រដ្ឋាភិបាល​ចេញ​វិធានការ និង​បន្ថែម​ធនធាន​ថវិកា​ជួយ​ដល់​វិស័យ​ឯកជន និង​កម្មករ និយោជិត ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩

ដោយ សុជីវី
2020-05-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្លាក​សញ្ញា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
ស្លាក​សញ្ញា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
Screenshot

រដ្ឋាភិបាល​ចេញ​វិធានការ និង​បន្ថែម​ហិរញ្ញប្បទាន ឬ​ធនធាន​ថវិកា​សម្រាប់​ជួយ​ដល់​វិស័យ​ឯកជន និង​កម្មករ និយោជិត រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ ទី២៦ ខែ ឧសភា​នេះ​អោយ​ដឹង​ថា​ នេះ​គឺ​ជា​វិធានការ​ជុំ​ទី៤​បន្ថែម​ទៅ​លើ​វិធានការ​ចាស់ ដែល​ធ្លាប់​បាន​ចេញ​រួច​មក​ហើយ នា​ពេល​កន្លង​ទៅ។ វិធាន​ការ​នេះ​ផ្ដោត​ទៅ​លើ​ការ​រួម​ចំណែក​បន្ធូរ​បន្ទុក នៃ​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ(Social Assistance) និង​ជួយ​ស្ដារ ជំរុញ​លទ្ធភាព​អាជីវកម្ម និង​ធុរកិច្ច​អោយ​ងើប​ឡើងវិញ សំដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។

វិធានការ​ទាំង​នោះ​រួម​មាន៖ ពន្យារ​ការ​លើក​លែង​ពន្ធ​រហូត​ដល់​ខែ កក្កដា ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ និង​ក្រុមហ៊ុន​អាកាសចរណ៍ និង មិន​តម្រូវ​អោយ​បង់​ភាគទាន​ធនា​រ៉ាប់រង​ហានិភ័យ​ការងារ និង​ថែទាំ​សុខភាព។ កាត់បន្ថយ​ការប្រាក់ និង​សម្រួល​ដល់​ការ​ខ្ចី​ប្រាក់​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ថវិកា ៥០លាន​ដុល្លារ​របស់​រដ្ឋាភិបាល​តាមរយៈ​ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម និង ១០០លាន​ដុល្លារ​ទៀត​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​សហការ​ជាមួយ​ធនាគារ​ជាតិ ដើម្បី​បន្ធូរបន្ថយ និង​កែសម្រួល​អាត្រា​ពន្ធ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ។ ក្នុង​ផ្នែក​នេះ​ក្រសួង​នឹង​​បង្កើត​អោយ​មាន​មូលនិធិ​ឥណទាន(Credit Guarantee Fund)ដោយ​ប្រើ​ថវិកា​ ២០០​លាន​ដុល្លារ និង​មាន​ថវិកា​ត្រៀម​បន្ថែម​ចំនួន​ ៣០០​លាន​ដុល្លារ​សម្រាប់​ជំរុញ​កំណើន​តាម​វិស័យ​សំខាន់ៗ​មួយ​ចំនួន។

ចំណែក​វិធានការ​ជំនួយ​សង្គម(Social Assistance)  ដែល​សំដៅ​ជួយ​ដល់​កម្មករ និយោជិត និង​ពលរដ្ឋ​ក្រីក្រ​វិញ រដ្ឋាភិបាល​បង្កើន​ទំហំ​ថវិកា​ដល់ ១០០លាន​ដុល្លារ ដើម្បី​ស្រូប​យកកម្លាំង​ពលកម្ម ដែល​បាត់បង់​ការងារ​នៅ​តាម​រោងចក្រ-សហគ្រាស ទាំង​នៅ​ក្នុង និង​ពី​ក្រៅ​ប្រទេស​តាម​រយៈ​ការ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​តាម​មូលដ្ឋាន លើកស្ទួយ​វិស័យ​កសិកម្ម និង​សេដ្ឋកិច្ច។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​រដ្ឋាភិបាល​ធានា​អះអាង​ទៀត​ថា នឹង​ផ្ដល់​ជំនួយ​សង្គម​ដល់​គ្រួសារ​ក្រីក្រ និង​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល