ​មក​ទល់​ពេល​នេះ​មិន​ទាន់​ឃើញ អាជ្ញាធរ​រដ្ឋាភិបាល​ណា ចុះ​ជួយ​ដោះ​ស្រាយ​នៅ​ឡើយ​ទេ៖ «ដូច​ថា ឈ្មួញ​កណ្ដាល​មាន ៥០នាក់ មានតែ ២ ទៅ ៣នាក់ទិញអ៊ីចឹង ក្រៅ​ពី​ហ្នឹង​គេ​ឈប់​ទិញ​អស់​ហើយ។ ប៉ះពាល់​បង ដូច​ខ្ញុំ​ឥឡូវ​ហ្នឹង​កំពុង​តែ​ខ្វះ ត្រូវ​បង់​ធនាគារ​ទៀត ដល់​ពេល​លក់​អត់​ចេញ​អ៊ីចឹង មិន​ដឹង​ធ្វើ​ម៉េច? នឹង​ប្រឈម​មុខ​នឹង។ ២.៧០០ហ្នឹង​មិន​ដឹង​ថា មាន​អ្នក​ទិញ ឬ​អត់​ទេ? ប៉ុន្តែ​គេ​ដាក់​តម្លៃ​ឱ្យ​ទិញ ៣.០០០ តែ​ឈ្មួញ​កណ្ដាល​គេ​ផ្អាក​គេ​អត់​ទិញ​ទេ»

កសិករ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​ស្រះ​ឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក ថាន់ វ៉ន ឱ្យ​ដឹង​ថា ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩ គឺ​ជា​មូលហេតុ ធ្វើ​ឱ្យ​តម្លៃ​កសិផល​កាន់​តែ​ធ្លាក់​ថ្លៃ​ខ្លាំងៗ បង្ក​ឱ្យ​ប៉ះពាល់​ជីវភាព និង​កើត​មាន​វិបត្តិ​សង្គម​ផ្សេងៗ ដូចជា ធនាគារ​រឹប​អូស​ទ្រព្យសម្បត្តិ ពលរដ្ឋ​រត់​ចោល​ស្រុក និង​ធ្វើ​ចំណាក​ស្រុក​ជា​ដើម។ លោក​ថា គ្រួសារ​លោក​បាន​ដាំ​ដើម​ស្វាយ​ចន្ទី​ទំហំដី ៣ហិកតារ អាច​ប្រមូល​ផល​គ្រាប់ស្វាយ​ចន្ទី​បាន​ជា​ច្រើន​តោន​ក្នុង​មួយ​ឆ្នាំៗ ហើយ​អាច​លក់​បាន​ជា​ច្រើន​ពាន់​ដុល្លារ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​នេះ គ្រាប់ស្វាយ​ចន្ទី​ចុះ​ថោក​ខ្លាំង និង​គ្មាន​ទីផ្សារ​លក់​ចេញ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់​លោក​ជួប​ការ​លំបាក៖ «ឥឡូវ​រអ៊ូ​គ្រប់​គ្នា រអ៊ូ​ទាំង​អស់ នរណា​ក៏​រអ៊ូ​ដែរ ឆ្នាំ​នេះ​តម្លៃ​ធ្លាក់​ចុះ​ហើយ កសិផល​វា​មិន​សូវ​បាន​ផល​ហើយ ទៅ​ជា​គេ​បិទ​ទីផ្សារ​ទៀត។ ដែល​អាច​ដោះ​ស្រាយ​បាន​ទៅ​រួច រាជ​រដ្ឋាភិបាល​នោះ ឱ្យ​ក្រុមហ៊ុន​ទិញ​កសិផល​ទាំង​អស់​ក្នុង​ប្រទេស ទិញ​ស្តុក​ទុក​ឱ្យ​ផង កុំ​ឱ្យ​ពលរដ្ឋ​គ្នា​ដាច់​ជើង​ដាច់​ដៃ​ពេក»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ និង​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គឹម សុភៈ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរសព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី១៩ មីនា។

ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា  រដ្ឋាភិបាល​កំពុង​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​រឿង​នេះ និង​បាន​បោះ​ទុន​មួយ​ចំនួន​ជា​មួយ​នឹង​សមាគម​ស្រូវ​អង្ករ ដើម្បី​ទទួល​ទិញ​កសិផល​ពី​កសិករ​មក​ស្តុក​ទុក សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស«ខ្ញុំ​យល់​ថា រាជ​រដ្ឋាភិបាល​មាន​លុយ រាប់​សិប​លាន ដើម្បី​ឱ្យ​ក្រុមហ៊ុន ប្រមូល​ទិញ ដូច​ជា អង្ករ និង​ស្រូវ​ផ្សេងៗ មាន​សមាគម​ស្រូវ​អង្ករ​កម្ពុជា​ហ្នឹង គេ​ទម្លាក់​ពន្ធ ទៅ​ឱ្យ​ដើម្បី​ប្រមូល​យក​មក​ស្តុក​ទុក​នៅ​ឃ្លាំង»

ថ្មីៗ នេះ អាជ្ញាធរ​វៀតណាម​បាន​ប្រកាស​បិទ​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម​ទាំង​អស់ ធ្វើ​ឱ្យ​រាំង​ខ្ទប់​ទំនិញ​ចេញ​ចូល​គ្រប់​ប្រភេទ​រវាង​ប្រទេស​ទាំង​ពីរ។ ប៉ុន្តែ​ខាង​ភាគី​កម្ពុជា​បាន​ស្នើ​ឱ្យ​វៀតណាម​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល​របស់​ប្រទេស​ទាំង​ពីរ​ឱ្យ​នៅ​ដដែល ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ចម្លើយ​ពី​ខាង​ភាគី​វៀតណាម​ឆ្លើយ​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ ទិញ​កសិផល​ពី​ប្រជាកសិករ​មក​ស្តុក​ទុក ដើម្បី​ដោះ​ស្រាយ​វិបត្តិ​សង្គម និង​វិបត្តិសេដ្ឋកិច្ច​ដែល​កំពុង​ផ្ទុះ​ឡើង​នេះ។ លោក​ថា​ ប្រជាកសិករ​កំពុង​ជួប​គ្រោះ​ធំ និង​មាន​វិបត្តិ​សេដ្ឋកិច្ច​ធំធេង ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​ជា​បន្ទាន់ ដើម្បី​សម្រាល​ការ​លំបាក​របស់​ពួកគេ«ខ្ញុំ​គិត​ថា រដ្ឋាភិបាល​យើង​គួរ​តែ​មាន​កញ្ចប់​ថវិកា​មួយ សម្រាប់​ឧបត្ថម្ភធន​ដល់​ប្រជាកសិករ ក្នុង​ស្រុក​យើង​ផង​ដែរ ឧទាហរណ៍​គាត់​ដាំ​ស្វាយចន្ទី បើ​ផលិតផល​ធ្លាក់​ថ្លៃ គួរ​តែ​យក​ថវិកា​ហ្នឹង ឧបត្ថម្ភ​ធន​ចំណាយ​លើ​ខាត​របស់​គាត់ ឬ​ក៏​ទិញ​ផលិត​របស់​គាត់ ដើម្បី​រក​ទីផ្សារ​ជូន​គាត់។ ហ្នឹង​ជា​ចំណុច​មួយ ជា​តួនាទី​ចាំបាច់​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដែល​ខាន​មិន​បាន»

កសិករ​នៅ​តាម​ខេត្ត​ផ្សេង​ទៀត ក៏​ប្រឈម​វិបត្តិ​កសិផល​ធ្លាក់​ថ្លៃ​ដូច​គ្នា​នេះ​ដែរ ដូច​ជា នៅ​ខេត្ត​ក្រចេះ រតនគិរី ព្រះវិហារ មណ្ឌលគិរី និង​ខេត្ត​ត្បូង​ឃ្មុំ​ជា​ដើម។

រដ្ឋធម្មនុញ្ញ មាត្រា​៦២ ចែង​ថា រដ្ឋ​យក​ចិត្ត​ដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​ផលិតផល ជូន​កសិករ​ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​កសិផល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល