មន្ត្រី​ថា មាន​រោងចក្រ​ថ្មី​៧៧ បើក​ដំណើរការ ខណៈ​រោងចក្រ ៦ ត្រូវ​បិទ​ទ្វារ​អំឡុង​ពេល​ជំងឺ​កូវីដ១៩

ដោយ ម៉ៅ សុធានី
2020-04-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ ញូវ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត (New Archid Garment Factory Ltd) កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA
កម្មករ​រោងចក្រ ញូវ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត (New Archid Garment Factory Ltd) កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA
RFA

មន្ត្រីក្រសួង​ឧស្សាហកម្ម ប្រកាស​ថា មាន​រោងចក្រ​ថ្មី ចំនួន​៧៧ បាន​បើក​ដំណើរការ​នៅ​កម្ពុជា ក្នុង​រយៈពេល ៣ខែ​ដំបូង ក្នុង​ឆ្នាំ​២០២០​នេះ ប៉ុន្តែ​រោងចក្រ​ដែល​បាន​បើក​ដំណើរការ​កន្លង​មក ចំនួន ៦​រោងចក្រ បាន​ដាក់​ពាក្យសុំ​បិទ​រោងចក្រ។ សហជីព​យល់​ថា ការ​បើក​រោងចក្រ​ថ្មី ជា​ព័ត៌មាន​ល្អ សម្រាប់​កម្មករ បើ​មាន​ការ​បើក​រោងចក្រ​ថ្មីៗ ព្រោះ​ស្ថានភាព​កម្មករ​កំពុង​ប្រឈម​គ្មាន​ការងារ​ធ្វើ ដោយសារ​រោងចក្រ​បិទទ្វារ​ជា​បន្ត​បន្ទាប់។

រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ ក្រសួង​ឧស្សាហកម្ម អះអាង​ថា កាល​ពី​ពេល​ថ្មីៗ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថា បើ​ទោះ កម្ពុជា ស្ថិត​ក្នុង​ស្ថានភាព​រង​ការ​គំរាមកំហែង ពី​ជំងឺ​កូវីដ១៩ (Covid-19) ប៉ុន្តែ នៅតែ​អាច​មាន​សមត្ថភាព​ទាក់ទាញ​រោងចក្រ​ថ្មី ជាច្រើន មក​ឱ្យ​បើក​ដំណើរការ​បន្ថែម​ទៀត​។ លោក​ថា តួលេខ ៧៧​រោងចក្រ​នេះ ជា​ចំនួន​រោងចក្រ​ថ្មី ដែល​ស្នើសុំ​បើក​ក្នុង​ត្រីមាស (៣​ខែ​)​ដំបូង នៅ​ឆ្នាំ​២០២០​។​

លោក ហេង សុគង់ អះអាង​​ថា រោងចក្រ​ថ្មី ទាំង​៧៧ ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​ថ្មី​នេះ អាច​មាន​លទ្ធភាព​បង្កើត​ការងារ​ឱ្យ​កម្មករ​បាន​ជិត ពីរ​ម៉ឺន (២៧ ៩០៩)​នាក់​។ ចំណែក​រោងចក្រ ចំនួន​៦ ដែល​បាន​ប្រកាស​បិទ​ជា​ផ្លូវការ​រួច​ហើយ​នោះ មាន​កម្មករ​សរុប ជាង​ប្រាំមួយ​ពាន់ (៦ ០៥២)​នាក់​។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ បញ្ជាក់​ថា គិត​ត្រឹម​ចុងខែ​មីនា កម្ពុជា មាន​រោងចក្រ​ធុន​ធំ​កំពុង​ដំណើរការ​សរុប​ជិត​ពីរ​ពាន់ (១ ៨០១) រោងចក្រ ដែល​មាន​កម្លាំង​ពលកម្ម កំពុង​ធ្វើការ​ជាង​មួយ​លាន (.០៦៣.០៣១) នាក់។

លោក ហេង សុ​គង់ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ មេសា ថា ៧៧​រោងចក្រ​ថ្មី​នេះ ជា​តួលេខ​ផ្លូវការ ដែល​ខាង​រោងចក្រ បាន​ដាក់​ពាក្យ​ស្នើ​សុំ​បើក​។ ឯ​៦​រោងចក្រ ដែល​ដាក់ពាក្យ​ស្នើសុំ​បិទ​នោះ មិន​រាប់​បញ្ចូល​ជាមួយ តួលេខ​រោងចក្រ​ដាក់ពាក្យ​ស្នើសុំ​ព្យួរ​កិច្ចសន្យាការងារ​កម្មករ​ឡើយ ព្រោះ​ការ​ព្យួរ ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ការងារ៖ «បាទ​! អាហ្នឹង​ជា​តួលេខ​ផ្លូវការ ដែល​រោងចក្រ គេ​បាន​ស្នើ​សុំ ប្រកាស​បង្កើត​រោងចក្រ ពី​ក្រសួង ហើយ​សម្រាប់ ៦​រោងចក្រ គេ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ផ្លូវការ​មក​ក្រសួង ដើម្បី​ស្នើ​បិទ​រោងចក្រ​។ អាហ្នឹង ខ្ញុំ​បញ្ជាក់​ឱ្យ​យល់​ដែរ​ណា ពាក្យ​ថា បិទ​រោងចក្រ ហើយ​និង​ព្យួរ​ការងារ ពីរ​ហ្នឹង ខុសគ្នា​។ ខ្ញុំ​អត់​និយាយ រឿង​ព្យួរ​ការងារ​ទេ ព្រោះ​អា​ខាង​ព្យួរ​ការងារ អាហ្នឹង គេ​ទំនាក់ទំនង​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។ អានេះ គឺ​បិទ​រោងចក្រ បាន​ន័យថា គេ​ប្រកាស​បើក​ពី​ក្រសួង​ឧស្សាហកម្ម គេ​បិទ​វិញ ក៏​ក្រសួង​ឧស្សាហកម្ម​ដែរ​។ ហ្នឹង សុំ​យល់​ចំណុច​ហ្នឹង​ណា»

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ជីម៉ាក់ (GMAC) លោក ខេន លូ បានទេ កាលពី​ថ្ងៃ​ទី​២៥ មេសា ដោយសារ គ្មាន​អ្នកទទួល​ទូរស័ព្ទ​។ តែ លោក បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា សមាគម ទទួល​បាន​សមាជិក​ថ្មី ចំនួន ៥ រោងចក្រ​ក្នុង​រយៈពេល ៣​ខែ​ដំបូង​ឆ្នាំ ២០២០ នេះ​។ ប៉ុន្តែ​សមាជិក​របស់​ជីម៉ាក់​មួយ​ចំនួន​ក៏បាន​បិទ​ដែរ ប៉ុន្តែ លោក​អត់​មាន​តួលេខ​ទេ។

លោក ខេន លូ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា បញ្ហា​ប្រឈម​របស់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ពេលនេះ គឺ ដោយ​សារ ក្រុម​អ្នក​បញ្ជា​ទិញ នៅ​ក្រៅ​ប្រទេស ពិសេស​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក មិន​ទទួល​យក​ផលិតផល ដែល​បាន​កុម្ម៉ង់​រួចរាល់ ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​របស់​កម្មករ៖ «ផលវិបាក​ថា យើង​បាត់​ទីផ្សារ​មកពី​អ្នកបញ្ជា​ទិញ​នៅ​អាមេរិក និង​នៅ​អឺរ៉ុប​គេ​អត់​ទទួលស្គាល់​កិច្ចសន្យា​ដែល​ដាក់​កន្លង​មក​ឱ្យ​យើង​ផលិត។ អីវ៉ាន់ ដែល​យើង​ផលិត ហើយ​គេ​អត់​ទទួល​យក​ទេ ហើយ​អីវ៉ាន់​ដែល​កំពុង​ផលិត​អត់​ឱ្យ​យើង​ផលិត​តទៅ​ទៀត​។ អ៊ីចឹង​មាន​ន័យ​ថា គេ​អត់​ទទួលស្គាល់​ទេ គេ​អត់បើក​លុយ​ឱ្យ​យើង​ទេ ហើយ​សួរ​ថា បើ​ភ្ញៀវ​យើង​អត់បើក​លុយ ឱ្យ​យើង តើ​រោងចក្រ​មាន​លុយ​ណា​បើក​ឱ្យ​កម្មករ»

អ្នកឃ្លាំមើល​សិទ្ធិ​ការងារ​វិញ រក​ឃើញ​ថា តួលេខ​នៃ​ការ​បិទ​រោងចក្រ​ជាក់ស្ដែង ច្រើនជាង​៦​រោងចក្រ ដែល​បាន​ជូនដំណឹង​ជា​ផ្លូវការ ទៅ​ក្រសួង​ឧស្សាហកម្ម​។ ឯ​រោងចក្រ ដែល​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្នើសុំ​ព្យួរ​កិច្ចសន្យាការងារ​របស់​កម្មករ មាន​ជាង​១៣០​រោងចក្រ។

ប្រធាន​សហព័ន្ធ​សហជីព​ស៊ីខៅឌូ លោក គង់ អាទិត្យ យល់​ថា ប្រសិនបើ​មាន​រោងចក្រ​ថ្មី ជាច្រើន បើក​ឱ្យ​ដំណើរការ​មែន ជា​រឿង​ប្រសើរ​សម្រាប់​កម្មករ ព្រោះ ពួកគេ​ជាច្រើន​នាក់ កំពុង​ព្រួយបារម្ភ​ថា គ្មាន​ការងារ​ធ្វើ ក្រោយពេល​រោងចក្រ ប្រកាស​បិទ​ភ្លាមៗ៖ «បើ​បើក​បាន​មែន ក្នុង​កំឡុងពេល​នេះ វា​អាច​ធ្វើ​ឱ្យ ភាព​ចម្រុះ​នៃ​វិស័យ​ផ្សេងៗ ជំរុញ​ឱ្យ​ការងារ​ឱ្យ​កម្មករ​បាន​ល្អ​។ ប៉ុន្តែ​រឿង​មួយ ដែល​សំខាន់​គឺ​យើង​ក៏​ត្រូវ​ប្រយ័ត្ន​រឿង​ការ​ឆ្លង​ហ្នឹង​ដែរ​។ អ៊ីចឹង ទាំង​អ្នក​វិនិយោគ ទាំង​រដ្ឋាភិបាល​ត្រូវ​ប្រយ័ត្នប្រយែង​រឿង​ហ្នឹង​ដែរ​។ បើសិនជា​យើង​មាន​System ស្រួល​បួល មាន​ប្រព័ន្ធ​ស្រួលបួល យើង​អាច​បើក​បាន ព្រោះ​ដោយសារ​នៅ​ស្រុក​ខ្មែរ​យើង បើ​តាម​ទិន្នន័យ​បច្ចុប្បន្ន​វា​មិនទាន់​ឆ្លង​អ្វី ទៅដល់​កម្មករ​ផ្នែក​ឧស្សាហកម្ម​អ្វី​ផ្សេងៗ ទ្រង់ទ្រាយ​ធំ​ទេ​។ អ៊ីចឹង បើសិនជា យើង​សហការ​គ្នា រវាង​និយោជក ហើយ​និង​រដ្ឋាភិបាល រៀបចំ​ប្រព័ន្ធ​(​ការងារ​)​ល្អ យើង​អាច​ចាប់ផ្ដើម បើក​បណ្ដើរៗ​បាន​។ ខ្ញុំ​គិត​ថា វា​ល្អ​សម្រាប់​រឿង​ហ្នឹង​ដែរ ជៀសវាង​យើង​ខ្លាច​ពេក»

បើ​ទោះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ឧស្សាហកម្ម បង្ហាញ​ពី​មោទនភាព ដែល​មាន​រោងចក្រ​ធុន​ធំ កំពុង​ដំណើរការ ខណៈ​ពិភពលោក កំពុង​ជួបប្រទះ​ជំងឺ​កូវីដ​១៩ ក៏ដោយ តែ​ធនាគារ​ពិភពលោក​បាន​រក​ឃើញ​ថា សេដ្ឋកិច្ច​កម្ពុជា បាន​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩។ ធនាគារ​ពិភពលោក ព្យាករណ៍​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០២០ នឹង​ថយ​ល្បឿន មក​នៅ​ត្រឹម ២,៥ ភាគរយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល